ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ.ជ.ប.​ដិសេធ​សំណើ​គណបក្ស​ជំទាស់​អំពី​កំណែ​ទម្រង់​បោះឆ្នោត​


គ.ជ.ប.​កាលពី​ថ្ងៃពុធ ​គ.ជ.ប.​បាន​ស្នើ​ឲ្យ​គណបក្ស​សម រង្ស៉ី​និង​គណបក្ស​សិទ្ធិ​មនុស្ស​បញ្ជូន​អនុសាសន៍​និង​ចំណុច​ខ្វះខាត​មក​ដល់​គ.ជ.ប. ​មុនថ្ងៃ​២៤​ មករា​ដែរ។​
គ.ជ.ប.​កាលពី​ថ្ងៃពុធ ​គ.ជ.ប.​បាន​ស្នើ​ឲ្យ​គណបក្ស​សម រង្ស៉ី​និង​គណបក្ស​សិទ្ធិ​មនុស្ស​បញ្ជូន​អនុសាសន៍​និង​ចំណុច​ខ្វះខាត​មក​ដល់​គ.ជ.ប. ​មុនថ្ងៃ​២៤​ មករា​ដែរ។​
វ៉ាស៊ីនតោន៖ គណៈ​កម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​បដិសេធ​សំណើ​សុំជួប​របស់​គណបក្ស​ជំទាស់​ទាក់ទង​នឹង​យន្ត​ការ​នៃ​ការ​បោះឆ្នោត។​ លោក​សុខ ខេមរា​នៃ​វីអូអេ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​រាយ​ការណ៍​ថា​ ក្រុម​គណបក្ស​ជំទាស់​ប៉ុនប៉ង​ធ្វើឲ្យ​យន្តការបោះឆ្នោត​ឆ្នាំ​២០១៣​មាន​លក្ខណៈ​សេរី​ និង​យុត្តិធម៌​ អាច​ទទួល​យកបាន​ពី​គ្រប់ភាគី។​
គណបក្ស​ជំទាស់​ធំៗ​ពីរ​គឺ​គណបក្ស​សម រង្ស៉ី ​និង​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ស្នើ​សុំ​ជួប​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប.)ដើម្បី​ផ្តល់​យោបល់​នៅ​ថ្ងៃ​២១​មករា ​ដោយ​ឃើញ​ថា​ យន្តការនិង​នីតិវិធី​បោះឆ្នោត​មិន​អាច​ផ្តល់​ភាព​សេរី ​យុត្តិធម៌​ ក្នុង​ពេល​បោះឆ្នោត។​ តែគ.ជ.ប.​បាន​ច្រាន​ចោល​សំណើ​របស់​គណបក្ស​ជំទាស់​ទាំង​ពីរ​ចំពោះ​សេចក្តីព្រាង​បទ​បញ្ជា​និង​នីតិវិធី​បោះឆ្នោត​ខាង​មុខ​ ហើយ​ស្នើ​ឲ្យ​សរសេរ​លិខិត​ជា​លាយ​លក្ខអក្សរ​ជា​ជំនួស​វិញ។​

លោក​ទេព នីថា​ អគ្គលេខា​ធិការ​គ.ជ.ប.​ បាន​អះអាង​ថា​ ដោយសារ​ពេល​វេលា​មាន​កម្រិត​ គ.ជ.ប.​បាន​បញ្ជូន​លិខិត​ជា​ផ្លូវការ​ទៅកាន់​គណបក្ស​នយោបាយ​ អង្គការ​សង្គម​ស៊ីវិល​រួចហើយ​ ដោយ​ទុក​រយៈ​ពេល​មួយ​ខែ​ដើម្បី​ឲ្យ​មាន​ការ​ផ្តល់​អនុសាសន៍​តាម​រយៈ​ការ​សរសេរ​លិខិត​មក​គ.ជ.ប.​មុន​ថ្ងៃ​២៤​មករា​ គឺ​មុន​ពេល​មាន​ជំនួប​រួមគ្នា។​

«គឺ​មិន​ជួប​ម្តង​មួយៗ​ទេ​ គឺ​ជួប​ទាំង​អស់​គ្នា។ ​ហើយ​យើង​ជជែក​គ្នា​នៅលើ​អនុសាសន៍​ហ្នឹងទៅ ទើប​បាន​យើង​រៀបចំ​ឯកសារ​ផ្តល់​ឲ្យ​គ.ជ.ប.​ធ្វើការ​សម្រេច​ចិត្ត​ដើម្បី​បញ្ចូល​ក្នុង​នីតិវិធី​សម្រាប់​ការ​បោះឆ្នោត»។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ.ជ.ប.​កាលពី​ថ្ងៃពុធ ​គ.ជ.ប.​បាន​ស្នើ​ឲ្យ​គណបក្ស​សម រង្ស៉ី​និង​គណបក្ស​សិទ្ធិ​មនុស្ស​បញ្ជូន​អនុសាសន៍​និង​ចំណុច​ខ្វះខាត​មក​ដល់​គ.ជ.ប. ​មុនថ្ងៃ​២៤​ មករា​ដែរ។​

មន្ត្រី​គណបក្ស​ជំទាស់​បាន​អះអាង​ថា ​ការ​ជួប​ទល់មុខ ​សួរ​ដេញ​ដោល​ ហើយ​បក​ស្រាយ​បំភ្លឺ​ភ្លាមៗ​ជាការ​ធ្វើឲ្យ​មាន​ការ​ពិភាក្សា​បាន​ស៊ីជម្រៅហើយ​យោគយល់​គ្នា​ច្រើន​លើ​បញ្ហា​ស្មុគស្មាញ​នានា។​ មន្ត្រី​គណបក្ស​ជំទាស់ថ្លែង​យ៉ាង​ដូច្នេះ​ ដោយ​យោង​ថា​ ការ​បោះឆ្នោត​ថ្ងៃទី​២៨​ កក្កដា​ឆ្នាំ​២០១៣​ត្រូវមាន​យន្តការអព្យាក្រិត្យ​ គ្មាន​ការ​ប្រើប្រាស់​ទ្រព្យ​សម្បត្តិ​ ធនធាន​របស់​រដ្ឋ​ រួមមាន​ធនធាន​មនុស្ស ​មន្ត្រី​រាជការ ​ប៉ូលិស ​ទាហាន ​កង​កម្លាំង​ប្រដាប់​អាវុធ​ ដែលច្បាប់​ហាមឃាត់​ ដើម្បីបម្រើ​គណបក្ស ​ហើយ​ត្រូវ​មាន​សមធម៌​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ ប្រភព​ថវិការបស់ មន្ត្រី​ និង​គណបក្ស​ក្នុង​ពេល​ឃោសនា​ សមាសភាព​មន្ត្រី​គណបក្ស​នយោបាយ​ក្នុង​ស្ថាប័ន​គ.ជ.ប.​ថ្នាក់ជាតិ​ និង​ថ្នាក់​មូលដ្ឋាន​ យន្តការដោះស្រាយ​ពាក្យ​បណ្តឹង ​ហើយនឹង​ការ​ធ្វើឲ្យ​មាន​តម្លាភាព​រឿង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ជាដើម។

នៅក្នុង​លិខិត​ជា​ផ្លូវការ​ចុះហត្ថលេខា​ដោយ​មេ​ដឹកនាំ​គណបក្ស​ទាំងពីរ​គឺ​លោក​គង់ គាំ​ និង​លោក​កឹម សុខា​ ហើយ​ដែល​ផ្ញើរ​ទៅ​កាន់​លោក​អ៊ឹម សួស្តី​ ប្រធាន​គ.ជ.ប.​ កាលពី​ថ្ងៃទី​១៥ខែ​មករា​នោះ​ គណបក្ស​ជំទាស់​ទាំងពីរ​គឺ​គណបក្ស​សម រង្ស៉ី​ និង​គណបក្ស​សិទ្ធិមនុស្ស​ ដែល​បាន​លើក​ឡើង​ថា ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី៥​មានការ​ខ្វះខាត​ច្រើន​ដែល​តម្រូវ​ឲ្យ​គណបក្ស​ជំទាស់​ទាំងពីរ​ផ្តល់​យោបល់​ដល់​គ.ជ.ប.​ មុនពេល​គ.ជ.ប.​រៀបចំ​បទបញ្ជា​និង​នីតិវិធី​សម្រាប់​ការ​បោះឆ្នោត។ ​

ការ​បដិសេធ របស់​គ.ជ.ប.​មិនព្រមជួប​ជាមួយ​ក្រុម​ជំទាស់នេះ​បាន​ធ្វើឲ្យ​មាន​ការ​មិន​ពេញចិត្ត​ពី​មេដឹកនាំ​គណបក្ស​ជំទាស់​ដែល​ចង់បាន​ការកែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត​ ដែល​អាច​នាំ​ឲ្យ​កម្ពុជា​មាន​របប​ប្រជា​ធិបតេយ្យ​ពិត​ប្រាកដ​នោះ។​

លោក​កឹម សុខា ​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ បាន​អះអាង​ថា ​ការ​ពន្យល់​ផ្ទាល់​មាត់​ទៅ​លើ​សំណួរ​នឹង​ចម្លើយ​ដែល​មាន​ការ​ដេញដោល​គ្នា​ជា​រឿង​ល្អ ​ហើយ​នឹង​មាន​ការ​យល់ដឹង​ច្បាស់លាស់​ ប្រសិន​បើមាន​គំនិត​ខ្វែង​គ្នា។​

«រឿង​ហ្នឹង​ហើយ​ជា​គោល​បំណង​ធំ​របស់​យើង​ ព្រោះយើង​ចង់​បាន​ឲ្យមាន​ ការ​សម្រប​សម្រួល​គ្នា​ដើម្បីឲ្យ​មាន​ការ​បោះឆ្នោត​សេរី ​ត្រឹមត្រូវ ​យុត្តិធម៌។​ ដល់ពេល​បោះឆ្នោត​ហើយ​កុំឲ្យ​ថា​ យើង​ប្រឆាំង ​យើង​តវ៉ា ​ថា​យើង ​មិន​ទទួល​ស្គាល់​អី។ ​អាហ្នឹង​យើង​ចង់​ការពារ​មុន។ ​អញ្ចឹង​ហើយ​បាន​យើង​ទៅ​សម្រប​សម្រួល​គ្នា​មុន​ឲ្យ​ហើយ»។​

លោក​កឹម សុខា ​ដែលសម្តែង​ពីការ​មិនពេញចិត្ត​នឹង​ការ​បដិសេធរបស់​គ.ជ.ប.​ បាន​អះអាង​ថា​ កន្លងមក​ការ​សរសេរ​សំណើ​ជា​លាយ​លក្ខណ៍​អក្សរ​មិន​ដែល​ទទួល​បានលទ្ធផល​ជោគជ័យ​ទេ ​ដោយ​លោក​អះអាង​ថា​ ​គ.ជ.ប.​តែងតែ​ទុក​ចោល ​ហើយ​បើ​ឆ្លើយតបវិញ​ គ.ជ.ប.​គឺមិន​ពន្យល់​ច្បាស់លាស់​ទេ។​

ចំណែក​លោក​កួយ ប៊ុនរឿន​ អ្នក​តំណាងរាស្ត្រ​មណ្ឌល​តាកែវ​ ដែល​ជាអ្នក​ ជំនាញ​ខាង​ការ​បោះឆ្នោត​នៃ​គណបក្ស​សម រង្ស៉ី​ បាន​អះអាង​ថា​ ការ​ចង់​ជួប ដាច់​ដោយ​ឡែក​នេះ​គឺចង់​បង្ហាញ​បទ​ពិសោធន៍​និង​ផលវិបាក​ដែល​គណបក្ស​លោក​ឆ្លងកាត់ ​ព្រោះ​គ.ជ.ប. ​មិន​ដែល​បាន​ទទួល​យក​អនុសាសន៍​ ដែល​ធ្វើជា​លាយ​លក្ខណ៍​អក្សរ​ទេ។​

«បើ​គ.ជ.ប.​មានសុឆន្ទៈ​ក្នុង​ការ​ចង់រុញ​ដំណើរការ​បោះឆ្នោត​ឲ្យ​បាន​ល្អ​តាម​ អនុសាសន៍​របស់​សហគមន៍​អន្តរជាតិ​ក្តី​ ប្រទេស​ផ្តល់​ជំនួយក្តី​ ​គ.ជ.ប.​គួរតែ​ បើក​វេទិកាឲ្យ​គណបក្ស​នយោបាយ​ ឲ្យ​សង្គម​ស៊ីវិល​ហ្នឹង​ទៅ​បង្ហាញ​ ទៅ​ពន្យល់​អំពី​អនុសាសន៍​ ដែល​គណបក្ស​និង​សង្គម​ស៊ីវិល​ចង់កែ​លម្អ​នៅ​ក្នុង​នីតិវិធី​និង​បទ​បញ្ជា​ក្នុងការ​បោះឆ្នោត​ហ្នឹង​ ព្រោះ​បទ​បញ្ជា​និង​នីតិវិធី​ដែល​គេ​ធ្វើ​សេចក្តីព្រាង​ឲ្យ​មក​ហ្នឹង​គឺ​គ្មាន​អី​កែប្រែ​ទេ​ គឺ​នៅតែ​ដដែល។ ​បើការ​រៀបចំ​នៅ​ដដែល​របៀប​ហ្នឹង​គឺលទ្ធផល​នៃ​ការ​បោះឆ្នោត​នឹង​នៅតែ​ដដែល ​គ្មាន​ការ​អ្វី​ប្រែប្រួល​ទេ»។​

គណបក្ស​ជំទាស់​ទាំង​ពីរ​ ដែលរួមគ្នាបង្កើត​ជាគណបក្ស​ថ្មី​មួយ​ដាក់​ឈ្មោះ​ថា​ គណបក្ស​សង្គ្រោះជាតិ ហើយដែល​លោក​សម រង្ស៉ី​ជា​ប្រធាន​នោះ បាន​ប្រកាស​ថា​ នឹងរួមគ្នា​ប្រជែង​យក​ជ័យជំនះ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ដែល​កាន់​កាប់​អំណាច​ជាង​៣០​ឆាំ្ន៕​
XS
SM
MD
LG