មន្ដ្រីជាន់ខ្ពស់ប៉ូលិស និងចៅសង្កាត់មួយរូបរួមទាំងសមាជិកក្រុមប្រឹក្សាសង្កាត់ម្នាក់ទៀត ត្រូវគេរាយការណ៍នៅថ្ងៃពុធនេះថា បានព្យាយាមជួយស្វែងរកការសម្របសម្រួលដើម្បីឲ្យជនរងគ្រោះក្នុងការបាញ់ប្រហារកាលពីខែមុនបោះបង់ចោលចេតនាប្ដឹងប្រឆាំងនឹងអភិបាលក្រុងបាវិត។
អភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ត្រូវក្រុមប៉ូលិសចង្អុលបង្ហាញថា គឺជាខ្មាន់កាំភ្លើងដែលបានបាញ់ប្រហារដោយត្រង់ទៅលើបាតុករដែលកំពុងតវ៉ាទាមទារលក្ខខណ្ឌល្អប្រសើរនៅក្នុងការងារកាលពីខែកុម្ភៈ។ ការបាញ់ប្រហារនោះបានធ្វើឲ្យកម្មការិនីចំនួនបីនាក់រងរបួស។
កញ្ញា ប៊ុន ចិន្ដា គឺជាជនរងគ្រោះម្នាក់ ដែលមានសភាពធ្ងន់ធ្ងរជាងគេនៅក្នុងចំណោមជនរងគ្រោះទាំងបី។ នាងត្រូវគ្រាប់ពីខាងខ្នងធ្លាយដល់ដើមទ្រូងផ្នែកខាងឆ្វេងហើយបានចាកចេញពីមន្ទីរពេទ្យកាល់ម៉ែត្រកាលពីថ្ងៃអង្គារ។
សមាជិកគ្រួសាររបស់នាង និងប្រធានភូមិព្រៃផ្ដៅ របស់នាងគឺលោក សុខ ស៊ា បានបញ្ជាក់ថា លោក កែវ គង់ អធិការរងប៉ូលិសក្រុងបាវិត និងលោក ហួត សម័យ ចៅសង្កាត់ច្រកម្ទេស ក្រុងបាវិត បានស្វែងរកការសម្រុះសម្រួលពីគ្រួសារជនរងគ្រោះដើម្បីកុំឲ្យដាក់ពាក្យប្ដឹងទៅតុលាការប្រឆាំងលោក ឈូក បណ្ឌិត។
លោកប្រធានភូមិព្រៃផ្ដៅ មានប្រសាសន៍ថា ភ្នាក់ងារនៃមន្ត្រីទាំងបីរូបបានមកត្រឹមផ្ទះរបស់លោក ហើយស្នើឲ្យលោកទៅចរចាជាមួយជនរងគ្រោះ និងក្រុមគ្រួសារដោយផ្ទាល់។
លោក សុខ ស៊ា បានបញ្ជាក់ថា លោក កែវ គង់ អធិការរងប៉ូលិសក្រុងបាវិត និងលោក ហួត សម័យ ចៅសង្កាត់ច្រកម្ទេសនិងសមាជិកក្រុមប្រឹក្សាម្នាក់ទៀតបានពាំនាំពាក្យពីភាគីខ្មាន់កាំភ្លើងក្នុងការបង់ប្រាក់ចំនួន ១.០០០ដុល្លារអាមេរិកដើម្បីរំលត់បណ្ដឹង។ ក៏ប៉ុន្ដែក្រុមគ្រួសារជនរងគ្រោះមិនយល់ព្រមជាមួយនឹងសំណើនោះទេ ហើយភាគីភ្នាក់ងារអាជ្ញាធរបានស្នើសុំឲ្យមានការចរចាជាលើកទីពីរទៀតនៅថ្ងៃដដែលនេះ។
«មានប្រាំនាក់ ប៉ុន្តែមកនៅសល់តែបីនាក់ទេ។ អធិការក្រុងបាវិតហ្នឹង ទូរស័ព្ទមកហៅគេឲ្យទៅកន្លែងកាស៊ីណូ ហើយនៅតែអធិការងជាមួយនឹងចៅសង្កាត់ ក្រុមគ្រួសារម្នាក់។ គេនិយាយថា មកឲ្យចរចាអ្នករងគ្រោះហ្នឹង។ ម្តាយឪពុកអ្នករងគ្រោះហ្នឹង តើប្តឹង ឬក៏មិនប្តឹង។ បើថាមិនប្តឹងទេ គេថាសុំជូន ១.០០០ដុល្លារបើយកជាលុយ។ បើយកជាម៉ូតូ គេថាទិញតម្លៃ១.០០០ដែរ។ គ្រាន់តែមកសុំចរចា។ តើព្រម ឬមិនព្រម? ខាងជនរងគ្រោះគាត់មិនអាចចរចាបានទេ។ អញ្ចឹងគេថាទៅចរចាម្តងទៀតនៅពេលថ្ងៃហ្នឹងត្រូវការប៉ុន្មាន? វាស្រួលគេរាយការណ៍ទៅលើទៀត។ ខ្ញុំរាយការណ៍ទៅប្រាប់ចៅសង្កាត់ហើយថាគាត់ឥតព្រមទេ លុះត្រាមួយម៉ឺនដុល្លារ ទើបគាត់ព្រម»។
ពុំទាន់មានប្រភពណាមួយបញ្ជាក់ថា ជនរងគ្រោះពីររូបផ្សេងទៀត ត្រូវបានទាក់ទងដើម្បីសម្រួលទៅដល់ការរំលត់បណ្ដឹងនោះទេ។
លោក អំ សំអាត ប្រធានគ្រប់គ្រងការិយាល័យគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ បានបញ្ជាក់ថា ជនរងគ្រោះពីររូបទៀតមិនទាន់បានបង្ហាញចេតនាប្ដឹងប្រឆាំងលោកអភិបាលក្រុងបាវិតនោះទេ រហូតមកទល់នឹងថ្ងៃនេះ។
បងប្រុសរបស់កញ្ញា ប៊ុន ចិន្ដា គឺលោក សំ ស៊ីណាត បានអះអាងថា ប្រធានភូមិបានមកចរចាជាមួយរូបលោក និងក្រុមគ្រួសាររបស់លោកនៅថ្ងៃនេះ។
ដោយឡែកកញ្ញា ប៊ុន ចិន្ដា នៅតែរក្សាជំហរប្ដឹងប្រឆាំងនឹងអ្នកវាយប្រហារដោយគ្រាប់កាំភ្លើងមកលើរូបនាងដដែល។
«ទោះបីជាគេធ្វើអញ្ចឹងមកលើរូបខ្ញុំ ខ្ញុំមិនអាចឈប់បានទេ»។
លោក កែវ គង់ អធិការរងប៉ូលិសក្រុងបាវិតនិងលោក ហួត សម័យ ចៅសង្កាត់ច្រកម្ទេស សុទ្ធតែបានបដិសេធដូចៗគ្នាថា ពួកលោកមិនបានដឹកនាំឲ្យមានការចរចាសម្របសម្រួលបញ្ឈប់បណ្ដឹងនេះទេ។
លោក កែវ គង់ គ្រាន់តែនិយាយថាប្រហែលជាប្រធានភូមិបានទៅសួរសុខទុក្ខជនរងគ្រោះ។
«ខ្ញុំក្រែងថាមេភូមិ គេទៅអីមិនដឹង»។
លោក សុខ សំអឿន នាយកអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា មានប្រសាសន៍ថា យោងតាមក្រមនីតិព្រហ្មទណ្ឌកម្ពុជា ជនរងគ្រោះ និងជនល្មើសអាចអនុញ្ញាតមានការសម្រុះសម្រួលគ្នាក្រៅផ្លូវតុលាការបាន។ ក៏ប៉ុន្ដែសម្រាប់បទល្មើសធ្ងន់ធ្ងរព្រះរាជអាជ្ញា និងក្រុមសមត្ថកិច្ចនៅតែមានតួនាទីសំខាន់ក្នុងការបន្ដប្ដឹងប្រឆាំងនឹងជនល្មើសដដែល។
«បទល្មើសខ្លះមិនអាចផ្សះផ្សាបានទេ ទោះបីជាជនរងគ្រោះមិនប្តឹងក៏ដោយ។ អាជ្ញាធរសមត្ថកិច្ចត្រូវតែបន្តនីតិវិធីដដែល ហើយតុលាការត្រូវតែធ្វើការកាត់សេចក្តីឲ្យបានច្បាស់លាស់»។
ជាមួយគ្នានេះលោក ហ៊ីង ប៊ុនជា ព្រះរាជអាជ្ញារងតុលាការខេត្តស្វាយរៀងបញ្ជាក់ថា លោកនៅតែរក្សាជំហរចាត់ការនៅក្នុងសំណុំរឿងបាញ់ប្រហារលើកម្មកររោងចក្រនេះ។
«បណ្តឹងរដ្ឋប្បវេណីវាអាចបញ្ចប់ ប៉ុន្តែបណ្តឹងអាជ្ញាមិនអាចបញ្ចប់បានទេ។ វាត្រូវតែធ្វើការស៊ើបអង្កេតនៅពេលដែលមានបទល្មើសបន្ទាន់កើតឡើង»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកុម្ភៈ កម្មករ កម្មការិនីនៃរោងចក្រផលិតស្បែកជើង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត ខេត្តស្វាយរៀងចំនួនប្រមាណ១.០០០នាក់មកពីរោងចក្រចំនួនបីផ្សេងៗគ្នា បានធ្វើតវ៉ាទាមទារប្រាក់ឈ្នួលម៉ោងបន្ថែម និងលក្ខខណ្ឌការងារឲ្យបានសមរម្យ។ ហើយនៅពេលនោះមានការប៉ះទង្គិច ជាមួយនឹងសន្តិសុខក្រុមហ៊ុន និងអាជ្ញាធរមានសមត្ថកិច្ច។
ក្នុងពេលជាមួយគ្នានោះ ខ្មាន់កាំភ្លើងដែលត្រូវគេស្គាល់ថាជាអភិបាលក្រុង បាវិត លោក ឈូក បណ្ឌិត បានចុះពីលើរថយន្ដហើយបានដកកាំភ្លើងខ្លីបាញ់ទៅលើក្រុមអ្នកតវ៉ា និងបានបណ្ដាលឲ្យកម្មការិនីទាំងបីនាក់ខាងលើរងរបួស៕