សហព្រះរាជអាជ្ញារងកម្ពុជានៅថ្ងៃពុធនេះបានជំរុញឲ្យអង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្ដីខ្មែរក្រហមកោះអញ្ជើញសាក្សីបន្ថែមទៀតស្របពេលដែលសហព្រះរាជអាជ្ញារងបរទេសបានគូសបញ្ជាក់ពីឯកសារដែលបង្ហាញពីការងារជាប្រព័ន្ធរបស់ពួកអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់។
លោក ច័ន្ទ តារារស្មី ធ្វើសំណើយ៉ាងដូច្នេះដើម្បីបញ្ជាក់ទៅលើភាពអាចទទួលយកបាននៃឯកសារដែលដាក់ជូនអង្គជំនុំជម្រះដោយការិយាល័យសហព្រះរាជអាជ្ញា។
លោក ច័ន្ទ តារារស្មី បានការពារឯកសារភស្ដុតាងរបស់ការិយាល័យសហព្រះរាជអាជ្ញាទល់នឹងការច្រានចោលរបស់ក្រុមមេធាវីការពារជនជាប់ចោទ ដោយលើកពីកំណត់ហេតុស្ដីពីការធ្វើទារុណកម្មនៅស្រុកត្រាំកក់ខេត្តតាកែវដែលនៅក្នុងនោះសហព្រះរាជអាជ្ញារងកម្ពុជាបានស្រង់សាក្សីមួយម្ដងៗ ដោយរួមទាំងឯកសារភស្ដុតាងដែលចុះហត្ថលេខាដោយឈ្មោះ អាន ប្រធានមន្ទីរ សន្ដិសុខក្រាំងតាចាន់។ មន្ទីរសន្ដិសុខក្រាំងតាចាន់ គឺគុកក្រាំងតាចាន់ ដែលមានជនរងគ្រោះជាច្រើនត្រូវបានសម្លាប់នៅទីនោះ។
លោកព្រះរាជអាជ្ញារង ច័ន្ទ តារារស្មី បានបង្ហាញពីខ្សែសង្វាក់ទំនាក់ទំនងការងារនៅក្នុងស្រុកត្រាំកក់រវាងសហករណ៍និងសហករណ៍។ ខ្សែសង្វាក់ដឹកនាំការងារពីថ្នាក់តំបន់ ថ្នាក់ស្រុក រហូតដល់ថា្នក់ឃុំ និងសហករណ៍។ ហើយលោកលើកឡើងថា សាក្សីទាំងនោះបានផ្ដល់សារៈសំខាន់ក្នុងការបំភ្លឺតបទៅនឹងការជំទាស់ពីសំណាក់ក្រុមមេធាវីចុងចោទ។
«អង្គជំនុំជម្រះអាចនឹងកោះហៅសាក្សីខ្លះ ក្នុងចំណោមសាក្សីទាំងនេះ មកផ្ដល់សក្ខីកម្មសម្រាប់គោលបំណងនៃសវនាការដំណាក់កាលដំបូង។ ដូច្នេះលោក លោកស្រីចៅក្រម អាចកោះហៅសាក្សីមួយចំនួនដែលមានសារៈសំខាន់ដើម្បីបំភ្លឺបន្ថែមទៀតទាក់ទិននឹងការបញ្ជាក់ពីភាពអាចជឿទុកចិត្តបាននៃឯកសារ»។
ក្រុមមេធាវីការពារក្ដីរបស់ នួន ជា អតីតប្រធានសភាខ្មែរក្រហម អៀង សារី អតីតរដ្ឋមន្ដ្រីការបរទេស ខៀវ សំផន អតីតប្រមុខរដ្ឋខ្មែរក្រហម បានប្រឆាំងជំទាស់ចាប់តាំងពីថ្ងៃច័ន្ទមកម្ល៉េះ ចំពោះឯកសារជាច្រើនរបស់ការិយាល័យសហព្រះរាជអាជ្ញា ដោយសំអាងថា ឯកសារទាំងនោះមិនអាចជឿជាក់បាន និងមិនត្រូវនឹងបរិបទនៃការកាត់ទោសដំណាក់កាលដំបូងនេះទេ។ ការកាត់ទោសដំណាក់កាលដំបូងដែលផ្ដោតទៅលើការបណ្ដេញប្រជាពលរដ្ឋកម្ពុជាចេញពីទីក្រុងរបស់ពួកខ្មែរក្រហម។ ហើយចាប់តាំងពីថ្ងៃច័ន្ទសប្ដាហ៍នេះ មកអង្គជំនុំជម្រះសាលាដំបូងបានកាត់សេចក្ដីដោយផ្តោតលើរចនាសម្ព័ន្ធរដ្ឋបាលនៃរបបកម្ពុជាប្រជាធិបតេយ្យ តួនាទី មុខងារ និងទំនាក់ទំនងការងាររបស់ជនជាប់ចោទនាសម័យនោះ។
ឆ្លើយតបទៅនឹងការប្រឆាំងជំទាស់របស់ក្រុមមេធាវីការពារជនជាប់ចោទ លោកព្រះរាជអាជ្ញារង ច័ន្ទ តារារស្មី ទទួលស្គាល់ថា ឯកសារដែលស្នើដោយការិយាល័យសហព្រះរាជអាជ្ញា មិនមែនជាឯកសារដើមទេ ក៏ប៉ុន្ដែឯកសារទាំងនោះមានគុណសម្បត្តិគ្រប់គ្រាន់សម្រាប់ការជឿជាក់។
ដោយឡែកសហព្រះរាជអាជ្ញារងអាមេរិកាំង លោក ដែល លីហ្ស៊ាក់ (Dale Lysak) បានបង្ហាញជា ពិសេសពីរចនាសម្ព័ន្ធនៅមន្ទីរ ស-២១ ឬ គុកទួលស្លែងដែលចម្លើយសារភាពនៃអ្នកទោសត្រូវផ្ញើឲ្យ នួន ជា និង សុន សេន អតីតរដ្ឋមន្រ្ដីក្រសួងការពារជាតិខ្មែរក្រហម។
រីឯលោក Vincent de Wilde សហព្រះរាជអាជ្ញារងបារាំងបានស្រង់នូវឯកសារតាមសារព័ត៌មានបរទេសជាច្រើនមកការពារទល់នឹងការទាត់ចោលរបស់ក្រុមមេធាវីជនជាប់ចោទ។
ជាមួយគ្នានេះ លោក ដែល លីហ្ស៊ាក់ និងលោក ពេជ្រ អង់ សហមេធាវីនាំមុខតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណីបានស្វាគមន៍ និងរង់ចាំការចូលផ្ដល់សក្ខីកម្មរបស់ ឌុច ដើម្បីបញ្ជាក់ពីរចនាសម្ព័ន្ធដឹកនាំ និងមុខនាទី និងការទទួលខុសត្រូវរបស់អតីតមេដឹកនាំកំពូលខ្មែរក្រហមទាំងបីនាក់ខាងលើ។
កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតប្រធានគុកទួលស្លែង ដែលត្រូវផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតត្រូវកោះហៅឲ្យចូលផ្ដល់សក្ខីកម្ម នៅរសៀលថ្ងៃច័ន្ទសប្ដាហ៍ក្រោយ។ នេះបើយោងតាម លោក នេត្រ ភក្ដ្រា អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម៕