ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនរងគ្រោះ​ការរំលោភដី​ខេត្ត​កោះកុង​ឈប់​បិទផ្លូវ​


ពលរដ្ឋ​ប្រមាណ ​២០០​នាក់​​បាន​បិទ​ផ្លូវ​ជាតិ​លេខ​៤៨ ​ភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ​ ៤ ​ឆ្ពោះ​ទី​កាន់​ខេត្ត​កោះកុង។
ពលរដ្ឋ​ប្រមាណ ​២០០​នាក់​​បាន​បិទ​ផ្លូវ​ជាតិ​លេខ​៤៨ ​ភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ​ ៤ ​ឆ្ពោះ​ទី​កាន់​ខេត្ត​កោះកុង។

ប្រជាពលរដ្ឋ​នៃ​ឃុំ​ជីខលើ ​ស្រុក​ស្រែអំបិល ​ខេត្ត​កោះកុង ​បាន​សម្រេច​ចិត្ត​បញ្ឈប់​ការ​បិទ​ផ្លូវ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ​ ដោយ​ពុំ​មាន​ដំណោះស្រាយ​ណាមួយ​ពី​អាជ្ញាធរ​ខេត្ត។

កាល​ពី​ថ្ងៃ​សៅរ៍​ប្រជាពលរដ្ឋ​ប្រមាណ ​២០០​នាក់​តំណាង​ឲ្យ​ ២២០​គ្រួសារ ​មក​ពី​ភូមិ​ចំនួន​បី​ គឺ​ភូមិ​ជីខ ​ ភូមិ​ឈូក ​និង​ភូមិ​ត្រពាំងកណ្ដោល​ នៃ​ឃុំ​ជីខលើ ​និង​ប្រាំបី​គ្រួសារ​មក​ពី​ឃុំ​ជីខក្រោម ​បាន​បិទ​ផ្លូវ​ជាតិ​លេខ​៤៨ ​ភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ​ ៤ ​ឆ្ពោះ​ទី​កាន់​ខេត្ត​កោះកុង ​ពេញ​មួយ​ថ្ងៃ​ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​និង​តុលាការ​ខេត្ត​កោះកុង​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួក​គេ ​ដែល​ពួក​គេ​អះអាង​ថា ​ត្រូវ​រំលោភ​បំពាន​យក​ដោយ​ក្រុមហ៊ុន Koh Kong Sugar Industry Ltd របស់​លោក​ឧកញ៉ា ​លី ​យុងផាត់ ​ព្រឹទ្ធ​សមាជិក​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច ​និង​ជា​ឈ្មួញ​ល្បី​ឈ្មោះ​ម្នាក់​នៅ​កម្ពុជា។

លោក​ ចាន់ ​សាវ៉េត ​អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​របស់​អង្គការការពារ​សិទ្ធិ​មនុស្ស​អាដហុក ​ដែល​បាន​តាម​ឃ្លាំមើល​ការ​តវ៉ា​របស់​ក្រុម​អ្នក​ភូមិ​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​ការ​ដកថយ​របស់​ក្រុម​ប្រជាពលរដ្ឋ​ដោយសារ​តែ​ពុំមាន​ការ​អើពើ​ពី​អាជ្ញាធរ​មូលដ្ឋាន។

«ពួក​គេ​ធ្វើ​មិន​ដឹង​មិន​ឮ ​គ្មាន​ចម្លើយ​ឆ្លើយតប ​គឺ​ប្រជាពលរដ្ឋ​នាំ​គ្នា​ត្រឡប់​ទៅវិញ​ដោយ​ស្ម័គ្រចិត្ត»។

ទំនាស់​ដីធ្លី​រវាង​ក្រុម​ប្រជាពលរដ្ឋ​ខាង​លើ​បាន​ផ្ទុះឡើង​ចាប់​តាំង​ពី​ខែ​ឧសភា ​ឆ្នាំ​២០០៦ ​មក​ម្លេះ។

ក្រុម​ប្រជាពលរដ្ឋ​លើក​ឡើង​ថា​ ដី​របស់​ពួក​គេ​សរុប​ចំនួន​ជាង​១៤៩០​ហិចតា​ ត្រូវ​បាន​រំលោភ​យក។

លោក ​តេង​ កៅ ​អ្នក​ភូមិ​ឈូក ​បាន​រៀបរាប់​កាល​ពី​ថ្ងៃ​សៅរ៍​ថា ​ប្រជាពលរដ្ឋ​បាន​ប្រឹងប្រែង​តស៊ូ​ ដើម្បី​ការពារ​ដី​របស់​ខ្លួន​គ្រប់​មធ្យោបាយ​នៅ​តែ​គ្មាន​ដំណោះស្រាយ។

«គឺ​ចាប់​ពី​ខែ​ឧសភា ​ឆ្នាំ​២០០៦ ​រហូត​ដល់​ពួក​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើជើង​ទៅ​ភ្នំពេញ ​តែ​អត់​មាន​ដំណោះស្រាយ។ ហើយ​ពួក​ខ្ញុំ​បាន​ទៅ​ដាក់​ពាក្យ​បណ្ដឹង​នៅ​ថ្ងៃ​ទី​៧ ​ខែ​កុម្ភៈ ​ឆ្នាំ​២០០៧ ​នៅ​តុលាការ​ខេត្ត​កោះកុង ​ក៏​នៅ​តែ​អត់​មាន​ដំណោះស្រាយ។ ​បើ​សិន​ជា​ស្រែក​រក​សម្តេច​ គឺ​រាប់​ភ្លេច។​ មិន​ដឹង​ជា​យ៉ាង​ម៉េច ​បើ​សិន​ជា​សម្តេច​ ឮ​ហេតុអ្វី​បាន​ជា​គាត់​នៅ​សំងំ»។

លោក ​ទួត ​សីហា ​អភិបាល​ស្រុក​ស្រែអំបិល ​បាន​ចេញ​មុខ​សម្រួល​នៅ​ចំពោះ​មុខ​ក្រុម​ប្រជាពលរដ្ឋ​ដើម្បី​ឲ្យ​ពួក​គាត់​បើក​ផ្លូវ​ដោយ​សន្យា​ថា ​នឹង​ជួយ​នាំសំណូមពរ​របស់​ពួក​គេ​ទៅ​កាន់​ថ្នាក់​លើ​របស់​គាត់​ដោះស្រាយ។

«វា​ហួស​សមត្ថកិច្ច​របស់​អាជ្ញាធរ​ស្រុក។ ​អាជ្ញាធរ​ស្រុក​ពុំ​មាន​សិទ្ធិ​លូកដៃ​ក្នុង​រឿង​តុលាការ ​ប៉ុន្ដែ​មាន​សិទ្ធិ​សំណូមពរ ​និង​មាន​សំណើរ​ដោយ​មាន​ការ​ផ្តិត​មេដៃ​ និង​មាន​ការ​ទទួល​ខុស​ត្រូវ»។

ក្រុម​ប្រជាពលរដ្ឋ​បាន​ស្រែក​ស្រុះ​គ្នា​ភ្លាមៗ​ ជំទាស់​ទៅ​នឹង​អ្វី​ដែល​ពួក​គេ​លើក​ឡើង​ថា ​ជា​ការ​សន្យា​ដដែលៗ។

លោក​ចៅក្រម ​ហួន ​ម៉ានី ​ប្រធាន​តុលាការ​ខេត្ត​កោះកុង ​និង​លោក​ហេង ​កេសរោ ​ចៅក្រម​ទទួល​បន្ទុក​សំណុំរឿង​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​មិន​អាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃ​នេះ។

លោក ​អ៊ីន ​គង់ជិត ​អ្នក​សម្របសម្រួល​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស ​លីកាដូ​ ប្រចាំ​ខេត្ត​កោះកុង ​មាន​ប្រសាសន៍​ថា​ ការ​ពន្យាពេល​ដោះស្រាយ​ទំនាស់​ដីធ្លី​របស់​ក្រុម​ប្រជាពលរដ្ឋ​នេះ ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ពួកគេ​យ៉ាង​ខ្លាំង ​ហើយ​បាន​ធ្វើ​ឲ្យ​ពួកគេ​ទទួល​រងគ្រោះ​មួយ​កម្រិត​ទៀត។​

លោក ​អ៊ីន ​គង់ជិត ​កត់​សម្គាល់​ថា ​តុលាការ​ហាក់ដូច​ជា​មិន​មាន​ឥទ្ធិពល​ក្នុង​ការ​ដោះស្រាយ​សំណុំ​រឿង​នេះ​ទេ។

«មូលហេតុ​ដែល​គ្មាន​ដំណោះស្រាយ ​ដោយសារ​ចៅក្រម​ខ្វះ​ឯករាជ្យភាព​ក្នុង​ការ​ចាត់ការ​រឿងក្ដី​ដោយសារ​ពេល​ឃើញ​ប្រជាពលរដ្ឋ​ទន់ខ្សោយ​ប្តឹង​ជាមួយ​អ្នក​មានអំណាច​គាត់​នៅ​ទ្រឹង។​ គឺ​សំណុំរឿង​ហាក់ដូច​ជា​តម្កល់​ឥត​ចាត់ការ»។

ក្នុង​ខេត្ត​កោះកុង​មាន​ទំនាស់ដីធ្លី​ធំ​ៗ​ចំនួន ​១៦​ករណី​ ដែល​មិន​អាច​ដោះស្រាយ​ចេញ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ទៅ​ហើយ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អង្គការ​លីកាដូ។ ​ក្នុង​ចំណោមនោះ ​ប្រាំពីរ​ករណី​ជា​ទំនាស់​ដីធ្លី​រវាង​ក្រុម​ប្រជាពលរដ្ឋ​ជាមួយ​នឹង​ក្រុមហ៊ុន​ឯកជន​មួយ​ ជាមួយ​ស្ថាប័ន​រដ្ឋ ​និងមួយ​ជាមួយ​អ្នក​មាន​អំណាច​ មាន​ឥទ្ធិពល៕

XS
SM
MD
LG