វ៉ាស៊ីនតោន៖ បន្ទាប់ពីខកខានក្នុងការបញ្ចុះបញ្ចូលឲ្យគណបក្សគ្រប់គ្រងប្រទេសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនកែសម្រួលសមាភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណបក្សជំទាស់បានអះអាងជាមុនថា នឹងធ្វើពហិការមិនចូលរួមក្នុងកិច្ចប្រជុំសភាដើម្បីពិភាក្សាអនុម័តលើសមាភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍ខាងមុខទេ។
សភាកម្ពុជាគ្រោងនឹងពិភាក្សាអនុម័តសំណើរបស់រដ្ឋាភិបាលដើម្បីបោះឆ្នោត គាំទ្រសមាជិកភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)ថ្មីដ៏ ចម្រូងចម្រាសនៅសប្តាហ៍នេះទេ ទោះបីតំណាងរាស្រ្តគណបក្សជំទាស់សំខាន់ៗ ពីរក្នុងប្រទេសកម្ពុជាគំរាមជាមុន ថានឹងធ្វើពហិការមិនចូលរួមកិច្ចប្រជុំសភា ដោយសារមិនទទួលស្គាល់សមាសភាពគ.ជ.ប.ថ្មីនិងរចនាសម្ព័ន្ធក្តី។
លោកជាម យៀប តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានអះអាងថា ការចូលឬមិនចូលរបស់គណបក្សជំទាស់គឺមិនមានបញ្ហារារាំងដល់ដំណើរការសភាក្នុងការពិភាក្សាអនុម័តគាំទ្រសមាសភាពគ.ជ.ប.ដែលរដ្ឋាភិបាលបានស្នើនោះទេ។
«ឥឡូវចេញហើយ។ គ្រប់គណបក្សនយោបាយនៅក្នុងរដ្ឋសភា គឺនៅថ្ងៃ ព្រហស្បតិ៍ ទី១១ខែតុលានេះ សម័យប្រជុំវិសាមញ្ញមានរបៀបវារៈតែមួយ ទេគឺបោះឆ្នោតជ្រើសតាំងសមាសភាពនៃគ.ជ.ប.ដែលស្នើសុំពីសម្តេចតេជោហ៊ុន សែនគឺថា សុំឲ្យរដ្ឋសភាកោះប្រជុំជាវិសាមញ្ញ»។លោកជាម យៀប
គណបក្សប្រជាជនកម្ពុជាមានអាសនៈ៩០លើ១២៣ក្នុងសភា ដូច្នេះមិនចាំបាច់ត្រូវការសំឡេងគាំទ្រពីគណបក្សដទៃទេក្នុងការតាក់តែងច្បាប់បោះឆ្នោត យល់ព្រមឬលុបចោលអ្វីៗដែលខ្លួនចង់បាន។
លោកជាម យៀបបានប្រៀបប្រដូចសមាសភាពគ.ជ.ប.បច្ចុប្បន្នទៅនឹងក្រុមបាល់ទាត់ ដែលលេងមិនចេះចាញ់ ហើយមិនគួរផ្លាស់ប្តូរ។ លោកថាគណបក្ស ជំទាស់បានទទួលយកលទ្ធផលបោះឆ្នោត ជាពិសេសការបោះឆ្នោតពីរលើកចុងក្រោយនេះគឺបោះឆ្នោតជ្រើសរើសព្រឹទ្ធសភានិងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំនេះ។
«អញ្ចឹងទេគឺថា រឿងអីមកពេលនេះត្រូវរៀបចំសមាសភាពហ្នឹងតទៅទៀត។ បើសិនជាគេមានកំហុស យើងប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ឬប្តឹងទៅតុលាការ យ៉ាងណាៗនោះ។ អាហ្នឹងតុលាការយល់យ៉ាងម៉េច ក្រុមប្រឹក្សាធម្មនុញ្ញយល់ឃើញយ៉ាងម៉េច នោះទើបអាច(ផ្លាស់ប្តូរបាន)។ បើសិនជាគេមិនខុស ឬក្រុមទាត់បាល់គេទាត់ឈ្នះ គេទាត់ល្អ គួរតែទុកក្រុមហ្នឹងទៅ»។
ប្រភពព័ត៌មាន ដែលគួរឲ្យទុកចិត្តបាន បានអះអាងថា សមាសភាពគ.ជ.ប.៩នាក់ ដែលបានដាក់មកដល់សភាក្រោយពីបានរៀបចំតាមរយៈក្រសួងមហាផ្ទៃ ហើយត្រូវអនុម័តដោយគណៈរដ្ឋមន្ត្រីថ្មីៗនេះ មានការដូរសមាជិកពីររូបដោយដាក់ជំនួសមកវិញនូវអតីតៈប្រធានតុលាការជើងចាស់ដែលចូលនិវត្តន៍ ហើយដែលជាសមាជិកគណបក្សប្រជាជនកម្ពុជាគឺលោកស៊ិន ឌឹម និងលោកស សុភរី ដែលជំនួសលោកស្រីកុយ វ៉េត និងលោកឃ្លោក បូឌី។ លោកអ៊ឹម សួស្តីនៅជាប្រធានដដែល ហើយសមាជិកផ្សេងទៀតគ្មានការផ្លាស់ប្តូរទេ។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៉ី និងជាសមាជិកសភា បានអះអាងថា គណបក្សលោកនិងគណបក្សសិទ្ធិមនុស្សមិនចូលរួមប្រជុំសភាប្រថាប់ត្រាឲ្យគ.ជ.ប.មួយដែលរៀបចំការបោះឆ្នោតលម្អៀងទៅរកគណបក្ស ប្រជាជនកម្ពុជា ហើយបង្ករបញ្ហាច្រើនដល់ប្រទេសនោះទេ។
«បើសិនជាថ្នាក់ដឹកនាំគ្រាន់តែត្រូវបានជ្រើសរើសតាមរបៀបទិញសន្លឹកឆ្នោត លួចសន្លឹកឆ្នោត បំភិតបំភ័យ គំរាមកំហែង បំបិទសេរីភាពក្នុងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ មេដឹកនាំដែលបានជ្រើសរើសនោះមិនអាចដោះស្រាយ បញ្ហាបានទេ។ អញ្ចឹងហើយបានជាពីមួយអាណត្តិទៅមួយអាណត្តិ បញ្ហានៅតែ ដដែលៗ»។
លោកថ្លែងយ៉ាងដូច្នេះគឺយោងទៅលើបញ្ហារំលោភសិទ្ធិមនុស្ស វប្បធម៌គ្មាន ទោសពៃរ៍ និងបញ្ហាសង្គមផ្សេងៗដែលកើតឡើងក្រោមការដឹកនាំប្រទេសដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
លោកយឹម សុវណ្ណអះអាងថា គណបក្សជំទាស់ស្នើទៅរដ្ឋាភិបាលរួចហើយតាមអនុសាសន៍របស់លោកសូរិយា ស៊ូបែឌី អ្នករាយការណ៍ពិសេសអ.ស.ប.ស្តីពីសិទ្ធិមនុស្សប្រចាំកម្ពុជាអំពីប្រព័ន្ធបោះឆ្នោតមួយដែលឯករាជ្យអាចទទួលយកបាន។ លោកសុវណ្ណសង្ខេបថា សមាសភាពគ.ជ.ប.ត្រូវតែមានឯករាជ្យពិតប្រាកដ ហើយត្រូវទទួលការយល់ព្រមពីគណបក្សនយោបាយក្នុងសភា មុនដាក់ សមាសភាពនេះទៅកាន់សភាពេញអង្គដើម្បីអនុម័ត។ រចនាសម្ព័ន្ធគ.ជ.ប.ក៏ដូចគ្នាដែរ។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីក្រសួងមហាផ្ទៃបានច្រានចោលលក្ខខណ្ឌគណបក្សជំទាស់ ហើយចាត់ទុកថា ការទទួលយកលក្ខខណ្ឌរបស់គណបក្សជំទាស់នឹងធ្វើឲ្យគាំងការបោះឆ្នោត ហើយប៉ះពាល់ដល់សន្តិសុខនិងស្ថិរភាពប្រទេស។ ការបដិសេធយ៉ាងដូច្នេះបានធ្វើឲ្យមន្ត្រីគណបក្សជំទាស់គឺ គណបក្សសម រង្ស៉ី និងគណបក្សសិទ្ធិមនុស្សដែលបានជួបប្រជុំជាមួយមន្ត្រីក្រសួងមហាផ្ទៃកាលពីខែកញ្ញានោះ គំរាមធ្វើពិហិការមិនចូលរួមការបោះឆ្នោតផងដែរ ភ្លាមៗបន្ទាប់នោះ។
លោកគល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតមួយ ឈ្មោះ ខុមហ្វ្រែល បានអះអាងថា ការជ្រើសរើសសមាសភាពគ.ជ.ប.ជាអាប៊ិតឬអាជ្ញា កណ្តាលគួរធ្វើដោយបើកចំហ មិនគួរធ្វើស្ងាត់ៗនោះទេ ដើម្បីឲ្យមានការស្រុះ ស្រួលគ្នារវាងអ្នកចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឬក៏ផ្តល់សិទ្ធិតវ៉ាពីការ ផ្លាស់ប្តូរជាមុនដើម្បីជៀសវាងបញ្ហាក្រោយការបោះឆ្នោត។
«អញ្ចឹងខ្ញុំគិតថា សំខាន់ឲ្យមានការចូលរួមទៅ។ គួរចូលរួមពិនិត្យមើលឲ្យមាន តម្លាភាពក្នុងការជ្រើសរើសសមាសភាពគ.ជ.ប.។ ហើយបើថា មានបញ្ហាអីបានន័យថា ទាំងអស់គ្នាបានយល់ព្រម ហើយថា ឥឡូវសមាសភាពប៉ុណ្ណឹង អីប៉ុណ្ណឹង ត្រូវរៀបចំការបោះឆ្នោតអញ្ចឹង។ ហើយបើមានការអីមិនទទួលស្គាល់លទ្ធផលឬក៏បដិសេធលទ្ធផលការបោះឆ្នោត ឬក៏មានបញ្ហាអី ពេលប្រកាសលទ្ធផល អាហ្នឹង អ្នកដែលលើកអញ្ចឹង វាខូចកិត្តិយសខ្លួនឯងទេ»។
ទាំងលោកគល់ បញ្ញានិងមន្ត្រីរៀបចំការបោះឆ្នោតខ្លះបានកោតសរសើរប្រទេស ថៃដែលបានធ្វើការជ្រើសរើសសមាសភាពដោយតម្លាភាព មុនការបោះឆ្នោតម្តងៗ ក្រៅពីការរៀបចំគណៈកម្មាការអព្យាក្រិត្យឥតលម្អៀងមួយសម្រាប់ដោះស្រាយវិវាទ ក្រោយពេលបោះឆ្នោត។
ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតនៅថ្ងៃ២៨ កក្កដាឆ្នាំ២០១៣។ គណបក្ស សង្គ្រោះជាតិដែលកើតចេញពីគណបក្សជំទាស់ពីរគឺគណបក្សសម រង្ស៊ីរបស់ លោកសម រង្ស៉ី និងគណបក្សសិទ្ធិមនុស្សរបស់លោកកឹម សុខា គ្រោងនឹង ប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលកាន់កាប់អំណាចជាង៣០ឆ្នាំ៕