សាលាដំបូងរបស់សាលាក្ដីខ្មែរក្រហមនឹងចាប់ផ្ដើមសវនាការរយៈពេលមួយខែក្នុងសំណុំរឿង០០២ ចាប់ពីថ្ងៃអង្គារសប្ដាហ៍ក្រោយនេះតទៅ ដើម្បីបន្ដពិនិត្យលើភស្ដុតាងនានាទាក់ទងនឹងការចោទប្រកាន់ជនជាប់សង្ស័យចំនួនបីនាក់ក្នុងសំណុំរឿងនេះ។ នោះគឺនួន ជា អតីតប្រធានសភា អៀង សារី អតីតរដ្ឋមន្ដ្រីការបរទេស និងខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួកកុម្មុយនិស្ដខ្មែរក្រហម។ របបនេះបានបង្កឲ្យប្រជាពលរដ្ឋកម្ពុជាយ៉ាងតិច១,៧លាននាក់ស្លាប់បាត់បង់ជីវិត។
លោកនេត្រ ភក្ដ្រា អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម មានប្រសាសន៍នៅថ្ងៃច័ន្ទនេះថា តុលាការនឹងធ្វើការសួរដេញដោលពីការជាប់ទាក់ទងគ្នានៃការដឹកនាំអំណាចនៅក្នុងរបបនេះ។
«គេនឹងបន្ដចោទសួរទៅលើរចនាសម្ព័ន្ធរដ្ឋបាល និងរចនាសម្ព័ន្ធនៃការប្រាស្រ័យទាក់ទងគ្នាផ្នែកការងារក្នុងរបបខ្មែរក្រហម»។
អង្គជំនុំជម្រះសាលាដំបូងបានចាប់ផ្ដើមបើកសវនាការដែលផ្តោតលើភស្ដុតាងលើសំណុំរឿង០០២ ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០១១។ សវនាការនោះផ្តោតលើការជម្លៀសប្រជាពលរដ្ឋកម្ពុជាចេញពីលំនៅដ្ឋានដោយបង្ខំ បន្ទាប់ពីពួកកងទ័ពឯកសណ្ឋានខ្មៅខ្មែរក្រហមបានឡើងកាន់អំណាចកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រួមទាំងឧក្រិដ្ឋកម្មនានា ដែលបានកើតឡើងក្នុងពេលនោះ។ ក្នុងអំឡុងពេលសវនាការនោះ នួន ជា និងខៀវ សំផនបានច្រានចោលការទទួលខុសត្រូវចំពោះការស្លាប់របស់ប្រជាពលរដ្ឋខ្មែរ រីឯអៀង សារី បានបដិសេធមិនព្រមឆ្លើយនឹងសំណួរផ្សេងៗទេ ក្នុងពេលសវនាការ។ មួយវិញទៀត នួន ជា ដែលមានវ័យ៨៥ឆ្នាំនៅឆ្នាំនេះ បានស្ដីបន្ទោសលើការជាប់ពាក់ព័ន្ធរបស់ប្រទេសវៀតណាមក្នុងការស្លាប់របស់ជនរងគ្រោះ។ សាក្សី និងដើមបណ្ដឹងរដ្ឋប្បវេណីចំនួនបីនាក់ត្រូវបានកោះហៅឲ្យចូលបំភ្លឺ ក្នុងនោះមានដើមបណ្ដឹងរដ្ឋប្បវេណីជនជាតិដើមភាគតិចចំនួនពីររូបមកពីខេត្តរតនគិរី។
លោកនេត្រ ភក្ដ្រាបញ្ជាក់ថា ដើមបណ្ដឹងរដ្ឋប្បវេណីទាំងពីររូបនេះនឹងត្រូវកោះហៅឲ្យចូលសវនាការម្ដងទៀតក្នុងការកាត់ក្ដីលើកនេះ ។
សូមបញ្ជាក់ថា អង្គជំនុំជម្រះសាលាដំបូងបានបែងចែកការជម្លៀសចេញរបស់ពួកខ្មែរក្រហមជាពីរដំណាក់កាល។ គឺដំណាក់កាលទីមួយ ការបណ្ដេញប្រជាជនក្រុងភ្នំពេញ និងបណ្ដាខេត្តនានាភា្លមៗ បន្ទាប់ពីពួកខ្មែរក្រហមឡើងកាន់អំណាច និងដំណាក់កាលទីពីរ គឺជាការជម្លៀសប្រជាជនចេញពីកន្លែងពួកគេរស់នៅទៅកាន់តំបន់ពាយព្យប្រទេស ក្នុងអំឡុងពេលដែលពួកខ្មែរក្រហមកាន់អំណាចពេញដៃ។ សាលាក្ដីខ្មែរក្រហមបានបែងចែកថា ការជម្លៀសដែលបង្កឲ្យមានការស្លាប់ប្រជាពលរដ្ឋខ្មែរក្នុងពេលនោះស្ថិតក្រោមការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម លោកនេត្រ ភក្ដ្រាបញ្ជាក់ថាមានសាក្សី និងអ្នកជំនាញសរុបចំនួន២០រូបនឹងចូលរួមក្នុងសវនាការរយៈពេលមួយខែនេះ។
«គឺនឹងមានសាក្សី មានដើមបណ្ដឹងរដ្ឋប្បវេណី និងអ្នកជំនាញប្រមាណ២០រូប នឹងឡើងផ្ដល់សក្ខីកម្ម ធ្វើសេចក្ដីថ្លែងការណ៍ និងការពន្យល់ទាក់ទងនឹងបទចោទប្រកាន់ និងប្រវត្តិនៃបក្សកុម្មុយនិស្ដកម្ពុជា ដែលទាក់ទងនឹងការជម្លៀសប្រជាជនដំណាក់កាលទីមួយ និងទីពីរ និងបទចោទទាក់ទងនឹងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ»។
យោងតាមកម្មវិធីរបស់អង្គជំនុំជម្រះសាលាដំបូង ការកាត់ក្ដីលើសំណុំរឿង០០២ ទាក់ទងនឹងការជម្លៀសប្រជាជនកម្ពុជាដោយបង្ខំនេះ នឹងបន្ដឡើងវិញនៅថ្ងៃទី១២ ខែមិនា បន្ទាប់ពីការកាត់ទោសនឹងត្រូវផ្អាកនៅក្នុងខែកុម្ភៈ។
លោកនេត្រ ភក្រ្តា អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមបន្ថែមថា បន្ទាប់ពីការកាត់ទោសលើផ្នែកនេះ អង្គជំនុំជម្រះសាលាដំបូងនឹងចេញសាលក្រមមួយដើម្បីកំណត់ទោសជនជាប់ចោទដំណាក់កាលទីមួយ៕