អ្នកនាំពាក្យគណបក្សសម រង្ស៊ី ជាគណបក្សជំទាស់ និងមន្ដ្រីអង្គការក្រៅរដ្ឋាភិបាលបាននិយាយស្របគ្នានៅថ្ងៃអង្គារនេះថា ការព្យួរអភ័យឯកសិទ្ធិតំណាងរាស្ដ្រលោកចាន់ ចេងគឺជាការព្យាយាមហ៊ុំព័ទ្ធប្រជាប្រិយភាពគណបក្សគូប្រជែង ពីខាងគណបក្សកាន់កាប់រដ្ឋាភិបាលគឺគណបក្សប្រជាជនកម្ពុជា។
លោកចាន់ ចេងត្រូវរដ្ឋសភាសម្រេចព្យួរអភ័យឯកសិទ្ធិក្នុងកិច្ចប្រជុំវិសាមញ្ញមួយនៅថ្ងៃនេះ តាមសំណើរបស់តុលាការខេត្តកណ្តាល ដើម្បីអនុញ្ញាតឲ្យតុលាការបើកនីតិវិធីច្បាប់ ប្រឆាំងទៅនឹងរូបលោកពាក់ព័ន្ធនឹងការរំដោះជនជាប់ឃុំឈ្មោះមាស ប៉េង ខណៈដែលលោករងការចោទប្រកាន់ទាក់ទងនឹងទំនាស់ដីធ្លីជាមួយនឹងមន្ដ្រីគណបក្សប្រជាជនកម្ពុជាមួយរូប។
លោកយឹម សុវណ្ណ តំណាងរាស្ដ្រនិងជាអ្នកនាំពាក្យគណបក្សសម រង្ស៊ី បានហៅការព្យួរអភ័យឯកសិទ្ធិតំណាងរាស្ដ្រនៅក្នុងគណបក្សខ្លួននោះថា គឺជាការបង្កការរំខានទៅដល់បក្សជំទាស់ ហើយជាការរុញច្រានកម្ពុជាឲ្យចូលក្នុងជ្រលងនៃរបបផ្ដាច់ការ។
«គាត់ប្រឹងប្រែងដើម្បី ទប់ស្កាត់ប្រជាប្រិយភាពគណបក្ស បង្កការរំខានទៅដល់គណបក្សសម រង្ស៊ី។ ធ្វើនេះមិនត្រឹមតែបំបាក់ស្មារតីគណបក្សប្រឆាំងទេ គឺបំបាក់ស្មារតីប្រជារាស្ត្រទូទាំងប្រទេស។ គណបក្សកាន់អំណាចកំពុងតែទាញប្រទេសឲ្យធ្លាក់ចូលទៅក្នុងអន្លង់នៃរបបផ្តាច់ការជាថ្មី»។
តំណាងរាស្ត្រមណ្ឌលក្រុងភ្នំពេញដដែលចាត់ទុកថា ការសម្រេចរបស់រដ្ឋសភាខ្មែរនៅថ្ងៃនេះ គឺជាការដើរបញ្ច្រាស់នឹងលទ្ធិប្រជាធិបតេយ្យ។
ការព្យួរអភ័យឯកសិទ្ធិរបស់តំណាងរាស្ដ្រខេត្តកណ្ដាលនៅថ្ងៃនេះធ្វើឲ្យគណបក្សជំទាស់ធំជាងគេនៅកម្ពុជាមួយនេះមានតំណាងរាស្ដ្រសរុបចំនួនបីរូប ដែលត្រូវបានព្យួរអភ័យឯកសិទ្ធិ។ នៅក្នុងនោះតំណាងរាស្ដ្រពីររូបទៀតគឺលោកសម រង្ស៊ី ពាក់ព័ន្ធនឹងការចោទប្រកាន់ពីការដកតម្រុយបង្គោលព្រំដែនរួមនៃប្រទេសកម្ពុជា-វៀតណាម។ តំណាងរាស្រ្ដមួយរូបទៀតគឺលោកស្រី មួ សុខហួរ តំណាងរាស្រ្ដមណ្ឌលខេត្តកំពត ដែលចាញ់ក្ដីលោកនាយករដ្ឋមន្ដ្រីហ៊ុន សែន នៅក្នុងបទបរិហារកេរ្ដិ៍ ហើយលោកសម រង្ស៊ី ត្រូវរដ្ឋសភាដែលមានសម្លេងលើសលុបបំផុតរហូតដល់៩០សម្លេងពីខាងគណបក្សប្រជាជនកម្ពុជាសម្រេចបណ្ដេញចេញពីសមាជិកសភា។
លោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក៏បានបកស្រាយដែរថា ការព្យួរអភ័យឯកសិទ្ធិរបស់លោកចាន់ ចេងកើតចេញពីចេតនាបង្កគំនាបលើគណបក្សជំទាស់ដែរ។
«ការដកអភ័យឯកសិទ្ធិលោកចាន់ ចេងនេះគឺជាការបង្ហាញសាច់ដុំបន្ដទៀតថា គណបក្សកាន់អំណាចមានអំណាចគ្រប់គ្រាន់ក្នុងប្រទេសកម្ពុជា ហើយគាបសង្កត់លើសម្លេងគណបក្សប្រឆាំង»។
លោកអ៊ូ វីរៈចាត់ទុកថា ការធ្វើបែបនេះនឹងមិនបានជួយលើកមុខលើកមាត់ប្រទេសកម្ពុជានៅក្នុងដំណើរឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យល្អប្រសើរនោះទេ។
លោកជឿថា នេះគឺជាចេតនានយោបាយនៃគណបក្សកាន់អំណាច។
«រឿងនេះជាទង្វើស្របច្បាប់ដើម្បីផលប្រយោជន៍នយោបាយផង និងជាទង្វើផ្ដាច់ការផង។ តាមពិត ការប្រើប្រាស់ច្បាប់បែបនេះផ្ទុយទៅនឹងច្បាប់រដ្ឋធម្មនុញ្ញ។ ខ្ញុំយល់ថា ជារឿងមួយគួរឲ្យសោកស្ដាយ ហើយប្រហែលជាមិនជួយឲ្យប្រទេសយើងមានការអភិវឌ្ឍត្រឹមត្រូវទេ»។
ខេត្តកណ្ដាលមានអាសនៈតំណាងរាស្ដ្រសរុបចំនួន១១នាក់។ គណបក្សសម រង្ស៊ីបានឈរនៅលំដាប់ទី២ ដោយប្រមូលបានអសនៈចំនួនបី ពីការគាំទ្ររបស់អ្នកបោះឆ្នោត។ គណបក្សសិទ្ធិមនុស្សរបស់លោកកឹម សុខាបានទទួលអាសនៈចំនួនមួយ រីឯគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ដ្រីហ៊ុន សែនទទួលបាន៧អាសនៈ។
នៅក្នុងចន្លោះពេលនៃការរង់ចាំការបោះឆ្នោតថ្មីគឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ ២០១២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រឆ្នាំ២០១៣ គណបក្សសម រង្ស៊ីត្រូវគេមើលឃើញថា បានរអិលចូលនៅក្នុងច្រកចង្អៀតសម្រាប់ការប្រណាំងប្រជែងឆ្ពោះទៅរកជ័យជំនះ។
យោងតាមរបាយការណ៍របស់អង្គការការពារសិទ្ធិមនុស្សអាដហុកទំនាស់ដីធ្លីគឺជារឿងរសើបមួយក្នុងខេត្តកណ្ដាល ហើយលោកចាន់ ចេងបានលូកដៃធ្វើអន្ដរាគមន៍ក្នុងទំនាស់ដីធ្លីទាំងនេះនៅស្រុកពញាឮ ស្រុកកណ្ដាលស្ទឹង និងស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ប្រជាពលរដ្ឋជាង១០០០គ្រួសារក្នុងស្រុកទាំងបីកំពុងជាប់ផុងក្នុងទំនាស់ដីធ្លីជាមួយនឹងមន្ដ្រីនិងអ្នកជំនួញមានឥទ្ធិពល។
លោកចាន់ សាវ៉េត ប្រធានផ្នែកឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់អង្គការការពារសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថា ការព្យួរអភ័យឯកសិទ្ធិតំណាងរាស្ដ្របក្សជំទាស់ជាបន្ដបន្ទាប់បង្ហាញថា អភ័យឯកសិទ្ធិនោះមិនមានតម្លៃ ឬជាអភ័យឯកសិទ្ធិស្ថិតក្នុងគែមនៃគ្រោះថា្នក់។
«បើសិនជាអភ័យឯកសិទ្ធិអ្នកតំណាងរាស្ដ្រផុយស្រួយយ៉ាងនេះ ខ្ញុំគិតថាអភ័យឯកសិទ្ធិនោះមិនមានតម្លៃអ្វីទេ។ កុំថាឡើយដកអភ័យឯកសិទ្ធិតំណាងរាស្ដ្រសម រង្ស៊ី នេះ បើទោះបីជារដ្ឋសភាចង់ដកអ្នកណាក៏បានដែរ នៅក្នុងសង្គមប្រជាធិបតេយ្យដែលយើងមើលឃើញតែខាងក្រៅនេះ»។
ថ្វីបើមានការបកស្រាយយ៉ាងនេះ លោកជាម យៀប តំណាងរាស្ដ្រដែលសំបូរវោហាស៍របស់គណបក្សប្រជាជនកម្ពុជា ប្រចាំមណ្ឌលខេត្តព្រៃវែង បានច្រានចោលការវាយតម្លៃដែលចោទថា ព្រឹត្តិការណ៍ព្យួរអភ័យឯកសិទ្ធិតំណាងរាស្ដ្ររបស់គណបក្សសម រង្ស៊ីនេះគឺជាគោលការណ៍នយោបាយរបស់គណបក្សខ្លួននោះ។
«មិនមែនជាការគាបសង្កត់ មិនមែននយោបាយអីទេ។ ជានិច្ចកាល កម្ពុជាគោរពអនុវត្តទៅតាមច្បាប់ ដែលនៅមានជាធរមាន។ មិនមែនយករឿងហ្នឹង ជាងរឿងនយោបាយទេ ពីព្រោះថា គណបក្សសម រង្ស៊ី ខ្ញុំទាយថា បើទោះបីធ្វើយ៉ាម៉េច ឲ្យប្រកាច់ប្រកិនលោកសម រង្ស៊ី ឬនរណាក៏ដោយ ក៏មិនអាចឈ្នះគណបក្សប្រជាជនកម្ពុជាបានដែរ ព្រោះខ្ញុំនៅមូលដ្ឋានជារៀងរាល់ថ្ងៃ»។
រដ្ឋធម្មនុញចែងថា តំណាងរាស្ដ្រនឹងត្រូវដកហូត ឬព្យួរអភ័យឯកសិទ្ធិបាន ល្គឹកណាតំណាងរាស្ដ្រដែលជាប់ពាក់ព័ន្ធ ត្រូវគេរកឃើញថា បានប្រព្រឹត្តិបទល្មើសជាក់ស្ដែង។ លោកជាម យៀបមិនបានបកស្រាយចំៗត្រង់ចំណុចនេះទេ ក៏ប៉ុន្ដែលោកបកស្រាយថា លោកចាន់ ចេងបានដឹកជញ្ជូន«ទណ្ឌិត»ក្នុងរថយន្តរបស់ខ្លួនគឺទណ្ឌិតដែលត្រូវតុលាការចោទប្រកាន់រួចទៅហើយនោះ៕