ការបដិសេធមិនផ្ដល់ចម្លើយក្នុងសវនាការពីសំណាក់ ខៀវ សំផន អតីតប្រមុខរដ្ឋខ្មែរក្រហម បានធ្វើឲ្យដំណើរការកាត់ទោសក្នុងសំណុំរឿង០០២ ត្រូវផ្អាកនៅមុនពេលកំណត់នៅថ្ងៃព្រហស្បតិ៍នេះ។ ក៏ប៉ុន្ដែអ្នកឃ្លាំមើលដំណើរការកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហមយល់ថា ការណ៍នេះមិនមែនជាមូលហេតុគួរឲ្យព្រួយបារម្ភនោះទេ។
លោកចៅក្រមនិល ណុន ប្រធានអង្គជំនុំជម្រះសាលាដំបូង បានប្រកាសភ្លាមៗនៅរសៀលនេះ ដោយលើកពេលការកាត់ទោសទៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយ ដោយសារតែខៀវ សំផនមិនព្រមឆ្លើយចំពោះសំណួរនានា និងពិសេសសំណួររបស់ចៅក្រមសញ្ជាតិបារាំង លោកJean-Marc Lavergue។
«ដោយហេតុលោកខៀវ សំផនបានរក្សាសិទ្ធិនៅស្ងៀមមិនឆ្លើយតប ដូច្នេះកិច្ចដំណើរការពិភាក្សាដេញដោលនៅថ្ងៃនេះ លឿនលើសពីផែនការ ពេលវេលាដែលបានគ្រោងទុក។ ដូច្នេះអង្គសវនាការគឺត្រូវចប់ត្រឹមប៉ុណ្ណេះ»។
អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យបានលើកឡើងថា អ្វីៗដែលទាក់ទងនឹងកាលប្រវត្តិជាទូទៅនៃរបបដែលខ្លួនធ្លាប់កាន់អំណាចនោះ ខ្លួនបានបកស្រាយកាលពីខែធ្នូរួចទៅហើយ។
«ខ្ញុំអត់មានអីនឹងឆ្លើយទេ ពីព្រោះខ្ញុំបានជម្រាបហើយថា ខ្ញុំមិនទាន់ឆ្លើយសំណួរទេ»។
ខៀវ សំផនគឺជាអតីតមេដឹកនាំខ្មែរក្រហមទីពីរ ដែលបានបដិសេធមិនឆ្លើយតបនឹងសំណួរដេញដោលក្នុងអំឡុងពេលកាត់ទោសក្នុងសប្ដាហ៍នេះ។ នួន ជា អតីតប្រធានសភាខ្មែរក្រហម មិនព្រមឆ្លើយនឹងសំណួរនានារបស់សហព្រះរាជអាជ្ញារងអន្តរជាតិរហូតមកទល់ថ្ងៃនេះ ដោយសារតែសហព្រះរាជអាជ្ញាបរទេសបានយកឯកសារចម្លងធ្វើជាគោល។ ប៉ុន្ដែលោកចៅក្រមនិល ណុនបានបង្គាប់ឲ្យមានការចោទសួរបន្ដ បើទោះបីជានួន ជា បានបដិសេធមិនឆ្លើយតបសំណួរមួយចំនួនក៏ដោយ។
ដោយឡែក អៀង សារី អតីតរដ្ឋមន្ដ្រីការបរទេសខ្មែរក្រហម បានប្រកាសតាំងតែពីដំបូងទីម៉្លេះថា ខ្លួននឹងមិនឆ្លើយសំណួរណាមួយក្នុងការកាត់ទោសនេះទេ។ ដោយឡែកអៀង ធីរិទ្ធ ដែលជាអតីតរដ្ឋមន្ដ្រីក្រសួងសង្គមកិច្ចជាប់ចោទក្នុងសំណុំរឿង០០២ នេះដែរ ត្រូវតុលាការរកឃើញថា មានបញ្ហាសុខភាពធ្ងន់ធ្ងរ ហើយត្រូវបន្ដធ្វើការព្យាបាលមួយរយៈថែមទៀត។
អតីតមេដឹកនាំកំពូលខ្មែក្រហមទាំងបីនាក់ជាប់ចោទពីបទឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបទប្រល័យពូជសាសន៍ទាក់ទងនឹងការស្លាប់របស់ប្រជាពលរដ្ឋកម្ពុជាយ៉ាងតិច១,៧លាននាក់ចន្លោះពីឆ្នាំ១៩៧៥ និងឆ្នាំ១៩៧៩។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ ដែលបានតាមដានការកាត់ទោសដោយផ្ទាល់មានប្រសាសន៍ថា ការណ៍ដែលអតីតមេដឹកនាំខ្មែរក្រហមមិនឆ្លើយនឹងសំណួរផ្សេងៗក្នុងការកាត់ទោសនោះគឺជាការបង្ហាញការលាក់លៀមមួយផ្នែកទាក់ទងនឹងឧក្រិដ្ឋកម្មដែលបានកើតឡើង។
«កាលណាមិនសហការមានន័យថា មានអ្វីលាក់លៀមខ្លះ ឬក៏ចង់ឲ្យមានការលំបាកដល់ដំណើរការតុលាការ។ ក៏ប៉ុន្ដែមិនមែនជាឧបសគ្គឲ្យរាំងស្ទះទេ»។
នៅក្នុងការកាត់ទោសបីថ្ងៃមកនេះ សហព្រះរាជអាជ្ញាបរទេសចោទសួរច្រើនលើនួន ជាទាក់ទងនឹងកំណើតនៃការងើបឡើងបះបោររបស់ពួកខ្មែរក្រហម ការបង្កើតរចនាសម្ព័ន្ធដឹកនាំ ការបែងចែកការទទួលខុសត្រូវ ការបែងចែកតំបន់គ្រប់គ្រង កិច្ចប្រជុំរបស់បក្សកុម្មុយនិស្ដកម្ពុជារបស់ពួកខ្មែរក្រហម ការបង្កើតកងសន្ដិសុខពិសេស និងការបង្កើតមន្ទីរឃុំឃាំងជាដើម។
ភាគច្រើននៃចម្លើយរបស់ នួន ជា គឺគាត់មិនដឹង ឬគាត់មិនចងចាំនូវព្រឹត្តិការណ៍មួយចំនួន គាត់មិនស្គាល់កន្លែងជាដើម។ នួន ជាក៏បានអះអាងថា គាត់មិនដឹងពីការសម្រេចបង្កើតមន្ទីរឃុំឃាំងនៅមុនពួកខ្មែរក្រហមឡើងកាន់អំណាចទេ ប៉ុន្ដែបានទទួលស្គាល់ថា មានការតាមស៊ើបអង្កេត និងបោសសម្អាតខ្មាំងផ្ទៃក្នុងចាប់តាំងពីក្នុងចលនាតស៊ូក្នុងព្រៃម្ល៉េះ៕