ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី​ការពារ​ក្តី​មេ​ខ្មែរក្រហម​គាំទ្រ​ពហិការ​របស់​ក្រុម​អ្នកបកប្រែ​​


លោក​នេត្រ ភក្ត្រា ​អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​
លោក​នេត្រ ភក្ត្រា ​អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​
​ភ្នំពេញ៖ ក្រុម​មេធាវី​ការពារ​ជនជាប់ចោទ​ នៅ​ថ្ងៃ​ពុធ​នេះ​ បាន​បន្ថែម​សម្លេង​គាំទ្រ​លើ​ការធ្វើ​ពហិការ​របស់​ក្រុម​បកប្រែ​ភាសា​បរទេស​ក្នុង​សាលាក្តី​ខ្មែរក្រហម​ ស្រប​ពេល​ដែល​មេធាវី​ការពារ​ក្តី​ជន​ជាប់ចោទ​អៀង សារី ​និយាយ​ថា ​កូនក្តី​របស់ខ្លួន​មាន​សុខភាព​កាន់តែ​ដុនដាប​ខ្លាំង​ឡើង។​

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ នៅ​ល្ងាច​នេះ ​លោក​អាង ឧត្តម ​និង​លោក​ម៉ា​យ​ឃើ​ល​ ខា​ណា​វ៉ាស​ សហ​មេធាវី​ជាតិ​ និង​អន្តរជាតិ​របស់​ជន​ជាប់ចោទ​អៀង សារី ​ លោកស្រី​អង់​តា ហ្គី​សេ​ លោ​កអាតួ​ វែកកិន​ និង​លោក​គង់ សំអុន​ សហ​មេធាវី​របស់​ជន​ជាប់ចោទ​ខៀវ ​សំផន ​លោក​សុន អារុន ​និង​លោក​វិចទើ ​កូប៉េ​ សហ​មេធាវី​របស់​ជន​ជាប់ចោទ​នួន ជា ​រួមទាំង​មេធាវី​ការពារ​ជន​ជាប់ចោទ​ក្នុង​សំណុំ​រឿង​០០៤​ គឺ​លោក​មុំ លុច​ និង​លោក​ហ្គោរ៉ែន ស្ល៊ត​ធ័រ​និយាយ​ថា ​ពួកគេ​ព្រួយ​បារម្ភ​ចំពោះ​ស្ថានភាព​ដែល​ក្រុម​អ្នក​បកប្រែ​ភាសា​ និង​បុគ្គលិក​ជាតិ​ទាំងអស់​កំពុង​ជួប​ប្រទះ​ក្នុង​សាលាក្តី​ខ្មែរក្រហម។​

ក្រុម​មេធាវី​និយាយ​ថា​ «យើង​សូម​អំពាវនាវ​យ៉ាង​ទទូច​ឲ្យ​ភាគី​ដែល​ជាប់​ពាក់​ព័ន្ធ​ទាំង​អស់​ចូលរួម​ដោះស្រាយ​ស្ថានភាព​ឲ្យ​បាន​ឆាប់​រហ័ស​និង​ជា​វិជ្ជមាន​ តាមរយៈ​ការ​ចរចា​ដោយ​សន្តិវិធី​ ដែល​គ្មាន​ការកៀប​សង្កត់ ​ការ​គំរាម​កំហែង​ ដូចដែល​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បាន​រាយ​ការណ៍»។​

លោក​នេត្រ ភក្ត្រា ​អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ មាន​ប្រសាសន៍​ថា​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម​មេធាវី​ជន​ជាប់ចោទ​ទាំង​បួន​ក្រុម​ បាន​ជួយ​លើក​ទឹក​ចិត្ត​ដល់​ក្រុម​បុគ្គលិក​ជាតិ​ទាំងមូល​ក្នុង​សាលាក្តី​ ដែល​កំពុង​ជួប​វិបត្តិ​អត់​ប្រាក់​ខែ។​

«វា​ជាការ​ផ្តល់នូវ​កម្លាំង​ចិត្ត​ទៅ​ដល់​មន្ត្រី​បុគ្គលិក​ភាគី​ជាតិ ​ដែល​ប្រឈម​ជា​មួយ​នឹង​ការ​មិនទាន់​ទទួល​បាន​ប្រាក់ខែ​បី​ខែ​ហ្នឹង។ ​អញ្ចឹង ​យើង​សង្ឃឹម​ថា​ តាម​រយៈ​ការ​អំពាវនាវ​របស់​មន្ត្រី​បុគ្គលិក​របស់​យើង ​ក៏​ដូច​តាម​បណ្តាញ​ស្ថាប័ន​ផ្សេងៗ​គឺ​នឹង​ឮ​ទៅ​ដល់​ក្រុម​ប្រទេស​ម្ចាស់​ជំនួយ ​ហើយ​ប្រទេស​ម្ចាស់​ជំនួយ​នឹង​បន្ត​នូវ​ការ​គាំទ្រ​ជា​ថវិកា​បន្ត​ទៅទៀត​ដល់​សាលាក្តី​ខ្មែរក្រហម»។​

ក្រុម​អ្នក​បក​ប្រែ​ភាសា​បាន​ធ្វើ​ពហិការ​កា​រងារ​ចាប់​តាំង​ពី​ថ្ងៃទី​៤​ខែ​មិនា​មក​ម្ល៉េះ​គឺ​អស់​រយៈពេល​ប្រាំបួន​ថ្ងៃ​ហើយ​ មូលហេតុ​ដោយសារ​តែ​ពួកគេ​មិន​បាន​បើក​ប្រាក់ខែ​ចាប់តាំង​ពី​ខែ​ធ្នូ​មក។​

កាលពី​សប្តាហ៍​មុន ​ពួកគេ​បាន​សុខចិត្ត​ចូល​បំពេញ​ការងារ​វិញ​ ប្រសិន​បើ​ពួក​គេ​នឹង​ទទួល​ប្រាក់ខែ​យ៉ាងហោច​សម្រាប់​ខែ​ធ្នូ។​ ប៉ុន្តែ​ពួក​គេ​នឹង​បន្ត​កូដកម្ម​ ប្រសិន​បើ​ពួកគេ​នឹង​មិន​បាទ​ទួល​កុងត្រា​ការងារ​ថ្មី​សម្រាប់​ឆ្នាំ​២០១៣​នោះ​ទេ។​

កាល​ពី​ម្សិលមិញ​ សមាគម​អន្តរជាតិ​នៃ​អ្នក​បកប្រែ​ និង​សហ​មេធាវី​នាំមុខ​អន្តរជាតិ​តំណាង​ដើម​បណ្តឹង​រដ្ឋប្បវេណី​ រួមទាំង​មេធាវី​តំណាង​ឲ្យ​ដើម​បណ្តឹង​រដ្ឋប្បវេណី​ ដែលជា​ភាគី​ការពារ​ជន​រងគ្រោះ​ បានចេញ​សេចក្តី​ថ្លែង​ការណ៍​គាំទ្រ​ដល់​ក្រុម​កូដ​ករ​ ហើយ​បាន​ជំរុញ​ឲ្យ​មាន​ដំណោះ​ស្រាយ​ឆាប់​រហ័ស​សម្រាប់​ពួកគេ ​ដោយ​ចាត់​ទុក​ថា​ បញ្ហា​ដែល​ក្រុម​អ្នក​បកប្រែ ​និង​បុគ្គលិក​ជាតិ​កំពុង​ជួប​ប្រទះ​គឺជា​បញ្ហា​ធ្ងន់ធ្ងរ។​

ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ ​សហ​មេធាវី​ការពារ​ជន​ជាប់ចោទ​អៀង សារី​គឺ​លោក​អាង ឧត្តម​បាន​ឲ្យ​ដឹង​នៅ​ល្ងាច​នេះ​ថា​ កូនក្តី​របស់​លោក​មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ​ មិន​អាច​និយាយ​បាន​ និង​មិន​អាច​បរិភោគ​អាហារ​ ឬ​ក៏​មិន​អាច​ផឹក​ទឹក​បាន​នោះ​ទេ។​
«ឥឡូវ​ធ្ងន់ធ្ងរ​ខ្លាំង​ហើយ​ ដូចជា​ពិសា​របាយ​លែង​កើត​ហើយ​ ឬ​អាហារ​លែង​កើត​ហើយ»។​
លោក​អាង ឧត្តម​បញ្ជាក់​ថា ​ក្រុម​គ្រូពេទ្យ​បញ្ចូល​អាហារ​តាម​បំពង់​ ហើយ​អៀង​ សារី​អាច​ទ្រទ្រង់​បាន​នៅពេលនេះ ​ដោយសារ​សេរ៉ូម​ និង​ខ្យល់​អុក​ស៊ី​ស៊ែន។
អៀង ​សារី​ត្រូវ​ដឹក​ចូល​មន្ទីរពេទ្យ​កាលពី​ព្រឹក​ថ្ងៃទី​៤​ខែ​មិនា។​ រហូត​មក​ទល់​ពេលនេះ ​គេ​មិន​ដឹង​ថា ​ជន​ជាប់ចោទ​អាយុ​៨៧​ឆ្នាំ​នេះ​មាន​ជំងឺ​អ្វីខ្លះ​នោះ​ទេ៕​
XS
SM
MD
LG