ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី​ការពារ​បញ្ជាក់​ថា​នួន ជា​មិន​ចូលរួម​សវនាការ​ពេល​រសៀល​ទេ


អតីត​មេដឹកនាំ​កំពូល​ខ្មែរក្រហម ​នួន ​ជា ​
អតីត​មេដឹកនាំ​កំពូល​ខ្មែរក្រហម ​នួន ​ជា ​

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​របស់​សាលាក្ដី​ខ្មែរក្រហម​ បាន​សម្រេច​ធ្វើ​ការ​កែសម្រួល​កាលវិភាគ​នៃ​ការ​ចូល​ខ្លួន​ផ្ដល់​សក្ខីកម្ម​របស់ ​ឌុច ​ភ្លាម​ៗ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បន្ទាប់​ពី​មាន​ការ​ព្រមាន​ពី​ការ​រំលោភ​សិទ្ធិ​កូនក្ដី​របស់​ខ្លួន ​ពី​សហ​មេធាវី​អន្ដរជាតិ​ការពារក្តី​របស់ ​នួន​ ជា។

អតីត​ប្រធាន​គុក​ទួលស្លែង​ត្រូវ​តុលាការ​គ្រោង​កោះហៅ​ឲ្យ​ចូល​ធ្វើ​ជា​សាក្សី​នៅ​រសៀល​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​ក្រោយ​នេះ​សម្រាប់​សំណុំរឿង​ ០០២។

ក៏ប៉ុន្ដែ​នៅ​ក្នុង​សវនាការ​នៅ​ថ្ងៃ​នេះ ​លោក ​ម៉ាយឃើល​ ផេសម៉េន (Michiel Pestman) សហ​មេធាវី​របស់​អតីត​ប្រធាន​សភា​ខ្មែរ​ក្រហម​បាន​អះអាង​ថា ​ប្រសិន​បើ​ ឌុច ​ចូល​ផ្ដល់​សក្ខីកម្ម​នៅ​ពេល​រសៀល​នោះ​គឺ​ជា​ពេល​ដែល​កូនក្ដី​របស់​ខ្លួន​ត្រូវ​បោះបង់​សិទ្ធិ​ក្នុង​ការ​ចូលរួម​សវនាការ​ដោយ​ផ្ទាល់​ដោយសារ​បញ្ហា​សុខភាព។ ​ដូច្នេះ​តុលាការ​ត្រូវ​តែ​ប្ដូរ​កាល​វិភាគ​កោះហៅ ​ឌុច​នេះ​ដោយ​លោក​ចាត់​ទុក​ថា​ ឌុច​ គឺ​ជា​សាក្សី​យ៉ាង​សំខាន់​មួយ​រូប។

«នួន ​ជា ​មាន​សិទ្ធិ​បង្ហាញ​វត្តមាន​ក្នុង​បន្ទប់​សវនាការ​នៅ​ពេល​ដែល ​ឌុច ​ត្រូវ​ចោទសួរ។ ​ហើយ​សិទ្ធិ​ក្នុង​ការ​តទល់​នឹង​សាក្សី ​ក្នុង​ការ​ប្រឈម​ នឹង​ការ​ផ្ដល់​សក្ខីកម្ម​នេះ​ នឹង​ត្រូវ​រំលោភ​ប្រសិន​បើ​លោក​ប្រធាន​អង្គជំនុំជម្រះ​សម្រេច​ស្តាប់​ការ​ផ្ដល់​សក្ខីកម្ម​របស់ ​ឌុច ​នៅ​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​ក្រោយ​ក្នុង​ពេល​ដែល​កូនក្ដី​របស់​យើង​ខ្ញុំ​មិនមាន​លទ្ធភាព​ចូលរួម​សវនាការ​ឬ​មិន​អាច​ចូលរួម​នីតិវិធី​តុលាការ​ដោយ​សកម្ម​នោះ។ ​ដើម្បី​តម្រូវ​បំណង​ នួន ​ជា ​ដែល​ចង់​មាន​វត្តមាន​ក្នុង​បន្ទប់​សវនាការ​នោះ​ គឺ​ធ្វើ​ការ​ផ្លាស់ប្តូរ​កាល​វិភាគ ​ហើយ​ស្ដាប់​សក្ខីកម្ម​ ឌុច ​នៅ​ពេល​ព្រឹកវិញ ​ដែល​ជា​ទូទៅ​កូនក្ដី​របស់​ខ្ញុំ​អាច​ចូលរួម​យ៉ាង​សកម្ម»។

លោក​ចៅក្រម ​និល ​ណុន ​ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​បាន​ប្រកាស​ភ្លាម​ៗ​ ក្រោយ​ពី​ការ​សម្រាក​រយៈពេល ​២០ ​នាទី​នៅ​រសៀល​ថ្ងៃ​នេះ​ថា​តុលាការ​បាន​សម្រេច​ប្ដូរ​កាលវិភាគ​ក្នុង​ការ​ស្ដាប់​សក្ខីកម្ម​របស់ ​ឌុច ​បន្ទាប់​ពី​មាន​ការ​ពិភាក្សា​គ្នា​ច្បាស់លាស់​រួច​មក។

«នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ​សួរ​ជន​ជាប់ចោទ ​នួន ​ជា។ ​នៅ​រសៀល​អង្គជំនុំជម្រះ ​នឹង​មិន​ធ្វើ​សវនាការ​ទេ។​ ថ្ងៃ​អង្គារ​ ស្តាប់​សក្ខីកម្ម​សាក្សី ​ឌុច ​ពេញ​មួយ​ថ្ងៃ​ទាំង​ព្រឹក ​ទាំង​ល្ងាច។ ​ព្រឹក​ថ្ងៃ​ពុធ ​សួរ​ជន​ជាប់ចោទ​ នួន ​ជា។​ នៅ​រសៀល​មិន​ធ្វើ​សវនាការ​ទេ។ ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ​ស្តាប់​សក្ខីកម្ម​របស់​សាក្សី ​កាំង ​ហ្កេក ​អ៊ាវ​ ហៅ ​ឌុច ​ពេញ​មួយ​ថ្ងៃ ​ទាំង​ព្រឹក​ ទាំង​ល្ងាច»។

សហ​ព្រះរាជ​អាជ្ញារង​សញ្ជាតិ​អាមេរិកាំង ​លោក Dale Lysak ​បកស្រាយ​នៅ​មុន​ការ​សម្រេច​របស់​លោក​ចៅក្រម ​និល ​ណុន ​ថា ​ឌុច ​គឺ​ជា​សាក្សី​សក្ដានុពល​ដែល​នឹង​ត្រូវ​ផ្ដល់​ព័ត៌មាន​ទាក់ទង​នឹង​ប្រវតិ្ត​នៃ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​របស់​ពួក​ខ្មែរក្រហម។​ ព័ត៌មាន​នៃ​អំណាច​របស់​អង្គការ​នីមួយៗ​ ក្នុង​សម័យ​នោះ ​និង​ព័ត៌មាន​ស្ដីពី​ទំនាក់​ទំនង​នៃ​ការ​បញ្ជូន​របាយការណ៍​ជា​ដើម។

ក៏ប៉ុន្ដែ​លោក ​ម៉ាយឃើល ​ផេសម៉េន ​និយាយ​ថា ​ឌុច ​យល់ដឹង​តិចតួច​ពី​ការ​ជម្លៀស​ប្រជាជន​ចេញ​ពី​ទីក្រុង​ភ្នំពេញ។ ​ការ​ជម្លៀស​ប្រជាជន​ដោយ​បង្ខំ​ជា​ប្រធានបទ​នៃ​ការ​កាត់ទោស​អតីត​មេដឹកនាំ​កំពូល​ខ្មែរក្រហម ​នួន ​ជា ​ខៀវ ​សំផន ​និង​អៀង ​សារី​ ក្នុង​ជំហាន​ដំបូង​នេះ។

សូម​បញ្ជាក់​ថា ​សវនាការ​នៃ​អង្គជំនុំ​ជម្រះ​សាលា​ដំបូង​នៅ​ថ្ងៃ​នេះ​ បាន​ផ្ដោត​ទៅ​លើ​ការ​ដេញដោល​និង​ការពារ​លើ​ឯកសារ​ជា​បន្តទៀត។ ​ក្រុម​មេធាវី​ការពារ​ជន​ជាប់ចោទ​នៅ​ប្រកាន់​ជំហរ​ឲ្យ​អង្គជំនុំ​ជម្រះ​សាលា​ដំបូង ​ដក​ចេញ​នូវ​ឯកសារ​មួយ​ចំនួន​ដែល​ខ្លួន​ជឿ​ថា ​មិន​គួរ​ជឿទុក​ចិត្ត​បាន​ និង​មិន​ស្ថិត​ក្នុង​បរិបទ​នៃ​ការ​កាត់ទោស​ដំណាក់កាល​ដំបូង​នេះ។ ​ក៏ប៉ុន្ដែ​ក្រុម​សហ​ព្រះរាជ​អាជ្ញារង​បាន​ការពារ​ឯកសារ​របស់​ខ្លួន។ ​

នៅ​រសៀល​នេះ​ សហ​មេធាវី​អន្ដរជាតិ​របស់​អៀង ​សារី ​លោក​ ម៉ាយឃើល​ ខាណាវ៉ាស ​(Michael Karnavas) បាន​ទទូច​ឲ្យ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​អញ្ជើញ​អ្នក​ជំនាញ​អាមេរិកាំង​ លោក ​បេន ​ខេណិន ​ឲ្យ​ផ្ដល់​សក្ខីកម្ម​ដោយ​ផ្ទាល់ ​ប៉ុន្ដែ​លោក ​បេន​ ខេណិន ​បាន​បញ្ជាក់​ប្រាប់​តុលាការ​រួច​ជា​ស្រេច​ហើយ​ថា​ លោក​មិន​អាច​មក​ចូលរួម​ផ្ដល់​សក្ខីកម្ម​ដោយ​ផ្ទាល់​បាន​ទេ​នៅ​ក្នុង​ឆ្នាំ ​២០១២​នេះ​ ដោយសារ​តែ​លោក​ជាប់​រវល់​កិច្ចការ​ច្រើន។

​ក្រុម​មេធាវី​ការពារក្ដី​បាន​ជំទាស់​ទៅ​នឹង​ការផ្ដល់​សក្ខីកម្ម​របស់​លោក​តាម​ការ​ភ្ជាប់​វីដេអូ​ពី​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG