ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កំពូល​តម្កល់​សេចក្តី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ប្រឆាំង​នឹង​លោក​ មឿង សុន


​ប្រាសាទអង្គរវត្ត​នៅ​ខេត្ត​សៀមរាប ប្រទេស​កម្ពុជា
​ប្រាសាទអង្គរវត្ត​នៅ​ខេត្ត​សៀមរាប ប្រទេស​កម្ពុជា

តុលាការ​កំពូល​នៅ​ថ្ងៃ​ពុធ​នេះ ​បាន​កាត់ទោស​កំបាំង​មុខ​លោក​មឿង​ សុន​ ឲ្យ​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​ចំនួន​៤លាន​រៀល​គឺ​ប្រមាណ​១.០០០​ដុល្លារ​សហរដ្ឋ​អាមេរិក​ពី​បទ​អត្ថាធិប្បាយ​ស​ការ​ដាក់តាំង​អំពូល​ភ្លើងអគ្គិសនី​នៅ​ប្រាសាទអង្គរវត្ត​កាល​ពី​ឆ្នាំ​២០០៩។

បន្ទាប់​ពី​តុលាការ​កំពូល​បាន​សម្រេច​ប្រកាស​សាលដីកា​ដោយ​លោក ​ឃឹម ​ប៉ឹន ​ប្រធាន​ចៅក្រម​ជំនុំជំម្រះ​នោះ ​ក្រុម​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ការ​បណ្តេញចេញ​ពី​តំបន់​បឹងកក់​ និង​តំបន់​បុរីកីឡា ​បាន​មកស្រែក​នៅ​ពី​មុខ​តុលាការ​ប្រឆាំង​ជំទាស់​ទៅ​នឹង​ការ​សម្រេច​សាលក្រម​នេះ​ថា​អយុត្តិធម៌។

«ស​ប្រែ​ទៅ​ជា​ខ្មៅ​អស់​ហើយ​តុលាការ។ ​តើ​ប្រជាពលរដ្ឋ​មាន​ទុក្ខ​លំបាក​ រក​តុលាការ​ជួយ​ដោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ ​តើ​មាន​យុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ ​ឬ​ទេ?»។

លោក ​មឿង ​សុន ​ប្រធាន​មូលនិធិ​ទ្រទ្រង់​អរិយធម៌ខ្មែរ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ បាន​សម្រេច​ផ្តន្ទាទោស​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​ចំនួន​៨​លានរៀល ​គឺ​ស្មើ​នឹង​២.០០០​ដុលា្លរ​សហរដ្ឋ​អាមេរិក​ពី​បទ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត។

លោក ​មឿន ​សុន ​ត្រូវ​បាន​សាលាឧទ្ធរណ៍​កែប្រែ​បទ​ចោទ​ពី​បទ​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត ​មក​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​មិន​បាន​សម្រេច​ហើយ​ត្រូវ​បាន​តុលាការ​សម្រេច​ផ្តន្ទាទោស​កាល​ពី​ថ្ងៃ​ទី​២៤ ​ខែ​ឧសភា ​ឆ្នាំ​២០១១ ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ ​និង​កាត់​បន្ថយ​ពិន័យ​ជា​ប្រាក់​ពីរ​៨​លាន​រៀល​មក​នូវ​ត្រឹម​៤លាន​រៀល​វិញ។

លោក ​មឿង ​សុន ​បាន​ថ្លែង​ប្រាប់​វីអូអេ​តាមរយៈ​ទូរស័ព្ទ​ពី​កន្លែង​ដែល​គាត់​ស្នាក់នៅ​ឯក្រៅ​ប្រទេស​មក​ថា ​លោក​បាន​ចាត់ទុក​ការ​សម្រេច​របស់​តុលាការ​កំពូល​ថា​ពុំបាន​ផ្តល់​យុត្តិធម៌​ចំពោះ​រឿងក្តី​នេះ​ទេ។ ​ក៏ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា​លោក​សុខចិត្ត​បង់ប្រាក់​ពិន័យ​បួនលាន​រៀល​ចូល​ថវិការដ្ឋ ​តែ​លោក​មិន​សុខចិត្ត​មក​ទទួល​ទោស​នៅ​កម្ពុជា​ដោយសារ​តែ​លោក​ពុំ​បាន​ប្រព្រឹត្ត​ខុស។

«ខ្ញុំ​នឹង​មិន​ទទួល​ទោស​ទេ! ​ខ្ញុំ​នឹងទ្រាំរស់​នៅ​ប្រទេស​ក្រៅ​ប្រាំឆ្នាំ​ ចាត់​ទុក​ថា​ដូច​ជា​ខ្ញុំ​ជន​ភៀសខ្លួន​លើក​ទី​២ ​បន្ទាប់​ពី​សម័យ​ខ្មែរក្រហម ​ដែល​យួន​គេ​បាន​ចូល​ទៅ។ លើក​នេះ​ជា​សម័យ​រាជាណាចក្រ​ទី​២ ​ខ្ញុំ​ជា​ជនភៀស​ខ្លួន​ម្តង​ទៀត»។

លោកស្រី ​យី ​ផល្លី ​អាយុ​៦៣​ឆ្នាំ ​ភរិយា​លោក​មឿង ​សុន ​បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​នៅឯ​តុលាការ​កំពូល​ថា​សាលដីកា​នេះ​ លោកស្រី​មិន​អាច​ទទួល​យក​បាន​ទ។

«ពីព្រោះ​ឥត​មាន​យុត្តិធម៌ ​បើ​សិន​ណា​ជា​គាត់​នេះ(ខុស) ​គេ​មិន​ដកអំពូល​ភ្លើង​ទេ។ ​ប៉ុន្តែ​គេដក​អំពូល​ភ្លើង​អស់​ទៅ​ហើយ ​គាត់​នៅ​តែ​ជាប់​ដដែល​ទៀត»។

លោក ​ប៉ាល់ ​ចន្ទតារា​ មេធាវី​ការពារក្តី​ឲ្យ​រដ្ឋាភិបាល​បាន​និយាយ​ថា​ការសម្រេច​សេចក្តីនេះ​លោក​អាច​ទទួល​យក​បាន​ ពីព្រោះ​រដ្ឋាភិបាល​បាន​យក​ចិត្តទុក​ដាក់​បំផុត​ចំពោះ​ការការពារ​សន្តិសុខ​សាធារណៈ។

«ការ​ដាក់​អំពូល​នេះ ​គឺ​ជា​ការ​ដាក់​សាកល្បង ​ដូច​បាន​និយាយ​ពី​យូរ​ណាស់​មក​ហើយ​ គឺ​រឿង​សាកល្បង។ ​ឥឡូវ​នេះ​យើង​បញ្ចប់​ការ​ដាក់​ហើយ​ ក៏ប៉ុន្តែ​វា​គ្មាន​រហូត​ដល់​មួយពាន់​វ៉ាត់​ដូច​គាត់​ថា​ទេ»។

លោក ​សុខ ​សំអឿន ​មេធាវី​ការពារក្តី​លោក​មឿង ​សុន​ មិន​បាន​ផ្តល់​អត្ថាធិប្បាយ​ណាមួយ​ដល់​អ្នក​យក​ព័ត៌មាន​ទេ។ ក៏ប៉ុន្តែ​នៅ​ក្នុង​សវនាការ​ លោក​បាន​ព្យាយាម​ការពារ​យ៉ាងខ្លាំងក្លា​ថា​ការ​អត្ថាធិប្បាយ​របស់​លោក ​មឿង ​សុន ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សាធារណៈ​ទេ។ ​លោក​សុខ ​សំអឿន ​បាន​និយាយ​ថា​អ្វី​ដែល​លោក​មឿង ​សុន ​បាន​អត្ថាធិប្បាយ​នេះ​គឺ​ទទួល​បាន​ផលប្រយោជន៍​វិជ្ជមាន​ច្រើន​ជាង​អវិជ្ជមាន។

អ្នកស្រី ​ទេព ​វណ្ណី ​តំណាង​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់ ​ដែល​បាន​មក​ប្រមូលផ្តុំ​គ្នា​គាំទ្រ​លោក​ មឿង ​សុន ​បាន​និយាយ​ថា​ការ​សម្រេច​របស់​តុលាការ​កំពូល​នៅ​ថ្ងៃ​នេះ​នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដទៃ​ផ្សេង​ទៀត​ បាត់បង់​ជំនឿ​ទៅ​លើ​ស្ថាប័ន​តុលាការ​ខ្មែរ។

«ឥឡូវ​ខ្ញុំ​គិត​ថា​ឥតមាន​ភាពយុត្តិធម៌។ ​ព្រោះ​ខ្ញុំ​មក​នេះ ​ខ្ញុំ​សង្ឃឹម​ថា​តុលាការ​នឹង​ផ្តល់​ភាពយុត្តិធម៌​ ប៉ុន្តែ​ឥឡូវ​ខ្ញុំ​បាន​ឃើញ​ហើយ ​តុលាការ​ឥត​លើកលែង​ទោស​គាត់​ទេ។ ​អញ្ចឹង​បាន​ន័យថា ​តុលាការ​មិន​ឯករាជ្យ ​មិន​យុត្តិធម៌។ ​មាន​ការ​ខកចិត្ត ​និង​រន្ធត់ចិត្ត​យ៉ាង​ខ្លាំង​តែ​ម្តង»។

ការដាក់តាំង​អំពូល​ភ្លើង​អគ្គិសនី​របស់​ក្រុមហ៊ុន​ឯកជន​មួយ​កាល​ពី​ឆ្នាំ​២០០៩ ​បាន​ដក​ទៅ​វិញ ​បន្ទាប់​ពី​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​លោក ​មឿង ​សុន ​ថា​ការដាក់តាំង​អំពូលភ្លើង​អគ្គិសនី​នេះ ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ថ្ម​ប្រសាទ​អង្គរវត្ត៕

XS
SM
MD
LG