ភ្នំពេញ៖ តុលាការក្រុងភ្នំពេញនៅថ្ងៃព្រហស្បតិ៍នេះបានសម្រេចផ្តន្ទាទោសអ្នកស្រីយ៉ោម បុប្ជាឲ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំនិងពិន័យជាប្រាក់ចំនួន៦០លានរៀលគឺប្រមាណជាង១៦.000ដុល្លារសហរដ្ឋអាមេរិកទៅឲ្យជនរងគ្រោះពីរនាក់ បន្ទាប់ពីតុលាការបានសម្រេចថា អ្នកស្រីជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើហិង្សាកាលពីខែសីហាឆ្នាំ២០១២។
តុលាការក្រុងភ្នំពេញបានចាប់ផ្តើមបើកសវនាការជំនុំជំរះរយៈពេលពីរថ្ងៃលើករណីលោកស្រីយ៉ោម បុប្ជានិងស្វាម៉ីលោកស្រីគឺឈ្មោះលួស សាខនក្នុងបទចោទប្រកាន់ដូចគ្នាថា ប្រព្រឹត្តអំពើហិង្សាដោយចេតនា ដោយមានស្ថានទម្ងន់ទោស។
លោក សួស សំអាត ប្រធានចៅក្រមជំនុំជំរះ បានប្រកាសផ្តន្ទាទោសអ្នកស្រីយ៉ោម បុប្ជាឲ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំ ចំណែកលោកលួស សាខនត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំដូចគ្នាដែរក៏ប៉ុន្តែទោសទាំងនោះត្រូវព្យួរ។
លោកសួស សំអាតក៏បានបង្គាប់ឲ្យចេញដិការចាប់ខ្លួនបងប្អូនរបស់អ្នកស្រីយ៉ោម បុប្ជាចំនួនពីររូបគឺលោកយ៉ោម កន្លង់ និងលោកយ៉ោម សិត ដើម្បីយកមកឃុំខ្លួនក្នុងពន្ធនាគារព្រៃស បន្ទាប់ពីតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំដូចអ្នកស្រីយ៉ោម បុប្ជាដែរ។
លោកប្រធានចៅក្រមជំនុំជំរះបានសម្រេចថា អ្នកស្រីពិតជាបានបញ្ជាឲ្យបងប្អូនអ្នកស្រីពីរនាក់ប្រព្រឹត្តអំពើហិង្សាទៅលើជនរងគ្រោះចំនួនពីររូបគឺង៉ែត ចិត្ត និងលោកវ៉ាត់ ថៃសេង ដែលបានប្រព្រឹត្តកាលពីខែសីហា។
បន្ទាប់ពីគេបណ្តើរចេញពីបន្ទប់ជំរុំជំរះរបស់តុលាការ អ្នកស្រីយ៉ោម បុប្ជាបាននិយាយប្រាប់អ្នកកាសែតថា អ្នកស្រីបានរងនូវអយុត្តិធម៌ ហើយអ្នកស្រីសង្ឃឹមថា តុលាការខ្មែរនៅថ្ងៃណាមួយនឹងមានការប្តូរផ្លាស់។
«ពេលនេះខ្ញុំជឿថា ថ្ងៃណាមួយខ្ញុំនឹងអាចរកយុត្តិធម៌បានសម្រាប់ខ្លួនខ្ញុំនិងក្រុមគ្រួសារខ្ញុំ។ អយុត្តិធម៌ណាស់! នេះហើយសង្គមដុល្លារ! សង្គមលុយ!»
អ្នកស្រីយ៉ោម បុប្ជា អាយុ៣១ឆ្នាំសកម្មជនតវ៉ារឿងវិវាទដីធ្លីនៅតំបន់បឹងកក់ត្រូវបានអាជ្ញាធររដ្ឋាភិបាលចាប់ខ្លួនកាលពីថ្ងៃទី៤ ខែកញ្ញា ក្នុងខណៈពេលដែលអ្នកស្រីកំពុងធ្វើដំណើរជាមួយស្វាម៉ីតាមបណ្តោយផ្លូវព្រះមុន្នីវង្ស។ អាជ្ញាធរបានចោទប្រកាន់អ្នកស្រីពីបទប្រព្រឹត្តអំពើហិង្សាដោយចេតនាដោយមានស្ថានទម្ងន់ទោសដែលបានប្រព្រឹត្តកាលពីថ្ងៃកាលពីថ្ងៃទី៧ខែសីហាឆ្នាំ២០១២នៅក្នុងតំបន់បឹងកក់។
លោកចាន់ សុជាតិ មេធាវីការពារក្តីលោកស្រីយ៉ោម បុប្ជា បាននិយាយថា កូនក្តីរបស់លោកមិនទាន់បានទទួលយុត្តិធម៌គ្រប់គ្រាន់ទេ ដោយសារមានវិមតិសង្ស័យជាច្រើន។ លោកបាននិយាយថា លោកនឹងពិចាណារជាមួយកូនក្តីរបស់លោកដើម្បីប្តឹងទាស់ទៅកាន់សាលាឧទ្ធរណ៍។
«មានដូចជា ចម្លើយសាក្សី ដូចជា និយាយមិនត្រឹមត្រូវ និងមិនពិតប្រាកដ។យើងមិនអាចដឹងដែរ តែបើផ្អែកតាមសម្តីគាត់នៅក្នុងឯកសារ មានការប្រែប្រួសមិនច្បាស់លាស់»។
លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាននៅខាងក្រៅអគារតុលាការថា លោកមានការសោកស្តាយចំពោះការសម្រេចសេចក្តីនេះ។ លោកបាននិយាយថា នៅក្នុងសវនាការមិនមានភស្តុតាងអ្វីមកដាក់បន្ទុកទៅលើជនជាប់ចោទទេ។
«ជារឿងមួយអយុត្តិធម៌សម្រាប់លោកស្រីយ៉ោម បុប្ជា សម្រាប់ក្រុមគ្រួសាររបស់លោក សម្រាប់ប្រជាពលរដ្ឋនៅបឹងកក់ផងដែរ។ ចំពោះខ្ញុំ វាគឺជាការព្យាយាមរារាំងការតវ៉ារបស់សកម្មជននៅភូមិបឹងកក់ផងដែរ»។
លោកវ៉ាត់ ថៃសេង ជនរងគ្រោះមួយរូបក្នុងអំពើហិង្សាកាលពីខែសីហា បាននិយាយថា តុលាការពិតជាបានផ្តល់យុត្តិធម៌ដល់រូបលោក។
«បាទ! ខ្ញុំយល់ថា ខ្ញុំមានចិត្តសប្បាយរីករាយ ដែលចៅក្រមបានកាត់ក្តីមក វាពិតជាយុត្តិធម៌មែន ពីព្រោះខ្ញុំជាជនរងគ្រោះដែលត្រឹមត្រូវ មិនធ្វើខុស»។
នៅខាងក្រៅអគារតុលាការ មានការតវ៉ាពីក្រុមតំណាងអ្នកភូមិបឹងកក់ និងអ្នកភូមិបូរីកីឡា ដែលមកគាំទ្រអ្នកស្រីយ៉ោម បុប្ជានិងស្វាម៉ី។ ចំណែកមួយក្រុមទៀតដែលអះអាងថា តំណាងក្រុមអ្នករត់ម៉ូតូឌុប និងអ្នករត់រឺម៉កកង់បីបានមកតវ៉ាប្រឆាំងនិងអ្នកស្រីយ៉ោម បុប្ជា។
លោកឯ សុភាស់ ប្រធានសមាគមរួមគ្នាដើម្បីកម្ពុជាដែលអះអាងថា ជាតំណាងឲ្យក្រុមអ្នករត់ម៉ូតូឌុប និងអ្នករត់រឺម៉កកង់បី បាននិយាយថា លោកគាំទ្រសេចក្តីសម្រេចរបស់តុលាការ។
«លទ្ធផលតុលាការផ្តល់ភាពយុត្តិធម៌ដល់ពួកយើងខ្ញុំ។ ខ្ញុំសប្បាយចិត្ត។ អ្វីដែលខ្ញុំខំមកហាលក្តៅ ហាលខ្យល់គោលបំណងចង់បង្ហាញថា ពួកយើងខ្ញុំអ្នករត់ម៉ូតូឌុបរឺម៉កទេសចរណ៍ក៏មានសិទ្ធិដូចគេដែរ»។
ចំណែកក្រុមតំណាងអ្នកភូមិបឹងកក់និងបូរីកីឡាបានព្យាយាមបុករបាំងការពាររបស់សម្ថកិច្ច បន្ទាប់ពីការប្រកាសសាលក្រមរបស់តុលាការ។
យ៉ាងតិចមានស្រ្តីចំនួនបួននាក់បានដួលសន្លប់ ដោយសារសមត្ថកិច្ចឆក់និងដំបងឆក់។ នេះបើតាមសាក្សីឃើញផ្ទាល់ភ្នែក។
ក្រុមអ្នកតវ៉ាស្រែកថា៖
«បញ្ជូនអ្នកទោសទៅបាត់ហើយ ទុកធ្វើអ្វី»។
អ្នកស្រីទេព វន្នី តំណាងអ្នកភូមិបឹងកក់ បានស្រែកយំ និងមានរិះគន់តុលាការថាមានភាពអយុត្តិធម៌ចំពោះអ្នកភូមិបឹងកក់ បើប្រៀបធៀបនឹងករណីលោកឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ដែលជាប់ចោទថា បានបាញ់កម្មការិនីបីនាក់ឲ្យរងរបួស តែត្រូវបានតុលាការខេត្តស្វាយរៀងលើកលែងការចោទប្រកាន់។
«បើសង្គមនៅតែបែបនេះ ពួកខ្ញុំរស់បានដល់ពេលណាទៀត។ ពួកខ្ញុំជាអ្នកក្រជាអ្នករងគ្រោះ។ ពួកខ្ញុំមិនអាចរស់នៅបានសុខទេ។ គេនឹងប្រើគ្រប់វិធីសាស្ត្រដើម្បីធ្វើបាបពួកខ្ញុំ។ តើអ្នកណាជួយពួកខ្ញុំបាន? ជួយពួកខ្ញុំផង»។
លោកលួស សាខន ស្វាមីយអ្នកស្រីយ៉ោម បុប្ចា បន្ទាប់ពីតុលាការបានប្រកាសឲ្យរួចផុតពីការចោទប្រកាន់ លោកបានស្រែកថា អយុត្តិធម៌ ហើយលោកនឹងប្តឹងទាស់ទៅសាលាឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចរបស់សាលាដំបូងក្រុងភ្នំពេញ៕