ភ្នំពេញ
អ្នកកាន់ព្រះរាជមរណៈទុក្ខចំពោះអតីតព្រះមហាវីរក្សត្រនរោត្តមសីហនុ ដែលបានយាងចូលទិវង្គតកាលពីពេលថ្មីៗនេះ និយាយថា ពួកគេចង់ឃើញការបន្តស្នាព្រះហស្ថរបស់ព្រះអង្គមួយ គឺការធ្វើសមាជជាតិ ដែលអនុញ្ញាតឲ្យប្រជាជនលើកឡើងជាសាធារណៈនូវបញ្ហានិងទុក្ខកង្វល់ផ្សេងៗរបស់ពួកគេដើម្បីឲ្យអាជ្ញាធរដោះស្រាយ។
ខណៈដែលព្រះបរមសពរបស់អតីតព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ ដែលបានសោយទិវង្គតកាលពីពេលថ្មីៗនេះ កំពុងកម្តល់នៅក្នុងព្រះបរមរាជវាំងនោះ ប្រជានុរាស្ត្រជាច្រើនដែលកំពុងកាន់ទុក្ខ នៅតែចងចាំកេរតំណែលដ៏ល្បីល្បាញមួយរបស់ព្រះអង្គគឺការធ្វើសមាជជាតិ។
អ្នកស្រី ប៊ុន រាវីគឺជាគ្រូពេទ្យឆ្មបម្នាក់នៅក្នុងទីក្រុងភ្នំពេញ។
អ្នកស្រីរំឭកឡើងវិញថា សមាជជាតិនោះអនុញ្ញាតឲ្យប្រជាជនលើកឡើងនូវបញ្ហានិងទុក្ខកង្វល់នានាជាសាធារណៈ ដើម្បីឲ្យអាជ្ញាធរជួយដោះស្រាយ។
អ្នកស្រីរំឭកឡើងវិញថា សមាជជាតិនោះអនុញ្ញាតឲ្យប្រជាជនលើកឡើងនូវបញ្ហានិងទុក្ខកង្វល់នានាជាសាធារណៈ ដើម្បីឲ្យអាជ្ញាធរជួយដោះស្រាយ។
«វាជាចំណុចដែលល្អបំផុត ហើយគ្មានអ្វីដែលជាអាថ៌កំបាំង។ កន្លែងត្រង់ហ្នឹង ឃើញថា ហ៊ាននិយាយ ហ៊ានថា ហ៊ានធ្វើ ហ៊ានកសាងតែម្តង។ ឃើញការគ្រប់គ្រងកន្លែងហ្នឹងដែលអ្នកដឹកនាំជំនាន់ក្រោយៗទៀតគួរតែចាប់អារម្មណ៍ដែរ»។
អតីតព្រះមហាក្សត្រនរោត្តម សីហនុទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជានុរាស្ត្ររបស់ព្រះអង្គ ចំពោះការអនុញ្ញាតឲ្យពួកគេសម្តែងការកើតទុក្ខមិនសុខចិត្តនានាជាសាធារណៈ ហើយឲ្យមន្ត្រីរដ្ឋាភិបាលពាក់ព័ន្ធ ឆ្លើយតប និងដោះស្រាយនៅក្នុងសមាជជាតិ ដែលគេរៀបចំឡើងរៀងរាល់៦ខែម្តង ដោយមានព្រះអង្គគង់ជាព្រះប្រធានផ្ទាល់។
លោក ប៉ូច គ្រី ធ្លាប់បានចូលរួមនៅក្នុងអង្គសមាជជាតិនោះដែរ នៅពេលដែលលោកនៅធ្វើការងារនៅក្នុងរោងចក្រមួយរបស់រដ្ឋក្នុងរបបសង្គមរាស្រ្តនិយមនាអំឡុងទសវត្ស១៩៦០។
មន្ត្រីចូលនិវត្តន៍វ័យ៧៤ឆ្នាំរូបនេះនិយាយថា វាជាការប្រសើរមែនទែន ប្រសិនបើមានវេទិការសាធារណៈបែបនេះទៀតនោះ។
«សមាជជាតិហ្នឹងគឺល្អមែនទែនតែម្តង។ បើមានសមាជជាតិកាលណា ហើយអ្នកដឹកនាំដោះស្រាយគឺថា មហាល្អ ព្រោះដោះស្រាយអញ្ចឹងទៅគឺថា ប្រជារាស្ត្រស្ងប់ចិត្តហើយ។ ខុសក្តី ត្រូវក្តីគឺប្រជារាស្ត្រអស់ចិត្តថា អញបានគេដោះស្រាយឲ្យមែន គេបកស្រាយឲ្យមែន ថា អញខុសរឿងអញ្ចេះ អញត្រូវរឿងអញ្ចេះ»។
រដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣បានកំណត់ឲ្យមានវេទិការសាធារណៈបែបនេះ ដោយចែងថា សមាជជាតិត្រូវធ្វើឡើងមួយឆ្នាំម្តង តាមការកោះអញ្ជើញពីនាយករដ្ឋមន្ត្រី ដើម្បីអនុញ្ញាតឲ្យប្រជាពលរដ្ឋលើកឡើងនូវបញ្ហានិងសំណូមពរនានា ដើម្បីឲ្យអាជ្ញាធររដ្ឋដោះស្រាយ។
ប៉ុន្តែសមាជជាតិនេះមិនដែលកើតឡើងទេនៅក្រោមការគ្រប់គ្រងនៃរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។
ផ្ទុយទៅវិញ រដ្ឋធម្មនុញ្ញត្រូវបានកែប្រែជាច្រើនលើក ដោយចុងក្រោយបានចែងថា ក្នុងករណីចាំបាច់ រដ្ឋ
សភានិងព្រឹទ្ធសភាអាចប្រជុំរួមគ្នាជាសមាជ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ។
លោកផៃ ស៊ីផានគឺជាអ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រីបច្ចុប្បន្ន។
«សមាជជាតិហ្នឹងមិនមែនជាសេចក្តីត្រូវការទេ។ ហេតុអ្វី? ព្រោះយើងមិនធ្វើសន្និបាតបក្សដែលមានបក្សតែមួយដូចសង្គមរាស្ត្រនិយមទេ គឺយើងមានបក្សច្រើន ដែលជាពហុបក្សហ្នឹង។ សន្និបាតបក្សនីមួយៗ គេធ្វើអ្វីទៅតាមគោលនយោបាយបក្សនីមួយៗ ក្នុងការប្រកួតប្រជែងឲ្យប្រជាពលរដ្ឋគេបោះឆ្នោតឲ្យ។ ហើយយើងឃើញថា កាលរបបមុនហ្នឹង យើងឃើញព្រះមហាក្សត្រ លោកឈរជាតុលាការ ជាចៅក្រមក្នុងការវិនិច្ឆ័យ។ ដូច្នេះ យើងឃើញថា មហាក្សត្របច្ចុប្បន្ន លោកមិនមែនជាចៅក្រមទេ។ លោកគ្រាន់តែជាប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម»។
យ៉ាងណាក៏ដោយ អ្នកស្ងើចសរសើររបបសង្គមរាស្ត្រនិយមដែលដឹកនាំដោយអតីតព្រះមហាក្សវីរត្រនរោត្តមសីហនុ និយាយថា ការមានសមាជជាតិនឹងជួយរំឭកដល់មេដឹកនាំប្រទេស ឲ្យចាំថា ការងាររបស់ពួកគេគឺបម្រើប្រជាពលរដ្ឋ។
លោក នន់ លុចគឺជាអ្នកគាំទ្រម្នាក់ចំពោះស្នាព្រះហស្ថនេះរបស់អតីតព្រះមហាវីរក្សត្រនរោត្តមសីហនុ។
«វាប្រៀបដូចជាការដាស់តឿនកុំឲ្យយើងភ្លេចខ្លួន កុំឲ្យអ្នកនយោបាយភ្លេចខ្លួន»។
លោកបន្ថែមថា ឥឡូវ វាល្មមដល់ពេល ដែលប្រជាជនកម្ពុជាមកពីគ្រប់ភាគីនិងស្រទាប់វណ្ណៈ រួមគ្នាបម្រើផលប្រយោជន៍ជាតិទាំងមូលហើយ ដោយការបន្តកេរតំណែលពីអតីតព្រះមហាវីរក្សត្រ នរោត្តមសីហនុនោះ៕