តុលាការយោធានៅថ្ងៃពុធនេះបានចាប់ផ្តើមសវនាការជំនុំជម្រះប្រឆាំងជំទាស់ទៅនឹងលោក ឈឿន ចាន់ថន ហៅម៉ៅ អតីតប្រធានក្រុមអង្គរក្សលោកជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
លោកឧត្តមសេនីយ៍ឯក ឈឿន ចាន់ថន ត្រូវបានកងរាជអាវុធហត្ថក្រុងភ្នំពេញចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១១ នៅក្នុងគេហដ្ឋានរបស់លោក ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។
ករណីរបស់លោក ឈឿន ចាន់ថន ត្រូវបានតុលាការបំបែកជាពីរសំណុំរឿង គឺត្រូវបានកាត់ទោសនៅក្នុងតុលាការយោធា និងនៅតុលាការក្រុងភ្នំពេញ។
តុលាការយោធាបានចោទប្រកាន់លោក ឈឿន ចាន់ថន ចំនួនប្រាំករណីផ្សេងៗគ្នា ពីបទរំលោភលើសេចក្តីទុកចិត្តតាមមាត្រា៣៩២ បំផ្លាញសម្ភារៈបម្រើការប្រយុទ្ធតាមមាត្រា៤៤៧ បំផ្លិចបំផ្លាញដោយចេតនា និងកេងបំបាត់ដោយទុច្ចរិតតាមមាត្រា៦០១ ការចែកចាយអាវុធដោយខុសច្បាប់ តាមមាត្រាទី២០ នៃច្បាប់គ្រប់គ្រងអាវុធជាតិផ្ទុះ និងខ្វះស្មារតីនៅក្នុងការទទួលខុសត្រូវគ្រប់គ្រងអង្គភាពតាមមាត្រាទី៩ នៃក្រឹត្យច្បាប់លេខ០៤។
បន្ទាប់ពីបើកសវនាការជំនុំជម្រះសួរដេញដោលយ៉ាងតឹងសរសៃករវាងសហមេធាវីការពារជនជាប់ចោទ និងមេធាវីការពារដើមចោទ លោក ប៉ោក ប៉ន ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសថាសាលក្រមចំពោះសំណុំរឿងនេះ នឹងប្រកាសនៅថ្ងៃទី២៤ ខែកុម្ភៈខាងមុខនេះ។
«តុលាការសុំផ្អាករហូតដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១២ វេលាម៉ោង៨ នឹង៣០នាទី តុលាការនឹងចាប់ប្រកាសសាលក្រម»។
ការបើកសវនាការសួរដេញដោលនៅក្នុងតុលាការយោធានេះត្រូវបានអនុញ្ញាតឲ្យអ្នកសារព័ត៌មានចូលថតរូប និងថតសំឡេង។ នៅក្នុងអង្គសវនាការ តុលាការបានសួរដេញដោលលោក ឈឿន ចាន់ថន ពីការជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធខ្លីចំនួន៧៣ដើម ការដោះដូរទីបញ្ជាការអង្គរក្សលោកជា ស៊ីម នៅខាងក្រោយវត្តបុទុមវត្តី ការដោះដូរដីទំហំជាង៣៣ហិកតា ជាកម្មសិទ្ធិរបស់ក្រសួងការពារជាតិនៅត្មាតពង និងទឹកប្រាក់ជាងពីរលានដុល្លារសហរដ្ឋអាមេរិករបស់លោកជា ស៊ីម ដែលបានប្រគល់ឲ្យលោកឈឿន ចាន់ថន សាងសង់មន្ទីរអង្គរក្ស។
ឆ្លើយប្រាប់នៅក្នុងអង្គសវនាការ លោកឈឿន ចាន់ថន បាននិយាយថាអាវុធខ្លីទាំង៧៣ដើម លោកបានទទួលពីលោក ហ៊ីង ប៊ុនហៀង មេបញ្ជាការអង្គរក្សលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាអ្នកប្រគល់ឲ្យលោក។ លោកបាននិយាយថាអាវុធទាំងនោះ លោកបានយកទៅចែកចាយដល់មន្ត្រីអង្គរក្ស ដើម្បីការពារលោកជា ស៊ីម។
ឆ្លើយប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីបានបញ្ចប់សវនាការលោកឧត្តមសេនីយ៍ឯក ឈឿន ចាន់ថន បានបដិសេធថាលោកមិនជាប់ពាក់ព័ន្ធនឹងទឹកប្រាក់ជាងពីរលានដុល្លារសហរដ្ឋអាមេរិកទេ។ ហើយលោកក៏មិនចាត់ទុកករណីនេះ ជាការបំបាក់ផ្នែកនយោបាយដែរ។
«គ្រាន់តែសំណូមពរឲ្យតុលាការ ដើម្បីលើកលែងការចោទប្រកាន់ដល់រូបខ្ញុំបាទ ដើម្បីបានទៅរស់នៅធម្មតាឡើងវិញ។ គ្រាន់ចង់ឲ្យជួយរកយុត្តិធម៌អ្វីដែលពិត និងមិនពិត»។
លោក ណាច ទ្រី មេធាវីការពារក្តីឲ្យក្រសួងការពារជាតិ និងការពារឲ្យលោកលោក ជា ស៊ីម ប្រធានព្រឹទ្ធសភាបានថ្លែងប្រាប់នៅក្នុងអង្គសវនាការថាលោកឈឿន ចាន់ថន ពិតជាមានបំណងទុច្ចរិត។ លោកណាច ទ្រី បានទាមទារឲ្យតុលាការផ្តល់សំណងជាងពីរលាន និងប្រាំសែនដុល្លារសហរដ្ឋអាមេរិក និងសំណងចំនួនជាង៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិកទៀត ព្រមទាំងដាក់ទោសលោកឈឿន ចាន់ថន ឲ្យបានធ្ងន់ធ្ងរបំផុត។
«ក្នុងករណីដែលលោក ឈឿន ចាន់ថន ពុំមានសំណងប្រាក់ព្រហ្មទណ្ឌទេ។ សុំឲ្យតុលាការសម្រេចរឹបអូសទ្រព្យសម្បត្តិលោកឈឿន ចាន់ថន ដែលមានតាមដីកាសម្រេចរបស់ចៅក្រមស៊ើបសួរ ដែលបានកត់ទុក ដើម្បីលក់ឡៃឡុងធានាសំណងជូនសម្តេចធម្មពោធិសាល»។
លោក ពុធ ធាវី សហមេធាវីការពារក្តីលោកឈឿន ចាន់ថន បានថ្លែងការពារកូនក្តីរបស់លោកថាមិនបានកេងបំបាត់ថវិការបស់លោកជា ស៊ីម ទេ ហើយលោកសង្ឃឹមថាក្រុមប្រឹក្សាជំនុំជម្រះ និងវិនិច្ឆ័យដោយយុត្តិធម៌ចំពោះកូនក្តីរបស់លោក៕