អង្គការសហប្រជាជាតិនិយាយថាប្រទេសកម្ពុជាបានបដិសេធមិនព្រមតែងតាំងចៅក្រមស៊ើបអង្កេតជាតិស្វ៊ីសឱ្យកាន់តំណែងនៅក្នុងតុលាការខ្មែរក្រហមទេ ដែលនេះនាំឱ្យមានការសង្ស័យអំពីអនាគតតុលាការមួយនេះ។
អ្នកនាំពាក្យមួយរូបរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន (Ban Ki-moon) បាននិយាយនៅ ថ្ងៃសុក្រនេះថា ប្រទេសកម្ពុជាបានជូនដំណឹងជាផ្លូវការដល់អង្គការសហប្រជាជាតិពីការសម្រេចចិត្តរបស់ខ្លួនក្នុងការមិនព្រមតែងតាំងចៅក្រមបម្រុង ឡូរ៉ង់ កាស្ពឺ អានសឺមេត (Laurent Kasper Ansermet) ឱ្យធ្វើការនៅក្នុងតុលាការនេះទេ។
អ្នកនាំពាក្យរូបនោះបានហៅការសម្រេចចិត្តនោះថា «ជាបញ្ហាដែលនាំឱ្យមានក្តីព្រួយបារម្ភធ្ងន់ធ្ងរ» ហើយបន្ថែមថាកម្ពុជារំលោភកិច្ចព្រមព្រៀងឆ្នាំ២០០៣រវាងរដ្ឋាភិបាលកម្ពុជានិងអង្គការសហប្រជាជាតិក្នុងការបង្កើតតុលាការនេះឡើង។
លោក កាស្ពឺ អានសឺមេត (Kasper Ansermet) ត្រូវបំពេញកន្លែងទំនេរក្រោយពីចៅក្រមជាតិអាល្លឺម៉ង់ Siegfried Blunt បានលាចេញពីមុខតំណែងកាលពីឆ្នាំមុនដោយបានត្អូញត្អែរពីការចូលជ្រៀតជ្រែកពីរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ដរាបណាតំណែងនោះ នៅទំនេរ តុលាការមិនអាចដំណើរការស៊ើបអង្កេតករណីណាផ្សេងទៀតក្រៅពីសំណុំរឿងចំនួនពីរដែលមានរួចស្រេចហើយ។
សាលាក្តីខ្មែរក្រហមបានកាត់ទោសមេគុកទួលស្លែង ស២១ ហើយកំពុងតែកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមកំពូលចំនួនបីនាក់ទៀត។ ប៉ុន្តែបុគ្គលិកអន្តរជាតិជាច្រើនបានលាលែងចេញពីតំណែងកាលពីឆ្នាំមុន ដោយចោទប្រកាន់លោកប្លុង (Blunk) និងសហចៅក្រមស៊ើបអង្កេតខ្មែរថាមិនបានធ្វើការស៊ើបអង្កេតឱ្យបានត្រឹមត្រូវនូវសំណុំរឿងពីរបន្ថែមទៀត។
ក្រោយពីមកដល់ប្រទេសកម្ពុជាភ្លាមៗ លោក កាស្ពឺ អានសឺមេត បានពាក់ព័ន្ធក្នុងការថ្លែងជាសាធារណៈមួយដែលធ្វើឱ្យអាម៉ាស់មុខដល់សហចៅក្រមស៊ើបអង្កេតជាតិ យូ ប៊ុនឡេង។
លោក កាស្ពឺ អានសឺមេត បានចេញសេចក្តីប្រកាសព័ត៌មានមួយចោទប្រកាន់លោក យូ ប៊ុនឡេងថាបានរារាំងរូបលោកមិនឱ្យចេញផ្សាយព័ត៌មានសំខាន់ៗអំពីសំណុំរឿងដែលព្យួរចោលទាំងពីរនោះទេ។ ប៉ុន្តែភាគីកម្ពុជាបានឆ្លើយតបវិញថាលោកកាស្ពឺ អានសឺមេត នៅមិនទាន់មានការតែងតាំងជាផ្លូវការឱ្យមកធ្វើការនៅតុលាការទេ ហើយមិនយល់ពីនីតិវិធីការងារឡើយ។
អ្នកនាំពាក្យរបស់លោកបាន គីមូន បញ្ជាក់ដែរថារដ្ឋាភិបាលកម្ពុជាលើកឡើងពីការព្រួយបារម្ភទាក់ទងនឹងក្រមសីលធម៌របស់លោកចៅក្រម កាស្ពឺ អានសឺមេត ប៉ុន្តែ អង្គការសហប្រជាជាតិបានពិនិត្យយ៉ាងដិតដល់លើការព្រួយបារម្ភនោះហើយសម្រេចថាមិនមានភស្តុតាងណាមកបញ្ជាក់ឡើយ ហើយបានទទូចសុំឱ្យឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមកម្ពុជាបន្តតែងតាំងលោក៕