ក្រុមអ្នកជំនាញជាតិ និងអន្តរជាតិ កាលពីថ្ងៃអង្គារ៍ បានព្រមានសាជាថ្មីម្តងទៀតពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីគម្រោងសាងសង់ទំនប់វារីអគ្គីសនី នៅតាមបណ្តោយទន្លេមេគង្គ និងតាមបណ្តោយដៃទន្លេនេះ ដោយបញ្ជាក់ថា កម្ពុជានឹងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ។
ប្រទេសចិនមានគម្រោងសាងសង់ទំនប់វារីអគ្គិសនីជាងហាសិបនៅទន្លេមេគង្គ និងដៃរបស់វា។ នៅក្នុងនោះទំនប់វារីអគ្គិសនីចំនួនបួនកំពុងតែដំណើរការ។ ជាមួយគ្នានេះ មានគម្រោងសាសង់ទំនប់វារីអគ្គិសនីចំនួន១២ទៀតនៅលើខ្សែទឹកនៃទន្លេមេគង្គក្រោម។ ក្នុងនោះទំនប់ចំនួនពីរ ស្ថិតក្នុងប្រទេសឡាវ និងចំនួនពីរទៀត ស្ថិតក្នុងប្រទេសកម្ពុជា ដែលវិនិយោគដោយប្រទេសចិន។
ក្រុមអ្នកជំនាញបានទទួលស្គាល់នៅក្នុងកិច្ចពិភាក្សាតុមូលនៅក្នុងទីក្រុងភ្នំពេញ ដែលរៀបចំដោយវិទ្យាស្ថានកម្ពុជា ដើម្បីកិច្ចសហប្រតិបត្តិការណ៍ និងសន្តិភាព ថាការវិនិយោគលើវិស័យនេះនឹងនាំឲ្យមានផលប្រយោជន៍សេដ្ឋកិច្ចរយៈពេលវែង។ ក៏ប៉ុន្តែវាក៏នៅតែបង្កឲ្យមានផលប៉ះពាល់ដល់ធនធាននៅក្នុងទឹក បរិស្ថាន ការរស់នៅរបស់ប្រជាជន និងសន្តិសុខស្បៀងផងដែរ។
លោក អែម ហុយ អ្នកជំនាញផ្នែកជីវិតជនបទ បានបញ្ជាក់នៅក្នុងការពិភាក្សានោះថា ការសិក្សាបានបង្ហាញថា ប្រជាពលរដ្ឋដែលពឹងអាស្រ័យលើធនធានទឹកទៅតាមតំបន់ដែលសាងសង់ទំនប់វារីអគ្គិសនីនឹងទទួលផលប៉ះពាល់យ៉ាងខ្លាំង។
«នឹងធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើន ហើយការចំណាយមួយ ដែលមានការប្រើប្រាស់យូរអង្វែង។ ប៉ុន្តែ ទទ្ទឹមនឹងនេះក៏មានផលប៉ះពាល់ វាជាអវិជ្ជមាន។ វាធ្វើឲ្យអ្នករស់នៅតាមដងទន្លេមេគង្គហ្នឹងជួប បញ្ហាផ្នែកជីវភាពអាហារការដាំដុះ ហើយការនេសាទត្រី ដែលជាមុខរបរសំខាន់របស់គាត់ ហើយវាធ្វើឲ្យប៉ះពាល់ប្រព័ន្ធអេកូឡូស៊ី»។
ទន្លេមេគង្គមានប្រវែងជាងបួនពាន់គីឡូម៉ែត ដោយហូរឆ្លងកាត់ប្រទេសចំនួនប្រាំមួយគឺ ចិន ភូមា ថៃ ឡាវ កម្ពុជា និងវៀតណាម។
លោក អាឡាន ប្រ៊ូក (Alan Brook) នាយកមជ្ឈមណ្ឌល World Fish Center បានបង្ហាញថា ទន្លេដ៏វែងរបស់ពិភពលោកមួយនេះ ផ្តល់ផលត្រីចំនួនជាងពីរតោននៅក្នុងមួយឆ្នាំ គឺជាទិន្នផលត្រីច្រើនជាងគេនៅក្នុងពិភពលោក ក្នុងខ្សែទន្លេតែមួយ ហើយមានសត្វចម្រុះប្រមាណជាងមួយពាន់ប្រាំរយប្រភេទ។
លោក ប្រ៊ូក បានឲ្យដឹងថា ការសាងសង់ទំនប់វារីអគ្គិសនីនឹងខ្ទប់ការផ្លាស់ទីរបស់ត្រី បំផ្លាញជម្រករបស់ត្រី រួមទាំងបំបាត់ពួជត្រីផងដែរ ហើយកម្ពុជានឹងទទួលរងផលប៉ះពាល់ច្រើនជាងគេ។
លោកប៊្រូកផ្តល់យោបល់ថា ដើម្បីរក្សាទិន្នផលត្រីឲ្យមានស្ថិរភាព គេត្រូវបង្កើតបណ្តាញសម្របសម្រួលយោគយល់គ្នា សម្រាប់ការបង្កើតសមាសភាពបណ្តាញនេះ។
ក្រុមអ្នកជំនាញ បានលើកឡើងថា ការបាត់បង់ផលត្រីដោយសារការសាងសង់ទំនប់វារីអគ្គិសនី នឹង មានទំហំទឹកប្រាក់រហូតទៅដល់ប្រាំរយលានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។ ដូច្នេះ ប្រសិនទំនប់វារីអគ្គិសនីត្រូវបានសាងសង់ គួរតែបែងចែកផលចំណេញប្រកបដោយសមាសភាព ហើយប្រជាពលរដ្ឋរូបនោះ ត្រូវតែទទួលបានសំណង។
លោក ដៅ ជុង ទូ (Dao trong tu) នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្រាប់អភិវឌ្ឍធនធានទឹក ប្រកបដោយចីរភាព និងការស៊ាំនឹងការប្រែប្រួលអាកាសធាតុមកពីប្រទេសវៀតណាម មានប្រសាសន៍ថា ការវិនិយោគច្រើនលើសំណង់វារីអគ្គិសនីនឹងធ្វើឲ្យធនធានទឹកប្រមាណជាងហាសិបភាគរយ នៃទន្លេមេគង្គក្លាយជាអាងស្តុកទឹកសម្រាប់ទំនប់វារីអគ្គីសនី។
«អនាគតរបស់ទន្លេមេគង្គដូចជាស្ថិតនៅចំផ្លូវបំបែកនៃផលចំណេញរបស់ប្រទេសនីមួយៗ ពឹងផ្អែកលើអ្នកវិនិយោគទុន»។
ក្រុមមន្រ្តី និងនិស្សិត ដែលបានចូលរួមនៅក្នុងកិច្ចពិភាក្សាតុមូល បានសម្តែងកង្វល់ចំពោះគម្រោង សាងសង់ទំនប់វារីអគ្គិសនីយ៉ាងច្រើនរបស់ចិននៅលើដងទន្លេមេគង្គ។
កញ្ញា ជូ ដៃស្សូរ ភារធារីអមស្ថានទូតចិន ដែលបានចូលរួមនៅក្នុងវេទិកាតុមូលនេះ បានអះអាងថាកង្វល់ទាំងនេះនឹងត្រូវបញ្ជូនទៅកាន់រដ្ឋបាលចិន។ កិច្ចប្រជុំតុមូលនេះ ឧបត្ថម្ភដោយ វីអូអេ សំឡេងសហរដ្ឋអាមេរិក។ មន្ត្រីផ្លូវការរបស់រដ្ឋាភិបាលដែលត្រូវបានអញ្ជើញ មិនមានវត្តមានទេ៕