លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងនៅថ្ងៃអង្គារ៍នេះ បានទទូចដល់សហចៅក្រមខាងភាគីអន្តរជាតិនៅក្នុងសាលាក្តីខ្មែរក្រហម ឲ្យកោះអញ្ជើញមេដឹកនាំជាន់ខ្ពស់នៅក្នុងរដ្ឋាភិបាលសំខាន់ៗមួយចំនួន ឲ្យចូលមកបំភ្លឺនៅក្នុងសាលាក្តីជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋក្នុងរបបកម្ពុជាប្រជាធិបតេយ្យចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដែលបានបណ្តាលឲ្យពលរដ្ឋខ្មែរស្លាប់អស់ជាង ១.៧ លាននាក់។
លោកសម រង្ស៊ី បានថ្លែងប្រាប់ក្រុមអ្នកគាំទ្រគណបក្សប្រឆាំងតាមរយៈវីដេអូខិនវឺរេន នៅក្នុងខណៈពេលគណបក្សនេះកំពុងរៀបចំពិធីបុណ្យបង្សុកូលលើកទី៣៧ នៃថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
លោកសម រង្ស៊ី មិនបានបង្ហាញឈ្មោះមេដឹកនាំកំពូលៗទាំងនោះទេ ក៏ន្តែលោកគ្រាន់តែបានបញ្ជាក់ថាជាមេដឹកនាំកំពូលក្នុងរដ្ឋាភិបាល មេដឹកនាំក្នុងរដ្ឋសភា មេដឹកនាំព្រឹទ្ធសភា រដ្ឋមន្ត្រីក្រសួងការបរទេសគឺលោកហោ ណាំហុង និងលោកគាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គួរតែត្រូវបានកោះអញ្ជើញដោយសហចៅក្រមអន្តរជាតិ ដើម្បីឲ្យចូលមកបំភ្លឺនៅក្នុងសាលាក្តីពាក់ព័ន្ធនឹងបទឧក្រិដ្ឋនៅក្នុងរបបខ្មែរក្រហម។
លោកសម រង្ស៊ី បានមានប្រសាសន៍ថា ប្រសិនណាអ្នកទាំងនោះទៅបំភ្លឺ នឹងអាចក្លាយទៅជាជនសង្ស័យ ហើយតុលាការអាចចោទប្រកាន់បានដោយសារតែពួកគេជាប់ពាក់ព័ន្ធយ៉ាងជ្រៅនៅក្នុងរបបខ្មែរក្រហម។
«គេដឹងរឿងច្រើន គេអាចធ្វើជាសាក្សី ហើយក្លាយទៅជាសាក្សី។ ហើយឆ្លើយឲ្យព័ត៌មាន គេយកទៅពិចារណាថា តើព័ត៌មាននោះអាចមានសារៈសំខាន់នាំមកនូវការសង្ស័យ។ សាក្សីនោះហ៊ានឆ្លើយទៅជាជនសង្ស័យ»។
សាលាក្តីប្រល័យពូជសាសន៍សម្រាប់កាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហមនៅថ្ងៃពុធស្អែកនេះ នឹងបន្តបើកសវនាការសួរដេញដោលលើសំណុំរឿង០០២ ជាប់ពាក់ព័ន្ធនឹងក្រសួងការបរទេស គុកបឹងត្របែក ក្រសួងពាណិជ្ជកម្ម ហើយគេរពឹងថានឹងមានសាក្សីថ្មីៗ និងផ្តល់សក្ខីកម្មចំពោះសំណុំរឿងទាំងនេះ។
លោក នេត្រ ភត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានមានប្រសាសន៍ថា ការសម្រេចកោះហៅមកធ្វើសក្ខីកម្មនៅក្នុងសាលាក្តីខ្មែរក្រហម គឺអាស្រ័យទៅលើឆន្ទានុសិទ្ធរបស់អង្គជំណុំជម្រះរបស់សាលាដំបូង និងដោយមានការយល់ព្រមពីសហចៅក្រមទាំងភាគីជាតិ និង អន្តរជាតិផងដែរ។
«ការសម្រេចកោះហៅទៅលើសាក្សីណាមួយមកធ្វើសក្ខីកម្ម គឺជាការសម្រេចមួយដោយមានការយល់ស្របពីចៅក្រមនៅក្នុងអង្គជំនុំជម្រះសាលាដំបូងនេះ។ ដូច្នេះការអំពាវនាវគឺជាសិទ្ធរបស់គាត់។ ប៉ុន្តែការសម្រេចធំ គឺជាឆន្ធានុសិទ្ធរបស់ចៅក្រម»។
លោក មីស្ស៊ែល ផេសមិន (Michiel Pestman) សហមេធាវីអន្តរជាតិរបស់លោកនួន ជា ក៏ធ្លាប់បានលើកឡើងនៅក្នុងសាលាក្តីខ្មែរក្រហមឲ្យកោះអញ្ជើញមន្ត្រីជាន់ខ្ពស់ចំនួនប្រាំមួយរូប នៅក្នុងរដ្ឋាភិបាលឲ្យមកធ្វើសក្ខីកម្មនៅក្នុងសាលាក្តីខ្មែរក្រហមផងដែរ។
បញ្ជីឈ្មោះសាក្សីនៅក្នុងសាលាក្តីខ្មែរក្រហមត្រូវបានគេចាត់ទុកថាជារឿងសម្ងាត់ ហើយការស្នើសុំសាក្សី អ្នកជំនាញក្នុងការមកធ្វើសក្ខីកម្មនៅក្នុងសំណុំរឿង០០២ មានចំនួន ១០៩២ នាក់។
សំណើរស្នើសុំសាក្សីត្រូវធ្វើឡើងដោយសហព្រះរាជអាជ្ញាពីមេធាវីការពារក្តី និងពីភាគីដើមបណ្តឹងរដ្ឋប្បវេណី។ ក៏ប៉ុន្តែរាល់ការសម្រេចយកសាក្សីប៉ុន្មាននាក់ គឺអាស្រ័យទៅលើអង្គជំនុំជម្រះរបស់សាលាក្តីតែប៉ុណ្ណោះដោយសម្រេចថាតើមានភាគីណាដែលជាប់ពាក់ព័ន្ធ ឬ មិនជាប់ពាក់ព័ន្ធត្រូវយកមកបំភ្លឺនៅក្នុងសាលាក្តី៕