ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នយោបាយ​ថ្នាក់​មូលដ្ឋាន​មាន​ឡូក​ឡំ​ដោយ​ការរើស​អើង​


ព្រះសង្ឃ​ដាក់​សន្លឹកឆ្នោត​ចូល​ក្នុងហិបនៅ​ស្ថានីយ៍​បោះឆ្នោត​មួយកន្លែង​នៅ​វត្តថាន់ក្នុង​ក្រុង​ភ្នំពេញ កាល​ពីថ្ងៃអាទិត្យ ទី៣ ខែមិថុនា ២០១២។
ព្រះសង្ឃ​ដាក់​សន្លឹកឆ្នោត​ចូល​ក្នុងហិបនៅ​ស្ថានីយ៍​បោះឆ្នោត​មួយកន្លែង​នៅ​វត្តថាន់ក្នុង​ក្រុង​ភ្នំពេញ កាល​ពីថ្ងៃអាទិត្យ ទី៣ ខែមិថុនា ២០១២។

អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ម្នាក់​បាន​ចោទ​ប្រកាន់ ​មេឃុំ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ខេត្ត​កណ្ដាល​មួយ​រូប​ថា​បាន​បដិសេធ​ចុះ​ហត្ថលេខា​លើ​ឯកសារ​កម្ចី​ប្រាក់​ធនាគារ​របស់​អ្នកស្រី ​ដោយសារ​តែ​គាត់​ជា​សកម្មជន​របស់​គណបក្ស​សម​ រង្ស៊ី។

អ្នកស្រី​មឿន ​សាវុន​ បាន​យក​ឯកសារ​សុំ​ខ្ចី​ប្រាក់​ពី​ធនាគារ​អេស៊ីលីដា​នូវ​ទឹក​ប្រាក់​ចំនួន​ ៤,០០០​ដុល្លារ​អាមេរិក​សម្រាប់​ពង្រីក​អាជីវកម្ម​ផ្នែក​ដឹកជញ្ជូន​ទំនិញ។ ​ប៉ុន្តែ​លោក​សន ​សឿន ​មេឃុំ​កំពង់​ចំលង​ ស្រុក​ខ្សាច់​កណ្តាល ​បដិសេធ​ចុះហត្ថ​លេខា​លើ​ឯកសារ​របស់​អ្នកស្រី។ ​លោក​សន ​សឿន ​បាន​ធ្វើ​ជា​មេឃុំ​នេះ​ចំនួន​ដប់​ឆ្នាំ​មក​ហើយ​។ ​ហើយ​គាត់​បាន​ជាប់ឆ្នោត​ជា​ថ្មី​ ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​កាល​ពី​ថ្ងៃ​ទី​៣ ​ខែ​មិថុនា​នេះ។

អ្នកស្រី​មឿន ​សាវុន ​បាន​អះអាង​ថា​អ្នកស្រី​បាន​ទៅ​ជួប​មេឃុំ​ខាង​លើ​ចំនួន​បួនដង ​ប៉ុន្តែ​មេឃុំ​ដដែល​នៅតែ​មិន​ព្រម​ផ្តល់​ហត្ថលេខា។

«ខ្ញុំ​ខ្វះខាត​លុយកាក់​ធ្វើ​ដើម​ទុន ​ដូច្នេះ​ខ្ញុំ​ខ្ចី​លុយ​ធនាគារ​អេស៊ីលីដា។ ​គេ​ឲ្យ​ខ្ញុំ​ហើយ​តែ​ដល់​ពេល​យក​ក្រដាស​ឲ្យ​គេ​ចុះហត្ថលេខា​ លោក​មេឃុំ​សន ​សឿន ​មិន​ព្រមចុះ​ហត្ថលេខា ​គាត់​ថា​ ខ្ញុំ​ហ្នឹង​មិន​ជឿ​ជាក់​លើ​គាត់។ ​ខ្ញុំ​សួរ​ថា ​ម៉េច​ថា ​ខ្ញុំ​មិន​ជឿ​ជាក់​គាត់​ថា ​មិនបាច់​សួរ​ទេ​ គាត់​មិនចុះ​ហត្ថលេខា​ឲ្យ​ទេ។ ​ខ្ញុំ​យក​ឯកសារ​ទៅ​ឲ្យ​គាត់​ចុះ​ហត្ថលេខា​ចំនួន​បួន​ដង។ ​ខ្ញុំ​បាន​ប្រាប់​គាត់​ថា​ឲ្យ​ចុះ​ហត្ថលេខា​ឲ្យ​ខ្ញុំ​បន្តិច​មក​ខ្ញុំ​ប្រញ៉ាប់​រកស៊ី ​គាត់​មិនព្រម​ហើយ​គាត់​ថា ​ទៅប្តឹង​ដល់​ណា​ទៅៗ​។ ​គាត់​ថា​ខ្ញុំ​មិន​ជឿ​ជាក់​ហ្នឹង​បាន​ន័យ​ថា ​ខ្ញុំ​ជា​គណបក្ស​សម ​រង្ស៊ី។ ​ប្អូន​ខ្ញុំ​គណបក្ស​សម ​រង្ស៊ី ​ហើយ​គ្រួសារ​ខ្ញុំបោះ​ឆ្នោត​ឲ្យ​គណបក្ស​សម​ រង្ស៊ី»។

ការខ្ចី​បុល​ពី​ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​តម្រូវ​ឲ្យ​ភាគី​អ្នក​សុំខ្ចី​មាន​អចលនវត្ថុ​ដាក់​ដម្កល់​ហើយ​ក្រុម​អ្នក​តាម​ដាន​វាយតម្លៃ​របស់​ធនាគារ​នោះ​នឹង​ចុះ​សិក្សា​ផ្ទាល់​លើ​វត្ថុ​បញ្ចាំ​នោះ​មុន​នឹង​សម្រេច​ផ្តល់​កម្ចី។ ​ឯកសារ​ដម្កល់​អចលន​ទ្រព្យ​នោះ​តម្រូវ​ឲ្យ​មាន​ការទទួល​ស្គាល់​ពី​ភ្នាក់ងារ​អាជ្ញាធរ​មូលដ្ឋាន​ជា​ចាំបាច់។

ការបដិសេធ​ចុះ​ហត្ថលេខា​លើ​ឯកសារ​នោះ ​បាន​ធ្វើ​ឲ្យ​អ្នកស្រី​មឿន ​សាវុន ​បញ្ឈប់​ការខ្ចី​សម្រាប់​ពង្រីក​មុខរបរ​របស់​ខ្លួន។

«ដល់​ពេល​គេ​មិន​ចុះ​ហត្ថ​លេខា ​ខ្ញុំ​ឈប់​ខ្ចី»។

លោក​សន ​សឿន ​មេឃុំ​ដែល​ជាប់ឆ្នោត​ជា​លើក​ទី​បី​ បាន​បដិសេធ​ថា​លោក​មិន​មាន​ការរើសអើង​ផ្នែក​នយោបាយ​ណាមួយ​នោះ​ទេ។

«ខ្ញុំ​មិន​និយាយ​ភាសា​ថា​ ខ្ញុំ​មិន​ជឿជាក់​នោះ​ទេ។ ​ខ្ញុំ​បដិសេធ​នោះ​ដោយសារ​តែ​ឈ្មោះ​នោះ​ជំពាក់​លុយ​គេ​ច្រើន​ក្នុង​ឃុំ​អញ្ចឹង​ខ្ញុំ​មិនអាច​ចុះ​ហត្ថលេខា​បាន​ទេ។ ​បើ​រត់ការ​ឲ្យ​គេ​មិន​បាន​ពិបាក​ខ្ញុំ​ដដែល​ខ្ញុំ​មិន​ទៅ​ប្រកាន់​នយោបាយ​អីទេ។ ​ឈ្មោះ​នេះ​ខ្ញុំ​មិន​ដឹង​ថា​ ជា​គណបក្ស​ណា​ផង​ព្រោះ​គាត់​មិនមែន​ជា​សកម្មជន ​គាត់​ជា​ប្រជាជន​សុទ្ធសាធ​ហ្នឹង»។

កញ្ញា​ប៊ុត ​ប៊ុនសីហា ​មន្ដ្រី​ផ្នែក​ការិយាល័យ​វិវាទ​របស់​ធនាគារ​ អេស៊ីលីដា ​មាន​ប្រសាសន៍​ថា ​ប្រសិន​បើ​អតិថិជន​មាន​បញ្ហា​ដូច​ខាង​លើ​នេះ​ អាច​មក​ជូន​ដំណឹង​ដល់​ការិយាល័យ​កណ្តាល​របស់​ធនាគារ។ ​មួយ​វិញ​ទៀត​រាល់​បញ្ហា​ដែល​កើតឡើង​ពាក់ព័ន្ធ​ជាមួយ​នឹង​អតិថិជន​អ្នកខ្ចីប្រាក់​នឹង​ត្រូវ​ដោះសា្រយ​តាម​ផ្លូវ​តុលាការ ​រីឯ​អាជ្ញាធរ​នឹង​មិន​ជាប់ពាក់ព័ន្ធ​ក្នុង​ការដោះស្រាយ​នោះ​ទេ។

«តាម​ផ្លូវច្បាប់​អាជ្ញាធរ​មាន​សិទ្ធិ​ជួយ​សម្រប​សម្រួល​តែ​មិនមាន​សិទ្ធិ​ក្នុង​ការដោះស្រាយ​ទេ។ ​ធនាគារ​យក​ការដោះស្រាយ​តាម​នីតិ​វិធី​ច្បាប់​គឺ​តុលាការ»។

យោង​តាម​លទ្ធផល​ឆ្នោត​ជា​បណ្តោះ​អាសន្ន​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ឲ្យ​ដឹង​ថា ​ក្នុង​ឃុំ​កំពង់​ចំលង ​នៃ​ខេត្ត​កណ្តាល ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន​១,៦៩៤​សំឡេង​តាម​ពី​ក្រោយ​ដោយ​គណបក្ស​ជំទាស់​សម​ រង្ស៊ី ​ដែល​ទទួល​បាន​ ៥១៦​សំឡេង។​ គណបក្ស​សិទ្ធិ​មនុស្ស​ឈរ​នៅ​លំដាប់​ទី​៤ ​និង​គណបក្ស​សញ្ជាតិ​កម្ពុជា​ស្ថិត​ក្នុង​លំដាប់​ទី​៥៕

XS
SM
MD
LG