គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានឈ្នះឃុំសង្កាត់សរុបចំនួន១,៥៩២ លើ១,៦៣៣ឃុំសង្កាត់នៅទូទាំងប្រទេសកម្ពុជា។ រីឯគណបក្សសម រង្ស៊ី ឈ្នះបានជាង២០ឃុំសង្កាត់ និងតាមពីក្រោយដោយគណបក្សសិទ្ធិមនុស្សរបស់លោកកឹម សុខា ដែលទទួលបានឃុំសង្កាត់ចំនួន១៨។ នេះបើយោងទៅតាមមន្ត្រីនៃគណបក្សទាំងបីដែលបានឲ្យដឹងនៅថ្ងៃចន្ទនេះ។
កម្ពុជាបានធ្វើការជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៣ កាលពីថ្ងៃអាទិត្យម្សិលមិញ ដែលមានគណបក្សសរុបចំនួន១០ បានចូលរួមប្រកួតប្រជែងដណ្តើមយកអសនៈចំនួន ១១,៤៥៩អសនៈ នៅក្នុងសង្កាត់ចំនួន១,៦៣៣។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគជប បានចេញលទ្ធផលការបោះឆ្នោតបណ្តោះអាសន្ននៅថ្ងៃនេះ ដែលបង្ហាញថាគណបក្សប្រជាជនកម្ពុជាឈ្នះយ៉ាងលើសលប់ ហើយគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សបានចែកលំដាប់រៀងគ្នា លេខ២ និងលេខ៣។ ដោយឡែកគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សនរោត្តមណឫរទ្ធិ ទំនងជាមិនបានជ័យជំនះទៅលើឃុំណាមួយទេ។ ក៏ប៉ុន្តែមានអសនៈនៅក្នុងឃុំសង្កាត់មួយចំនួនដែរ។
លោក ជាម យៀប តំណាងរាស្ត្រ និងសមាជិកជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថា នេះគឺជាជោគជ័យរបស់គណបក្សលោក។ លទ្ធផលបណ្តោះអាសន្នផ្លូវការទំនងជាមិនប្រែប្រួលឡើយ បើធៀបទៅនឹងលទ្ធផលបណ្តោះអាសន្នក្រៅផ្លូវការ ដែលស្រង់ចេញពីគជប។
លោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សបានសម្តែងភាពរីករាយចំពោះលទ្ធផលដែលទទួលបានពីការបោះឆ្នោត ថ្វីត្បិតដែលគាត់បានលើកឡើងពីភាពមិនប្រក្រតីមួយចំនួន។
«យ៉ាងតិច១៨ឃុំហើយ លទ្ធផលបណ្តោះអាសន្នមកដល់ថ្ងៃនេះ។ មិនមែនដណ្តើមពីគណបក្សសម រង្ស៊ី ទេគឺដណ្តើមពីគណបក្ស [កាន់អំណាច] បច្ចុប្បន្ន។ ហ្នឹងហើយជាជោគជ័យរបស់គណបក្សសិទ្ធិមនុស្សយើង»។
ដោយឡែកលោកយឹម សុវណ្ណ តំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សសម រង្ស៊ី មិនសប្បាយចិត្តនឹងលទ្ធផលនៃការបោះឆ្នោតនេះទេ ដោយចោទប្រកាន់ថាគណបក្សកាន់កាប់អំណាចថាបានប្រើប្រាស់កលល្បិចដើម្បីឈ្នះ។
«សំឡេងសម រង្ស៊ី ដែលទទួលបានពេលនេះគឺជាសំឡេងពិត ជាសំឡេងដែលគេចផុតពីការលួចបន្លំ ពីសំឡេងដែលមិនភ័យខ្លាច មិនចាញ់សំឡុត។ ក៏ប៉ុន្តែគណបក្សប្រជាជនជាសំឡេងសំឡុត សំឡេងលួច សំឡេងទិញ សំឡេងបន្លំ សំឡេងខ្មោច សំឡេងបរទេស ហើយនឹងសំឡេងខ្យល់»។
ទោះជាយ៉ាងណាលោកជាម យៀប មកពីគណបក្សប្រជាជនកម្ពុជា បាននិយាយចំអកបញ្ឆិត បញ្ឆៀងថា មេដឹកនាំគណបក្សលោកមិនបានឋិតនៅក្រៅប្រទេស ក៏ប៉ុន្តែគឺជាអ្នកចុះជាប់ជាមួយនឹងប្រជាពលរដ្ឋ។
មេដឹកនាំសិទ្ធិមនុស្ស និងមេដឹកនាំគណបក្សសម រង្ស៊ី សុទ្ធតែបានលើកភាពមិនប្រក្រតីដូចៗគ្នា នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ជាពិសេសបញ្ហាបញ្ជីឈ្មោះបោះឆ្នោត ការបោះឆ្នោតពីរដង ការប្រើប្រាស់ឥទ្ធិពលនៃគណបក្សកាន់អំណាចជាដើម។ ហើយគណបក្សទាំងពីរទាមទារឲ្យមានការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំនៃគជប ដោយចោទប្រកាន់ស្ថាប័ននេះ បានលម្អៀងទៅរកគណបក្សកាន់អំណាច។
របាយការណ៍ពីអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែលបង្ហាញថា បរិយកាសនៃការបោះឆ្នោតជាទូទៅមានភាពល្អប្រសើរ៕