ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ឧត្តមសេនីយ៍​យោធា​២៩​នាក់​ទៀត​ឡើង​ផ្កាយ​បួន

  • គង់ សុឋានរិទ្ធ

ឧត្តមសេនីយ៍​ខ្មែរ​និង​ថៃ​ជួប​ប្រជុំ​គ្នា​នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ​​នៅ​ថ្ងៃ​១២ វិច្ឆិកា ២០១៣ ដើម្បី​ព្យាយាម​បន្ធូរ​បន្ថយ​ភាព​តានតឹង​នៅ​ក្រោយ​​សេចក្តី​សម្រេច​តុលាការ​ទី​ក្រុង​ឡាអេ។
មន្ត្រី​ជាន់ខ្ពស់យោធា​ចំនួន​២៩​រូប​ត្រូវ​ដំឡើង​ឋានន្តរសក្តិ​ជា​ឧត្តមសេនីយ៍​ផ្កាយ​មាស​បួន​ដែល​ជា​ឋានន្តរសក្តិ​កំពូល​ក្នុង​កង​កម្លាំង​ប្រដាប់​អាវុធ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ក៏​ប៉ុន្តែ​មន្ត្រី​គណបក្ស​ជំទាស់​និង​អ្នក​វិភាគ​ឯករាជ្យ​យល់​ឃើញ​ថា​ការ​ដំឡើង​បុណ្យ​សក្តិ​ដល់​មន្ត្រី​យោធា​ទាំង​នេះ​មិន​សម​ស្រប​តាម​បរិបថ​សង្គម​កម្ពុជា​សព្វ​ថ្ងៃ​នោះ​ទេ។

ការដំឡើងបុណ្យ​សក្តិ​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​មាន​ការរិះ​គន់​អំពី​ការបាញ់​ប្រហារ​របស់​កងកម្លាំង​របស់​រដ្ឋា​ភិបាលក្នុង​ការ​បង្ក្រាប​បាតុករ។

មនុស្ស​ចំនួន​ប្រាំមួយ​ទៅ​ប្រាំពីរ​នាក់បាន​ស្លាប់​ក្នុង​ការ​បង្រ្កាប​បាតុកម្ម​ក្រោយ​ពី​ការ​បោះឆ្នោត​ខែ​កក្កដា​ឆ្នាំ​២០១៣។

លោកទៀ បាញ់ ​ឧប​នាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីក្រសួង​ការ​ពារ​ជាតិបាន​ថ្លែង​ក្នុង​ពិធីបំពាក់​ផ្កាយ​ដល់​ឧត្តមសេនីយ៍យោធា​ទាំង​២៩​រូបក្នុង​ក្រសួង​ការពារជាតិថាការ​បំពាក់​សក្តិ​ថ្មី​ជូន​ដល់​មេបញ្ជាការ​យោធា​លើក​នេះ​ដោយ​យោង​ទៅ​តាម​ស្នា​ដៃ​របស់​ពួក​គេ​សម្រាប់​ប្រទេស​ជាតិ។

«ការសម្រេច​លើក​នេះជា​រឿង​មួយ​ដ៏​ធំ​បំផុត​ចំពោះ​នាយ​ទាហាន​ដែល​បាន​បំពេញ​ការងារ​ក្នុង​រយៈ​ពេល​កន្លង​មក​នេះ។​វាត្រូវ​តែ​ទទួល​ស្គាល់​អំពី​កិច្ច​ការ​របស់​ខ្លួន​ក្នុង​រយៈ​ពេល​នៃ​ការ​រួម​ចំណែក​ការងារ​របស់​ជាតិ​មាតុ​ភូមិ​ជា​ពិសេស​ក្នុង​កង​យុទ្ធ​ពល​ខេមរ​ភូមិន្ទ​នេះ»។​

ក្នុង​ចំណោម​មន្ត្រី​យោធា​ដែល​ឡើង​ឋានន្តរសក្តិ​ទាំង​នេះ​រួម​មាន​រដ្ឋ​លេខាធិការ​ក្រសួង​ការពារ​ជាតិមួយ​រូប ​គឺ​លោកឯល វ៉ាន់សារ៉ាត ​លោក​ឧត្តម​សេនីយ៍​ឈុំ សុជាតិ ​អនុរដ្ឋ​លេខា​ធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារជាតិ​ រួមទាំង​អតីត​មេបញ្ជាការ​កងទ័ព​ខ្មែរ​ក្រហម​លោកកែវ ពង្ស​និង​លោកសុខ​ភាព ​ត្រូវ​បំពាក់​ផ្កាយបួន​ដំណាល​គ្នាជាមួយ​នឹង​អនុរដ្ឋ​លេខាធិការ​ចំនួន​ប្រាំ​ពីរ​រូប​ផ្សេង​ទៀត។ ក្រៅ​ពីនោះ​មាន​អគ្គមេបញ្ជាការរង​ចំនួន​ប្រាំពីរ​រូប​ដូចជា​លោក​ដុំ ហាក់ ​ដែល​ធ្លាប់​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ​លោកគៀង សាវុធ ​លោកអ៊ុង សំខាន់​និង​លោកឧត្តមសេនីយ៍​ឈិន ចាន់ពណ៌។​ ​

បន្ថែមពី​នោះ​មាន​អគ្គលេខា​ធិការ​និង​អគ្គ​លេខាធិការ​រង​ក្រសួង​ការពារជាតិ​ អគ្គនាយក​នៃ​នាយក​ដ្ឋាន​ផ្សេងៗ។​ ដោយ​ឡែក​មេបញ្ជាការ​កង​ទ័ព​ជើង​ទឹក​លោកទៀ វិញ ​ដែលត្រូវជា​ប្អូន​ប្រុស​បង្កើត​របស់​លោក​ទៀ បាញ់ ​រដ្ឋ​មន្ត្រី​ក្រសួង​ការពារជាតិ​ក៏ត្រូវ​ដំឡើង​ឋានៈ​ពី​ឧត្តមនាវី​ផ្កាយ​បី​ទៅ​ជា​ឧត្តម​នាវីផ្កាយ​បួន​ជាមួយ​នឹងមេបញ្ជាការ​កងទ័ព​ជើង​អាកាស​លោក​សឹង សំណាង​ផងដែរ។

លោក​យ៉ែម បុញ្ញារិទ្ធ ​តំណាងរាស្ដ្រជាប់​ឆ្នោត​និង​ជា​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិមាន​ប្រសាសន៍​ថា​ ឋានៈ​មេបញ្ជាការ​កងទ័ព​ខ្ពស់​ច្រើន​ជាង​សមាមាត្រ​ចំនួន​កូន​ទាហាន​ដែល​មាន។​

«ទី​មួយ​មិន​សមាមាត្រ​ជាមួយ​ពល​ទាហាន​និង​ទី​ពីរការដំឡើង​ឋានន្តរសក្តិ​នៅ​ពេល​នេះ​យើង​កំពុង​រក​ដំណោះ​ស្រាយឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ពិត​ប្រាកដ​និង​ឲ្យ​មាន​នីតិរដ្ឋ​ពិត​ប្រាកដ»។

កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅនេះ​ក៏​មាន​ការដំឡើង​ឋានន្តរសក្តិ​ឲ្យមន្ត្រី​ប៉ូលិសឲ្យ​ឡើង​ដល់​ឧត្តម​សេនីយ៍​ឯក​ផ្កាយ​បួន​ចំនួន​ប្រាំមួយរូប​បន្ថែម​ទៀត។

គេ​សង្កេត​ឃើញ​ការ​ដំឡើង​ឋានន្តរសក្តិ​ជា​ឧត្តមសេនីយ៍ក្នុង​កង​កម្លាំង​ប្រដាប់​អាវុធ​ជា​ពិសេស​ក្នុង​ជួរ​យោធា​បានកើត​ឡើងផុល​ផុស​ក្រោយ​ពី​ការ​ប៉ះ​ទង្គិច​ដោយ​ប្រដាប់​អាវុធ​រវាង​កង​ទ័ព​កម្ពុជា​និង​កង​ទ័ព​ថៃ​ដែល​បាន​ចូល​លុកលុយ​នៅ​តំបន់​ព្រំដែន​ក្បែរប្រាសាទ​ព្រះវិហាររបស់​កម្ពុជា។

ក៏ប៉ុន្តែ​ការដំឡើង​ឋានៈ​ជា​ឧត្តមសេនីយ៍​ផ្កាយ​បួន​បាន​កើត​ឡើង​រយៈ​ពេល​ចុង​ក្រោយ​បន្ទាប់​ពី​កង​កម្លាំង​ប្រដាប់​អាវុធត្រូវ​គេ​អះអាង​ថា​បាន​បាញ់​បង្រ្កាប​ក្រុម​បាតុករ​ដែល​ជាជន​ស៊ីវិល​ក្នុង​អំឡុង​ពេល​ចុង​ក្រោយ​នេះ។

លោក​បណ្ឌិត​ឡៅ ម៉ុង​ហៃ ​អ្នកវិភាគ​ឯករាជ្យ​មាន​ប្រសាសន៍​ថា​នេះ​ជា​ការលើក​ទឹក​ចិត្ត​សម្រាប់​ការ​ទ្រទ្រង់​អំណាច​ក្នុង​រដ្ឋា​ភិបាល​សព្វ​ថ្ងៃ។

«ការចង​ក្រង​កង​កម្លាំង​សន្តិ​សុខ​នេះ​ក្នុង​ន័យ​ថា​ដើម្បី​ទី​មួយ​ឲ្យ​មាន​ភាព​ខ្លាំង​តទៅ​ទៀត។​ទីពីរ​គឺ​គាំ​ទ្រ​កាន់​តែ​ខ្លាំង​ទៅ​ទៀត​ចំពោះ​របប​គ្រប់​គ្រង​ប្រទេស​សព្វ​ថ្ងៃ​នេះ»។

​យោង​តាម​សារព័ត៌មាន​បរទេស​មួយ​ក្នុង​ប្រទេស​កម្ពុជាឲ្យ​ដឹង​ថា​កម្ពុជា​មានឧត្តមសេនីយ៍​យោធា​ចំនួន​លើស​ពី២.២០០​នាក់​កាល​ពី​ឆ្នាំ​២០១០​គឺ​ច្រើន​ជាង​ឧត្តមសេនីយ៍​យោធា​នៅ​សហរដ្ឋ​អាមេរិក​ចំនួន​១៥០០​នាក់។

សហរដ្ឋ​អាមេរិក​គឺ​ជាមហា​អំណាច​យោធា​ដ៏​មាន​ឥទ្ធិពល​បំផុត​ក្នុង​ពិភព​លោក៕
XS
SM
MD
LG