ជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ២០០៥ គឺនៅថ្ងៃអាទិត្យសប្តាហ៍ទីមួយនៃខែមេសាប្រជាពលរដ្ឋខ្មែរ-អាមេរិកាំងតែងតែបានទស្សនាក្បួនដង្ហែរសិល្បៈវប្បធម៌របស់ខ្មែរនៅតាមដងមហាវិថីឈ្មោះថា Anahiem ដែលគេសន្មត់ថាជាក្រុងខ្មែរនៅសហរដ្ឋអាមេរិក។ ដោយឡែកឆ្នាំនេះ ក្បួនដង្ហែរត្រូវបានផ្អាកលើកទៅឆ្នាំក្រោយ ហើយជំនួសមកវិញដោយបុណ្យវប្បធម៌ខ្មែរដែលបានធ្វើឡើង នៅសួនឧទ្យានMacArthur ក្នុងទីក្រុងឡុងប៊ិច។
ប្រជាពលរដ្ឋជាច្រើនឆ្ងល់ពីមូលហេតុដែលធ្វើឱ្យក្បួនដង្ហែរត្រូវបានលើកទៅឆ្នាំក្រោយនិងមានខ្លះបានសម្តែងការខកចិត្តលាយឡំនិងការសោកស្តាយ។
លោក ម៉េង ស្ទីវ (Steve Meng) ជាប្រធាន សភាសង្គមខ្មែរទទួលបន្ទុកខាងរៀបចំក្បួនដង្ហែរប្រចាំឆ្នាំ បានបំភ្លឺថា៖
«ចំពោះខ្ញុំ Parade មានសារៈសំខាន់ណាស់ចំពោះខ្មែរយើង។ ខ្ញុំមានការអន់ចិត្តនិងសោកស្តាយដោយសារសង្គមយើងទាំងមូលមានប្រជាជនខ្មែរច្រើនជាងគេបង្អស់លើពិភពលោកបន្ទាប់ពីប្រទេសកម្ពុជា ដល់ពេលអត់មាន Parade អញ្ចឹងធ្វើឱ្យប្រជាជនខ្មែរយើងមានការអន់ចិត្ត។ គាត់សួរថាហេតុអ្វី? ចម្លើយខ្ញុំឆ្លើយគឺមានតែមួយគត់គឺរឿងថវិកា។ បងប្អូនយើងគាត់ចង់ជួយទៅតាមសណ្តានចិត្តរបស់គាត់មួយរៀលពីររៀលតែនៅតែមានការខ្វះខាត»។
មានប្រជាពលរដ្ឋមិនតិចជាង ១ម៉ឺននាក់ទេមកទស្សនា ក្បួនដង្ហែរនៅតាមដងផ្លូវ Anahiem រាល់ឆ្នាំហើយការចំណាយទៅលើក្បួនដង្ហែរនេះក៏អស់ទឹកប្រាក់យ៉ាងហោចណាស់ ៣ទៅ៤ម៉ឺន ដុល្លារ។
លោក Steve Meng បញ្ជាក់បន្ថែមថាកត្តាសំខាន់គឺអ្នកឧបត្ថម្ភកម្មវិធីមានការថមថយចុះ៖
«បញ្ហាសំខាន់គឺអត់មាន sponsor (អ្នកឧបត្ថម្ភកម្មវិធី)។ ជំនួយលុយចូលមកក៏មានតិចតួច យើងមានតែ១ម៉ឺនពីរម៉ឺនក៏ធ្វើទៅពិបាកដែរ ម្យ៉ាងទៀតលុះត្រាតែសង្គមខ្មែរយើងចូលរួមសាមគ្គីគ្នាបានទៅរួចបើថាយើងមានតែពីរបីនាក់ហើយមានអ្នកខ្លះចាំតែឱបដៃនៅនិយាយពីក្រោយ ថាធ្វើអញ្ចេះ ធ្វើអញ្ចុះ មិនមកជួយក៏មិនអាចទៅបានល្អដែរ»។
ប្រជាពលរដ្ឋនៅទីក្រុងឡុងប៊ិចម្នាក់គឺលោកស្រីធារីក៏បានប្រាប់ឱ្យដឹងពីអារម្មណ៍របស់គាត់នៅពេលដែលដឹងថាមិនមានក្បួនដង្ហែប្រចាំឆ្នាំថា៖
«តាមធម្មតាខ្មែរយើងទើបមាន Parade ប៉ុន្មានឆ្នាំនេះមើលទៅដូចជាមានភាពអ៊ូអររីករាយច្រើនដល់ពេលអត់មានអញ្ចឹងទៅដូចជាមានអារម្មណ៍ស្រងាកចិត្តដែរ។ ធ្លាប់តែឃើញអ៊ូអរដូចសាសន៍ដទៃ ដល់ពេលបាត់ទៅវិញ ធ្វើឱ្យយើងមានការខកចិត្ត។ បើសិនថ្ងៃក្រោយបានសុំគេ Parade បានទៅកាន់តែល្អ»។
ជំនួសមកវិញ មានប្រជាពលរដ្ឋនៅទីក្រុងឡុងប៊ិចជាង ១.០០០នាក់ នៅតែអាចមកជួបជុំគ្នាទស្សនាពិធីបុណ្យវប្បធម៌ដែលរៀបចំឡើងដោយអង្គការក្រុងខ្មែរ កាលពីថ្ងៃទី១ខែមេសាកន្លងទៅនេះ។ នៅក្នុងបុណ្យវប្បធម៌នេះមានការសម្តែងសិល្បៈជាច្រើនបែប ដូចជារបាំបុរាណខ្មែរ របាំប្រជាប្រិយ៍ ភ្លេងបុរាណខ្មែរ ចម្រៀងសម័យ ក្បាច់គុណល្បុកត្តោខ្មែរ ការទាត់សី ម្ហូបអាហារខ្មែរ ដែលមានដូចជា នំបញ្ចុក នំគ្រក់ រួមទាំងការប្រគេនចង្ហាន់ដល់ព្រះសង្ឃផងដែរ។
លោកសំណាង ជាប្រជាពលរដ្ឋម្នាក់ទៀតរស់នៅទីក្រុងឡុងប៊ិចបានប្រាប់ឱ្យដឹងពីអារម្មណ៍របស់គាត់ពេលដែលមកចូលរួមបុណ្យវប្បធម៌នេះថា៖
«បើតាមខ្ញុំគិតទៅក៏មិនមានបញ្ហាអ្វីដែរព្រោះខ្មែរយើងពីដើមឡើងក៏មិនដែលមាន Parade អ្វីដែរ នៅស្រុកខ្មែរក្តី។ បើសិនអត់មានក៏មិនមានបញ្ហាអ្វីដែរឱ្យតែបានមកជួបជុំគ្នាឃើញមុខគ្នាហើយយើងឃើញសិល្បៈអ្វីទាំងអស់ហ្នឹងគឺយើងសប្បាយចិត្តណាស់ទៅហើយ»។
លោក សាន រិចឈើ (Richer San) ជាអនុប្រធានអង្គការក្រុងខ្មែរ បានប្រាប់ឱ្យដឹងពីគោលបំណងនៃបុណ្យវប្បធម៌ខ្មែរនេះថា៖
«យើងចង់ឱ្យកូនខ្មែរកើតនៅទីនេះដឹងពីវប្បធម៌ អរិយធម៌សិល្បៈខ្មែរយើងវាយ៉ាងម៉េច។ ទីពីរ ពេលយើងធ្វើបុណ្យម្តងៗ សាសន៍យើងក៏មកសាសន៍គេក៏មក តែគេមក គេទិញអីអី នេះធ្វើឱ្យមានសកម្មភាពក្នុងសេដ្ឋកិច្ច។ ហើយដោយសារយើងគ្មានParade ឆ្នាំនេះដោយសារគ្មានថវិកា ខាងអង្គការក្រុងខ្មែរក៏រួបរួមគ្នាជាមួយចៅសង្កាត់ទី៦ធ្វើបុណ្យនេះឡើងដើម្បីឱ្យក្រុងខ្មែររបស់យើងមានសកម្មភាព»។
លោក Meng Steve ក៏មានការព្រួយបារម្មណ៍ពីផលប៉ះពាល់នៃការគ្មាន ក្បួនដង្ហែរ ផងដែរថានឹងអាចប៉ះពាល់ដល់មុខជំនួញជួញដូររបស់ប្រជាពលរដ្ឋនៅក្រុងខ្មែរ៖
«ការធ្វើParade គឺមានបងប្អូនខ្មែរយើងមកពីទីក្រុងផ្សេងៗនិងរដ្ឋផ្សេងៗ ច្រើនហើយ Long Beach យើងគឺមានរបស់ខ្មែរច្រើនណាស់ ជាពិសេស ម្ហូបអាហារ សម្លៀកបំពាក់ កាសែត CD DVD។ ពេលគាត់មក គាត់ទិញរបស់ទាំងនេះយកទៅស្រុកគាត់វិញ។ ដូច្នេះ អត់Parade business នឹងអាចអន់ថយ»។
លោក សានរិចឈើ ក៏ជាអ្នកជួយរៀបចំ ក្បួនដង្ហែរដែរហើយលោកបង្ហាញក្តីសង្ឃឹមថា ឆ្នាំក្រោយ នឹងធ្វើយ៉ាងណាឱ្យមាន ក្បួនដង្ហែរឡើងវិញ។ លោកបានមានប្រសាសន៍ថា៖
«ឥឡូវយើងសង្ឃឹមទាំងអស់គ្នា ថានឹងយក Parade យើងមកវិញ។ ប៉ុន្តែខំក៏យើងកំពុងបារម្មណ៍ដែរពីរឿងលុយ។ បងប្អូនខ្មែរយើងជាពិសេសអាជីវករ គាត់ចង់បាន Parade ណាស់ ក៏ប៉ុន្តែ យើងអត់មានថវិកា។ យើងមិនសប្បាយចិត្តប៉ុន្តែយើងត្រូវទទួលស្គាល់ការណ៍ពិត»។
គួរបញ្ជាក់ផងដែរថា សភាសង្គមខ្មែរនឹងប្រារព្ធធ្វើពិធីបុណ្យចូលឆ្នាំមួយទៀតនៅថ្ងៃទី ២១ខែមេសា ខាងមុខនេះ នៅឧទ្យានជាតិ El Dorado ទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា៕