វ៉ាស៊ីនតោន៖ ទោះបីជាសមាគមអាស៊ានប្តូរផ្តាច់ដើម្បីធ្វើឲ្យសេចក្តីប្រកាសអំពីសិទ្ធិមនុស្ស មួយមានបទដ្ឋានអន្តរជាតិក៏ពិតមែន តែបញ្ហារសើបមួយចំនួនដែលជាបញ្ហា របស់ប្រទេសជាសាមាជិកអាស៊ានមួយចំនួនកំពុងតែស្ថិតនៅក្នុងការខ្វែងគំនិតគ្នា ហើយក៏មិនត្រូវបានដាក់បញ្ចូលនៅក្នុងសេចក្តីព្រាងសេចក្តីប្រកាស ឬចែងឲ្យបានច្បាស់លាស់នោះដែរ។
ក្រុមមន្ត្រីធ្វើកិច្ចការខាងសិទ្ធិមនុស្សក្នុងតំបន់និយាយថា បញ្ហាទាំងនេះអាចទាញឲ្យក្រមសិទ្ធិមនុស្សថ្មីនេះស្ថិតនៅក្រោមបទដ្ឋានអន្តរជាតិ។
ក្រុមមន្ត្រីធ្វើកិច្ចការខាងសិទ្ធិមនុស្សក្នុងតំបន់និយាយថា បញ្ហាទាំងនេះអាចទាញឲ្យក្រមសិទ្ធិមនុស្សថ្មីនេះស្ថិតនៅក្រោមបទដ្ឋានអន្តរជាតិ។
សេចក្តីព្រាងសេចក្តីប្រកាសជាភាសាអង់គ្លេសកាលពីថ្ងៃទី២៦ខែមិថុនាឆ្នាំ ២០១២ដែលមាន៦ទំព័រ ហើយដាក់ពាក្យ «Confidential» ឬសម្ងាត់លើគ្រប់ទំព័រនោះបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សមាជិកអាស៊ានទាំង១០ប្រទេសក្នុងការអនុវត្តន៍ការគោរពសិទ្ធិមនុស្ស ធ្វើឲ្យមានភាពប្រសើរឡើងនូវការគោរពសិទ្ធិមនុស្សក្នុងតំបន់។ សេចក្តីព្រាងដដែលនោះមានរៀបរាប់ពីគោលការណ៍ជាទូទៅនៃសិទ្ធិនយោបាយ និងពលរដ្ឋសិទ្ធិចំពោះសេដ្ឋកិច្ច សង្គម និងវប្បធម៌ សិទ្ធិដើម្បីការអភិវឌ្ឍនិងសិទ្ធិដើម្បីសន្តិភាព។ ក៏ប៉ុន្តែបញ្ហាមួយចំនួនដែលក្រុមមន្ត្រីសង្គមស៊ីវិលក្នុងតំបន់បារម្ភថាអាចមានលក្ខណៈក្រោមបទដ្ឋានអន្តរជាតិហើយចែងមិនច្បាស់ឬក៏មិនបានបញ្ចូលក្នុងសេចក្តីព្រាងសេចក្តីប្រកាសសិទ្ធិមនុស្ស។
បញ្ហាទាំងនោះរួមទាំងសិទ្ធិជនជាតិដើមភាគតិច សិទ្ធិខាងផ្លូវភេទ ហើយនិងបញ្ហាសន្តិសុខ សន្តិភាព វប្បធម៌ សីលធម៌ ជាដើម ដែលស្ថិតនៅក្នុងការប្រទាញប្រទង់គ្នា មុនពេលសេចក្តីប្រកាសស្តីសិទ្ធិមនុស្សអាស៊ានត្រូវអនុម័ត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅខែវិច្ឆកាឆ្នាំនេះ ។
ថ្លែងប្រាប់វីអូអេតាមរយៈសារអេឡិចត្រូនិច លោក រ៉ាហ្វែនឌី យ៉ាមីន (Rafendi Djamin) មន្ត្រីតំណាងប្រទេសឥណ្ឌូនេស៊ីនៃគណៈកម្មាការអន្តររដ្ឋាភិបាល អាស៊ាន ស្តីពីបញ្ហាសិទ្ធិមនុស្ស ហៅកាត់ថា អៃចា(AICHR) បានទទួលស្គាល់ថា មានបញ្ហាច្រើនក្នុងសេចក្តីព្រាងសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ានដែលត្រូវពិភាក្សាដើម្បីកែសម្រួលនិងទាមទាររកការយល់ព្រមរួមគ្នាដើម្បីដាក់បញ្ចូលចំណុចខ្វែងគ្នាទាំងនោះ។
«ក្នុងឋានៈជាតំណាងអៃចានៃប្រទេសឥណ្ឌូនេស៊ី ខ្ញុំមានក្តីបារម្ភដូចគ្នាទាក់ទង នឹងចំណុចសំខាន់ៗទាំងនោះ។ ដូចខ្ញុំបានពន្យល់ខាងដើមគឺថា មានមាត្រាខ្លះដែលនៅតែត្រូវការពិភាក្សាឡើងវិញឲ្យបានដិតដល់ដោយអៃចា ដើម្បីធ្វើឲ្យ សេចក្តីប្រកាសនេះបានប្រសើរឡើង ហើយធ្វើឲ្យប្រាកដប្រជាថាមាត្រាទាំងឡាយនោះមិនធ្វើឲ្យខូចខាតដល់បទដ្ឋានអន្តរជាតិស្តីពីសិទ្ធិមនុស្ស មុនពេល អៃចាដាក់សេចក្តីព្រាងទី២ដល់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានក្នុងទីក្រុង ញូយ៉កនៅខែកញ្ញានេះ»។
លោក រ៉ាហ្វែនឌី យ៉ាមីន បានយល់ឃើញដែរថា សីលធម៌សាធារណៈ និងសន្តិ សុខជាតិដែលមានបញ្ហា មិនគួរត្រូវដាក់បញ្ចូលក្នុងសេចក្តីព្រាងសេចក្តីប្រកាស ទេ។ លោកថ្លែងយ៉ាងដូច្នេះដោយយោងទៅលើមាត្រាទី៨នៃសេចក្តីព្រាងសម្ងាត់ដែលបានចែងថា៖
«សិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាននៃបុគ្គលម្នាក់ៗត្រូវអនុវត្តឲ្យស្របនឹងសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋានរបស់អ្នកដទៃដែរ។ ការអនុវត្តសិទ្ធិមនុស្ស និងសិទ្ធិសេរីភាពជាមូលដ្ឋាននានាត្រូវស្ថិតនៅក្នុងកម្រិតដូចដែលមានចែងក្នុងច្បាប់ជាស្រេចក្នុងគោលបំណងធានាដោយសមរម្យចំពោះសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋានរបស់អ្នកដទៃ និងធ្វើតាមតម្រូវការដែលសមស្របទៅនឹង សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុខភាពសាធារណៈ សីលធម៌ សាធារណៈក៏ដូចជាសុខុមាលភាពទូទៅនៃមនុស្សក្នុងសង្គមប្រជាធិបតេយ្យ»។
លោក រ៉ាហ្វែនឌី យ៉ាមីនទទួលស្គាល់ថា ក្នុងតំបន់អាស៊ាន១០ប្រទេសមានបរិបទ នយោបាយខុសគ្នា កម្រិតនៃការទទួលយកបាននូវគំនិតនិងការអត្ថាធិប្បាយអំពីការវិវត្តន៍នៃបញ្ហាសិទ្ធិមនុស្សមានលក្ខណៈខុសប្លែកពីគ្នា។ លោកថ្លែងថា នៅក្នុងប្រទេសឥណ្ឌូនេស៊ីរបស់លោក បញ្ហាសេរីភាពទាក់ទងនឹងផ្លូវភេទ និងសិទ្ធិជនជាតិភាគតិចក៏មិនទាន់អាចទទួលយកបានដែរ។
លោកបានបន្ថែមថា៖
«យើងទាំងអស់គ្នាដឹងហើយថា អៃចាធ្វើការតាមរយៈការពិភាក្សានិងដំណើរការព្រមព្រៀងជារួម ឬកុងសង់ស៊ីស។ ប្រសិនណាប្រទេសមួយមិនទាន់ទុកចិត្ត ហើយមិនព្រមទៅលើបញ្ហាណាមួយទេ ពេលនោះអៃចាមិនអាចបង្កើតកិច្ចព្រមព្រៀងដើម្បីដាក់ខទាំងនោះក្នុងសេចក្តីព្រាងទេ»។ លោក រ៉ាហ្វែនឌី យ៉ាមីន
លោក កៅ គឹមហ៊ួន រដ្ឋលេខាធិការនៃក្រសួងការបរទេសកម្ពុជា បានអះអាងថា សេចក្តីព្រាងទីមួយដែលលោកបានឃើញពុំស្ថិតក្រោមបទដ្ឋានអន្តរជាតិទេ។
លោកថ្លែងថា អាស៊ានមានបញ្ហាច្បាប់ទម្លាប់ខុសៗគ្នា ដែលមិនអាចបញ្ចូល បានគ្រប់បញ្ហាក្នុងសេចក្តីព្រាងនោះទេ។
«រឿងដោយឡែក រឿងផ្សេងៗហ្នឹង ជួនកាលគេមិនដាក់ទេ ព្រោះអី ពេលអនុវត្ត ទៅវា...ព្រោះអីវាមានឯកសារផ្សេងៗទៀតនឹងចេញនៅពេលក្រោយ។ ដូចជាធម្មនុញ្ញអាស៊ានអញ្ចឹងគេអត់អាចដាក់(បញ្ហា)ទាំងអស់ក្នុងហ្នឹងបានទាំងស្រុង ទេ ព្រោះដល់ពេលអនុវត្តទៅ វាមានឯកសារផ្សេងៗទៀត។ អញ្ចឹងសំខាន់យើង ត្រូវមានគោលជំហររួមទាំង១០ប្រទេសហ្នឹង»។
លោក កៅ កឹមហ៊ួនបានលើកយកបញ្ហាមួយគឺទោសប្រហារជីវិតដែលមិនមានទេប្រទេសកម្ពុជា។ លោកបញ្ជាក់ថា៖
«ប្រទេសកម្ពុជាយើង យើងមានគោលជំហរយើងមួយ អត់មានទេទោសប្រហារ ជីវិត។ តែយើងមិនអាចទាមទារឲ្យប្រទេសអាស៊ាន៩ទៀតឯកភាពជាមួយយើង ទាំងស្រុងបានទេ។ ជាឧទាហរណ៍កម្ពុជាមានច្បាប់រដ្ឋធម្មនុញ្ញ យើងបានកំណត់ ច្បាស់លាស់ហូរហែរ តែប្រទេសផ្សេងទៀត គេមានច្បាប់គេផ្សេងទៀត។ អញ្ចឹង យើងមិនអាចតម្រូវឲ្យប្រទេស៩ទៀតមកធ្វើដូចប្រទេសកម្ពុជាយើងបានទេ។ នេះជាឧទាហរណ៍។ នេះជារឿងអនុវត្តដោយឡែក។ វាមានបញ្ហាផ្សេងៗ ដូច្នេះ យើងត្រូវពិនិត្យមើលជាក់ស្តែង»។
ក៏ប៉ុន្តែលោក អ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានកត់សម្គាល់ថា សេចក្តីប្រកាសស្តីពីសិទ្ធិមនុស្សអាស៊ានអាចនឹងផ្តល់អំណាចដល់រដ្ឋាភិបាល ដើម្បីរិតបន្តឹងផ្នែកសិទ្ធិមនុស្ស ជាជាងការគោរពសិទ្ធិមនុស្សគឺអាចផ្ទុយទៅនឹង គោលកាណ៍សិទ្ធិមនុស្សជាសកល។
«ហើយនៅពេលណារដ្ឋាភិបាល ជាអ្នកសម្រេចជាទូទៅវាបាត់បង់សិទ្ធិប្រជាពលរដ្ឋដែលជួនកាលរិះគន់រដ្ឋាភិបាល ឬប្រជាពលរដ្ឋដែលមិនគាំទ្ររដ្ឋាភិបាល ឬគណបក្សកាន់អំណាច។ អាហ្នឹងវានឹងប៉ះពាល់ច្រើន។ ហើយខ្ញុំមើលមែនទែនទៅ នៅក្នុងសេចក្តីប្រកាសនេះ វានឹងចងជើងប្រជាពលរដ្ឋច្រើនជាងការការពារសិទ្ធិរបស់ប្រជាពលរដ្ឋ»។
លោកបានថ្លែងបន្ថែមថា ពាក្យ«សន្តិភាពនិងសណ្តាប់ធ្នាប់» បញ្ហាវប្បធម៌និងភាពមិនច្បាស់លាស់មួយចំនួនទៀតគឺជាក្តីព្រួយបារម្ភដែរនៅក្នុងសេចក្តីព្រាងសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាននេះ ដោយសារថាពាក្យពេចន៍ទាំងឡាយនឹងធ្វើឲ្យអ្នកធ្វើបាតុកម្មតវ៉ាជួបផលវិបាកទៅថ្ងៃក្រោយឬត្រូវរារាំង។
ស្រដៀងគ្នានេះដែរ លោក ស្ស៉ីវេ យី (Shiwei Ye) តំណាងអចិន្ត្រៃយ៍ប្រចាំតំបន់អាស៊ីនៃអង្គការសិទ្ធិមនុស្សក្នុងប្រទេសបារាំងគឺសហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស (IFHR) បានថ្លែងថា៖
«ជាការណ៍ពិត ការដែលគណៈកម្មាការ (AICHR)ធ្វើកិច្ចការយ៉ាងសម្ងាត់អំពីសេចក្តីព្រាងនោះ អាចជាការបញ្ជាក់ពីក្តីបារម្ភរបស់សង្គមស៊ីវិលខ្លះដែលថា សេចក្តីព្រាងនេះអាចមានមាត្រាជាច្រើនស្ថិតក្រោមបទដ្ឋានអន្តរជាតិ ដែលអាចត្រូវគេតាក់តែងដើម្បីធ្វើឲ្យការរំលោភសិទ្ធិមនុស្សក្នុងប្រទេសជាច្រើនក្នុងរដ្ឋជាសមាជិកអាស៊ាន ក្លាយជាសកម្មភាពស្របច្បាប់»។
លោក ស្ស៉ីវេ យី បានថ្លែងថា មានចំណុចព្រួយបារម្ភដែលថាសេចក្តីប្រកាសសិទ្ធិមនុស្សអាចស្ថិតនៅក្រោមបទដ្ឋានអន្តរជាតិ ហើយត្រូវគេប្រើប្រាស់ដើម្បីធ្វើទុក្ខបុកម្នេញក្រុមអ្នកមានគំនិតជំទាស់នឹងរដ្ឋាភិបាលនោះ គឺ រួមមានការរើសអើងលើរឿងទំនាក់ទំនងបញ្ហាភេទដូចគ្នា បញ្ហាអត្តសញ្ញាណភេទ បញ្ហាសីធម៌សង្គម និងបញ្ហាសិទ្ធិជនជាតិដើមភាគតិច ដែលអាចមានការគាំពារតិចតួច។ បន្ថែមលើនេះទៀត លោក យីបានអធិប្បាយថា បញ្ហាសន្តិសុខដ៏គួរឲ្យបារម្ភនោះ នឹងស្ថិតក្នុងសេចក្តីព្រាងសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាននោះ។
«សេចក្តីថ្លែងការណ៍អាចមាននិយាយយោងទៅដល់សន្តិសុខជាតិ ដែលជា គោលការណ៍ច្បាប់ដ៏ស្រពិចស្រពិលមួយដែលគេអាចប្រើវាដើម្បីដាក់កម្រិតដល់សិទ្ធិនានា។ ដូចលោកអ្នកដឹងស្រាប់ហើយគឺថា មានច្បាប់ស្តីពីសន្តិសុខច្រើនក្នុងតំបន់ដែលគេប្រើប្រាស់ដើម្បីរំលោភសិទ្ធិមនុស្ស»។
លោក យី និយាយយោងដល់ច្បាប់សន្តិសុខក្នុងប្រទេសសឹង្ហបូរី ប្រទេស ម៉ាឡេស៊ី និងប្រទេសថៃ ដែលជាសមាជិកអាស៊ាន ហើយដែលមានសកម្មជនជំទាស់ជាច្រើនត្រូវចាប់ខ្លួនដាក់គុក និងកាត់ទោសដោយច្បាប់សន្តិសុខនោះ។
ថ្លែងប្រាប់វីអូអេតាមរយៈសារអេឡិចត្រូនិចលោក ថានី ថុងភក្ឌី អ្នកនាំពាក្យ ក្រសួងការបរទេសថៃបានថ្លែងថា៖
«ក្តីបារម្ភរបស់ក្រុមអង្គការសិទ្ធិមនុស្សដែលថា សេចក្តីព្រាងសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាននឹងដាក់ទោសឬធ្វើទុក្ខបុកម្នេញដល់ក្រុមអ្នករិះគន់គឺជារឿងមិនសមហេតុផលទេ។ លោកថ្លែងថា សេចក្តីព្រាងនេះគឺជាការបញ្ជាក់មួយនៃការតាំងចិត្តផ្នែកនយោបាយរួមរបស់យើង(អាស៊ាន)។ សេចក្តីព្រាងនេះមានចំណុចគោលជាច្រើនស្តីអំពីវិធីការពារសិទ្ធិមនុស្សជាមូលដ្ឋាននិងការធ្វើឲ្យប្រសើរនូវតម្លៃសិទ្ធិទាំងនេះទៅតាមបទដ្ឋានរួម និងទទួលយកបាន។ តាមគោលបំណងរបស់មេដឹកនាំរបស់យើងតម្រូវឲ្យជំរុញ និងការពារសិទ្ធិមនុស្ស។ សេចក្តីប្រកាសនេះមិនអាចត្រូវប្រើប្រាស់ដើម្បីចោទប្រកាន់និងដាក់ទោសក្រុមអ្នករិះគន់ដោយសារការបញ្ចេញមតិផ្ទុយពីរដ្ឋាភិបាលទេ»។
លោក ថានីនិងក្រុមប្រទេសមួយចំនួនទៀត រួមទាំងកម្ពុជាផង បានបង្ហាញជំហររឹងមាំថា ត្រូវធ្វើក្រមមួយតាមបទដ្ឋានអន្តរជាតិ ដូចជាសេចក្តីប្រកាសសិទ្ធិមនុស្សជាសកល ធម្មនុញ្ញអសបនិងច្បាប់អន្តរជាតិឯទៀត។ លោកថានីបន្ថែមថា៖
«ជារឿងដ៏សំខាន់ដែលត្រូវបញ្ជាក់ថា រដ្ឋាភិបាលថៃនឹងមិនអនុញ្ញាតឲ្យ ឯកសារដ៏មានសារៈសំខាន់នេះស្ថិតនៅក្រោមបទដ្ឋាននានាដែលមិនអាចទទួលយកបានជាអន្តរជាតិទេ។ ហើយយើងកំពុងធ្វើការយ៉ាងជិតស្និតជាមួយតំណាងប្រទេសថៃនៃគណៈកម្មាការអៃចាដើម្បីធានាថា សេចក្តីប្រកាសសិទ្ធិមនុស្សអាចដោះស្រាយតម្រូវការនានារបស់ពលរដ្ឋអាស៊ានយ៉ាងពិតប្រាកដ»។
លោកក៏បានសង្កត់ធ្ងន់ដែរថា សិទ្ធិជនជាតិដើមភាគតិចឬសិទ្ធិខាងភេទដូចគ្នា អត្តសញ្ញាញភេទជាដើមនោះគឺជារឿងសំខាន់ពិតប្រាកដ។ក៏ប៉ុន្តែលោកថ្លែងថា៖
«យើងកំពុងស្ថិតក្នុងដំណើរការចរចារនៅឡើយដើម្បីតាក់តែងសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាននេះ។ តែគេត្រូវចាំថា សមាគមអាស៊ានគឺជាសង្គមនិងសហគមន៍ចម្រុះមួយ។ ជារឿងដែលសំខាន់ក្នុងការរកឲ្យឃើញបញ្ហាជាក់លាក់នៃភាពខុសគ្នានានា ហើយធ្វើកិច្ចការដោយជំហរដែលអាចទទួលយកបានរួមគ្នាមួយ»។
សេចក្តីព្រាងសេចក្តីប្រកាសដដែលត្រង់ចំណុចនៃគោលការណ៍ជាទូទៅ បានចែងឲ្យដឹងពីសិទ្ធិមនុស្សដែលត្រូវមានតុល្យភាពនិងមានការទទួលខុសត្រូវ របស់បុគ្គលចំពោះមុខច្បាប់។ ចំណុចនេះចែងយ៉ាងដូច្នេះថា៖
សេចក្តីព្រាងសេចក្តីប្រកាសដដែលត្រង់ចំណុចនៃគោលការណ៍ជាទូទៅ បានចែងឲ្យដឹងពីសិទ្ធិមនុស្សដែលត្រូវមានតុល្យភាពនិងមានការទទួលខុសត្រូវ របស់បុគ្គលចំពោះមុខច្បាប់។ ចំណុចនេះចែងយ៉ាងដូច្នេះថា៖
«ការអនុវត្តសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានត្រូវតែមានតុល្យភាពជាមួយនឹងសកម្មភាពនៃកាតព្វកិច្ចដែលទាក់ទងគ្នានោះ ព្រោះថា មនុស្សគ្រប់គ្នាមានការទទួលខុសត្រូវនានាចំពោះបុគ្គលដទៃ ចំពោះសហគមន៍ និងចំពោះសង្គម ដែលគេរស់នៅ។ នៅទីបំផុត វាជាការទទួលខុសត្រូវចម្បងនៃរដ្ឋជាសមាជិកអាស៊ានទាំងអស់ ក្នុងការធ្វើឲ្យប្រសើរឡើង និងការពាររាល់សិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន»។
ក្រៅពីបានចែងអំពីសិទ្ធិស្តី្រ កុមារ មនុស្សចាស់ ជនពិការ ពលករចំណាកស្រុក សេចក្តីព្រាងសេចក្តីប្រកាសដដែលបានបញ្ជាក់អំពីការប្រើប្រាស់តុលាការ និងអាជ្ញាធរ ជាវិធានការសម្រាប់ដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្ស។
គោលការណ៍ជាទូទៅនៃសេចក្តីព្រាងដដែលបាននិយាយបន្ថែមថា ការគោរពនិងការអនុវត្តសិទ្ធិមនុស្សគឺយោងទៅលើស្ថានការណ៍នៃប្រទេសនីមួយៗនិងសមភាពនៃសិទ្ធិ៖
«រាល់បញ្ហាសិទ្ធិមនុស្ស និងបញ្ហាសេរីភាពជាមូលដ្ឋានក្នុងសេចក្តីប្រកាសនេះ ត្រូវតែធានាបាននូវលក្ខណៈស្មើភាព និងសមរម្យ ជំហរដូចគ្នា និងមានសារៈសំខាន់ដូចគ្នា។ ជាមួយគ្នានេះដែរ ការទទួលស្គាល់ការណ៍ពិតនៃបញ្ហាសិទ្ធិមនុស្ស ត្រូវតែគិតពិចារណាទៅតាមបរិបទថ្នាក់ជាតិនិងតំបន់ ដោយគិតដល់សាវតាភាពខុសគ្នាខាងនយោបាយ សេដ្ឋកិច្ច ច្បាប់ សង្គម វប្បធម៌ ប្រវត្តិសាស្ត្រ និងសាសនា»។
ម្យ៉ាងទៀត ចំពោះសិទ្ធិនយោបាយ និងពលរដ្ឋ សេចក្តីព្រាងដដែលបាន ប្រកាន់យកតាមគោលការណ៍ ឬសេចក្តីប្រកាសជាសកលស្តីពីបញ្ហាសិទ្ធិមនុស្ស ដោយអនុញ្ញាតឲ្យមានសេរីភាពក្នុងការបញ្ចេញមតិ សេរីភាពក្នុងការស្វែងរកយោបល់ ដោយគ្មានការរំខាន សិទ្ធិទទួល និងផ្តល់ព័ត៌មាន សិទ្ធិជួបប្រជុំ និងប្រមូលផ្តុំតវ៉ា ដោយអហិង្សាជាដើម។
បន្ថែមលើនេះ ចំពោះសិទ្ធិខាងផ្នែកសេដ្ឋកិច្ច សង្គម វប្បធម៌វិញ សេចក្តីព្រាងសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ានបានចែងពីសិទ្ធិសេរីភាពក្នុងការរកចំណូល កិច្ចការងារ សុខាភិបាល សន្តិសុខសង្គម ការគាំពារ ការចូលរួមជាសមាជិក ឬបង្កើតសហជីព សិទ្ធិទទួលបានការអប់រំដើម្បីការយល់ដឹងពីសង្គម សាសនា ពូជសាសន៍ និងការពង្រីកសកម្មភាពនានាក្នុងសមាគមអាស៊ានសម្រាប់ការថែរក្សាសន្តិភាព។
មួយវិញទៀតចំពោះសិទ្ធិដើម្បីការអភិវឌ្ឍន៍ និងសិទ្ធិដើម្បីសន្តិភាពវិញ សេចក្តីព្រាងសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាននេះមិនអនុញ្ញាតឲ្យប្រើប្រាស់សិទ្ធិ សេរីភាពផ្ទុយពីគោលការណ៍សមភាពទេ រាប់ចាប់ពីការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ និងនយោបាយផងដែរ។ សេចក្តីព្រាងដដែលនោះបញ្ជាក់ថា៖
«មនុស្សគ្រប់រូបនិងពលរដ្ឋអាស៊ានមានសិទ្ធិទទួលបាននូវសន្តិភាពក្រោម គម្រោងសន្តិសុខ និងស្ថិរភាពនៃសមាគមអាស៊ាន អព្យាក្រិត្យភាពនិង សេរីភាព។ សិទ្ធិរបៀបនេះដែលត្រូវដាក់ក្នុងសេចក្តីថ្លែងការណ៍នេះអាចនឹងត្រូវទទួលស្គាល់ ដោយពេញលេញ»។
សេចក្តីព្រាងសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ានបានបង្ហាញឲ្យឃើញដែរថា សមាគម
អាស៊ាននឹងធ្វើកិច្ចសហការក្នុងការធ្វើឲ្យប្រសើរឡើងផ្នែកសិទ្ធិមនុស្ស និងការការពារ ហើយនិងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍសន្តិភាព ភាពសុខដុមនិងស្ថិរភាពក្នុងតំបន់។
ថ្លែងប្រាប់វីអូអេផ្នែកខេមរៈភាសាកាលពីសប្តាហ៍ថ្មីៗ លោក ស៊ូរិន ពិតសុវណ្ណ អគ្គលេខាធិការអាស៊ាន បានបញ្ជាក់ពីការប្តូរផ្តាច់របស់អាស៊ានចំពោះការអនុម័តសេចក្តីព្រាងសេចក្តីប្រកាសអំពីសិទ្ធិមនុស្សអាស៊ាននៅខែវិច្ឆកាខាងមុខ។ លោក ស៊ូរិន ពិតសុវណ្ណបានបញ្ជាក់ថា ជារឿងសំខាន់ដែលមានឯកសារសំខាន់មួយនេះ ពីព្រោះនេះជារឿងប្តូរផ្តាច់មួយរបស់រដ្ឋជាសមាជិកអាស៊ានទាំងអស់ ធ្វើតាមបទដ្ឋាននៃឥរិយាបទស្តីពីសិទ្ធិមនុស្ស ស្តីពីការគោរពសិទ្ធិមនុស្ស ស្តីពីការការពារសិទ្ធិមនុស្ស ស្តីពីការលើកកម្ពស់សិទ្ធិមនុស្ស និងការយល់ដឹងពីសិទ្ធិមនុស្ស។
«ដូច្នេះសេចក្តីប្រកាសសេចក្តីថ្លែងការណ៍ដែលគ្រប់ដណ្តប់ជារួមដែលពិតជានឹងធ្វើឲ្យយើងទាំងអស់គ្នាប្តូរផ្តាច់ធ្វើតាមបទដ្ឋានមួយនេះ គឺជាបទដ្ឋានមួយឈុតស្តីពីសិទ្ធិមនុស្ស»។
ក្រុមមន្ត្រីសង្គមស៊ីវិលពុំត្រូវគេចែកជូននូវក្រមឬសេចក្តីព្រាងសេចក្តីប្រកាសស្តីពីសិទ្ធិមនុស្ស ហើយនិងមិនត្រូវបានអនុញ្ញាតឲ្យមានការចូលរួមដោយទូលំទូលាយដើម្បីជជែកពីការតាក់តែងសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាននោះទេ ទោះបីជាមេដឹកនាំកំពូលអាស៊ានទាំង១០ប្រទេសដែលកម្ពុជាជាម្ចាស់ផ្ទះ ត្រូវសម្រេចអនុម័តនៅខែវិច្ឆកាខាងមុខ ហើយមានគោលបំណងឲ្យបង្កើតឲ្យមានក្រមសិទ្ធិមនុស្សជាប្រវត្តិសាស្ត្រមួយដើម្បីអនុវត្តរួមគ្នាក្នុងប្លុកដែលមានពលរដ្ឋ៦០០លាននាក់ក្តី។
ប្រទេសអាស៊ានទាំង១០មានកម្ពុជាដែលជាប្រធានប្តូរវេននៅឆ្នាំនេះ ប្រ៊ុយណេ ភូមា វៀតណាម ឡាវ ហ្វ៊ីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ និងសីង្ហបូរី៕