គណបក្សគ្រប់គ្រងអំណាច និងគណបក្សប្រឆាំងបានបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតព្រឹទ្ធសភានៅថ្ងៃសុក្រនេះ ដែលគណបក្សសម រង្ស៊ី បានចោទប្រកាន់គណបក្សប្រជាជនកម្ពុជាអំពីការទិញទឹកចិត្តអ្នកគាំទ្រគណបក្សរបស់ខ្លួន។
ការបោះឆ្នោតព្រឹទ្ធសភានឹងធ្វើឡើងនៅថ្ងៃអាទិត្យទី២៩ ខាងមុខនេះ សម្រាប់អាសនៈចំនួន៦១ ដែលរួមមានពីររូបតែងតាំងដោយព្រះមហាក្សត្រ និងពីររូបទៀតតែងតាំងដោយរដ្ឋសភា។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ី បានថ្លែងថា សកម្មជនគណបក្សប្រជាជនកម្ពុជាបានទិញទឹកចិត្តសមាជិកគណបក្សសម រង្ស៊ី ក្នុងម្នាក់ៗយ៉ាងតិច៧០០ដុល្លារអាមេរិក ដើម្បីឲ្យបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា។
«ខ្ញុំឃើញគណបក្សកាន់អំណាចគគ្រឹកគគ្រេងណាស់ក្នុងការទិញសន្លឹកឆ្នោតស្ទើរតែគ្រប់ខេត្តក្រុងទាំងអស់។ ហើយគេបង្កើតឲ្យមានការប្រជុំនៅតាមឃុំ តាមស្រុក ដើម្បីបោកបញ្ឆោតឲ្យសមាជិកគណបក្សសម រង្ស៊ី ហ្នឹងបោះឆ្នោតឲ្យគណបក្សគេ។ ហើយឃើញតុលាការហ្នឹងក៏មមាញឹកដែរ ក្នុងប៉ុន្មានថ្ងៃនេះ។ ពីមុនមិនដែលហៅសមាជិកក្រុមប្រឹក្សាឃុំរបស់គណបក្សទៅសួរនាំអំពីបទចោទប្រកាន់ផ្សេងៗ ដែលគេកប់ទុកចោលតាំងពីយូរណាស់ក្នុងហេតុផលនយោបាយនោះ មិនដែលមានទេ។ ប៉ុន្តែមួយថ្ងៃពីរថ្ងៃនេះ តុលាការក៏រវល់ខ្លាំងណាស់ដែរ។ រូបភាពនេះសុទ្ធតែជារបៀបគំរាមកំហែង និងបំភិតបំភ័យអង្គបោះឆ្នោតរបស់គណបក្សសម រង្ស៊ី។ ក៏ប៉ុន្តែខ្ញុំយល់ឃើញថា វាប្រហែលជាមិនមានប្រសិទិ្ធភាពទេ»។
លោកយឹម សុវណ្ណបានបន្ថែមថា គណបក្សសម រង្ស៊ីចាប់បានករណីទិញទឹកចិត្តមួយនៅខេត្តបាត់ដំបង ប៉ុន្តែមានច្រើនករណីទៀតដែលមិនអាចចាប់ភស្តុតាងបាន។
លោកអ៊ុក គឹមហាន នាយកនៃនាយកដ្ឋានបូកសរុបរបស់គណបក្សប្រជាជនកម្ពុជា បានបដិសេធការចោទប្រកាន់នេះថា ជាការមិនពិត។
«គណបក្សប្រជាជនគ្មានគោលការណ៍ ឬក៏គ្មានវិធានការក្នុងការទិញដូរសន្លឹកឆ្នោតអី្វទេ»។
លោកអ៊ុក គឹមហានបានលើកឡើងបញ្ឆិតបញ្ឆៀងទៅគណបក្សសម រង្ស៊ី ថា មានគោលការណ៍ដាក់ការគាបសង្កត់លើសមាជិករបស់ខ្លួនឲ្យស្បថបោះឆ្នោតឲ្យគណបក្សខ្លួន។
លោកទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានថ្លែងប្រាប់សនិ្នសីទកាសែតថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទទួលបានបណ្តឹងចំនួនបួន ដោយបណ្តឹងពីរត្រូវបានដោះស្រាយ និងពីរទៀតកំពុងដំណើរការដោះស្រាយ។
«នៅក្នុងរយៈពេលនៃការឃោសនាបោះឆ្នោតនេះ នៅរាជធានី ខេត្ត យើងបានទទួលបណ្តឹងបួន ទី១ការបំផ្លាញសម្ភារៈឃោសនា ទី២ការចងបដាឆ្លងកាត់ផ្លូវដែលនីតិវិធីរបស់គជបបានហាម ទី៣ការឃោសនាបោះឆ្នោតរំខានដល់ការរៀនសូត្ររបស់សិស្សតាមសាលារៀន និងទី៤ការទិញទឹកចិត្ត។ ក្នុងបណ្តឹងទាំងបួននេះ បណ្តឹងពីរត្រូវបានដោះស្រាយហើយ។ បណ្តឹងដែល ទាក់ទងការរំខានសិក្សា និងការចងបដាឆ្លងកាត់ផ្លូវក៏បាន ដោះស្រាយហើយ»។
លោកយឹម សុវណ្ណបានថ្លែងថា គណបក្សសម រង្ស៊ីទទួលបានអាសនៈយ៉ាងតិច១១នៅក្នុងការបោះឆ្នោតព្រឹទ្ធសភានេះ។
ក្នុងការបោះឆ្នោតព្រឹទ្ធសភាអាណតិ្តទី២ គណបក្សប្រជាជនកម្ពុជាមានអាសនៈ៤៥ គណបក្សហ៊្វុនស៊ិនប៉ិច១០អាសនៈ និងគណបក្សសម រង្ស៊ី មាន២អាសនៈ៕