នៅថ្ងៃច័ន្ទនេះសហចៅក្រមស៊ើបអង្កេតបម្រុងអន្តរជាតិនៅសាលាក្តីខ្មែរក្រហមបានសម្តែងការខកចិត្តចំពោះការមិនទាន់តែងតាំងរូបលោកឲ្យធ្វើជាសហចៅក្រមស៊ើបអង្កេតពេញសិទិ្ធ ដើម្បីដំណើរការស៊ើបអង្កេតសំណុំរឿង០០៣ និង០០៤។
លោកឡូរ៉ង់ កាស្ពែរ អានសឺមេត (Laurent Kasper-Ansermet) ត្រូវបានតែងតាំងដោយអគ្គលេខាធិការអង្គការសហប្រជាជាតិសម្រាប់តំណែងសហចៅក្រមស៊ើបអង្កេតនៅសាលាក្តីខ្មែរក្រហមក្នុងខែតុលាជំនួសលោក ស៊ីកហ្វ្រិក ប៊្លុង(Siegfried Blunk)ដែលបានលាឈប់ដោយគ្មានបញ្ជាក់មូលហេតុ។ ប៉ុនែ្តរហូតមកដល់ពេលនេះ លោកមិនទាន់ត្រូវបានតែងតាំងជាផ្លូវការពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមរបស់ប្រទេសកម្ពុជាទេ។
លោក ឡូរ៉ង់ បានបញ្ជាក់នៅក្នុងសារអេឡិកត្រូនិកតាមសម្តីដើមថា៖ «ការសម្រេចចិត្តរបស់ខ្ញុំបានទទួលស្គាល់សិទិ្ធ ដើម្បីស៊ើបអង្កេតសំណុំរឿង០០៣ និង០០៤។ គេត្រូវតែពន្យល់ពីការប្រឆាំងចំពោះការតែងតាំងរូបខ្ញុំជាផ្លូវការ»។
ក្រុមអង្គការសិទិ្ធមនុស្សជាតិនិងអន្តរជាតិបានចោទប្រកាន់រដ្ឋាភិបាលកម្ពុជាអំពីការប្រើកលល្បិចតែងតាំងលោកចៅក្រមអន្តរជាតិ ឡូរ៉ង់ កាស្ពែរ អានសឺមេតដោយហេតុផលនយោបាយ ខណៈដែលលោកមានបំណងយ៉ាងមោះមុតក្នុងការស៊ើបអង្កេតសំណុំរឿង០០៣ និង០០៤។
លោក កែវ រ៉េមី អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សប្រចាំទីស្តីការគណៈរដ្ឋមន្រ្តី បានចេញមកបដិសេធការចោទប្រកាន់នេះ ហើយបានរិះគន់អង្គការទាំងនេះថាបានគាបសង្កត់ និងបានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមដែលជាស្ថាប័នតុលាការជាន់ខ្ពស់។
«ទាក់ទងរឿងការតែងតាំងអង្គការសហប្រជាជាតិជាអ្នកដាក់ស្នើបេក្ខភាព ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមជាអ្នកតែងតាំង។វាអត់មានអី្វដែលយឺតពេល ធ្វើកិច្ចការលឿនផងប៉ុណ្ណឹង។ ពួកហ្នឹងមកបង្ខំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមិនកើតទេ»។
លោក ឡាស អល់សិន អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានថ្លែងថា ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមានតួនាទីតែងតាំងសហចៅក្រម។
ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមបានកោះប្រជុំកាលពីថ្ងៃសុក្រ ដើម្បីពិភាក្សាអំពីការតែងតាំងលោកឡូរ៉ង់ ប៉ុន្តែសមាជិកឧត្តមក្រុមប្រឹក្សានេះមិនអាចឈានដល់ការសម្រេចលើការតែងតាំងនេះទេ។
លោក ឡុង បញ្ញាវុធ មន្រ្តីគម្រោងនៃអង្គការគំនិតផ្តួចផ្តើមយុត្តិធម៌សេរី បានបញ្ជាក់យ៉ាងដូច្នេះថា៖
«វាជាការណ៍ចាំបាច់ដែលត្រូវការតែងតាំងជាបន្ទាន់ ពីព្រោះអី្វកាលមានការយឺតយ៉ាវនៅខាងក្នុងនឹង វាធើ្វឲ្យយឺតយ៉ាវដល់ដំណើរការស៊ើបអង្កេតក្នុងសំណុំរឿង០០៣ និង០០៤ ហើយវាក៏អាចធើ្វឲ្យអូសបន្លាយដល់អាយុកាលនៃសាលាក្តីខ្មែរក្រហមដែរ»។
នៅក្នុងខែធ្នូ ឆ្នាំ២០១១ លោក ឡូរ៉ង់បានបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការផ្តល់ព័ត៌មានឲ្យបានគ្រប់គ្រាន់ដល់សាធារណជនទាក់ទងនឹងដំណើរវិវឌ្ឍន៍សំខាន់ៗនៅក្នុងសំណុំរឿង០០៣ និង០០៤។
កាលពីសបា្តហ៍មុន ភាគីជាតិទាំងអស់នៅសាលាក្តីខ្មែរក្រហមបានចោទសហចៅក្រមស៊ើបអង្កេតបម្រុងអន្តរជាតិរូបនេះថាបានធ្វើសេចក្តីប្រកាសព័ត៌មានមួយ ដែលទង្វើនេះគឺជាការលួចធ្វើនៅពីក្រោយខ្នងរបស់ភាគីខាងជាតិទាំងអស់៕