ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​ជប៉ុន​រុករកប្រេង​នៅ​ដែនគោក​កម្ពុជា


ក្រុម​ហ៊ុន​ជប៉ុន​​រុក​រក​រ៉ែ​ប្រេង​កាត​នៅ​ក្នុង​ខេត្ត​កំពង់​ធំ​ ខេត្ត​សៀមរាប​ និង​ខេត្ត​ព្រះ​វិហារ​។
ក្រុម​ហ៊ុន​ជប៉ុន​​រុក​រក​រ៉ែ​ប្រេង​កាត​នៅ​ក្នុង​ខេត្ត​កំពង់​ធំ​ ខេត្ត​សៀមរាប​ និង​ខេត្ត​ព្រះ​វិហារ​។

ក្រុម​ហ៊ុន​ជប៉ុន​ចាប់​ផ្តើម​សិក្សា​ស្រាវជ្រាវ​រុក​រក​រ៉ែ​ប្រេង​កាត​លើ​ប្លុក​ចំនួន​១៧​ក្នុង​តំបន់​ដែន​គោក​ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពង់​ធំ​ ខេត្ត​សៀមរាប​ និង​ខេត្ត​ព្រះ​វិហារ​ នៅ​លើ​ផ្ទៃ​ដី​ទំហំ​ប្រមាណ​ជាង​៦០០០​គីឡូម៉ែត្រ​ការ៉េ។​ ការ​សិក្សា​នេះ​គឺ​ជា​វិធី​សាស្ត្រ​មួយ​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​ក្នុង​ការ​រុក​រក​ប្រេង​កាត​ក្នុង​ដំណាក់​កាល​ដំបូង​ក្នុង​ប្រទេស​កម្ពុជា។

ក្រុមហ៊ុន​សាជីវកម្ម​រុក​រក​រ៉ែប្រេងកាត​របស់​ជប៉ុន​ដែល​មាន​ឈ្មោះ​ថា​ JOGMEC និង​MOECO​បាន​ចាប់​ផ្តើម​ប្រតិបត្តិ​ការ​រុក​រក​រ៉ែ​ប្រេង​កាត​នៅក្នុង​ប្លុក​១៧​ ដែល​មាន​ទំហំ​ផ្ទៃដី​ប្រមាណ​៦៥០០​គឺឡូម៉ែត្រ​ការ៉េ​នៅ​ក្នុង​ខេត្ត​ចំនួន​បី​គឺ​ខេត្ត​កំពង់ធំ ​ខេត្ត​សៀមរាប ​និង​ខេត្ត​ព្រះវិហារ។

លោក​ផៃ ស៊ីផាន​ រដ្ឋលេខាធិការ​និង​ជាអ្នក​នាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយ​ការណ៍​ព័ត៌មាន​ថា​ ក្រុមហ៊ុន​ JOGMEC​ពីមុន​មាន​ឈ្មោះ​ថា​ សាជីវកម្ម​ប្រេងកាត​ជាតិជប៉ុន​ បាន​ចាប់​ផ្តើម​វាស់ស្ទង់​ម៉ាញេទិក​ និង​ក្រាវីតេ​តាម​អាកាស​ ដោយ​ធ្វើការ​ខួង​រណ្តៅ​តូចៗ​ចំនួន​៦០០០​រន្ធ​ ជម្រៅ​ពី​៦​ម៉ែត្រ​រហូត​ដល់​២០​ម៉ែត្រ​និង​មាន​អង្កត់ផ្ចិត​៦​មីល្លីម៉ែត្រ។

«Seismic​ហ្នឹង​ខ្ញុំ​ជំរាប​ជូន​ម្តង​ទៀត​គឺ​គេ​ត្រូវ​ខៃរូង​តូច​មួយ​ទៅ​ក្រោម​ ហើយ​គេ​ទម្លាក់​សែនសឺ​មួយ​ចូល​ដើម្បី​ធ្វើឲ្យ​មាន​ភាព​រំញែរ​(Vibration)​គ្រាន់​ជា​sound​ ដើម្បី​វាស់​មើល​ ថា​តើ​ខាងក្នុង​ដី​មាន​ស្រទាប់​យ៉ាង​ម៉េច​ ហើយមាន​ស្រទាប់​ deposit​ប្រេងកាត​ឬ​ក៏​អត់»។

ក្រុមហ៊ុន​JOGMEC ​របស់​ប្រទេស​ជប៉ុន​ធ្លាប់​បាន​សិក្សា​វាស់ស្ទង់​ម៉ាញេទិក​និង​ថត​តាម​អាកាស​កាល​ពី​ឆ្នាំ​១៩៩៦។ ​ហើយ​កាល​ពី​ថ្ងៃ​ទី​០៤​ខែ​ឧសភា​ឆ្នាំ​២០១០​ ក្រុមហ៊ុន​JOGMEC​បាន​ចុះ​ហត្ថលេខា​ជាមួយ​អាជ្ញាធរ​ប្រេង​កាត​ជាតិ​កម្ពុជា​លើ​អនុស្សរណៈ​និង​កិច្ច​ព្រមព្រៀង​គោល​លើ​ប្លុក​១៧​ចំនួន​នៃ​ដែន​គោក​របស់​ប្រទេស​កម្ពុជា​ដែល​ស្ថិត​ក្នុង​ខេត្ត​កំពង់​ធំ​ ខេត្ត​សៀមរាបនិង​ ខេត្ត​ព្រះ​វិហារ​ ដើម្បី​សិក្សា​អង្កេត​ទិន្នន័យ​ប្រេង​កាត​ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី។

លោក​ផៃ ស៊ីផាន​បាន​បញ្ជាក់​ថា ​ការ​សិក្សា​រក​ទិន្នន័យ​នេះ​គឺ​ដើម្បី​ឲ្យ​ដឹង​ថាតើ​តំបន់​នេះ​មាន​ប្រេង​កាត​ចំនួន​ប៉ុន្មាន​ ហើយ​បន្ទាប់​មក​យើង​ចាប់​ផ្តើម​បែង​ចែក​ផល​ប្រយោជន៍​រវាង​ក្រុម​ហ៊ុន​និង​រដ្ឋា​ភិបាល។

លោក​បាន​បញ្ជាក់​ថា ​ប្រសិន​បើមាន​ផល​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ប្រជាជន​ ក្រុម​ហ៊ុន​នឹង​ចេញ​ថ្លៃ​សំណង​ដល់​ពួកគេ​ដូច​ជា​ដំណាំ ​ដីចម្ការ​និង​ដើមឈើ។

«ផល​ប្រេងកាត​ ផល​ធនធាន​ដែល​យើង​មាន​ហ្នឹង​គឺជា​ផល​សម្រាប់​អនាគត​របស់​កម្ពុជា​ដែល​ជា​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​របស់​រាជ​រដ្ឋាភិបាល»។

លោក​ឆាយ ​សារ៉ាត​ អ្នក​សម្រប​សម្រួល​សម្ព័ន្ឋភាព​ដើម្បី​តម្លាភាព​ចំណូល​ធនធាន​ បាន​ប្រាប់​VOA ​តាម​រយៈ​សារ​អេឡិក​ត្រូនិក​ឬEmail មក​ថា​ ការវិនិយោគប្រកប​ដោយការ​ទទួល​ខុស​ត្រូវ​សង្គម​ខ្ពស់ពិតជា​នឹង​នាំមក​នូវ​ផល​ប្រយោជន៍​ដល់​ប្រជា​ជន​ ​និង​សង្គម​ជាតិ។

លោក​បាន​បញ្ជាក់​ទៀត​ថា​ ការ​ទទួល​ខុស​ត្រូវ​សង្គម​មាន​ន័យ​ថា​ រាល់​សកម្ម​ភាព​រុករក​ប្រេង​នឹង​មិន​ធ្វើឲ្យ​ប៉ះ​ពាល់​ដល់​សង្គម ​ប្រជា​ពលរដ្ឋ ​បរិស្ថាន​ និង​ធម្មជាតិ តែ​វា​បង្កើត​ឱកាស​ការងារ​ដល់​ប្រជា​ពលរដ្ឋ​ក្នុង​ស្រុក ​ឬ​សហគមន៍​ ​ប្រើប្រាស់​ធនធាន​ ឬ​សេវាកម្ម​ដែល​មាន​ក្នុង​ស្រុក​ និង​ជួយ​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេកទេស ​និង​ការ​ផ្ទេរ​បច្ចេក​វិទ្យា​ដល់​ប្រជា​ពលរដ្ឋ​ក្នុង​ស្រុក។

ទោះ​ជា​យ៉ាងណា​ក៏​ដោយ​ ក៏លោក​សារ៉ាត​មិន​បាន​បញ្ជាក់​ថា ​តំបន់​ដែល​កំពុង​រុក​រក​នោះ​នឹង​មាន​រ៉ែ​ប្រេង​កាត​ឬទេ។ ​លោក​បាន​លើក​ទឹក​ចិត្ត​ដល់​រដ្ឋាភិបាល​ឲ្យ​មាន​តម្លាភាព​ដោយ​មាន​ការ​ចូល​រួម​ពី​សាធារណ​ជន​គ្រប់​ដំណាក់​កាល​នៃ​ការ​អភិវឌ្ឍ​ប្រេង​នេះ។

នៅ​ក្នុង​តំបន់​ដែន​សមុទ្រ​វិញ​ ប្រទេស​កម្ពុជា​មាន​ប្លុក​ប្រេង​ចំនួន​ប្រាំមួយ ​ចាប់​ពី​ប្លុក​A ​រហូត​ដល់​ប្លុក​F។ ​ប្លុក​ទាំង​នេះ​ត្រូវ​បាន​ផ្តល់​ដល់​ក្រុមហ៊ុន ​ដែល​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ប្រទេស​កម្ពុជា។​ ក្រុមហ៊ុន​ទាំង​នោះ​រួម​មាន​ក្រុមហ៊ុន​មក​ពី​សហ​រដ្ឋអាមេរិក​ ប្រទេស​ចិន​ រុស្សី ​បារាំង​ និង​ប្រទេស​ជប៉ុន។ ​ដើម្បី​គ្រប់គ្រង​ចំណូល​ប្រេងកាត ​និង​ឧស្ម័ន​ឲ្យ​មាន​ប្រសិទ្ធិភាព ​ប្រទេស​កម្ពុជា​បាន​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ចំនួន​ពីរ​គឺ​សេចក្តី​ព្រាង​ច្បាប់​ពី​ការ​គ្រប់គ្រង​វិស័យ​ប្រេងកាត​ និង​សេចក្តី​ព្រាង​ច្បាប់​លើ​ការ​យក​ពន្ធ​លើ​វិស័យ​ប្រេងកាត ​ដែល​សេចក្តីព្រាងច្បាប់​ទាំង​ពីរ​នេះ​កំពុង​តែ​ស្ថិត​នៅ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​នៅ​ឡើយ៕

XS
SM
MD
LG