ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហ​មេធាវី​របស់​នួន​ជា ​ព្យាយាម​សាកសួរ​សាក្សី​ចម្រូងចម្រាស​ក្នុង​សវនាការ


លោក​នួន ជា មេដឹកនាំ​កំពូល​ម្នាក់ក្នុង​របប​ខ្មែរក្រហម
លោក​នួន ជា មេដឹកនាំ​កំពូល​ម្នាក់ក្នុង​របប​ខ្មែរក្រហម

ក្រុម​ចៅក្រម​និង​ព្រះរាជ​អាជ្ញា​ក្នុង​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​បាន​រារាំង​មិន​ឲ្យ​សហ​មេធាវី​អន្ដរជាតិ​នៃ​ជន​ជាប់ចោទ​នួន​ ជា​ ធ្វើ​ការ​ចោទសួរ​ដេញដោល​លើ​សាក្សី​សក្ដានុពល​មួយ​រូប​ពាក់ព័ន្ធ​នឹង​ជន​ជាប់​សង្ស័យ​ចំនួន​ពីរ​នាក់​ក្នុង​សំណុំរឿង​០០៤។ ​សំណុំរឿង​នេះ​ដែល​កំពុង​ស្ថិត​ក្នុង​ភាព​ចម្រូងចម្រាស​យ៉ាង​រីករាលដាល​រវាង​ភាគី​កម្ពុជា​និង​ភាគី​អង្គការ​សហប្រជាជាតិ។

សហ​មេធាវី​របស់​ នួន ​ជា ​លោក​ ម៉ាយឃើល ​ផេសម៉េន​ (Michael Pestman) ​បាន​ព្យាយាម​ជជីក​សួរ​លើ​សាក្សី​ គឺ​អ្នកស្រី ​ប្រាក់​ យុត ​ពី​តួនាទី​របស់​តា អាន ​និង​អ៊ឹម ​ចែម ​ដែល​ជា​ជនជាប់​សង្ស័យ​ក្នុង​សំណុំរឿង​បន្ថែម​ទៀត​ដែល​សាលាក្ដី​ខ្មែរក្រហម​មិន​ទាន់​បញ្ចេញ​ឈ្មោះ​ជា​ផ្លូវការ​នៅ​ឡើយ។ ការ​ដេញ​តាម​សួរ​នេះ​ ដែល​លោក Pestman ចាត់​ទុក​ថា​ទាក់ទង​ទៅ​នឹង​សំណុំរឿង​០០២​ ដែល​កូន​ក្ដី​របស់​ខ្លួន​ស្ថិត​នៅ​ក្នុង​នោះដែរ​ ប៉ុន្ដែ​លោក​ចៅក្រម​ និល ​ណុន ​ប្រធាន​អង្គ​ជំនុំជម្រះ​សាលាដំបូង​ និង​លោក​ស្រី ស៊ីលវៀ ​ខាតរ៉ាយ ​(Silvia Cartwright )​ បាន​ជំទាស់​ថា ​សំណួរ​របស់​លោក​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កាត់ទោស​សំណុំរឿង​០០២​ទេ។

«លោក​មេធាវី​យើង​បាន​ប្រាប់​ហើយ​ សំណុំ​រឿង​០០៣ ​និង​០០៤​ គឺ​ជា​រឿង​មួយ​ដោយ​ឡែក​ គេ​បាន​និង​រៀបចំ​ដាច់​ដោយ​ឡែក​ហ្នឹង​សំណុំរឿង​០០២។ អង្គ​ជំនុំជម្រះ​កំហិត​ការ​សួរ​ដេញ​ដោលត្រឹមតែ​វិសាលភាព​ពាក់ព័ន្ធ​ជាមួយ​នឹង​អង្គហេតុ​ដែល​ត្រូវ​ធ្វើ​សវនាការ​ក្នុង​សំណុំរឿង​០០២»។

យ៉ាងណា​ក៏ដោយ​លោក​ ម៉ាយឃើល​ ផេសម៉េន​ បាន​អះអាង​ថា​ លោក​ចង់​បង្ហាញ​ពី​ការ​ជ្រៀតជ្រែក​របស់​រដ្ឋាភិបាល​ក្នុង​សំណុំរឿង​០០២ ​ក្នុង​ការ​តាំង​សំណួរ​លើ​សាក្សី​រូប​នេះ​ ប៉ុន្ដែ​លោកស្រី​ចៅក្រម​ ស៊ីលវៀ ​ខាតរ៉ាយ ​បាន​ឆ្លើយ​តប​ថា ​លោក ​ផេសម៉េន​ មាន​នាទី​ត្រឹមតែ​តំណាង​និង​ការពារ​ជនជាប់​ចោទ​នួន ជា​ តែ​ប៉ុណ្ណោះ​ ហើយ​បង្គាប់​ឲ្យ​រូប​លោក​បន្ដ​សំណួរ​ទាក់ទង​នឹង​កូនក្ដី​របស់​ខ្លួន​តទៅ​ទៀត។

អ្នក​ស្រី​ប្រាក់​ យុត​ អាយុ​៦៧​ឆ្នាំ ​គឺ​ជា​អតីត​សមាជិក​សភា​ខ្មែរ​ក្រហម ​និង​ជា​អតីត​សមាជិក​ភូមិភាគ​និរតី។ គាត់​បាន​បញ្ជាក់​ក្នុង​ការ​ផ្ដល់​សក្ខីកម្ម​នៅ​ថ្ងៃ​នេះ​ថា ​គាត់​ធ្លាប់​បាន​ធ្វើការ​ជាមួយ ​តា អាន ​ប៉ុន្ដែ​មិន​បាន​ពន្លេច​ព័ត៌មាន​អ្វី​ទាក់ទង​នឹង​ជន​ជាប់​សង្ស័យ​រូប​នោះ​ឡើយ។

ក្រុម​សហ​មេធាវី​បរទេស​របស់​អតីត​ប្រធាន​សភា​ខ្មែរក្រហម​ បាន​ព្យាយាម​ជា​ច្រើន​លើក​ច្រើនសារ​ក្នុង​ពេល​កន្លង​មក​ដើម្បី​បង្ហាញ​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​ការ​ជ្រៀតជ្រែក​លើ​សាលាក្ដី​ខ្មែរក្រហម​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​យុត្តិធម៌​កូនក្ដី​របស់​ខ្លួន។

អង្គ​ជំនុំជម្រះ​សាលា​ដំបូង​របស់​សាលាក្ដី​ខ្មែរក្រហម​កំពុង​បន្ដ​កាត់ក្ដី​ជនជាប់​ចោទ​បី​នាក់​ក្នុង​សំណុំរឿង​ទី​ពីរ ​រួម​មាន​ នួន ​ជា ​ខៀវ ​សំផន ​អតីត​ប្រមុខ​រដ្ឋ​ខ្មែរក្រហម ​និង​អៀង​ សារី​ អតីត​រដ្ឋមន្ដ្រី​ ការបរទេស ​ក្រោម​ការ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​រង្គាល​ និង​ការ​ស្លាប់​របស់​ប្រជាពលរដ្ឋ​កម្ពុជា​យ៉ាងតិច​១,៧​លាន​នាក់​ ក្នុង​អំឡុង​ពេល​ដែល​ពួកគេ​កាន់កាប់​អំណាច​ពី​ឆ្នាំ​១៩៧៥ ​ដល់​ឆ្នាំ​ ១៩៧៩។

នួន​ ជា​ នៅ​ថ្ងៃនេះ​ដែរ​ បាន​រៀបរាប់​ឡើងវិញ​ពី​គោលការណ៍​បង្កើត​សហករណ៍​ហូប​បាយ​រួម​ថា​ គឺ​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​កម្លាំង​ពលកម្ម​សម្រាប់​ចម្អិន​អាហារ​នៅ​តាម​គ្រួសារ​និមួយៗ​ ហើយ​កម្លាំង​ពលកម្ម​ទាំងនោះ​គឺ​ត្រូវ​ប្រមូល​ផ្ដុំ​លើ​ការ​ធ្វើ​កសិកម្ម។ នួន​ ជា ​ក៏​បាន​ឆ្លើយ​ទៅនឹង​សំណួរ​របស់​សហ​ព្រះរាជ​អាជ្ញារង​ លោក ដេល​ លីហ្ស៊ាក់ ​ដែរ​ថា ​ការ​បង្កើត​របប​ហូបរួម​គឺ​ធ្វើ​តាម​ការ​ចង់​បាន​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​ភាគច្រើន។

ម្យ៉ាង​វិញ​ទៀត​ នួន ​ជា ​បញ្ជាក់​ថា ​ពួក​ខ្មែរក្រហម​បាន​អនុម័ត​ផែនការ​ជម្លៀស​ប្រជា​ពលរដ្ឋ​ចេញ​ពី​ទីក្រុង​និង​ពី​ទីប្រជុំជន​មុន​ខ្លួន​ឡើង​កាន់​អំណាច​ដោយ​ខ្លាច​ការ​វាយ​បក​របស់​សហរដ្ឋ​អាមេរិក​ដែល​ បាន​គាំទ្រ​របប​លោក​សេនា​ប្រមុខ​លន់ ​ណុល​ និង​ដោយ​ភ័យ​ខ្លាច​នឹង​កងទ័ព​វៀតណាម​ដែល​ពួក​ខ្មែរក្រហម​ជឿ​ថា ​បាន​ចូល​បង្កប់​ក្នុង​ក្រុង​ភ្នំពេញ​រួច​ទៅ​ហើយ៕

XS
SM
MD
LG