ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្ពុជា​រៀបចំ​សន្និសីទ​សន្ធិសញ្ញា​អូតាវ៉ា​ ប្រឆាំង​គ្រាប់មីន


មីន​គឺ​ជា​ឧបសគ្គ​ចំពោះ​ការ​ប្រើប្រាស់​ដី​ធ្លី​ និង​ធនធាន​ធម្មជាតិ ​និង​រាំង​ស្ទះ​ទៅ​ដល់​ការ​ប្រកប​មុខរបរ​ និង​ការ​អភិវឌ្ឍ​របស់​ប្រជាជន។

មន្ដ្រី​ជាន់​ខ្ពស់​អង្គការ​សហ​ប្រជាជាតិ​កត់​សម្គាល់​ថា ​គ្រាប់មីន​ប្រឆាំង​មនុស្ស​នៅ​តែ​បន្ដ​ជា​ឧបសគ្គ​យ៉ាង​សំខាន់​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ​ស្របពេល​ដែល​លោក​នាយក​រដ្ឋមន្ដ្រី​ខ្មែរ​ ហ៊ុន​ សែន ​ប្រាថ្នា​ចង់​ឲ្យ​មាន​ប្រទេស​កាន់​តែ​ច្រើន​ទៀត​ក្នុង​ពិភពលោក​ចូលរួម​ក្នុង​ចលនា​លុបបំបាត់​គ្រាប់​មីន​ប្រភេទ​នេះ។

ថ្លែង​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​លើក​ទី​១១​នៃ​រដ្ឋហត្ថលេខី​ក្នុង​សន្ធិសញ្ញា​ស្ដីពី​ការ​ហាមឃាត់​គ្រាប់​មីន​ប្រឆាំង​មនុស្ស​ ឬ​សន្ធិសញ្ញា​ក្រុង​អូតាវ៉ាកាល​ពី​យប់​ថ្ងៃ​អាទិត្យ​ក្នុង​ទីក្រុង​ភ្នំពេញ​ លោកស្រី​ហេឡិន​ ក្លាក​ (Helen Clark) ​ប្រធាន​អង្គការ​កម្ម​វិធី​អភិវឌ្ឍន៍​របស់​អង្គការ​សហ​ប្រជាជាតិ​(UNDP) ​បាន​គូស​បញ្ជាក់​ថា​ គ្រាប់​មីន​ទាំង​នេះ​គឺ​ជា​ឧបសគ្គ​សម្រាប់​សេវា​សង្គ្រោះ​នា​នា​សម្រាប់​ប្រទេស​ដែល​ទើប​តែ​ងើប​ពី​ជម្លោះ​ប្រដាប់​អាវុធ។​មីន​គឺ​ជា​ឧបសគ្គ​ចំពោះ​ការ​ប្រើប្រាស់​ដី​ធ្លី​ និង​ធនធាន​ធម្មជាតិ ​និង​រាំង​ស្ទះ​ទៅ​ដល់​ការ​ប្រកប​មុខរបរ​ និង​ការ​អភិវឌ្ឍ​របស់​ប្រជាជន។​កិច្ចប្រជុំ​នៃ​សន្ធិសញ្ញា​ក្រុង​អូតាវ៉ា ​នឹង​បន្ត​រហូត​រហូត​ដល់​ថ្ងៃ​ទី​២ ​ខែ​ធ្នូ​ ដោយ​រាប់​ចាប់​តាំង​ពី​ថ្ងៃ​អាទិត្យ។ ​មាន​ប្រទេស​សរុប​ចំនួន​ជាង​១០០​ចូល​រួម។

លោក​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​កម្ពុជា​ ក៏​បាន​បញ្ជាក់​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​នេះ​ដែរ​ថា ​គ្រាប់មីន​បាន​ក្លាយ​ជា​ឧបសគ្គ​យ៉ាង​សំខាន់​សម្រាប់​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ។

យោង​តាម​របាយការណ៍​ផ្លូវ​ការ​បង្ហាញ​ថា ​គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​បាន​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​រងគ្រោះ​ចំនួន​៤៣២០​នាក់​ នៅ​ឆ្នាំ​១៩៩៦ ​ក៏​ប៉ុន្ដែ​ចំនួន​ជន​រងគ្រោះ​បាន​ធ្លាក់​ចុះ​រហូត​មក​ដល់​ក្រោម​៣០០​នាក់​ក្នុង​រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ។ ​ លោកស្រី​ហេឡិន​ ក្លាក​លើក​ឡើង​ថា​ មាន​ប្រជាជន​កម្ពុជា​ស្លាប់​ និង​របួស​ដោយសារ​គ្រាប់មីន​សរុប​ចំនួន​ជាង​៦៣៩០០​នាក់​ ក្នុង​រយៈ​ពេល​ជាង​បី​ទសវត្ស​កន្លង​មក។ ​ដោយឡែក​ក្នុង​រយៈពេល​ដូច​គ្នា​នេះ​មាន​ជន​រងគ្រោះ​ស្លាប់​និង​ពិការ​ដោយសារ​គ្រាប់មីន​ចំនួន​ជាង​មួយ​លាន​នាក់​ នៅ​ទូទាំង​ពិភពលោក។

មាន​ប្រទេស​ហត្ថលេខី​នៃ​សន្ធិសញ្ញា​ក្រុង​អូតាវ៉ា​នេះ​សរុប​ចំនួន​១៥៨​ បន្ទាប់​ពី​សន្ធិសញ្ញា​នេះ​បាន​ចូល​ជា​ធរមាន​នៅ​ឆ្នាំ​១៩៩៩។ ​ក្នុង​នោះ​ប្រទេស​ចំនួន​១៥៣​បាន​សម្រេច​រំលាយ​ស្ដុក​គ្រាប់មីន​ប្រឆាំង​មនុស្ស​ចោល។ ​ប្រទេស​កម្ពុជា​នឹង​ធ្វើ​ជា​ប្រធាន​កិច្ច​ប្រជុំ​នេះ​ពេញ​មួយ​ឆ្នាំ​២០១២​ ដើម្បី​តាមដាន​ពិនិត្យ​មើល​ការអនុវត្ត​សេចក្ដី​សម្រេច​ពី​កិច្ច​ប្រជុំ។

លោក​នាយក​រដ្ឋមន្ដ្រី​ហ៊ុន ​សែន​ប្រាថ្នា​ចង់​ឃើញ​ប្រទេស​ជា​សមាជិក​នៃ​សន្ធិសញ្ញា​នេះ​ មាន​ចំនួន​កាន់​តែ​ច្រើន​ថែម​ទៀត។

«ប្រសិន​បើ​យើង​មិន​នាំ​គ្នា​បង្កើន​ល្បឿន​នឹង​ប្រសិទ្ធិភាព​នៃ​ការ​ដោះស្រាយ​បញ្ហា​ ដែល​យើង​បាន​ប្រកាន់​យក​កន្លង​មក​នោះ​ទេ​ ​យើង​នឹង​មិន​ងាយ​ទៅ​ដល់​គោលដៅ​ចុង​ក្រោយ​របស់​យើង​ ដែល​ចង់​បាន​ពិភព​លោក​មួយ​ ដែល​គ្មាន​គ្រាប់មីន​នោះ​ទេ។ ​ខ្ញុំ​សង្ឃឹម​ថា​ មិត្តភក្តិ​ផ្សេង​ទៀត​ ដែល​នៅ​មិន​ទាន់​បាន​ចូល​ជា​សមាជិក​នៃ​អនុសញ្ញា​នឹង​បន្ត​រួបរួម​ជាមួយ​យើង​ទាំង​អស់​គ្នា​ ដើម្បី​សម្រេច​នូវ​គោលដៅ​នេះ»។

មាន​ប្រទេស​ដែល​មិនមែន​ជា​ភាគី​ហត្ថលេខី​នៃ​សន្ធិសញ្ញា​ហាមឃាត់​គ្រាប់មីន​ប្រឆាំង​មនុស្ស​ ឬ​សន្ធិសញ្ញា​ក្រុង​អូតាវ៉ា​ចំនួន​ដប់​បាន​ចូលរួម​ជា​អ្នក​សង្កេតការណ៍​ក្នុង​កិច្ចប្រជុំ​លើក​នេះ។​ ក្នុង​នោះ​មាន​ទាំង​ប្រទេស​ ដែល​ផលិត​សព្វាវុធ​ និង​គ្រាប់មីន​ក្នុង​ពិភពលោក​ ដូច​ជា​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​ចិន​ជា​ដើម។ ​តំណាង​ប្រទេស​ចិន​នឹង​ធ្វើ​សេចក្តី​ថ្ងៃងការណ៍​ក្នុង​កិច្ច​ប្រជុំ​នេះ​នៅ​ថ្ងៃ​នេះ៕

XS
SM
MD
LG