នៅថៃ្ងពុធនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានព្រមានដល់គណបក្សនយោបាយប្រកួតប្រជែងដណ្តើមអាសនៈព្រឹទ្ធសភា កុំបង្ខិតបង្ខំអ្នកបោះឆ្នោតឲ្យបោះឆ្នោតឲ្យគណបក្សរបស់ខ្លួន។
ការព្រមាននេះបានធើ្វឡើង បន្ទាប់ពីមានការចោទប្រកាន់គ្នាទៅវិញទៅមករវាងគណបក្សសម រង្ស៊ី និងគណបក្សប្រជាជនកម្ពុជាអំពីការប្រព្រឹត្តខុសច្បាប់ និងបទបញ្ជានីតិវិធីបោះឆ្នោត។
ការឃោសនាបោះឆ្នោតព្រឹទ្ធសភាចាប់ផើ្តមពីថៃ្ងទី៧ ដល់ថៃ្ងទី២៧ ហើយការបោះឆ្នោតនឹងត្រូវធ្វើឡើងនៅថៃ្ងទី២៩ ខែមករា ដែលមានតែគណបក្សប្រជាជនកម្ពុជា និងគណបក្សសម រង្ស៊ីចូលរួមប្រកួតប្រជែងដណ្តើមយកអាសនៈព្រឹទ្ធសភាចំនួន៥៧។
នៅក្នុងពេលយុទ្ធនាការ ច្បាប់បានហាមមិនឲ្យគណបក្សនយោបាយបង្ខំឲ្យអ្នកបោះឆ្នោតស្បថបោះឆ្នោតឲ្យគណបក្សនយោបាយណាមួយ ហាមប្រើទីតាំងការិយាល័យរបស់រដ្ឋធ្វើការឃោសនា ហាមប្រើមធ្យោបាយរបស់រដ្ឋ និងហាមជនបរទេសនៅកម្ពុជាមិនឲ្យធើ្វសកម្មភាពឃោសនាគាំទ្រគណបក្សនយោបាយណាមួយទេ។
លោកឯម សូផាត សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានថែ្លងប្រាប់សន្និសីទកាសែតថា៖
«ច្បាប់ និងបទបញ្ជានីតិវិធីបានហាមមិនឲ្យមានការស្បថស្បែ ឬ បង្ខំឲ្យស្បថទេ។ បើគណបក្សណាមួយធើ្វរំលោភបម្រាមនេះ វាជាអំពើខុសច្បាប់ និងខុសបទបញ្ជានីតិវិធី»។
មាត្រា១២៤ថ្មីនៃច្បាប់បោះឆ្នោតព្រឹទ្ធសភាបានចែងថា ជនណានិងគណបក្សនយោបាយណាបានធើ្វការគាបសង្កត់ ឬ គំរាមកំហែង ឬបង្ខំធើ្វសម្បថឲ្យគេបោះឆ្នោតឲ្យគណបក្សនយោបាយរបស់ខ្លួន ឬគណបក្សនយោបាយណាមួយដែលខ្លួនចូលចិត្ត ជននោះ ឬគណបក្សានយោបាយនោះនឹងត្រូវគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត លុបបេក្ខភាពរបស់សាម៉ីខ្លួន ឬលុបបេក្ខភាពឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយ ឬនឹងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី៥លានរៀលទៅ២៥លានរៀល ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផេ្សងទៀត។
លោកហូ វ៉ាន់ តំណាងរាស្រ្តគណបក្សសម រង្ស៊ី បានថែ្លងថា ការស្បថរបស់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់គណបក្សសម រង្ស៊ីបោះឆ្នោតឲ្យគណបក្សដោយស្ម័គ្រចិត្តនេះមិនមែនជាការខុសច្បាប់ទេ។
«ក្រុមប្រឹក្សាគាត់ស្ម័គ្រចិត្ត ប្តេជ្ញាចិត្តនៅចំពោះពុទ្ធរូប ឬវត្ថុសក្តិសិទិ្ធថា គាត់បោះឆ្នោតឲ្យគណបក្សសម រង្ស៊ី»។
លោកហង្ស ពុទ្ធា នាយកប្រតិបតិ្តនៃគណៈកម្មាធិការអព្យាក្រឹត្យ និងមិនលំអៀងសម្រាប់ការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា បានបញ្ជាក់ថា៖
«ការលើកឡើងរបស់គ.ជ.ប.ការពារភាពសេរីត្រឹមត្រូវ និងយុត្តិធម៌នៃការបោះឆ្នោត។ ការបោះឆ្នោតគ្មានការបង្ខិតបង្ខំគឺពិតជាត្រឹមត្រូវ។ បើគ.ជ.ប.ចែងចំណុចហ្នឹងហើយ ការស្បថស្បែហ្នឹងពិតជាការខុសច្បាប់ហើយ។ ប៉ុន្តែបើសិនជាការស្បថស្បែនោះមាននៅក្នុងលក្ខន្តិកៈ ឬក៏គោលការណ៍ផ្ទៃក្នុងរបស់គណបក្សមួយ។ ខ្ញុំគិតថា វាជារឿងមិនខុសច្បាប់ទេ»។
គណបក្សប្រជាជនកម្ពុជា និងគណបក្សសម រង្ស៊ីបានតែងតាំងបេក្ខជនពេញសិទិ្ធ៥៧រូប និងបេក្ខជនបម្រុង៥៧រូប សម្រាប់គណបក្សនីមួយៗ ដើម្បីអាសនៈព្រឹទ្ធសភាចំនួន៦១រួមមាន២រូបតែងតាំងដោយព្រះមហាក្សត្រ និង២រូបទៀត តែងតាំងដោយរដ្ឋសភា៕