ប្រទេសជប៉ុននៅសប្តាហ៍នេះប្រកាសសន្យាផ្តល់ថវិកាដល់ប្រទេសស្ថិតក្នុង តំបន់ទន្លេមេគង្គ៥ប្រទេសគឺកម្ពុជា ឡាវ ថៃ ភូមា វៀតណាមនូវចំនួនទឹកប្រាក់៧,៤ពាន់លានដុល្លារសម្រាប់ការអភិវឌ្ឍនសេដ្ឋកិច្ចក្នុងតំបន់ទន្លេមេគង្គ ដែលមានពលរដ្ឋជាច្រើនរយលាននាក់។ តែក្រុមអ្នកវិភាគនៅកម្ពុជានិង សរអាបានអះអាងថាការពង្រីកឥទ្ធិពលជប៉ុននៅតំបន់ដែលមានកំណើនឥទ្ធិពលចិននោះក៏ជារឿងមួយផ្នែកដែរ។
លោក ឈាង វណ្ណារិទ្ធ នាយកប្រតិបត្តិនៃវិទ្យាស្ថានកម្ពុជាដើម្បីកិច្ចសហប្រតិ បត្តិការនិងសន្តិភាពបានថ្លែងថាតួនាទីរបស់ជប៉ុននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានការកើនឡើងជាពិសេសក្នុងតំបន់ទន្លេមេគង្គដែលជាតំបន់ក្រីក្រជាង គេក្នុងប្លុកអាស៊ាន។ដូច្នេះជំនួយជប៉ុនគឺភ្ជាប់បណ្តាញសេដ្ឋកិច្ចក្នុងតំបន់និងធ្វើឲ្យ មានតុល្យភាពនៃឥទ្ធិពលជាមួយចិនផង។
«នេះក៏ជាសញ្ញាមួយដែលយើងយល់ថាជប៉ុនមានការព្រួយបារម្ភច្រើនទាក់ទង ទៅហ្នឹងការកើនឡើងនៃឥទ្ធិពលចិនក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះជាពិសេស ក្នុងតំបន់ទន្លេមេគង្គ។ ដូច្នេះការចូលមកដល់នៃជប៉ុនគឺដើម្បីជំរុញឲ្យមាន តុល្យភាពផ្នែកយុទ្ធសាស្ត្រក៏ដូចជាសេដ្ឋកិច្ចក្នុងតំបន់ហ្នឹងដែរព្រោះជប៉ុនឲ្យ តម្លៃក្នុងតំបន់មេគង្គហ្នឹងមានកម្រិតខ្ពស់ជាងតំបន់ផ្សេងៗទៀតក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិកយើងនេះ»។
លោកឈាង វណ្ណារិទ្ធិថ្លែងថាគម្រោងរបស់ជប៉ុនមើលទៅគឺដើម្បីធ្វើសមា ហរណកម្មសេដ្ឋកិច្ចឲ្យមានប្រសិទ្ធភាពចំពោះប្រទេសក្នុងតំបន់ទន្លេមេគង្គ ធ្វើឲ្យមានការរីកចម្រើនអាចដើរទាន់គេសម្រេចបាននូវសហគមន៍សេដ្ឋកិច្ចអាស៊ាន ភ្ជាប់បណ្តាញផ្លូវថ្នល់នៅក្នុងតំបន់មេគង្គជាដើម។ ជប៉ុនក៏ជួយផ្នែក ធនធានមនុស្សហើយនឹងផ្នែកបរិដ្ឋានជាដើម។
«និយាយឲ្យចំទៅនយោបាយរបស់ជប៉ុនគឺនយោបាយសេដ្ឋកិច្ច។ ជប៉ុនដាក់ ផលប្រយោជន៍សេដ្ឋកិច្ចជាចម្បង។ ហើយតំបន់ទន្លេមេគង្គ៥ប្រទេសហ្នឹងគឺជា Production Network ឬ Production base មួយដែរ គឺជាទីតាំងនៃការផលិត»។
លោកវណ្ណារិទ្ធបានបន្ថែមទៀតថាជប៉ុនអាចពង្រីកចង្វាក់ផលិតកម្មទៅបណ្តាប្រទេសផ្សេងៗទៀតដូចជាភូមាដែលមានសក្តានុពលខ្ពស់និងភ្ជាប់ពាណិជ្ជកម្មជាមួយតំបន់ផងដែរដោយសារជប៉ុនត្រូវការទីផ្សារដែរដើម្បីនាំនូវផលិតផល បច្ចេកវិទ្យាក៏ដូចជាគ្រឿងម៉ាស៊ីនរថយន្តជាដើមក្រៅពីសម្លឹងឃើញធនធានដ៏សម្បូរណ៍បែបនៅក្នុងតំបន់ទន្លេមេគង្គដែលអាចផ្គត់ផ្គង់វត្ថុធាតុដើមដល់រោងចក្រជប៉ុននោះ។
លោក Richard Cronin នាយកកម្មវិធីកិច្ចការតំបន់អាស៊ីអាគ្នេយ៍នៃអង្គការស្រាវជ្រាវគោលនយោបាយមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោនហៅថា Stimson Center បានថ្លែងប្រាប់វីអូអេថា ប្រទេសជប៉ុនព្យាយាមផ្សារភ្ជាប់ជាមួយប្រទេសក្នុងតំបន់ទន្លេមេគង្គនិងអាស៊ានឡើងវិញទាំងសេដ្ឋកិច្ចនយោបាយនិងជាការប្រជែងឥទ្ធិពលចិនផងដែរក្រោយពីជប៉ុនបានឃើញកំណើនឥទ្ធិពលចិនខ្លាំងនោះ។
«មួយផ្នែកការភ្ជាប់ដៃគូជាមួយប្រទេសនៅតំបន់ទន្លេមេគង្គរបស់ប្រទេសជប៉ុនគឺដើម្បីរួបរួម គាំទ្រនិងពង្រីកទំនាក់ទំនងជប៉ុនទាំងទំនាក់ទំនងពាណិជ្ជកម្ម និង នយោបាយជាមួយបណ្តាប្រទេសក្នុងតំបន់ទន្លេមេគង្គ។ជាមួយគ្នាដែរ ជប៉ុនកំពុងសំឡឹងមើលប្រទេសចិនដែលកំពុងរីកចម្រើនឥទ្ធិពលក្នុងតំបន់ដែរ»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំកំពូលស្តីពីទន្លេមេគង្គលើកទី៤ នាយករដ្ឋមន្ត្រីជប៉ុន Yoshihiko Noda បានប្រកាសសន្យាផ្តល់ជំនួយ៧,៤ពាន់លាននេះគឺផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធការដឹកជញ្ជូនក្នុងប្រទេស៥នៃតំបន់ទន្លេមេគង្គរួមទាំងកម្ពុជាផង។
លោកថ្លែងថាស្ថិរភាពនិងការអភិវឌ្ឍតំបន់អាស៊ីខាងកើតមិនអាចដំណើរការ បានដោយគ្មានស្ថិរភាពនិងការអភិវឌ្ឍតំបន់ទន្លេមេគង្គទេ។
ទោះជាយ៉ាងណាក៏ដោយលោក ឈាង វណ្ណារិទ្ធបានអះអាងថា៖
ប្រទេសមួយចំនួនក្នុងតំបន់ទន្លេមេគង្គកំពុងគិតពីផលប្រយោជន៍ជាតិលាយឡំនឹងផលប្រយោជន៍តំបន់ផងដែរ ដំណាលគ្នាដែលមានការអះអាងពីការជំរុញឲ្យបានសហប្រតិបត្តិការល្អ។
«តែបច្ចុប្បន្ននេះផលប្រយោជន៍ជាតិនៅតែជាផលប្រយោជន៍ធំនៅឡើយទេ។ តែយើងមើលនិន្នាការទៅប្រហែលជាយើងអាចនឹងយ៉ាងហោចណាស់ក៏គិតគូរួមបញ្ចូលផលប្រយោជន៍តំបន់ចូលក្នុងផលប្រយោជន៍ជាតិដែរ។ បើមានវប្បធម៌ ការគិតគូរនយោបាយការបរទេសអញ្ចឹង ជម្លោះនៅក្នុងតំបន់ក៏វាអាចកាត់បន្ថយ បានច្រើនមែនទែន»។
លោកវណ្ណារិទ្ធិមើលឃើញថាតួនាទីជប៉ុនអាចភ្ជាប់នូវបណ្តាប្រទេសទាំងអស់ ក្នុងតំបន់ទន្លេមេគង្គជាមួយគ្នា ហើយបង្កនូវការយល់យោគគ្នាបន្ថែមទៀត។
ប្រទេសឡាវត្រូវគេរាយការណ៍មកថាបន្តសាងសង់ទំនប់វារីអគ្គិសនីសាយាបូរី ដ៏ ចម្រូងចម្រាសដែលធ្វើឲ្យពលរដ្ឋប្រទេសមួយចំនួនរួមទាំងថៃនិងប្រទេស កម្ពុជាផងមិនសប្បាយចិត្ត៕