ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កុមារ​កម្ពុជា​មាន​ជំងឺ​បេះដូង​ប្រហោង​អាច​មាន​ជីវិត​ជាធម្មតា​


​អត្រា​នៃ​កុមារ​ដែល​មាន​ជំងឺ​បេះដូង​ពី​កំណើត​នៅ​លើ​ពិភព​លោក​គឺ​ក្នុងចំណោម​ក្មេង​៨​នាក់​អាច​មាន​កុមារ​ម្នាក់​មាន​កើត​ជំងឺនេះ។​

ស្ថិត​ក្នុង​អគារ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត្រ​ ​មន្ទីរពេទ្យ​កុមារ​នេះ​បង្កើត​ផ្តោត​សំខាន់​លើ​ការ​ផ្តល់សេវា​ព្យាបាល​ដោយ​មិន​គិតថ្លៃ​ដល់​កុមារ​ក្រីក្រ​កម្ពុជា​ដែលមាន​ជំងឺ​បេះដូង។​

ភ្នំពេញ​៖ របស់​កុមារ​ដែល​បាន​មក​សម្រាក​ព្យា​ល​បាល​ជំងឺ​បេះដូង​ក្នុងកាល់ម៉ែត​ក្រុង​ភ្នំពេញ​កំពុងរៀន​ព្យញ្ជនៈ​ខ្មែរ ​ក ​ខ ​គ ​ឈ ​ង។​ ក្នុង​បន្ទប់​ដែល​មាន​តុបតែង​ដោយ​រូបភាពចម្រុះពណ៌​លើ​ជញ្ជាំង​នេះ​ កុមារា​ កុមារី​បី​បួ​នាក់​កំពុង​អាន​ព្យញ្ជនៈ​ខ្មែរ។​

កំឡុងពេលរង់ចាំ​ទទួល​ការ​វះកាត់​ពី​គ្រូពេទ្យ ​កុមារ​តូចៗ​ទាំង​នោះ​បាន​ចំណាយពេល​របស់​ពួក​គេ​ចូល​អាន​សៀវភៅ​នៅ​ក្នុង​បណ្ណាល័យ​កុមារ​ដែល​ស្ថិត​នៅ​ជ្រុង​ម្ខាង​នៃ​អគារ​មន្ទីរពេទ្យ​នេះ។

ញ៉ែម ​ចិ​ត្រា​ អាយុ​១២​ឆ្នាំ​ មកពី​ស្រុក​ចម្ការ​លើ​ ខេត្ត​កំពង់ចាម​រង់ចាំ​ទទួល​ការ​ព្យាបាល​ជំងឺបេះដូង​នេះ​តាំងពីឆ្នាំ២០០៨។ ​ដៃ​កាន់​ក្តារ​បន្ទះ​ដែល​មាន​ដាក់​តម្រៀប​អក្ខរៈ​ក្រម​ព្យញ្ជនៈ​ខ្មែរ ​ចិត្រា​កំពុង​រង់ចាំ​ការ​វះកាត់​ពី​សំណាក់​គ្រូពេទ្យ។​

មាន​សម្បុរ​ស្រអែម ​កុមារា​រូបនេះ​និយាយ​សម្តី​មិន​សូវ​ច្បាស់​ថា ​គាត់​មាន​ជំងឺ​បេះ​ដូង​ចំហ។​
​«​បេះ​ដូងចំហ​ ហត់ៗ»។​

អង្គុយ​ជុំៗ​គ្នា​ជាមួយ​ស្ត្រី​ជា​ម្តាយ​បួន​នាក់​ទៀត ​អ្នកស្រី​ចំរើន ​ស្រី​ម៉ៅ ​អាយុ​២៤​ឆ្នាំ​ ជា​អ្នកស្រុកមកពី​ខេត្ត​កំពង់ចាម​ដែរ។​

ជិត២ឆ្នាំ​ហើយ​ដែល​អ្នកស្រី​បាន​ចំណាយពេល​មើល​ជំងឺ​របស់​កូនប្រុស​អ្នកស្រី​នៅ​តាម​បណ្តា​មន្ទីរពេទ្យ​ឯកជន​នានា។​ គ្រួសារ​របស់អ្នកស្រីបាន​ចំណាយ​ប្រាក់​ជា​ច្រើន​មុន​នឹង​ក្រុម​គ្រូពេទ្យ​បញ្ជូន​កូន​របស់​គាត់​មក​កាន់​មន្ទីរពេទ្យ​កាល់ម៉ែត។​

អ្នកស្រី​និយាយ​ថា ​បន្ទាប់​ពី​កូន​របស់​គាត់​កើត​មក​បានជិត​២​ខែ​ កូន​របស់​គាត់​ចាប់ផ្តើម​ស្រក​ទម្ងន់​ជា​លំដាប់​ ហើយ​មាន​លក្ខណៈ​ហត់ៗ​ជាប់​រហូត។​

ដូច​ចិត្រា​ដែរ​ កូនប្រុស​របស់​គាត់​កំពុង​ស្ថិត​ក្នុង​កំឡុងពេល​រង់ចាំ​ទទួល​ការ​វះកាត់។
ជា​ម្តាយ​នៃ​កូន​ទោល ​អ្នកស្រី​ចំរើន ស្រី​ម៉ៅ​ពោល​ដោយ​ក្តី​ត្អូញត្អែរ​ថា៖​
«ពិបាក​ដែរ​ហ្នឹង។ ​តាំងពី​ឈឺ​ តាំងពី២ខែ​រហូតមកដល់២ឆ្នាំ​ហ្នឹង​ អស់​លុយ​ច្រើន​ណាស់​នៅ​ពេទ្យ​ឯកជន។ ​យើង​មិនបាន​ដឹង​ថា ​នៅ​ទីនេះ​មាន​ពេទ្យ​ឧបត្ថម្ភទេ.....​ទៅ​ពេទ្យ​គន្ធបុប្ផា​ គេ​ពិនិត្យ​ទៅ​គេ​ថា ​កូន​យើង​កើត​ជំងឺ​បេះ​ដូច​ប្រហោង ​ហើយ​បន្ទាប់មក​គេ​ក៏​បញ្ជូន​យើង​មក​កាន់​ពេទ្យ​កាល់​ម៉ែត្រ។ ​ឥឡូវ​ហ្នឹង​អត់​ទាន់​បាន​វះ​កាត់​ទេ ​ទើបតែ​មក​ដេក​បាន​ប៉ុន្មាន​ថ្ងៃ ​ដល់​ថ្ងៃ​ណា​គេ​វះកាត់​ទើប​ គេ​ប្រាប់​យើង»។​
ពាក់អាវ​យឺត​ពណ៌​ស ​អ្នកស្រី​ថង ឆាយ​ហន​ អាយុ​២៤​ឆ្នាំ​ ដែល​មក​ពី​ខេត្ត​កណ្តាល​ បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ​កូនស្រី​របស់​គាត់​ ​អាយុ៦​ឆ្នាំ ​មាន​ជំងឺ​បេះដូង​ប្រហោង។​

កូនស្រី​របស់គាត់​គឺ​កុមារី​ចាន់ ​សោភា​នឹង​ត្រូវ​ទទួល​ការ​វះកាត់​ក្នុងពេល​ឆាប់ៗ​នេះ។​
អង្គុយ​ជាប់​នឹង​ម្តាយ ​កុមារី​ចាន់ សោភា​និយាយប្រាប់​ពី​អាការៈ​ជំងឺ​របស់​ខ្លួន។​
«មាន​ជំងឺ​បេះដូង ហត់ៗ»។​

មន្ទីរពេទ្យ​កុមារ ​ឬ ​Cambodian Children's House ​ត្រូវបាន​បង្កើត​ឡើង​ដោយ​អង្គការ​ឡាហ្សែន ​ដឺឡេះស្វ័រ ​La Chaine De l'Espoir (CDE) ​មក​ពី​ប្រទេស​បារាំង​២០០៣។​ ​

ស្ថិត​ក្នុង​អគារ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត្រ​ ​មន្ទីរពេទ្យ​កុមារ​នេះ​បង្កើត​ផ្តោត​សំខាន់​លើ​ការ​ផ្តល់សេវា​ព្យាបាល​ដោយ​មិន​គិតថ្លៃ​ដល់​កុមារ​ក្រីក្រ​កម្ពុជា​ដែលមាន​ជំងឺ​បេះដូង​ ខណៈដែល​ការវះកាត់​បេះដូង​ជាធម្មតា​អាចមាន​តម្លៃ​ពី​ចាប់ពី​៣៥០០​ដុល្លារ​ទៅ​៧៥០០​ដុល្លារអាមេរិក។​
លោក​វេជ្ជបណ្ឌិត​សុខ ផាង​គឺ​គ្រូពេទ្យ​ឯកទេស​ជំងឺ​បេះដូង​សង្គ្រោះ​បន្ទាន់​ប្រចាំ​នៅកុមារ។​

លោកប្រាប់​ឲ្យដឹង​ថា​ មាន​កត្តា​ពីរ​យ៉ាង​ដែលជា​មូលហេតុ​នៃ​ការកើត​ជំងឺ​ទាក់ទង​ទៅនឹង​បេះដូង​របស់​កុមារ​គឺ​កុមារ​នោះ​កើតមាន​ជំងឺ​ពី​កំណើត​តែម្តង ​និង​មួយទៀត​គឺ​បណ្តាលមកពី​កង្វះ​ការព្យាបាល​ឲ្យបាន​ត្រឹមត្រូវ​នៅពេលដែល​កុមារ​កើត​មាន​ជំងឺ​ ដូចជា​ការ​រលាក​បំពង់​ក​ជាដើម។​
«ជំងឺ​បេះដូង​របស់​កូន​ក្មេង​ដែល​កើត​មកពី​កំណើត​គឺ​កើតមក​មាន​ជំងឺ​តែម្តង។​ មួយ​ទៀត​គឺ​គាត់​កើត​មក​មាន​បេះដូង​ធម្មតា​ ប៉ុន្តែ​មួយ​រយៈ​នៃ​ជីវិត​របស់​គាត់ ​គាត់​កើត​ជំងឺ​ប្រើស​បេះដូង ​ដោយសារ​មេរោគ​រលាក​បំពង់ក ​ហើយ​វា​បង្ក​ឲ្យ​រលាក​សន្លាក់​ដៃ​ សន្លាក់​ជើង ​ហើយ​វា​មក​ទុំលើ​ប្រើស​បេះដូង​ ធ្វើឲ្យ​ខូច​ប្រើស​បេះដូង»។​
បើ​តាម​សម្តី​របស់​លោក​ផាង​ឲ្យ​ដឹង​ថា​ ​អត្រា​នៃ​កុមារ​ដែល​មាន​ជំងឺ​បេះដូង​ពី​កំណើត​នៅ​លើ​ពិភព​លោក​គឺ​ក្នុងចំណោម​ក្មេង​៨​នាក់​អាច​មាន​កុមារ​ម្នាក់​មាន​កើត​ជំងឺនេះ។​
ជា​រៀងរាល់ថ្ងៃ​ យ៉ាង​ហោចណាស់​មាន​អ្នក​ជំងឺ​ជា​កុមារ​២នាក់​ត្រូវ​បាន​ឪពុក​ម្តាយនាំ​យក​មក​ពិគ្រោះ​និង​ព្យាបាល​ ហើយ​ភាគច្រើន​មកពី​គ្រួសារ​ដែល​មាន​ជីវភាព​ក្រី​និង​មក​ពី​បណ្តា​ខេត្ត​ឆ្ងាយៗ។​
«ភាគ​ច្រើន​នៃ​កុមារ​ដែលជា​អ្នកជំងឺ​នៅក្នុងមន្ទីរពេទ្យ​កុមារ​នេះ​ភាគ​ច្រើន​គឺជា​អ្នក​មកពី​បណ្តា​ខេត្តឆ្ងាយៗ​ ហើយ​ជា​អ្នក​ដែលមាន​ជីវភាព​ក្រីក្រ»។​
រយៈពេល​ជិត១០​ឆ្នាំ​ហើយ​ដែល​អង្គ​ការ​នេះ​បាន​ធ្វើ​ការ​វះកាត់​និង​ព្យាបាល​បេះដូង​កុមារ​បាន​ចំនួន​២២០០០​នាក់។ ​ដោយ​ឡែក​ក្នុង​ឆ្នាំ​២០១១ ​មន្ទីរពេទ្យ​កុមារ​បាន​ទទួល​ពិនិត្យ​និង​ពិគ្រោះ​ជំងឺ​កុមារ​ចំនួន៦៩៧២​នាក់ ​និង​ទទួល​ឲ្យ​កុមារ​សម្រាក​ព្យាបាល​ចំនួន​៣៥៧​នាក់។​
លោកវេជ្ជបណ្ឌិត​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ប្រភេទ​ជំងឺ​របស់​កុមារ​កម្ពុជា​ភាគច្រើន​គឺជា​ជំងឺ​ដែល​មាន​តាំងតែ​ពី​កំណើត។ ​លោក​ក៏បាន​បញ្ជាក់​ពី​ក្តីបារម្ភណ៍​របស់​លោក​ផងដែរ ដោយហេតុ​ថា​ ចំនួន​កុមារ​ដែល​កើត​ជំងឺ​បេះដូង ​ហើយ​ទាមទារ​ឲ្យ​មារ​ការវះ​កាត់​មាន​ចំនួន​ច្រើន​ ខណៈពេល​ដែល​លទ្ធភាព​នៃ​ការផ្តល់​ការវះកាត់អ្នកជំងឺ​មាន​កម្រិត​នៅឡើយ។ ​
​ជា​មធ្យម​ក្រុម​វេជ្ជបណ្ឌិត​ដែលមាន​ការចូលរួម​ពី​សំណាក់​គ្រូពេទ្យ​មកពី​អង្គការ​ឡា​ហ្សែ​ន ដឺ​ឡេះ​ស្ព័​រ La Chaine De l'Espoir (CDE)​ ធ្វើការ​វះកាត់​ឲ្យ​កុមារ​កម្ពុជា​បាន​ត្រឹមតែ​ពី​១៥​ទៅ​២០​នាក់​ប៉ុណ្ណោះ​ក្នុង​មួយខែ។​
«ក៏ប៉ុន្តែ​បញ្ហា​នេះ​មិនអាច​ចេញរួច​បាន​ទេ ​ដោយហេតុថា​ ដូច​ខ្ញុំ​បាន​ពន្យល់​ប្រាប់​ពីមុន​ដែរអញ្ចឹង​ ដោយសារតែ​កុមារ​ដែល​រង់ចាំ​ទទួល​ការវះកាត់​នៅក្នុង​អគារ​បេះ​ដូង​នេះ​មាន​ជិត​២០០០នាក់​ទៅ​ហើយ។​ ហើយមួយថ្ងៃៗ ​យើង​ទទួល​អ្នក​ជំងឺ​ថ្មី ១​ទៅ២នាក់​ទៀត។ អញ្ចឹង​បើ​យើង​ថា ​វះកាត់​បាន១០ទៅ២០នាក់​ក្នុង​មួយខែ​ យើង​មុខជា​ត្រូវ​បន្ត​វះកាត់​រាប់​ឆ្នាំ​ត​ទៅមុខទៀត»។​
វេជ្ជបណ្ឌិត​ដដែល​ក៏​ប្រាប់​ដែរ​ថា ​មាន​ករណី​មួយ​ចំនួន​ដែល​កុមារ​មាន​ជំងឺ​បេះដូងត្រូវ​ស្លាប់​ ​ហេតុផល​គឺ​ដោយសារតែ​ឪពុកម្តាយ​មិន​បាន​នាំ​កូន​មក​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា។​ ករណី​មួយ​ចំនួន​ទៀត​គឺ​ដោយ​សារ​កង្វះ​ការ​យល់​ដឹង ​ជីវភាព​ក្រីក្រ​ពេក ​រស់នៅ​ឆ្ងាយ​ ពិបាក​ក្នុងការ​ធ្វើ​ដំណើរ​ដើម្បី​ស្វែងរក​សេវា​ព្យាបាល។​

លោក​វេជ្ជបណ្ឌិត​សុខ ផាង​បង្ហាញ​ការ​កត់​សម្គាល់​ថា៖

«បើគាត់​មិន​បាន​ដឹង​ថា ​កូនគាត់​មាន​ជំងឺបេះដូង​ទេ ​គាត់នៅ​ឆ្ងាយ​ពេក​ គាត់គ្មាន​លទ្ធភាព ​គាត់មិន​ដឹង​ថា ​កូន​គាត់ឈឺ​បេះដូង​ គាត់មក​មន្ទីរពេទ្យ​ អគារកុមារ​យើងនេះ ​ គាត់​មក​យឺត​ពេល​ រហូត​ដល់ពេល​ខ្លះហួស​ដំណាក់កាល​ដែល​អាចវះ​កាត់​បាន»។

សូម​បញ្ជាក់ថា សេវា​វះកាត់​និង​ព្យាបាល​ជំងឺ​បេះដូង​ដោយ​ឥតគិតថ្លៃ​តិចតួច​នៅ​ឡើយ​ គឺ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ក្រុងភ្នំពេញ​និង​នៅ​ខេត្ត​សៀមរាប​មាន​មន្ទីរ​ពេទ្យ ​កុមារ​អង្គរ​និង​មន្ទីរពេទ្យ​គន្ធបុប្ផា​ជ័យ​វរ្ម័នទី៧។​
យូរៗម្តង ​មាន​សេវាកម្ម​ជួយ​វះកាត់​បេះដូង​កុមារ​កម្ពុជា​ដោយ​ឥតគិតថ្លៃ​ ដោយ​ក្រុម​វេជ្ជបណ្ឌិត​មកពី​ក្រៅប្រទេស​ដូចជា​សហរដ្ឋអាមេរិក ​និង​បារាំង​ជាដើម។​ យ៉ាងណាក៏​ដោយ​វេជ្ជបណ្ឌិត​សម្រាប់​វះកាត់​ជំងឺ​បេះដូង​របស់​កុមារ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​មាន​ត្រឹមតែ​បួន​នាក់​ប៉ុណ្ណោះ។ ហើយ​កុមារ​កំពុង​រង់ចាំ​ការព្យាបាល​មាន​រហូត​ដល់២០០០​នាក់។ ដូច្នេះ​ប្រសិន​បើ​លទ្ធភាព​ព្យាបាល​និង​វះកាត់​អាច​ទទួល​កុមារ​ត្រឹមតែ​១០​ទៅ​២០​នាក់​ក្នុង​មួយខែ​ កុមារ​ទាំង​នោះ​នឹង​ត្រូវ​ការ​ពេល​វេលា​ដប់ឆ្នាំ​ទៀត​ដើម្បី​ព្យាបាល​បាន​គ្រប់គ្នា៕
XS
SM
MD
LG