ការដំឡើងបន្ទុកបំណុលតាមរយៈការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ ដែលធ្វើឡើងដោយសមាជិកសភានៃគណបក្សគ្រប់គ្រងប្រទេសកាលពីថ្ងៃច័ន្ទគឺស្របគ្នាទៅតាមយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ឆ្នាំ២០១៥ និង២០១៨ ដែលជាផ្នែកមួយនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមការអះអាងរបស់មន្ត្រីរដ្ឋាភិបាលកម្ពុជា។
ការដំឡើងបន្ទុកបំណុលនេះ កើតមានឡើងដោយគ្មានវត្តមានពីក្រុមអ្នកតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិដែលបានធ្វើពហិការមិនចូលប្រជុំក្នុងសភាជាតិ។
អ្នកតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិមួយរូបដែលមិនបានចូលរួមការប្រជុំអនុម័តថវិកាជាតិសម្រាប់២០១៦នោះ បានសម្តែងក្តីបារម្ភពីការកើនឡើងបំណុលបរទេស ដែលអាចនឹងបង្កការលំបាកដល់ការកសាងប្រទេសកម្ពុជា បើទោះជាការកើនឡើងនៃបំណុលនេះ ធ្វើឡើងដោយឈរនៅលើយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈដែលបានបង្ហោះលើគេហទំព័ររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីដើមខែវិច្ឆិកាកន្លងទៅនេះ។
ជាមួយនិងក្តីបារម្ភនេះ លោក សុន ឆ័យ អ្នកតំណាងរាស្ត្រមកពីគណបក្សប្រឆាំង និងជាអនុប្រធានគណៈកម្មការសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃសភាជាតិ ថ្លែងប្រាប់ VOA ថា ក្រុមអ្នកតំណាងរាស្រ្តនៃគណបក្សប្រឆាំងបានសើ្នឲ្យរដ្ឋាភិបាលធ្វើការចេញប័ណ្ណរតនាគារជាតិ ឬប័ណ្ណបំណុលរបស់រដ្ឋ ទៅឲ្យអ្នកមានទ្រព្យស្តុកស្តម្ភរួមមានមន្ត្រីក្នុងរដ្ឋាភិបាល ដើម្បីកាត់បន្ថយការពឹងផ្អែកលើការខ្ចីប្រាក់ពីបរទេសដែលបានបន្តកើនឡើងជារៀងរាល់ឆ្នាំទៅតាមការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីថវិកាជាតិនេះ។
លោកថ្លែងបញ្ជាក់ថា៖
«យើងបានផ្តល់ទៅគាត់ឲ្យ យើងខ្ចីលុយសម្រាប់ការកសាង ផ្លូវថ្នល់ស្ពានអី ពីអ្នកមាន អ្នកមាននៅស្រុកខ្មែរវិញទៅ ព្រោះឥឡូវយើងឃើញអ្នកមាន មន្ត្រីរដ្ឋាភិបាលមួយចំនួននោះមានប្រាក់រាប់រយរាប់ពាន់លាន ដែលប្រាក់នេះភាគច្រើន ប្រហែលជាទុកចោល អត់យកមកប្រើប្រាស់ ដូច្នេះយើងគួរតែលក់ បង្កើតជាប័ណ្ណរតនាគារ ដែលភាសាអង់គ្លេសហៅថា bond លក់ប័ណ្ណរតនាគារនេះ ឲ្យទៅ អ្នកដែលមានលុយច្រើនៗ នៅស្រុកខ្មែរយើង ហើយយកលុយ នៅក្នុងស្រុកនេះ ទៅកសាងវិញទៅ ហើយការប្រាក់ដែលរដ្ឋត្រូវបង់ ចំពោះការខ្ចី ឬក៏ការលក់ bond នេះ គឺនឹងនៅតែរក្សាក្នុងប្រទេសយើង ហើយយើងអាចនឹងជួយទៅដល់ធនធាននៅក្នុងស្រុកនេះ អាចយកទៅប្រើប្រាស់ បម្រើវិស័យវិនិយោគ និងផ្នែកដទៃៗ ទៀតផង»។
នៅក្នុងការអនុម័តដែលបានធ្វើឡើងកាលពីថ្ងៃច័ន្ទកន្លងទៅនេះ រដ្ឋាភិបាលគ្រោងដំឡើងការខ្ចីពីកម្រិត៦០០លាន SDR (ឬប្រមាណជា៨៤០លានដុល្លារអាមេរិក)នៅឆ្នាំ២០១៥ទៅដល់៧០០លាន SDR (ឬប្រមាណជា ៩៨០លានដុល្លារអាមេរិក) នៅឆ្នាំ២០១៦ខាងមុខនេះ។
ទោះជាមានការពន្យល់ពី លោក សុន ឆ័យ ជាអ្នកតំណាងរាស្ត្រ និងជាប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិក៏ដោយ រដ្ឋាភិបាលពុំមានផែនការនៃចេញ សញ្ញាប័ណ្ណរដ្ឋដែលជាសំបុត្រធានាសងប្រាក់រវាងរដ្ឋ មិនម្ចាស់បំណុលដែលមកពីវិស័យឯកជនក្នុងស្រុកនោះទេ។ នេះបើយោងទៅតាមខ្លឹមសារសង្ខេបនៃឯកសារយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈឆ្នាំ២០១៥ និង២០១៨។
ខ្លឹមសារសង្ខេបនៃឯកសារយុទ្ធសាស្ត្រនេះ បានសរសេរថា រដ្ឋាភិបាលកំណត់ទំហំនៃការខ្ចីថ្មីបន្ថែមក្នុងរង្វង់ ៦០០លានអេសដេអ៊ែ (SDR) សម្រាប់ឆ្នាំ២០១៥ និងក្នុងរង្វង់ពី ៧០០ លាន ទៅ៨០០ លានអេសដេអ៊ែរ ក្នុងមួយឆ្នាំ សម្រាប់ឆ្នាំ២០១៦ដល់ឆ្នាំ២០១៨ ទៅតាមបរិការណ៍នៃគោលនយោបាយថវិកា និងវិវឌ្ឍនាការម៉ាក្រូសេដ្ឋកិច្ចជាក់ស្តែងរបស់កម្ពុជា។
ទាក់ទិនការចេញសញ្ញាប័ណ្ណរដ្ឋ ឬប័ណ្ណបំណុលរដ្ឋនេះ ខ្លឹមសារសង្ខេបនៃឯកសារយុទ្ធសាស្ត្រនេះ សង្កត់ធ្ងន់ថា៖ «សម្រាប់ឆ្នាំ២០១៥ដល់២០១៨ ជារួម រាជរដ្ឋាភិបាលនឹងមិនបោះផ្សាយមូលបត្ររដ្ឋ ឬសញ្ញាប័ណ្ណរដ្ឋអធិបតេយ្យដែលជាឧបករណ៍បំណុលថ្មីទេ តែក៏អាចធ្វើការសាកល្បងប្រើប្រាស់ឧបករណ៍ថ្មីនេះនៅពេលណាមួយ សម្រាប់ជាការចាប់ផ្តើមនៃទីផ្សារបំណុល (មូលប័ត្ររដ្ឋ) និងអាចជាមូលដ្ឋានសម្រាប់ឲ្យមានការបោះផ្សាយមូលបត្រឯកជន»។
ប្រទេសកម្ពុជា ត្រូវអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុមើលឃើញថា នៅពឹងផ្អែកលើប្រាក់កម្ចីពីបរទេសដែលបានផ្តល់ក្នុងរូបភាពជាឥណទានសម្បទាន ឬក៏ជំនួយឥតសំណង។ ពួកគេថា រដ្ឋាភិបាលនឹងពិចារណាទៅលើការចេញប័ណ្ណបំណុលនេះ ដែលតម្រូវឲ្យមានការរៀបចំបទប្បញ្ញត្តិមួយត្រឹមត្រូវ និងការយល់ដឹងទូលំទូលាយពីសាធារណជន ជាពិសេសអ្នកមានទ្រព្យដែលចង់ឲ្យលុយរដ្ឋាភិបាលខ្ចី។ យ៉ាងណាក៏ដោយ ពួកគេថា រដ្ឋាភិបាលនឹងអាចមានការរារែកចិត្តបន្តិច ក្នុងការប្រើប្រាស់ឧបករណ៍ថ្មីនេះ ដោយសារតែកម្រិតអត្រាការប្រាក់ដែលផ្តល់ឲ្យអ្នកសន្សំប្រាក់ពីធនាគារនៅក្នុងប្រទេសនៅមានកម្រិតខ្ពស់។
លោក ច័ន្ទ សុផល អ្នកវិភាគសេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលសិក្សាគោលនយោបាយថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា គួរចាប់ផ្តើមពិចារណាលើការប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុនេះ ដោយហេតុថា វាជាឧបករណ៍ដែលរដ្ឋាភិបាលនានានៅក្នុងពិភពលោកបានកំពុងប្រើប្រាស់។ តែលោកថា ការកំណត់អត្រាការប្រាក់ អាចនឹងជារនាំងមួយដែលធ្វើឲ្យរដ្ឋាភិបាលពិបាកក្នុងការសម្រេចចិត្ត ខណៈដែលប្រទេសកម្ពុជានៅទទួលបានផលពីប្រាក់កម្ចីដែលមានកម្រិតទាបពីបរទេស។
«នៅបច្ចុប្បន្ននេះ អត្រាការប្រាក់សន្សំនៅធនាគារមានកម្រិតខ្ពស់ គឺប្រហែលជា៥% ឬក៏អាចដល់១០%ក៏មាន បើសិនជា ប្រជាពលរដ្ឋយើងវិនិយោគជាមួយនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហើយរដ្ឋាភិបាល បើសិនជាបើកឲ្យប្រជាពលរដ្ឋយកប្រាក់មកផ្ញើ ហើយឲ្យការប្រាក់នោះគឺៗ ប្រហែលជា មិនៗ រកបានទេ បើសិនជាការប្រាក់ឲ្យត្រឹម១[ទៅ] ២% ដូចដែលអាចខ្ចីបានពីទុន ពីមូលធនអនុគ្រោះឬកម្ចីអនុគ្រោះ ពីប្រទេសផ្សេងៗឬស្ថាប័នអន្តរជាតិ ការណ៍ដែលរដ្ឋាភិបាលរក រកប្រាក់កម្ចីនោះ គឺរកកម្ចីក្នុងក្របខណ្ឌអនុគ្រោះ មានន័យថា ការប្រាក់១% ឬក៏២% ២,៥% ក្នុងមួយឆ្នាំប៉ុណ្ណោះ ហើយបើសិនជារកទុនរបៀបនេះក្នុងស្រុកយើង ខ្ញុំយល់ថា រកមិនទាន់បានទេ ព្រោះគេអាចមានឱកាសយកប្រាក់ទៅផ្ញើធនាគារ ហើយឬក៏គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហើយបានអត្រាការប្រាក់លើសពី៥%»។
នៅក្នុងការអនុម័តកញ្ចប់ថវិកាជាតិសម្រាប់ការចាយវាយរបស់រដ្ឋាភិបាលក្នុងឆ្នាំ២០១៦ដែលធ្វើឡើងកាលពីថ្ងៃច័ន្ទនោះ រដ្ឋមន្ត្រីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានការពារផែនការខ្ចីរបស់រដ្ឋាភិបាល ដោយបានអះអាងថាការខ្ចីបុលនេះ នឹងមិនធ្វើឲ្យប្រជាពលរដ្ឋខ្មែរជំពាក់គេវ័ណ្ឌកនោះទេតែជាការជ្រោមជ្រែងកំណើនសេដ្ឋកិច្ច។ អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុថ្លែងថា ការបកស្រាយនេះ អាចទទួលយកបាន ប្រសិនបើការប្រើប្រាស់កម្ចីត្រូវបានធ្វើឡើងដោយតម្លាភាព និងកសាងបានហេដ្ឋារចនាសម្ព័ន្ធនានាដែលអាចយកចំណូលជូនជាតិដើម្បីសងការប្រាក់ទៅគេវិញ៕