ប្រទេសកម្ពុជានិងវៀតណាមជាប្រទេសដំបូងក្នុងចំណោមប្រទេសអាស៊ាន១០ ដែលគេដឹងថាបានសាកល្បងបំពាក់គ្រឿងឧបករណ៍ទំនើបគឺប្រព័ន្ធទិន្នន័យពិភពលោករបស់ប៉ូលិសអាំងទែរប៉ូលអន្តរជាតិដើម្បីគ្រប់គ្រងព្រំដែនឬទប់ស្កាត់បទល្មើសនិងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងៗ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អាស៊ាននិងការអះអាងរបស់មន្ត្រីកម្ពុជា។
ប្រព័ន្ធបច្ចេកវិទ្យាទំនើបរបស់អាំងទែរប៉ូលមានផ្ទុកទិន្នន័យជាង៣០លានមកពី ប្រទេសចំនួន១៥០ រួមទាំងព័ត៌មានអំពីលិខិតធ្វើដំណើរដែលត្រូវគេលួចនិងបាត់បង់ផងដែរ។ សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថាតាមរយៈគម្រោង សាកល្បងទាំង១៦កន្លែងដែលស្ថិតនៅឆ្ងាយក្នុងប្រទេសកម្ពុជានិងវៀតណាមត្រូវភ្ជាប់បណ្តាញជាមួយប្រព័ន្ធទំនាក់ទំនងពិភពលោកនៃកិច្ចការសន្តិសុខរបស់ប៉ូលិសអាំងទែរប៉ូលដែលគេស្គាល់ថា I-24/7។
«ក្នុងឋានៈជាប្រទេសសាកល្បងនៃគម្រោងនេះកម្ពុជានិងវៀតណាមបានអំពាវនាវឲ្យមានការពង្រីកប្រព័ន្ធផ្លាស់ប្តូរព័ត៌មានប៉ូលិសអាំងទែរប៉ូលដល់ប្រទេសអាស៊ាននានាផងដែរ»។
លោកឧត្តមសេនីយ៍ឯក សុខ ផលអគ្គស្នងការរងនគបាលជាតិទទួលស្គាល់ថា មានការបំពាក់ឧបករណ៍អាំងទែរប៉ូលមែនពេលសុំការបំភ្លឺ។
«បានន័យថាប្រទេសពីរដែលទទួលយកឧបករណ៍របស់អាំងទែរប៉ូលហ្នឹង ឈានមុខគេក្នុងចំណោមប្រទេសអាស៊ានទាំង១០»។
លោកឧត្តមសេនីយ សុខ ផលបដិសេដធ្វើអត្ថាធិប្បាយលម្អិតដោយសារថា នេះជាកិច្ចការសន្តិសុខជាតិ។
ទោះជាយ៉ាងណាក៏ដោយបើតាមព័ត៌មានលើគេហទំព័ររបស់ប៉ូលិសអាំងទែរប៉ូល ប្រព័ន្ធបច្ចេកវិទ្យា I-24/7 អាចផ្តល់ឲ្យអាជ្ញាធរប៉ូលិសនៅលើពិភពលោកផ្លាស់ប្តូរព័ត៌មាននិងផ្តល់ទិន្ន័យឲ្យគ្នាទៅវិញទៅមកនៅពេលវេលាណាក៏បានជារៀងរាល់ថ្ងៃ ប្រកបដោយសុវត្ថិភាពនិងយ៉ាងរហ័សផង។
«ប្រព័ន្ធ I-24/7 គឺជាបណ្តាញដែលអាចឲ្យអ្នកស៊ើបអង្កេតអាចចូលមើលប្រភេទ ទិន្នន័យឧក្រិដ្ឋកម្ម របស់ប៉ូលិសអាំងទែរប៉ូល។ អ្នកប្រើប្រាស់ដែលមានភារកិច្ច អាចរាវរក និងបញ្ជាក់ទិន្នន័យតែក្នុងពេលប៉ុន្មានវិនាទី ដោយចូលឆែកផ្ទាល់ៗក្នុងប្រព័ន្ធ ទិន្នន័យជនសង្ស័យជាឧក្រិដ្ឋជន ឬ ជនត្រូវតាមចាប់ខ្លួន ឯកសារធ្វើដំណើរដែលត្រូវលួច និងបាត់បង់ រថយន្តដែលចោរលួច ក្រយ៉ៅដៃ ទិន្នន័យឌីអែនអេ ឯកសាររដ្ឋបាលដែលត្រូវលួចបាត់និងវត្ថុសិល្បៈដែលចោរលួចផងដែរ»។
ប្រទេសកម្ពុជាត្រូវគេដាក់បំពាក់ឧបករណ៍ទំនើបគឺប្រព័ន្ធបច្ចេកវិទ្យាផ្លាស់ប្តូរ ព័ត៌មានប៉ូលិសអាំងទែរប៉ូលនៅតាមច្រកទ្វារអន្តរជាតិ ព្រលានយន្តហោះ និងប្រើប្រាស់តាំងពីខែមិថុនាម្ល៉េះ ដែលមានឈ្មោះជនល្មើសខ្លះ ត្រូវរកឃើញថាបានឆ្លងកាត់កម្ពុជានិងវៀតណាមហើយនីតិវិធីតុលាការកំពុងដំណើរការរឿងនេះ៕