ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បណ្តាញ​បុរស​កម្ពុជា​ខកចិត្ត​នឹង​ចំណាត់ការ​របស់​រដ្ឋាភិបាល​លើ​ជម្លោះ​ដី​នៅ​បុរីកីឡា


ពលរដ្ឋ​បូរីកីឡាតវ៉ា​ចំពោះ​ការ​បណ្តេញចេញដោយ​បង្ខំពីភូមិ​ និង​ការ​ចាប់ខ្លួន​សមាជិក​របស់​ពួកគេ​ដោយ​អាជ្ញាធរ។
ពលរដ្ឋ​បូរីកីឡាតវ៉ា​ចំពោះ​ការ​បណ្តេញចេញដោយ​បង្ខំពីភូមិ​ និង​ការ​ចាប់ខ្លួន​សមាជិក​របស់​ពួកគេ​ដោយ​អាជ្ញាធរ។

សមាជិក​បណ្តាញ​បុរស​កម្ពុជា ​ដែល​ជា​សម្ព័ន្ធ​បុរស​ស្ម័គ្រ​ចិត្ត​ចំនួន​ជាង​១.០០០​នាក់​ ដែល​ធ្វើ​សកម្មភាព​លើក​កម្ពស់​ការ​យល់ដឹង​ និង​អំពើ​ហិង្សា​លើ​ស្រ្តី​ បាន​សម្តែង​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​ដែលមិន​បាន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​វិបត្តិ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​នៅ​សហគមន៍​បុរីកីឡា ​និង​ក្រុមហ៊ុន​ផានអ៊ីម៉ិច ​របស់​លោកស្រី​ស៊ុយ ​ស៊ីផាន។

កាល​ពី​ថ្ងៃ​ទី​៣ ​ខែ​មករា ​កន្លង​ទៅ​នេះ ​ក្រុមហ៊ុន​ផានអ៊ីម៉ិច​បាន​ប្រើប្រាស់​កម្លាំង​ប៉ូលិស ​និង​ប៉េអ៊ឹម ជា​ច្រើន​រយ​នាក់​ប្រដាប់​ដោយ​អាវុធ ​ខែល ​ដំបង់ឆក់ ​និង​រថយន្ត​បាញ់​ទឹក ដើម្បី​បណ្តេញ​ប្រជាពលរដ្ឋ​ដោយ​បង្ខំ​ ដោយ​មាន​ការ​បង្ហូរ​ឈាម។ ការ​បណ្តេញ​ចេញ​នៅ​ពេល​នោះ ​មន្ត្រី​អាជ្ញាធរ​បាន​ប្រើប្រាស់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ​និង​រថយន្ត​បាញ់​ទឹក។ ចំណែក​ឯ​ក្រុម​ប្រជាពលរដ្ឋ​បាន​តប​មក​វិញ​ដោយ​គប់​ដំថ្ម ​នឹង​សំបក​ដប​ចាស់ៗ។

មាន​សមត្ថកិច្ច ​និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ទទួលរង​របួស​បែក​ក្បាល​ហូរឈាម​ ហើយ​បន្ទាប់​ពី​ការ​ប៉ះទង្គិច​គ្នា​បាន​បញ្ចប់ ​មាន​ក្រុម​ប្រជាពលរដ្ឋ​ប្រាំបី​នាក់​យ៉ាង​តិច​ ត្រូវ​បាន​អាជ្ញាធរ​បាន​ចាប់​ខ្លួន​ភ្លាមៗ ​រួច​បាន​បញ្ជូន​ទៅ​តុលាការ​ក្រុង​ភ្នំពេញ។ តុលាការ​ក្រុង​ភ្នំពេញ​ បាន​ចោទ​ប្រកាន់​ក្រុម​ប្រជាពលរដ្ឋ​ទាំង​ប្រាំបី​នាក់​ពី​បទ​ប្រើប្រាស់​អំពើ​ហិង្សា​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ ​រួច​បាន​បញ្ជូន​ទៅ​ឃុំឃាំង​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស។

ក្រុម​អ្នក​ស្រុក​បុរីកីឡា​ដែល​បាត់បង់​ផ្ទះ​សម្បែង​ បាន​ធ្វើ​បាតុកម្មជា​ច្រើន​លើក​ រហូត​ដល់​មាន​ការ​ដោះ​សំលៀក​បំពាក់​ចេញ ​ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​ប្រជាពលរដ្ឋ​ដែល​កំពុង​ជាប់​ឃុំឃាំង​ និង​ឲ្យ​ក្រុមហ៊ុន​សាងសង់​អាគារ​ពីរ​បន្ថែម​ទៀត​ ផ្តល់​សំណង​ការ​ខូចខាត​បន្ទាប់​ពី​ផ្ទះ​របស់​ពួក​គេ​ត្រូវ​បាន​បំផ្លាញ។

លោក ​ម៉ៅ ​ស៊ីហៀប ​លេខាធិការ​នៃ​បណ្តាញ​បុរស​កម្ពុជា​បាន​បញ្ជាក់​ថា ការ​បណ្តេញ​ចេញ​ប្រជាពលរដ្ឋ​ពី​សហគមន៍​បុរីកីឡា ​ហាក់​បី​ដូច​ជា​ធ្ងន់ធ្ងរ​ដោយសារ​តែ​ស្រ្តី​ខ្មែរ​ ហ៊ាន​រហូត​ដល់​ដោះ​សំលៀកបំពាក់​របស់​ពួក​គេ​ចេញ ​ដើម្បី​តវ៉ា​រឿង​វិវាទ​ដីធ្លី​នេះ។ លោក​បាន​មាន​ប្រសាសន៍​ថា រឿងរ៉ាវ​ទាំង​នេះ​មិន​ដែល​ធ្លាប់​មាន​ទេ​នៅ​ក្នុង​សង្គម​ខ្មែរ។ ​លោក​បាន​និយាយ​ទៀត​ថា​ រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​បាន​ឆ្លើយ​តប​ និង​រក​ដំណោះស្រាយ​សមរម្យ​ណាមួយ​ជូន​ប្រជាពលរដ្ឋ​នៅ​សហគមន៍​បុរីកីឡា​ទេ។

«ពី​ករណី​មួយ ​ទៅ​ករណី​មួយ ​ជាពិសេស​នៅ​ក្នុង​ប្លុក​បុរីកីឡា ​យើង​មិន​ទាន់​ឃើញ​ការ​ឆ្លើយតប​ណាមួយ​បែប​អហិង្សា ​និង​សមស្រប​សម្រាប់​ពួក​គាត់​នៅ​ឡើយ​ទេ​ គឺ​មិន​ទាន់​បាន​ឃើញ​យក​បញ្ហា​ហ្នឹង​មក​ជជែក​ជាមួយ​ពួក​គាត់​ដោយ​សន្តវិធី​នៅ​ឡើយ​ ជាជាង​ដោយ​ពួក​គាត់​ហ្នឹង​ឆ្លើយ​តប​ដោយ​ហិង្សា»។

លោក ​កើត​ ឆែ​ នាយករង​នៃ​រដ្ឋបាល​សាលាក្រុង​ភ្នំពេញ​មិន​បាន​ឆ្លើយតប​ទៅ​នឹង​សំណួរ​របស់​វីអូអេ​ទេ ​ដោយ​លោក​បាន​តម្រូវ​ឲ្យ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ ដើម្បី​សាកសួរ​គាត់​វិញ​ ហើយ​លោក​មិន​ផ្តល់​ចម្លើយ​ទេ​នៅ​ពេល​ដែល​សាកសួរ​លោក​តាម​ទូរស័ព្ទ​ខ្សែ។

ក្រុម​ប្រជាពលរដ្ឋ​នៅ​សហគមន៍​បុរីកីឡា​បន្ទាប់​ពី​បាន​ដាក់​ញត្តិ​ទៅ​ស្ថានទូត​សំខាន់ៗ​មួយ​ចំនួន​ និង​សាលាក្រុង​ភ្នំពេញ​នៅ​មិន​ទាន់​បាន​ដំណោះស្រាយ។ ប្រជាពលរដ្ឋ​បាន​សរសេរ​ញត្តិ​មួយ​ច្បាប់​ថ្វាយ​ព្រះមហាក្សត្រ​កាល​ពី​ដើម​សប្តាហ៍​នេះ​ នៅ​ក្នុង​ពេល​ដែល​ព្រះអង្គ​កំពុង​តែ​គង់​ប្រថាប់​នៅ​ក្នុង​ទីក្រុង​ប៉េកាំង។ ការ​ដាក់​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ​នេះ​គឺ​ជា​ជម្រើស​ចុង​ក្រោយ​ ដើម្បី​ទាមទារ​ឲ្យ​ព្រះអង្គ​ធ្វើ​អន្តរាគមន៍​ដើម្បី​ឲ្យ​ដោះលែង​ប្រជាពលរដ្ឋ​ដែល​កំពុង​ជាប់​ឃុំ ​និង​ឲ្យ​ក្រុមហ៊ុន​សាងសង់​អគារ​ពីរ​បន្ថែម​ទៀត​ព្រមទាំង​ផ្តល់​សំណង​សម្រាប់​ការ​បាត់បង់​ផ្ទះ​សម្បែង​របស់​ពួក​គេ៕

XS
SM
MD
LG