ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួន​ស៊ីក្លូ​ក្នុង​ក្រុង​ភ្នំពេញ​បាន​ធ្លាក់​ចុះ​ក៍​ប៉ុន្តែ​នឹង​មិន​រលាយ​បាត់​ទេ


អ្នក​ធាក់​ស៊ីក្លូ​ម្នាក់​នេះ​ កំពុង​ដឹក​ទំនិញ​នៅ​ទីក្រុង​ភ្នំពេញ​។​
អ្នក​ធាក់​ស៊ីក្លូ​ម្នាក់​នេះ​ កំពុង​ដឹក​ទំនិញ​នៅ​ទីក្រុង​ភ្នំពេញ​។​

ស៊ីក្លូមានទ្រង់​ទ្រាយ​ប្លែក​ពី​គេ​នៅ​តាម​ផ្លូវ​នៃ​ទី​ក្រុង​ភ្នំពេញ​អស់​រយៈ​ពេល​៧០ ​ឆ្នាំ​ហើយ​ ចាប់​តាំង​ពី​ពេល​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្រោម​អាណានិគម​បារាំង​មក​ម្លេះ។​ ក៍​ប៉ុន្តែ​ការ​ដឹក​ជញ្ជូន​ប្រភេទ​នេះ​ បាន​ចាប់​ផ្តើម​រលុប​បន្តិច​ម្តងៗ ។

លោក Robert Carmichael រាយការណ៍​រឿង​នេះ​ពី​រាជធានី​ភ្នំពេញ។​ ហើយ​លោក​ ជឹង ប៉ូជីន​ ប្រែ​សម្រួល​សេចក្តី​រាយការណ៍​នេះ​ជូន​ដូច​ត​ទៅ។

ទី​ក្រុង​ញូយ៉ក​មាន​រថយន្ត​តាក់ស៊ី​ព៌ណ​លឿង ។​ ទី​ក្រុង​ឡុងដ៍​មាន​រថយន្ត​ក្រុង​ព៌ណ​ក្រហម ។​ ក៍​ប៉ុន្តែ​ទី​ក្រុង​ភ្នំពេញ​មាន​ស៊ីក្លូ ។​ ត្រី​ចក្រយាន្តនេះ​មាន​អ្នក​ធាក់​ជិះ​លើ​កង់​ខ្ពស់​នៅ​ខាង​ក្រោយ​ហើយ​អ្នក ​ដំណើរ​ជិះ​ក្នុង​កៅអី​តែ​មួយ​ដែល​មាន​កង់​នៅ​សងខាង។​ ត្រី​ចក្រយាន្ត​នេះ​ជា​យាន​ស្រួល​អង្គុយ -- ទោះ​ជា​យឺត​ក៏​ដោយ -- សម្រាប់​ធ្វើ​ដំណើរ​ជុំវិញរាជធានី​របស់​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​ជិត​១​សតវត្សរ៍​មក​ហើយ ។

ក៍​ប៉ុន្តែ​ស្ថានការណ៍​នេះ​កំពុង​ផ្លាស់ប្តូរ ។​ មួយ​ទសវត្សរ៍​កន្លង​មក​នេះ​ ចំនួន​ស៊ីក្លូ​នៅ​តាម​ផ្លូវ​នានា​ក្នុង​រាជធានី​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ។​ លោក​ អ៊ីម សម្បត្តិ​ នាយក​សមាគម​អភិរក្ស​និង​អាជីព​ស៊ីក្លូ​ជា​អ្នក​មើល​ផល​ប្រយោជន៍​របស់​អ្នក​ធាក់​ស៊ីក្លូ ។

"ឥឡូវ​នេះ​ យើង​មាន​ស៊ីក្លូ​ប្រហែល​១​ពាន់​៣​រយ​គ្រឿង​ក្នុង​រាជ​ធានី​ភ្នំពេញ ។​ ក៍​ប៉ុន្តែ​តាម​ការ​សិក្សា​របស់​យើង​ក្នុង​ឆ្នាំ ​១៩៩៩​ យើង​មាន​ស៊ីក្លូ​ប្រហែល​ ៩ ​ពាន់​គ្រឿង" ។

លោក ​បាន​ប៉ាន់​ស្មាន​ថា​ ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ខាង​មុខ​ អាច​មាន​ស៊ីក្លូ​នៅ​សល់​ចំនួន​៥០០​ឬ​៦០០​គ្រឿង​ប៉ុណ្ណោះ ។​ លោក​ អ៊ីម សម្បត្តិ​ និយាយ​ថា​មាន​មូលហេតុ​មួយ​ចំនួន​ចំពោះ​ការ​ធ្លាក់​ចុះ​នូវ​ចំនួន​ស៊ីក្លូ​ ចាប់​តាំង​ពី​ការ​ផ្លាស់​ប្តូរ​ទំលាប់​នៃ​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ ទៅ​ដល់​ការ​កើន​ឡើង​នូវ Tuktuk ដែល​ជា​ឆៃកែវ​ប្រើ​ម៉ាស៊ីន ។

“Tuktuk មាន​ល្បឿន​លឿន​ជាង​ស៊ីក្លូ​ ហើយ​អាច​ដឹក​សម្ភារៈ ​ឬ​របស់​របរ​ផ្សេងៗ​ទៀត​របស់​គេ​ពី​ផ្សារ ​បាន​ស្រួល​ជាង​ស៊ីក្លូ" ។

អ្នក​ធាក់​ស៊ីក្លូ​បង់​ប្រាក់​ប្រហែល​ ២៥​សេន​អាមេរិកាំង​ក្នុង​មួយ​ខែ​ដើម្បី​ចូល​ក្នុង​សមាគម​ស៊ីក្លូ ។​ សមាជិក​ប្រមាណ​ជា​មួយ​រយ​នាក់​ មាន​កន្លែង​សម្រាប់​លាង​ស៊ីក្លូ​ បាន​ទទួល​ការ​អប់រំ​ពី​មេរោគ HIV និង​ជំងឺ AIDS ហើយ ​នឹង​អត្ថប្រយោជន៍​ខាង​សុខភាព​ផ្សេង​ទៀត ។

ក៍​ប៉ុន្តែ​ការណ៍​ដែល​មាន​សារៈសំខាន់​បំផុត​គឺ ពួក​គេ​មាន​សិទ្ធិ​អាច​ទៅ​ដឹក​ពួក​ទេសចរណ៍បរទេស​បាន។​ លោក​ អ៊ីម សម្បត្តិ​ និយាយ​ថា​ ពីព្រោះ​តែ​សេចក្តី​ត្រូវការ​ក្នុង​ស្រុក​ធ្លាក់​ចុះ​ ទេសចរណ៍​បរទេស​ជា​ផល​ប្រយោជន៍​ទៅ​អនាគត ។

សមាគម​បាន​ធ្វើ​ការ​ជា​មួយ​ទី​ភ្នាក់ងារ​ទេសចរណ៍​ ដើម្បី​រៀបចំ​ចាត់​ចែង​ការ​ធ្វើ​ដំណើរ​តាម​ស៊ីក្លូ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ ដែល​ក្នុង​នោះ​ពួក​អ្នក​ធាក់​ស៊ីក្លូ​ត្រូវធាក់​ដឹកអ្នក​ទេសចរណ៍​ទៅ​មើល​ កន្លែង​ផ្សេងៗ​ក្នុង​ទី​ក្រុង​មាន​ដី​រាប​ហើយ​នឹង​តូច​ចង្អៀត​នេះ។

លោក ​អ៊ំ សុខ​ អាយុ​៧៥​ឆ្នាំ ​ជា​អ្នក​ធាក់​ស៊ីក្លូ​ដ៍​ចំណាស់​ជាង​គេ​ម្នាក់​នៃ​សមាគម​នោះ ។​ គាត់​បាន​ធាក់​ស៊ីក្លូ​នៅ​តាម​ផ្លូវ​នានា​ក្នុង​ទី​ក្រុង​ភ្នំពេញ​ចាប់​តាំង ​ពី​គាត់​មាន​អាយុ​១៨​ឆ្នាំ​ម្លេះ ។

ដូច​ជា​អ្នក​ធាក់​ស៊ីក្លូ​ភាគ​ច្រើន​ដែរ​ លោក​ អ៊ុំ សុខ​ មក​ពី​តំបន់​ដាច់​ស្រយាល​នៃ​ប្រទេស​កម្ពុជា​ ដែល​មាន​ការងារ​ធ្វើ​បន្តិច​បន្តួច។​ ដូច​ជា​អ្នក​ធាក់​ស៊ីក្លូ​ផ្សេងៗ​ទៀត​ដែរ​ គាត់​ចត​ស៊ីក្លូ​នៅ​តាម​ចិញ្ចើម​ផ្លូវ​ជា​រៀង​រាល់​យប់​ក្នុង​ក្រុម​ជា​មួយ​ អ្នក​ធាក់​ស៊ីក្លូ​ផ្សេងៗ​ទៀត​ហើយ​ទទួលទាន​ដំណេក​ក្នុង​ស៊ីក្លូ ។

ការ​ដឹក​ពួក​អ្នក​ទេសចរណ៍​ផ្តល់​ការ​រស់​នៅ​សមរម្យ ។​ លោក​ អ៊ុំ សុខ​ រក​ប្រាក់​បាន​ ៨​ដុល្លារ​ ពី​សមាគម​អភិរក្ស​និង​អាជីព​ស៊ីក្លូ​ សម្រាប់​ការងារ​ក្នុង​១​ថ្ងៃ​ ដោយ​បូក​និង​ប្រាក់​ទឹក​តែ ។

ក៍​ប៉ុន្តែ​ប្រាក់​នេះ​មិន​អាច​យក​ទៅ​ធ្វើ​អ្នក​មាន​បាន​ទេ ។​ ក្នុង​ខណៈ​ពេល​ដែល​កំពុង​រង់​ចាំ​នៅ​ខាង​ក្រៅ​សារៈមន្ទីរ​ជាតិ​ ដើម្បី​រក​ពួក​អ្នក​ទេសចរណ៍​ គាត់​បាន​និយាយ​អំពី​ការ​ផ្លាស់ប្តូរ​ ក្នុង​រយៈ​ពេល​ពាក់​កណ្តាល​សតវត្សរ៍​របស់​គាត់​នៅ​ក្នុង​អាជិព​ធាក់​ស៊ីក្លូ ​ដឹក​មនុស្ស​ជុំ​វិញ​ទី​ក្រុង​ភ្នំពេញ​នេះ ។

"ប្រែប្រួលអញ្ចេះ​ កាល​មុន​ពី​ក្មេង​រក​បាន​ ហើយ​ដល់​មក​ឥឡូវ​ហ្នឹង​របស់​ថ្លៃ​ រក​ទប់​ដោះ​ដូរ​ដោះ​ដូរ​ហ្នឹង​ កម្លាំង​ចាស់​ គេ​មិន​សូវ​ជិះ​ទៀត" ។

ក៍​ប៉ុន្តែ​គាត់​ទទួល​ស្គាល់​ថា​ អាយុ​របស់​គាត់​អាច​បង្ហាញ​ពី​ប្រយោជន៍​ដែរ ។​ ក្នុង​វប្បធ៌ម​មួយ​ដែល​គោរព​មនុស្ស​ចាស់​ ប្រជាពលរដ្ឋ​ខ្មែរ​បាន​ឲ្យ​ប្រាក់​ទឹក​តែ​ច្រើន​ជាង​ពួក​អ្នក​ទេសចរណ៍ ។​ ក៍​ប៉ុន្តែ​ពួក​ទេសចរណ៍​អាច​ជា​មធ្យោបាយ​មួយ​ដល់​ការ​ចម្រើន​លូត​លាស់​ សម្រាប់​ពួក​អ្នក​ធាក់​ស៊ីក្លូ​ភាគ​ច្រើន ។

អ្នក​ស្រី Margie Edmonds ជា ​ជន​ជាតិ​អូស្រ្តាលី​ដែល​ទើប​តែ​ចំណាយ​ពេល​មួយ​ព្រឹក​ក្នុង​ផ្នែក​មួយ​នៃ​ ការ​ធ្វើ​ដំណើរ​តាម​ស៊ីក្លូ​ជា​មួយ​អ្នក​ទេសចរណ៍​ប្រហែល​២០​នាក់​ទៀត ។

"ខ្ញុំ​គិត​ថា ​វា​ជា​មធ្យោបាយ​ដ៍​គួរ​ឲ្យ​ចម្លែក​ក្នុង​ចិត្ត​បំផុត​ដែល​ធ្វើដំណើរ​តាម​ស៊ីក្លូ​នេះ ។​ ពួក​អ្នក​ធាក់​ស៊ីក្លូ​បាន​យល់​ពី​ចរាចរណ៍​ ហើយ​ពួក​គេ​មាន​ចិត្ត​សប្បុរស​ណាស់ ។​ នេះ​ជា​បទ​ពិសោធន៍​ដ៍​ល្អ​បំផុត​មួយ​នៃ​បទ​ពិសោធន៍​ដ៍​ល្អ​បំផុត​នានា​ដែល​ ខ្ញុំ​មាន​ក្នុង​ទ្វីប​អាស៊ី ។​ មាន​ការ​សប្បាយ​រីក​រាយ​ដ៍​អស្ចារ្យ ។​ ស៊ីក្លូ​មាន​សុវត្ថិភាព​ណាស់​ ហើយ​ស្រួល​ជិះ​ណាស់ "។

ត្រឡប់​ទៅ​កាន់​សមាគម​វិញ​ លោក​ អ៊ីម សម្បត្តិ​ និយាយ​ថា​ ចំនួន​ស៊ីក្លូ​បាន​ធ្លាក់​ចុះ​ក៍​ប៉ុន្តែ​នឹង​មិន​រលាយ​បាត់​ទេ ។ លោក ​មាន​សុទិដ្ឋិនិយម​ថា​ការ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ទេសចរណ៍​ ២​ លាន​នាក់​ដែល​មក​ទស្សនា​ប្រទេស​កម្ពុជា​ជា​រៀង​រាល់​ឆ្នាំ​ នឹង​អនុញ្ញាតិ​ឲ្យ​អ្នក​ធាក់​ស៊ីក្លូ​ទូទៅ អាច​រក​ប្រាក់​ចិញ្ចឹម​ក្រុមគ្រួសារ​របស់​ពួក​គេ​បាន​នៅ​តាម​ខេត្ត​នានា​នៃ​កម្ពុជា​ ៕

XS
SM
MD
LG