ដោយ វីអូអេ
រដ្ឋធានីវ៉ាស៊ីនតោន៖
ស្ថានីយវិទ្យុអាស៊ីសេរីបានថ្លែងការពារការផ្សាយរបស់ខ្លួនទាក់ទងនឹងបញ្ហាព្រំដែនហើយបានហៅការព្រមានរបស់រដ្ឋាភិបាលមកលើវិទ្យុនេះថាជាការបំភិតបំភ័យមួយ។
នៅក្នុងសារឆ្លើយតបវិញដែលវីអូអេទទួលបានវិទ្យុនេះបានថ្លែងថា៖
«ការវាយប្រហាររបស់រដ្ឋាភិបាលមកលើវិទ្យុអាស៊ីសេរីគឺគ្រាន់តែជាការគំរាមជាសាធារណៈនិងជាឯកជនដែលមានជាបន្តបន្ទាប់មានចេតនាដើម្បីបំភិតបំភ័យអ្នកយកព័ត៌មានរបស់យើងនិងបំបាក់ទឹកចិត្តដល់ការធ្វើសេចក្តីរាយការណ៍មិនលម្អៀងលើបញ្ហារសើបរបស់រដ្ឋាភិបាលតែប៉ុណ្ណោះ»។
ប្រតិកម្មនេះជាការឆ្លើយតបទៅនឹងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាដែលបានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថានឹងប្តឹងវិទ្យុអាស៊ីសេរីបើវិទ្យុនេះនៅតែធ្វើសេចក្តីរាយការទាក់ទិននឹងបញ្ហាព្រំដែនកម្ពុជានិងប្រទេសថៃ។
លោកផៃ ស៊ីផានអ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រីបាននិយាយនៅក្នុងអង្គសន្និសីទកាសែតដែលបានធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រីថាការផ្សព្វផ្សាយរបស់វិទ្យុអាស៊ីសេរីអំពីបញ្ហាព្រំដែនជាយុទ្ឋនាការមួយដើម្បីវាយប្រហារមកលើរដ្ឋាភិបាល។ លោកបានបញ្ជាក់ថាបញ្ហាព្រំដែនគឺជាបញ្ហាសន្តិសុខជាតិមិនមែនជា សេរីភាពសម្រាប់បញ្ចេញយោបល់នោះទេហើយនឹងប្រើប្រាស់ប្រព័ន្ធតុលាការដោយសារតែការធ្វើនេះមិនមែនចំលែកជាងសហរដ្ឋអាមេរិកឬបណ្តាអ្នកកាន់លទ្ធិប្រជាធិបតេយ្យផ្សេងៗនោះទេ។
នៅក្នុងការផ្សាយរបស់ខ្លួនកាលថ្ងៃពុធវិទ្យុអាស៊ីសេរីផ្នែកខេមរភាសាបានផ្សព្វផ្សាយនៅក្នុងអត្ថបទរបស់ខ្លួនថាមានដីខ្មែរមួយភាគធំនៅតាមបណ្តោយព្រំដែនដែលគ្រប់គ្រងដោយអតីតកងទ័ពខ្មែរក្រហមតាំងពីឆ្នាំ១៩៩៦មក បច្ចុប្បន្នត្រូវថៃកាន់កាប់ស្ទើរតែទាំងស្រុង។
ការិយាល័យធំរបស់វិទ្យុអាស៊ីសេរីដែលមានស្នាក់ការនៅរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិកបានបញ្ជាក់ថាអាស៊ីសេរីនឹងនៅបន្តផ្តលព័ត៌មានគួរឱ្យទុកចិត្តបាននិងត្រឹមត្រូវដល់អ្នកស្តាប់កម្ពុជាដែលខិតខំស្វែងរកនិងគួរតែទទួលបានព័ត៌មានទាំងនោះបើទោះបីជាបញ្ហានោះមានលក្ខណៈរសើបចំពោះបុគ្គលនិងគណបក្សនយោបាយណាក៏ដោយហើយបដិសេធមិនចុះញ៉មសុខចិត្តទទួលការបំភិតបំភ័យទាំងនោះរហូតដល់រិតត្បិតការផ្សាយទេ៕