ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​នយោបាយ​ខ្មែរ​ខ្លះ​សង្ឃឹម​លើ​លោក​អូបាម៉ា​អំពីអនាគត​កម្ពុជា​


Kem Sokha and Sam Rainsy in Manila.
Kem Sokha and Sam Rainsy in Manila.
វ៉ាស៊ីនតោន​៖ ក្រុមអ្នក​នយោបាយ​កម្ពុជា​ និង​មន្ត្រី​សង្គម​ស៊ីវិល​បាន​សំឡឹង​ឃើញ​ភ្លាមៗ​ពី​តួនាទី ​និង​សារៈ​សំខាន់​ផ្សេងៗ​សម្រាប់​កម្ពុជា​នៅពេល​លោក​បារ៉ាក់​អូបាម៉ា​បាន​ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​អាណត្តិទី២​កាល​ពីថ្ងៃ​ច័ន្ទ។​
លោក​កឹម សុខា​ ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​និង​ជា​អនុប្រធាន​គណបក្ស​ សង្គ្រោះ​ជាតិ​កម្ពុជា​ដែល​ជា​គណបក្ស​ជំទាស់ ​បាន​រំពឹង​ថា​ លោក​អូបាម៉ា​អាច​ជួយ​ឲ្យកម្ពុជា​មាន​ការ​កែទម្រង់​សិទ្ធិ​មនុស្ស​ ប្រជាធិតេយ្យ​និង​ការ​បោះឆ្នោត​ដោយ​សេរី​ យុត្តិធម៌​ ត្រឹម​ត្រូវ។ ​
«បញ្ហា​សិទ្ធិ​មនុស្ស​និង​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​ត្រឹមត្រូវ​គឺជា​សេចក្តី​ប្រាថ្នា​ធំជាង​គេ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ ដែល​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ​អស់រយៈ​ពេល​ជាង​៣០​ឆ្នាំ​ មិន​បាន​ធានា​ឲ្យ​បាន​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស​ ហើយ​ការ​បោះឆ្នោត​នេះ​ តាំងពី​ក្រោយ​អ.ស.ប.​រៀបចំ​មក​ក៏អត់​ដល់​ស្តង់ដារ​អន្តរជាតិ​ដែរ»។​
លោក​កឹម សុខា​បាន​រំឭក​ពី​ប្រសាសន៍​របស់​លោក​អូបាម៉ា​ ដែល​បាន​ប្រាប់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ឲ្យ​មានការ​កែ​ទម្រង់​សិទ្ធិ​មនុស្ស​និង​ប្រជា​ធិបតេយ្យ​ក្នុង​ជំនួប​កាលពី​ខែ​វិច្ឆិកាពេល​លោក​អូបាម៉ា​អញ្ជើញ​ទៅកាន់​ប្រទេស​កម្ពុជា​ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ពេល​នោះ។​
«អញ្ចឹង​ហើយ​ចង់​ឲ្យ​សម្តីរបស់​លោក​អូបាម៉ា​ដែល​និយាយ​ទៅកាន់​លោក​ នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ហ្នឹង​ឲ្យ​មាន​ប្រសិទ្ធិភាព។ ​បើគាត់​ទាមទារ​ឲ្យ​លោក​ហ៊ុន សែន​អនុវត្ត​ការ​ធានា​សិទ្ធិ​មនុស្ស​ហ្នឹង​ តែ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​មិន​ធ្វើ ​គាត់ត្រូវតែ​ដាក់​សម្ពាធ​ឲ្យ​ធ្ងន់ជាង​ហ្នឹង​ទៅ​ទៀត​ក្នុង​នាម​ជា​ប្រទេស​មហា​អំណាច»។​
លោក​កឹម សុខា​ពុំបញ្ជាក់​ពី​សម្ពាធ​បែបណា​ទេ​ តែ​ទទួល​ស្គាល់​ថា​ សម្តី​របស់​លោក​អូបាម៉ា​ជា​សម្តីការទូត​មែន​ពេល​នោះ​ តែ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ណាស់។​
​លោក​កឹម សុខា​ថ្លែង​យ៉ាងដូច្នេះ​ដោយ​យោង​ថា​ មាន​ការ​សម្លាប់​ក្រៅច្បាប់​ដូច​ជា​សកម្មជន​ការពារ​ព្រៃ​ឈើ​លោក​ឈុត វុទ្ធី ​ការ​ចាប់ខ្លួន​ជន​រងគ្រោះ​ដីធ្លី​ដាក់​គុក​ ការ​ដាក់​ទោស​លោក​ម៉ម សូណង់ដូ​ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ ​និង​ការ​កាត់ទោស​លោក​សម រង្ស៉ី ​ដោយ​នយោបាយ​ និង​រារាំង​មិន​ឲ្យ​លោក​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៣​ និងការ​គ្មាន​កំណែទម្រង់​គណៈ​កម្មាធិការ​ជាតិរៀបចំ​ការ​បោះឆ្នោត។​
ទោះជា​យ៉ាងណា​ក៏ដោយ​ លោក​ជាម យៀប​ មន្រ្តី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​គ្រប់គ្រង​ប្រទេស​និង​ជា​អ្នក​តំណាងរាស្ត្រ​បាន​ការពារ​រដ្ឋាភិបាល ​ហើយ​ថ្លែង​ថា​ បញ្ហា​សិទ្ធិ​មនុស្ស​និង​ប្រជា​ធិបតេយ្យ​បាន​ចាប់​ផ្តើម​ធ្វើ​កំណែទម្រង់​ជា​បណ្តើរៗ ​តាំងពី​មាន​កិច្ច​ព្រមព្រៀងសន្តិភាព​ទីក្រុង​បារីស​និង​មាន​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣​ម្ល៉េះ​ មិនមែន​ទើប​តែ​លោក​អូបាម៉ា​និយាយ​ ទើប​កម្ពុជា​ចាប់​ផ្តើម​ធ្វើតាម​នោះទេ។​ តែ​លោក​ទទួល​ស្គាល់​ខ្លះៗ​ថា​ ​ការ​អនុវត្ត​កន្លងមក​មាន​បញ្ហា​ធូរលុង​ខ្លះ​ និង​តឹង​ខ្លះ​ដែល​លោក​អះអាង​ថា​ រដ្ឋាភិបាល​នឹង​ប្រឹងប្រែង​ទៅមុខ​ទៀត។​

«អញ្ចឹង​ទេ​ការ​ប្តេជ្ញាចិត្ត​របស់​សម្តេច​តេជោ​ហ៊ុន សែន ​លោក​បាន​លើក​ឡើង​ហើយ​ថា​ លោក​នឹង​ខិតខំ​ធ្វើ​យ៉ាងណា​ដើម្បី​ពង្រឹង​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​តទៅ​ទៀត​ ឲ្យ​ស្រប​នឹង​អ្វីដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ឆ្នាំ​១៩៩៣​និង​ចែង​ក្នុង​បទដ្ឋាន​ច្បាប់​ទាំងឡាយ​ដែល​នៅ​ជាធរមាន​នៅ​កម្ពុជា»។​

ក្រៅពី​ការ​អបអរសាទរ​លោក​ប្រធានាធិបតី​ចូល​កាន់​តំណែង​ លោក​ជាម យៀប​បាន​អះអាង​ថា ​ពិធី​សម្ពោធ​ចូលកាន់​តំណែង​អាណត្តិ​ទី២​នេះ​ជា​មោទន​ភាព​សម្រាប់​លោក​អូបាម៉ា​ ដែល​ប្រជាជន​ស.រ.អា.បាន​ទុកចិត្ត​និង បោះឆ្នោត​ជូន​ដើម្បី​ដឹកនាំ​ប្រទេស​ដ៏​មាន​ឥទ្ធិពល​ក្នុង​ពិភព​លោក។​
«ប្រជាជន​កម្ពុជា​ក៏នៅ​យល់ឃើញ​ថា ​ក្រោមការ​ដឹកនាំ​របស់​ឯកឧត្តម​ បារ៉ាក់ ​អូបាម៉ា​ ដែល​ចេញពី​ត្រកូល​នៃ​ទ្វីបអាហ្រ្វិក​នឹង​អាច​ដឹង​អំពី​សុខទុក្ខ​អំពី​អ្នក​ក្រ​ហ្នឹង​បាន​ច្រើន​ ដូចជា​រយៈកាល​កន្លងមក​ដែល​ឯកឧត្តម​បានឲ្យ​ប្រជាជន​និង​រាជរដ្ឋាភិបាល​កម្ពុជា​សហការ​ជាមួយ​យ៉ាង​ល្អ​ប្រសើរ​ហើយ​ពិសេស​បំផុត​ហ្នឹង​គឺ​បាន​សហ​ប្រតិបត្តិ​ការ​ល្អ​ហ្នឹង​នៅគ្រប់ផ្នែក​ទាំងអស់​ពិសេស​វិស័យ​យោធា»។​

លោក​បាន​បន្ថែម​ថា ​មាន​បញ្ហា​ផ្សេងៗ​ទៀត​ដែល​ស.រ.អា.​មានការ​ជួយ​ជ្រោម​ជ្រែង​ដែរ​គឺ​ផ្នែកអប់រំ ​សុខាភិបាល ​ការ​បើក​ទីផ្សារ​ចំហ​សម្រាប់​ផលិតផល​កាត់ដេរ​កម្ពុជា​ វិនិយោគ​ ពាណិជ្ជកម្ម​និង​ទេសចរណ៍​ជាដើម។​

លោកសួន ប៊ុនស័ក្ត នាយក​លេខាធិការដ្ឋាន​នៃ​អង្គការ​ប្រព្រឹត្តិកម្ម​ ហៅ​កាត់​ថា ​Chrac ​ដែលមាន​អង្គការ​សមាគម​២០​ជា​សមាជិក​ បាន​អះអាង​ថា​ការ​បន្តទំនាក់​ទំនង​ល្អ​រវាង​កម្ពុជា​និង​ស.រ.អា.​អាច​ជួយ​កែទម្រង់​បញ្ហា​សង្គម​ សេដ្ឋ​កិច្ច​ សិទ្ធិ​មនុស្ស​ និង​នីតិរដ្ឋ​ ជាពិសេស​ការ​សម្រប​សម្រួល​ស្ថាន​ការណ៍​នយោបាយ​ ហើយនឹង​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​ដែល​មាន​ការ​ចូលរួម​ពី​គ្រប់ភាគី​នយោបាយ​ ដូចជា​លោក​សម រង្ស៉ី​ជាដើម។​

លោក​ថ្លែង​ថា ​បើ​ពុំ​ដូច្នោះ​ទេ ​ការ​បោះឆ្នោត​ថ្ងៃទី​២៨​ខែ​កក្កដា​នឹង​ក្លាយ​ជា​ការ​បោះឆ្នោត​ដែល​មាន​អ្នក​ឈ្នះ​និង​អ្នកចាញ់​ដោយ​គ្មាន​កិត្តិយស។​
ស.រ.អា.​ នៅសប្តាហ៍​ថ្មីៗ ​បាន​សម្តែង​ការ​ខកចិត្ត​ចំពោះ​ការ​លុបឈ្មោះ​លោក​សម រង្ស៉ី​ចេញ​ពី​បញ្ជីបោះឆ្នោត។ លោកសម រង្ស៊ី​កំពុង​ជាប់​ពិរុទ្ធ​ដែល​គេ​ចាត់​ទុក​ថា​ ជា​រឿង​នយោបាយ។​ ស.រ.អា.​ព្រមាន​អំពី​នីត្យានុកូល​ភាព​ឬភាព​ស្រប​ច្បាប់​របស់​រដ្ឋាភិបាល​ថ្មី​ ប្រសិនបើ​លោក​សម រង្ស៉ី​មេ​ដឹកនាំ​ក្រុម​ជំទាស់​ដ៏ធំ​ជាង​គេ​មិន​បាន​ចូលរួមការ​បោះឆ្នោត។​ មន្ត្រី​កម្ពុជា​និយាយ​ថា ​ខ្លួន​ធ្វើទៅតាម​ច្បាប់កម្ពុជា៕​
XS
SM
MD
LG