គណបក្សនយោបាយទាំង១០ បានប្រុងប្រៀបធ្វើការឃោសនាទ្រង់ទ្រាយធំ និងមធ្យមនាទឹកផ្តាច់ព្រាត់នៅថ្ងៃសុក្រនេះដើម្បីស្រូបយកការគាំទ្របន្ថែមទៀត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី៣ ខែមិថុនា។
ការឃោសនាបោះឆ្នោតរយៈពេល១៥ថ្ងៃបានចាប់ផ្តើមតាំងពីថ្ងៃទី១៨ ខែឧសភា នេះ ហើយនឹងត្រូវបញ្ចប់នៅថ្ងៃសុក្រនេះនៅម៉ោង ១២យប់។
លោកគួយ ប៊ុនរឿន តំណាងរាស្ត្រនិងជាអ្នកទទួលបន្ទុកការរៀបចំការបោះឆ្នោតរបស់គណបក្សជំទាស់សម រង្ស៊ី មានប្រសាសន៍ថាគណបក្សរបស់លោកបានចាប់ផ្តើមធ្វើការឃោសនាទ្រង់ទ្រាយធំកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងខេត្តកំពង់ចាមដោយមានអ្នកចូលរួមប្រមាណជាង២.០០០នាក់។ ហើយការឃោសនាទ្រង់ទ្រាយធំនិងធ្វើបន្ថែមទៀតនៅក្នុងទីក្រុងភ្នំពេញនិងបណ្តាខេត្តមួយចំនួនទៀតនៅថ្ងៃនេះ។
«ចំពោះគណបក្សសម រង្ស៊ី ដែលធ្វើឲ្យមានចរន្តនៃការផ្លាស់ប្តូរហ្នឹងយើងសង្ឃឹមថានឹងមានការកើនឡើងខ្ពស់ពីការដែលយើងចាប់ផ្តើមនៃការឃោសនាដំបូង។ ចំពោះទីក្រុងភ្នំពេញ ជាការរៀបចំហែរក្បួនធំមួយដើម្បីបញ្ចប់ការឃោសនានិងខេត្តមួយចំនួនក៏បានរៀបចំធំដែរ»។
មន្ត្រីគណបក្សជំទាស់សម រង្ស៊ី ដដែលបានបញ្ជាក់ថា ថ្ងៃបញ្ចប់នៃការឃោសនាបោះឆ្នោតគឺជាថ្ងៃដ៏សំខាន់សម្រាប់ទប់ទល់នៃការទិញសន្លឹកឆ្នោតផងដែរ។ ការទិញដូរសន្លឹកឆ្នោតដែលគណបក្សសម រង្ស៊ី បានចង្អុលទៅរកគណបក្សប្រជាជនដែលកំពុងកាន់អំណាច។
ជាមួយគ្នានេះដែរលោក ប៉ែន សង្ហារ អ្នកនាំពាក្យគណបក្សនរោត្តម រណឫទ្ធិមានប្រសាសន៍ថាគណបក្សរបស់លោក នឹងធ្វើការឃោសនាទ្រង់ទ្រាយមធ្យម ដែលនឹងងាយចល័តនៅក្នុងការឃោសនា ហើយគណបក្សរបស់លោកនឹងសង្កត់ទៅលើកម្មវិធីនយោបាយជាលើកចុងក្រោយ។
«និយាយករណីនៅភ្នំពេញ ករណីមនុស្សប្រហែលជា១០០នាក់។ ខណ្ឌដង្កោ និងពោធិ៍សែនជ័យ គេហែរក្បួនប្រហែលជា ១០០នាក់។ ហើយនៅតាមស្រុកក្នុងខេត្តកំពង់ចាម គេហែរជាមធ្យមប្រហែលជាង ៥០ទៅ ៦០នាក់ក្នុងមួយស្រុកៗ។ ប៉ុន្តែខេត្តផ្សេងៗ គេធ្វើទម្រង់ប្រហាក់ប្រហែលគ្នាដែរ ហើយសារនយោបាយដែលសំខាន់គឺ គណបក្សនរោត្តមរណឫទ្ធិប្រកាន់នយោបាយកណ្តាល គឺកម្លាំងជាតិ បូកនឹងកម្លាំងជាតិ ដើម្បីអភិវឌ្ឍន៍ជាតិឃុំ-សង្កាត់នេះឯង»។
ប្រទេសកម្ពុជាមានឃុំ-សង្កាត់សរុបចំនួន ១.៦៣៣ និងមានអសនៈចំនួន ១១.៥៥៩ សម្រាប់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់។ គណបក្សចូលប្រកួតប្រជែងទាំងអស់បានលើកឡើងប្រឆាំងទៅនឹងអំពើពុករលួយរួមគ្នា។ អំពើពុករលួយល្បីល្បាញនៅក្នុងប្រទេសកម្ពុជា។ រីឯគណបក្សប្រជែងនឹងគណបក្សកាន់អំណាចបានលើកពីវិបត្តិដីធ្លីដ៏រីករាលដាលនិងការកាប់បំផ្លាញព្រៃឈើជាដើម។
លោកយ៉ែម ប៉ុញ្ញារិទ្ធ អគ្គលេខាធិការ និងជាអ្នកនាំពាក្យគណបក្សសិទ្ធិមនុស្សបញ្ជាក់ថាការឃោសនានៅថ្ងៃចុងក្រោយ នឹងធ្វើទៅតាមរូបភាពខុសៗគ្នាបន្តិចរវាងទីប្រជុំជន និងនៅតាមបណ្តាឃុំ-សង្កាត់។
«ឃុំនីមួយៗគាត់ធ្វើជាលក្ខណៈមធ្យម ស្រុកធ្វើជាលក្ខណៈប្រមូលផ្តុំគ្រប់ឃុំទាំងអស់ ដើម្បីឆ្លងកាត់ពីឃុំមួយទៅឃុំមួយ។ វាអាចមានសារនយោបាយមួយថ្មី ដែលយើងផ្សព្វផ្សាយ។ សុខចិត្តឲ្យប្រជាពលរដ្ឋគាត់មើលឃើញការពិតជាក់ស្តែងដែលគាត់ជួបប្រទះ ហើយការផ្លាស់ប្តូរជាអ្វីដែលគាត់សង្ឃឹម។ បើថាមិនដូរ គឺពុករលួយ នៅតែពុករលួយដដែល បើថាយកដីរាស្ត្រ គឺយកដីរាស្ត្រដដែល»។
គណបក្សតូចៗ ក៏បានប្រកាសដូចគ្នាថានឹងបង្កើតកម្លាំងឃោសនារបស់ខ្លួនដែរនៅថ្ងៃសុក្រនេះ។
ពុំមានមន្ត្រីផ្លូវការណាមួយរបស់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចអាចទាក់ទងបាននោះទេ។ ប៉ុន្តែមន្ត្រីមួយរូបនៃទីស្នាក់ការកណ្តាលនៃគណបក្សនេះ បានបញ្ជាក់តាមទូរស័ព្ទថាការឃោសនារបស់គណបក្សកាន់អំណាច នឹងធ្វើជាទ្រង់ទ្រាយធំដូចគ្នានៅតាមបណ្តាលខេត្តក្រុង និងរាជធានី។
លោកទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) មានប្រសាសន៍ថានៅតាមបណ្តាខេត្តក្រុងមួយចំនួន ដើម្បីបញ្ជៀសការប៉ះទង្គិចគ្នា នៅពេលដែលគណបក្សនីមួយៗបង្កើតកម្លាំងឃោសនារបស់ខ្លួន។
អង្គការសង្កេតការណ៍បោះឆ្នោតខុមហ្វ្រែល និងគជបគ្រោងនឹងធ្វើសន្និសីទកាសែតរៀងៗខ្លួនសម្រាប់បូកសរុបព្រឹត្តិការណ៍នៃការឃោសនាបោះឆ្នោតនៅថ្ងៃសុក្រនេះ៕