តុលាការខេត្តកោះកុងនៅថ្ងៃសុក្រនេះ បានសម្រេចឃុំខ្លួនជនសង្ស័យមួយរូប ពីបទជាប់ពាក់ព័ន្ធនឹងការបាញ់សម្លាប់ លោកឈុត វុទ្ធី សកម្មជនការពារព្រៃឈើ និងលោកអ៊ិន រតនា មន្ត្រីកងរាជអាវុធហត្ថ កាលពីថ្ងៃទី២៦ ខែមេសា។ នេះបើតាមការបញ្ជាក់ពីមន្ត្រីការពារសិទ្ធិមនុស្ស។
លោក ចាន់ សាវ៉េត មន្ត្រីការពារសិទ្ធិមនុស្សរបស់សមាគមសិទ្ធិមនុស្សអាដហុក បានមានប្រសាសន៍នៅថ្ងៃសុក្រនេះថា រ៉ាន់ ប៊ុនរ័ត្ន អាយុ២៧ឆ្នាំ មន្ត្រីសន្តិសុខនៃក្រុមហ៊ុនធីមប៊ឺគ្រីន ត្រូវបានតុលាការចោទប្រកាន់ពីបទមនុស្សឃាតដោយអចេតនាតាមមាត្រាទី២០៧ នៃក្រមព្រហ្មទណ្មថ្មី។ លោកបានមានប្រសាសន៍ថា ប្រសិនណាបើតុលាការរកឃើញថាមានទោសកំហុសជនសង្ស័យអាចនឹងប្រឈមជាប់ពន្ធនាគាររយៈពេលមួយឆ្នាំទៅបីឆ្នាំ និងពិន័យជាប្រាក់ប្រមាណពី២លានរៀល ទៅប្រាំមួយលានរៀល។
លោកបានមានប្រសាសន៍ទៀតថា ការចោទប្រកាន់នេះហាក់បីដូចជាស្រាលពេកនឹងហាក់បីដូចជារឿងមួយដែលមិនអាចជឿទុកចិត្តបាន ដោយសារតែខ្លាចក្រែងលោកព្រះរាជអាជ្ញាស៊ើបអង្កេតមិនបានដិតដល់ និងខ្វះចន្លោះព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថ។
«វាហាក់បីដូចជាយើងមានការភ្ងាក់ផ្អើលខ្លាំង ហើយយើងក៏មានការសោកស្តាយដែរ ប្រសិនបើលោកព្រះរាជអាជ្ញារកឃើញថាឈ្មោះថា រ៉ាន់ ប៊ុនរ័ត្ន មិនមែនជាអ្នកជនដៃដល់អាចធ្វើការស៊ើបអង្កេតឲ្យបានច្រើនបន្តិចនឹងអាចរកឃើញថាតើអ្នកណាជាអ្នកនៅពីក្រោយខ្នង»។
លោកព្រះរាជអាជ្ញារងស្រី ម៉ាកនី និងលោកមីន មករា ចៅក្រមស៊ើបសួរនៃតុលាការខេត្តកោះកុង រួមទាំងលោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ ប្រធានគណៈកម្មាធិការស៊ើបអង្កេតករណីបាញ់សម្លាប់លោក ឈុត វុទ្ធី និងលោកអ៊ិន រតនា មិនអាចស្នើសុំដើម្បីទំនាក់ទំនងបានទេនៅថ្ងៃសុក្រនេះ។
លោក ហ៊ុន រ៉ាត់ អាយុ៥៧ឆ្នាំ រស់នៅឃុំដងទង់ ស្រុកដងទង់ ខេត្តកោះកុង ដែលត្រូវជាឪពុករបស់លោករ៉ាន់ ប៊ុនរ័ត្ន បានមានប្រសាសន៍ថា លោកមិនបានដឹងពីករណីនេះទេ ដោយសារតែលោកមិនបាននៅកន្លែងកើតហេតុ។ លោកបានមានប្រសាសន៍ថា លោកបានជួលមេធាវីឲ្យការពារកូនរបស់គាត់ហើយ។ ក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយមេធាវីការពារជនជាប់ចោទមិនអាចទាក់ទងបាន។
លោកឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ និងលោកអ៊ិន រតនា មន្ត្រីកងរាជអាវុធហត្ថត្រូវបានបាញ់សម្លាប់កាលពីថ្ងៃទី២៦ ខែមេសា នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ឃាតកម្មរបស់អ្នកទាំងពីរនេះបានបង្កឲ្យមានការមន្ទិលសង្ស័យយ៉ាងខ្លាំងពីការសម្លាប់លោកឈិត វុទ្ធី ដោយសារតែលោកមានសកម្មភាពលេចធ្លោនៅក្នុងការការពារធនធានធម្មជាតិ។ ចំណែកឯលោកអ៊ិន រតនា សង្ស័យថាមានជនទី៣ជាអ្នកសម្លាប់បំបិតមាត់ក្រោយពីលោកបានបាញ់សម្លាប់លោកឈុត វុទ្ធី។
ស្ថានទូតសហរដ្ឋអាមេរិករួមទាំងសហភាពអ៊ឺរ៉ុបបានរួមគ្នាជំរុញឲ្យរដ្ឋាភិបាលកម្ពុជាស៊ើបអង្កេតឲ្យបានពេញេលេញតម្លាភាព និងអាចជឿទុកចិត្តបានទៅលើករណីបាញ់សម្លាប់អ្នកទាំងពីរនេះ។
នៅថ្ងៃសៅរ៍នេះ រដ្ឋាភិបាលកម្ពុជានឹងធ្វើសន្និសីទកាសែតជាលើកដំបូងស្តីពីការបាញ់សម្លាប់លោកឈុត វុទ្ធី និងលោកអ៊ិន រតនា ក៏ប៉ុន្តែគេមិនទាន់ដឹងថា មន្ត្រីរដ្ឋាភិបាលណាជាអ្នកចូលរួមទេ៕