កុមាររាប់ម៉ឺននាក់នៅក្នុងប្រទេសកម្ពុជាមានជម្ងឺបេះដូងប្រហោង។ ពួកគេតិចតួចណាស់មានសំណាងទទួលបានការព្យាបាល ដោយសារជម្ងឺនេះទាមទារការវះកាត់ដែលត្រូវចំណាយច្រើន។ ប៉ុន្តែ ថ្មីៗនេះ អង្គការក្រៅរដ្ឋាភិបាលខ្មែរអាមេរិកាំងមួយបានផ្តល់ការវះកាត់និងព្យាបាលជម្ងឺបេះដូងនេះដល់កុមារមួយចំនួនក្នុងប្រទេសកម្ពុជា។
កុមារណាន គីនី អាយុ៨ឆ្នាំនេះ ទើបទទួលការវះកាត់បេះដូងប្រហោងរបស់ខ្លួនកាលពីពេលថ្មីៗ នៅក្នុងមន្ទីរពេទ្យកុមារអង្គរក្នុងខេត្តសៀមរាប។
ឪពុកម្តាយរបស់គីនីនិយាយថា កូនរបស់គាត់មានជម្ងឺនេះតាំងពីកំណើត។
អ្នកស្រីធឹម រ៉ាន់មានប្រសាសន៍ថា គាត់ចំណាយពេលនៅជាមួយកូនប្រុសរបស់គាត់នេះ ក្នុងមន្ទីរពេទ្យច្រើនជាងនៅផ្ទះ។
«ខ្ញុំមកដេកពេទ្យមួយខែឬមួយកន្លះខែអញ្ចឹង ទៅផ្ទះពីរបីថ្ងៃ។ វារស់នៅតែដោយសារពេទ្យ និយាយទៅរស់ដោយសារថ្នាំតែម្តង»។
លោកហ៊ុយ ណាន ជាឪពុក និយាយថា គីនីចូលចិត្តលេងខ្លាំងណាស់ ប៉ុន្តែការរត់លេងនេះបានត្រឹមតែធ្វើឲ្យកូនរបស់គាត់មានបញ្ហាជាមួយនឹងបេះដូងរបស់វាប៉ុណ្ណោះ។
លោកនិយាយថា ជួនកាលលោកមានអារម្មណ៍អស់សង្ឃឹមខ្លាំងរហូតដល់ចង់ឃើញកូនរបស់លោកមួយនេះលាចាកលោកនេះទៅឲ្យផុត ដើម្បីកុំឲ្យវានៅឈឺចាប់នឹងជម្ងឺបេះដូងរបស់វាតទៅទៀត។
លោកហ៊ុយ ណាន វ័យ៤២ឆ្នាំដែលជាអ្នករត់ម៉ូតូឌុប និយាយថា លោកគ្មានប្រាក់យកកូនរបស់លោកទៅព្យាបាលជម្ងឺបេះដូងប្រហោងរបស់វាទេ។
«ឲ្យតែវាបានជាបានយូរទៅ ខ្ញុំចេះតែបានរកទៅ វាចេះគ្រាន់បានហូប ម៉ាគ្រប់ៗ។ បើថា វាឈឺកិះកុះទៀត លោកអើយ ដូចខ្ញុំនិយាយអញ្ចឹង ជំពាក់គេមិនដឹងទៅឯណាទេ»។
សំណាងល្អ ណាន គីនីត្រូវបានជ្រើសរើសរួមជាមួយកុមារចំនួន១៥នាក់ផ្សេងទៀត ដើម្បីទទួលបានការវះកាត់ព្យាបាលជម្ងឺបេះដូងប្រហោងរបស់ខ្លួនដោយឥតគិតថ្លៃ ពីសំណាក់ក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្តអាមេរិកាំងមួយក្រុម។
លោក ភីតធឺ ឈុន គឺជាអ្នកនាំក្រុមគ្រូពេទ្យទាំងនេះ មកជួយព្យាបាលកុមារក្នុងមន្ទីរពេទ្យនេះ។ លោកនិយាយថា កុមារទាំងនេះគឺស្ថិតនៅក្នុងក្រុមដែលមានសំណាងតែប៉ុណ្ណោះ។
«ប្រមាណ១០ម៉ឺនក្មេងនៅក្នុងប្រទេសកម្ពុជាយើងមានជម្ងឺបេះដូងប្រហោង ហើយមាន១០នាក់ក្នុងចំណោម១០០នាក់ត្រូវការការព្យាបាលជាបន្ទាន់»។
ជាស្ថាបនិកអង្គការក្រៅមនុស្សធម៌ «បេះដូងគ្មានព្រំដែន» ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក លោកឈុនមានប្រសាសន៍ថា កុមារខ្លះបានស្លាប់មុននឹងទទួលបានការព្យាបាល និងកុមារជាច្រើនទៀតត្រូវបានទុកចោលដោយមិនមានការព្យាបាល។
«កូនគេកូនយើង បើឲ្យគ្នាចាំទាល់តែគ្នាស្លាប់ គឺថា ជីវិតគ្មានតម្លៃស្អីទេ។ ចុះយើងដែលជាអ្នកចេះដឹង ជាអ្នកមានមុខមានមាត់ មានការងារត្រឹមត្រូវនោះ នៅឈរក្រព័ទ្ធដៃមើលគ្នាស្លាប់?»
អស់រយៈពេល៦ឆ្នាំមកហើយ លោកភីតធឺ ឈុន ជាអ្នកធ្វើការដែលបានចូលនិវត្តទៅហើយនោះ បាននាំយកកុមារខ្មែរដែលមានជម្ងឺបេះដូងប្រហោងនេះទៅទទួលការព្យាបាលនៅក្នុងសហរដ្ឋអាមេរិក។
ប៉ុន្តែដោយសារតែការចំណាយខ្ពស់ លោកក៏សម្រេចចិត្តនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តពីសហរដ្ឋអាមេរិក មកជួយព្យាបាលកុមារនៅក្នុងប្រទេសកម្ពុជាវិញ។
លោក វេជ្ជបណ្ឌិតម៉ៃ ម៊ីឈែល គឺជាគ្រូពេទ្យវះកាត់ម្នាក់ មកពីមន្ទីរពេទ្យកុមារ Wisconsin។
«ពួកគេហាក់ដូចជាជាសះស្បើយឆាប់រហ័យមែនទែន ហើយញញឹមដាក់អ្នកបន្ទាប់ពីវះកាត់បានពីរបីថ្ងៃ ហើយពួកគេរត់លេងនៅខាងក្រៅ។ ពួកគេមើលទៅស្រស់ស្អាតមែនទែន ជាមួយនឹងស្នាមញញឹមរបស់ពួកគេ ហើយគ្មានអ្វីដែលល្អប្រសើរជាងនេះទេ»។
វេជ្ជបណ្ឌិត លុយ លីដា គឺជាពេទ្យឯកទេសជម្ងឺបេះដូងនៅទីនេះ។ លោកនិយាយថា វាពិតជាមានសារៈប្រយោជន៍ខ្លាំងណាស់ ដែលមានជំនួយពីក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្តទាំងនេះ ព្រោះបច្ចុប្បន្នប្រទេសកម្ពុជានៅខ្វះគ្រូពេទ្យជំនាញវះកាត់បេះដូងនេះ ហើយមានមណ្ឌលវះកាត់បេះដូងតែមួយប៉ុណ្ណោះគឺនៅភ្នំពេញ។
«ក្រុមគ្រូពេទ្យវះកាត់របស់យើងនេះរៀនពីក្រុមពេទ្យវះកាត់អាមេរិក សាំងហ្គាពួរ អូស្ត្រាលី ដើម្បីយើងបង្កើនម្ចាស់ការខ្លួនឯងបានទៅថ្ងៃខាងមុខបាន»។
កង្វះគ្រូពេទ្យវះកាត់ជម្ងឺបេះដូងគឺជាបញ្ហាមួយហើយ ប៉ុន្តែបញ្ហាដែលធ្វើឲ្យគ្រួសារភាគច្រើនខ្វល់ខ្វាយ ដូចជាគ្រួសារកុមារណាន គីនីជាដើមនោះ គឺការចំណាយខ្ពស់ទៅលើថ្លៃវះកាត់ព្យាបាលជម្ងឺនេះ។
វេជ្ជបណ្ឌិត សរ វុឌ្ឍី គឺជាប្រធានក្រុមវះកាត់នៅក្នុងមន្ទីរពេទ្យនេះ។
«ជម្ងឺហ្នឹង បើគ្មានការជួយឧបត្ថម្ភពីជនដែលមានថវិកាទេ មិនអាចទៅរួចទេ។ ខ្មែរយើង អ្នកខ្លះមានលទ្ធភាព ប៉ុន្តែភាគច្រើនគាត់មិនអាចមានលទ្ធភាពបង់ខ្លួនឯងទេ»។
ទោះជាការព្យាបាលកុមារដែលមានជម្ងឺបេះដូចប្រហោងនេះត្រូវចំណាយថវិកាអស់រាប់ពាន់ដុល្លារក្នុងក្មេងម្នាក់ៗក៏ដោយ ក៏លោកភីតធឹ ឈុននៅតែប្តេជ្ញាបន្តបេសកកម្មរបស់លោកក្នុងការជួយសង្គ្រោះជីវិតក្មេងទាំងនេះដដែល។
លោកមានប្រសាសន៍ថា គ្មានអ្វីដែលធ្វើឲ្យលោកសប្បាយចិត្តជាងឃើញកុមារដែលជិតស្លាប់ អាចបន្តជីវិតរបស់ពួកគេយ៉ាងសប្បាយរីករាយទៅមុខទៀតនោះទេ៕