ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​សម្លាប់​អ្នក​ទោស​ក្នុង​គុក​ទួលស្លែង​ស្ថិត​ក្រោម​បញ្ជា​របស់​នួន ជា៖ ​ឌុច


កាំង ​ហ្គិចអ៊ាវ ​ហៅ​ ឌុច
កាំង ​ហ្គិចអ៊ាវ ​ហៅ​ ឌុច

ឌុច ​បាន​ផ្តល់​ពត៌មាន​កាន់​តែ​ច្រើន​ថែមទៀត​ នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ ​ប្រឆាំង​នឹង​ នួន ​ជា ​បង​ធំ​ទី​២​នៃ​របប​ខ្មែរក្រហម ​ដែល​ធ្លាប់​បាន​ប្រកែក​ថា ​ខ្លួន​មិន​ស្ថិត​ក្នុង​អំណាច​បញ្ជា​នៃ​ការ​ចាប់​និង​កាប់​សម្លាប់​ប្រជាពលរដ្ឋ​កម្ពុជា​នោះ​ទេ។​

នៅ​ក្នុង​ការ​ផ្តល់​សក្ខីកម្ម​ក្នុង​សវនាការ​ដោយ​អង្គជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម​ ឈាន​ដល់​ថ្ងៃ​ទី​៧ ​ ​ឌុច ​បាន​បញ្ជាក់​ថា ​នួន ​ជា ​ដាក់​បញ្ជា​ឲ្យ​សម្លាប់​អ្នក​ទោស​ក្នុង​គុក​ទួលស្លែង​ឲ្យ​អស់​មុន​ពេល​ដែល​កងទ័ព​វៀតណាម​ចូល​រំដោះ​ដល់​ទីក្រុង​ភ្នំពេញ ​នៅ​ថ្ងៃ​ទី​៧ ​ខែ​មករា ​ឆ្នាំ ​១៩៧៩។​

មាន​អ្នកទោស​យ៉ាង​តិច​ចំនួន​១២៣៨០​នាក់​ត្រូវ​បាន​ធ្វើ​ទារុណកម្ម​យ៉ាងព្រៃផ្សៃ ​និង​សម្លាប់ចោល ​នៅ​ក្នុង​គុក​ទួលស្លែង។​

«បង​នួន​ឲ្យ​គេ​ហៅ​ខ្ញុំ​ទៅ​ធ្វើ​ការ។ ​ខ្ញុំ​ក៏​ទៅ។​ គាត់​ថា ​មិត្ត​បញ្ចេញ​ពួក​ហ្នឹង​ឲ្យ​អស់​ទៅ។ ​ថ្ងៃ​ដែល​បង​នួន ​ហៅ​ខ្ញុំ​ទៅ​ហ្នឹង​ បើ​មិន​ថ្ងៃ​ទី​១ ​គឺ​ថ្ងៃ​ទី​៣ ​គឺ​មុន​រយៈពេល​ ដែល​ខ្ញុំ​ចេញ​ពី​ភ្នំពេញ​បួន​ថ្ងៃ។ ​ដូច្នេះ​ប្រហែល​ជា​ថ្ងៃ​បញ្ចប់​ផែនការ​បញ្ចេញ​អ្នកទោស​ឲ្យ​អស់​ យក​ទៅ​កម្ទេច​ហ្នឹង​ហើយ»។​

ឌុច​បាន​ឆ្លើយតប​ទៅ​នឹង​សំណួរ​របស់​សហ​ព្រះរាជ​អាជ្ញារង​អន្ដរជាតិ ​លោក ​វីលាម ស៊្មីត ​(William Smith) ​ថា ​ប៉ុល ​ពត ​ដែល​ជា​បង​ធំ​ទី​១ ​បាន​បញ្ជា​ឲ្យ​ខ្លួន​បញ្ឈប់​ការ​សួរចម្លើយ​ដោយ​ទារុណកម្ម​លើ​អ្នក​ទោស។​ ក៏ប៉ុន្ដែ​បី​ថ្ងៃ​ក្រោយ​មក​ នួន ​ជា​បាន​ជំទាស់​នឹង​បញ្ជា​នេះ។ ​ហើយ ​ឌុច ​ក៏​បន្ដ​ការអនុវត្ត​នូវ​ទារុណកម្ម​បន្ដទៀត​ក្នុង​ការ​ជម្រិត​ទាញ​យក​ចម្លើយ​ពី​អ្នក​ទោស។​

ទារុណកម្ម​ក្នុង​គុក​ទួលស្លែង ​ឬ​មន្ទីរ ​ស ​២១​មាន​ជា​អាទិ៍ ​ការ​វាយ​នឹង​រំពាត់​ខ្សែតី ​ឆក់ខ្សែ​ភ្លើង​ ដក​ក្រចក ​ជ្រមុជ​ក្នុង​ទឹក ​ព្យួរជើង​ឡើង​លើ​ជា​ដើម។​

ឌុច​បានបញ្ជាក់​បន្ថែម​ទៀត​ថា​ ខ្លួន​បាន​អនុវត្ត​តាម​ផែនការ​របស់ ​នួន ​ជា។​

«គឺ​យើង​ខ្ញុំ​ធ្វើ​ការ​ជាមួយ​បង​ទី​២​គឺ​បង​ នួន ​នេះ ​រួច​ហើយ​ខ្ញុំ​មក​បញ្ជា​ស​២១​ក្នុង​ឋានៈ​ខ្ញុំ​ជា​ប្រធាន»។

ឌុច ​ត្រូវ​បាន​កាត់ទោស​ក្នុង​សំណុំរឿង​០០១ ​ហើយ​ត្រូវ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់មួយ​ជីវិត។​

គាត់​បាន​និយាយ​ថា ​គាត់​បាន​ដឹង​តិចតួច​ពី​មន្ទីរ​ឃុំឃាំង​បឹងត្របែក។ ​ប៉ុន្ដែ​ទទួល​ស្គាល់​ថា ​មាន​អ្នក​ទោស​នៅ​ទីនោះ​ត្រូវ​បញ្ជូន​មក​កាន់​គុក​ទួលស្លែង ​និង​មាន​អ្នកទោស​ជា​ច្រើន​ទៀត​ត្រូវ​ចាប់​បញ្ជូន​ពី​ក្រសួង​នានា​ទៅ​ឃុំឃាំង​ក្នុង​គុក​ទួល​ស្លែង​ផងដែរ។​

កាំង ​ហ្គិចអ៊ាវ ​ហៅ​ ឌុច ​បាន​លើក​ឡើង​ថា ​គាត់​មិន​បាន​ដឹង​ពី​ព័ត៌មាន​ច្រើន​អំពី​អៀង ​សារី​ នៅ​ក្នុង​ក្រសួង​ការបរទេស​នោះ​ទេ។ ​ហើយ​គាត់​បាន​ឃើញ​អៀង ​សារី ​ដោយ​ផ្ទាល់​តែ​ពីរ​ដង​គត់​ នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ​គឺ​ឃើញអៀង ​សារី ​ជា​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​៦ ខែ​មករា ​ឆ្នាំ ​១៩៧៩។​

ដោយឡែក​សហ​ព្រះរាជ​អាជ្ញារង​អន្ដរជាតិ ​លោក ​វីលាម ​ស្ម៊ីត​បាន​ចោទសួរ​តិចតួច​ទៅ​កាន់​សាក្សី​អំពី​ខៀវ​ សំផន។​

ជន​ជាប់​ចោទ​ទាំង​បី​គឺ​ នួន ​ជា ​អតីត​ប្រធាន​សភា​ខ្មែរក្រហម ​អៀង ​សារី ​អតីត​ឧបនាយក​រដ្ឋមន្ដ្រី​ និង​ជា​រដ្ឋមន្ដ្រី​ការបរទេស ​និង​ ខៀវ ​សំផន ​អតីត​ប្រមុខរដ្ឋ​ខ្មែរក្រហម​ កំពុង​ស្ថិត​ក្រោម​ការ​កាត់ទោស​ ចំពោះ​ការ​ចោទ​ប្រកាន់​ទាក់ទង​នឹង​ការ​ទទួល​ខុសត្រូវ​នៃ​ការ​សម្លាប់​រង្គាល​ទៅ​លើ​ប្រជាពលរដ្ឋ​កម្ពុជា​យ៉ាង​តិច​១,៧​លាន​នាក់ ​ចន្លោះ​ពី​ថ្ងៃ​ទី​១៧ ​មេសា ​ឆ្នាំ ​១៩៧៥ ​ដល់​ថ្ងៃ​ទី​ ៦ ​មករា ​ឆ្នាំ ​១៩៧៩៕

XS
SM
MD
LG