នួន ជា បងធំទី២នៃរបបខ្មែរក្រហមនៅថ្ងៃពុធនេះបានបដិសេធការទទួលខុសត្រូវនៅមន្ទីរស-២១ ឬគុកទួលស្លែងដែលអ្នកទោសយ៉ាងតិច១២.៣៨០នាក់ ត្រូវបានធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរមុននឹងសម្លាប់ចោល។
នៅក្នុងការផ្តល់សក្ខីកម្មក្នុងសំណុំរឿង០០២ កាំង ហ្គិចអ៊ាវ ហៅឌុច អតីតប្រធានមន្ទីរ ស-២១ នេះបានអះអាងថា នួន ជា ជាអ្នកទទួលខុសត្រូវលើមន្ទីរ ស-២១ បន្ទាប់ពីសុន សេន។ ហើយនួន ជាបានដាក់បញ្ជាឲ្យចាប់ខ្លួនយកមកដាក់គុក និងសម្លាប់ចោលជនណាដែលត្រូវចាត់ទុកថាជាខ្មាំងរបស់អង្គការ។ មួយវិញទៀត ឌុច បានលើកឡើងថា អតីតប្រធានសភាខ្មែរក្រហម ដែលមានអំណាចលំដាប់ទីពីរនៃរបបកម្ពុជាប្រជាធិបតេយ្យ បានបញ្ជាឲ្យខ្លួនសម្លាប់អ្នកទោសឲ្យអស់ក្នុងគុកទួលស្លែង មុននឹងការចូលមកដល់ក្រុងភ្នំពេញនៃកងទ័ពវៀតណាមនៅថ្ងៃទី៧ ខែមករា ឆ្នាំ ១៩៧៩។
នៅក្នុងសេចក្ដីថ្លែងការណ៍នៅពេលចាប់ផ្ដើមសវនាការដោយអង្គជំណុំជម្រះសាលាក្តីខ្មែរក្រហមនៅព្រឹកនេះ នួន ជា បានហៅការផ្តល់សក្ខីកម្មនោះថាជាការចោទប្រកាន់ដោយបំផ្លើស។
«ខ្ញុំសូមប្រកាសជូនបងប្អូនប្រជាជនរួមខ្មែរទាំងអស់ថា ខ្ញុំមិនដែលមានពេលណាមួយនោះទទួលខុសត្រូវលើមន្ទីរស-២១ នោះទេ។ អ្វីដែលឌុចនិយាយចោទប្រកាន់មកលើរូបខ្ញុំគឺជាការភូតបំផ្លើសការពិត និងអយុត្តិធម៌មកលើរូបខ្ញុំតែប៉ុណ្ណោះ»។
នួន ជា អាយុ៨៥ឆ្នាំ អះអាងថា ឌុច បានកែច្នៃចំណាររបស់ប៉ុល ពត បងធំទី១ មេស្ថាបនិករបបខ្មែរក្រហមឲ្យទៅជាចំណាររបស់គាត់។ ជាមួយគ្នានោះនួន ជា ក៏បានស្នើសុំឲ្យអង្គជំនុំជម្រះសាលាដំបូងច្រានចោលសក្ខីកម្មរបស់ឌុច និងទាមទារឲ្យឌុច បង្ហាញចំណាររបស់គាត់នៅចំពោះមុខតុលាការ។
«ខ្ញុំមិនដែលបញ្ជា ឬទទួលឯកសារស្អីពីឌុចនោះទេ។ ហើយខ្ញុំក៏មិនដែលជាមេរបស់ ឌុច នោះដែរ។ ឌុច ជាមនុស្សពូកែខាងវោហាដ៏មានបទពិសោធន៍ណាស់តាមរយៈសវនាការកន្លងមក»។
នួន ជា គឺជាជនជាប់ចោទម្នាក់ក្នុងចំណោមជនជាប់ចោទចំនួនបួននាក់ដែលជាមេដឹកនាំកំពូលខ្មែរក្រហមក្នុងសំណុំរឿង០០២។ ក្នុងនោះមានខៀវ សំផន អតីតប្រមុខរដ្ឋ អៀង សារី អតីតឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីការបរទេសខ្មែរក្រហម និងប្រពន្ធរបស់គាត់ អៀង ធីរិទ្ធ អតីតរដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច។ ប៉ុន្ដែអៀង ធីរិទ្ធ ត្រូវតុលាការរកឃើញថា បានបាត់បង់ការចងចាំនិងមានបញ្ហាស្មារតីហើយបានដាក់ឲ្យស្ថិតក្រោមការតាមដានរបស់វេជ្ជបណ្ឌិតសិន។
ជនជាប់ចោទទាំងនេះត្រូវនាំខ្លួនយកមកកាត់ទោសទាក់ទងនឹងការសម្លាប់ និងការបង្កឲ្យស្លាប់ប្រជាពលរដ្ឋខ្មែរយ៉ាងតិច១,៧លាននាក់ក្នុងពេលដែលពួកគេក្តាប់អំណាចក្នុងដៃចន្លោះពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ១៩៧៩៕