ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​​ពិរុទ្ធ​កាសែត​ចិន​​គឺ​ផ្ទុយនឹងសេរី​ភាព​ព័ត៌មាន​


​ប្រព័ន្ធ ​Weibo​ microblog ​ដូចជា ​Twitter។
​ប្រព័ន្ធ ​Weibo​ microblog ​ដូចជា ​Twitter។
ដោយ William Ide​

​ប៉េកាំង៖ ភាព​មិន​ចាញ់​មិន​ឈ្នះ​រវាង​អ្នក​កាសែត​នៅ​កាសែត​ចិន​ដ៏​មាន​ឥទ្ធិ​ពល​ហើយ​នឹង​ការ​ចាប់​ពិរុទ្ធ​របស់​រដ្ឋាភិបាល​ហាក់ដូចជា​បាន​បញ្ចប់។ ​កាសែត​Southern ​Weeklyបាន​ចេញ​ផ្សាយតាម​ការ​គ្រោង​ទុក​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ហើយការ​ប្រ​ឆាំង​តវ៉ា​ដែល​មិន​ធ្លាប់​មាន​កាល​ពី​ពេល​មុន​នៅ​ខាង​ក្រៅ​ការិយា​ល័យកាសែត​នេះ​ក្នុងតំបន់​ខាង​ត្បូង​នៃ​ប្រទេស​ចិន ​ដែល​បាន​ទទួល​ការ​គាំទ្រ​ដ៏​ខ្លាំង​តាម​ប្រព័ន្ធ​ Internet ​នោះ​ បាន​ស្បើយ​ទៅ​ហើយ។ ​ទោះ​បី​ភាព​មិន​ចាញ់​មិន​ឈ្នះ ​ឃើញ​ដូច​ជា​បាន​បញ្ចប់​ទៅ​ហើយ​ក្តី​ ក៏​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ពិរុទ្ធ​របស់​រដ្ឋាភិបាល​នៅ​វែង​ឆ្ងាយ​តទៅ​ទៀត។​

ក្នុង​បទ​វិចារណក​ថាថ្មី​របស់​កាសែត​ Southern Weekly ពួក​អ្នក​អាន​មើល​មិន​ឃើញសញ្ញា​ដែលអាច​បញ្ចប់នូវ​ភាព​មិន​ចាញ់​មិន​ឈ្នះ​នោះ​ទេ។

សេចក្តី​រាយ​ការណ៍​តាម​ប្រព័ន្ធ ​Internet ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ កិច្ច​ព្រម​ព្រៀង​ខ្លះ​បាន​ធ្វើ​ឡើងរវាងអ្នកចាត់​ចែង​កាសែត​ និង​មន្រ្តី​រដ្ឋាភិបាល​ទទួល​បន្ទុក​កិច្ច​ការ​កាសែត​នោះ។​

គ្មាន​ភាគី​ណាមួយ​បាន​ចេញ​ផ្សាយ​ព័ត៌មាន​ណាមួយ​ជា​សាធារណៈ​ទេ​ហើយ​ពួក​អ្នក​យក​ព័ត៌មាន​បាន​ត្រូវ​គេ​ប្រាប់មិន​ឲ្យ​និយាយ​ជាមួយ​បណ្តាញ​ផ្សាយ​ព័ត៌មានបរទេស​អំពី​ឧបទ្ទវហេតុ​នេះ​ទេ។​

លោក​ David Bandurski ​ធ្វើ​ការ​ជាមួយ​គម្រោង​បណ្តាញ​ផ្សាយ​ព័ត៌មាន​ចិន​ដែល​មាន​ទីតាំង​ក្នុង​ទីក្រុង​ហុងកុង។​

«យើង​មិន​ដឹង​ពិត​ប្រាកដ​ទេ ​ប៉ុន្តែ​ខ្ញុំ​ស្មាន​ថា ​ពួក​គេ​ចង់​វិល​ត្រឡប់​ទៅ​កាន់​ស្ថាន​ភាព​ដដែល​វិញ​ ហើយ​វា​ពិត​ជា​អញ្ចឹង។ ​ស្ថានភាព​ដដែល​នេះ​គឺ​ដំបូង ​ប្រធាន​ឃោសនា​បាន​ធ្វើ​ហួស​ពី​គោល​មាគ៌ា​នយោបាយ​ ​គឺ​មិនមែន​រឿងចាប់​ពិរុទ្ធ​ទេ។ ​ដើមហេតុ​គឺ​មេដឹកនាំ​ឃោសនា​បាន​ផ្លាស់​ប្តូរ​របៀប​គ្រប់​គ្រង»។​

ប្រតិកម្ម​ប្រឆាំង​ដោយ​បុគ្គលិក​របស់​កាសែត​បាន​ចាប់​ផ្តើម​កាល​ពី​សប្តាហ៍​មុន​ ដែល​មុន​ដំបូង​មាន​ប្រតិកម្ម​តាមប្រព័ន្ធ​ Internet ហើយ​ក្រោយ​មកគេ​ ប្រជុំ​គ្នា​តវ៉ាពេញ​ទំហឹង​នៅ​ខាង​ក្រៅ​ការិយាល័យ​បោះ​ពុម្ព​ផ្សាយ។​ បុគ្គលិក​របស់​ការិយាល័យ​កាសែត​នេះ​និយាយ​ថា​ ក្នុងការ​ផ្សាយកាល​ពី​សប្តាហ៍​មុន​ មន្រ្តី​ឃោសនា​ម្នាក់បាន​ចាត់​វិធាន​ការដ៏​អង់​អាច​ក្លាហាន​ដោយ​ធ្វើ​ការ​ផ្លាស់​ប្តូរ​បទ​វិចារណកថា​ប្រចាំ​ឆ្នាំ​ពេល​ចូល​ឆ្នាំ​ថ្មី​ ដោយ​ផ្សាយ​ផ្នែក​មួយ​ដែល​និយាយ​ពីក្តី​សង្ឃឹម​ឲ្យ​មាន​រដ្ឋា​ភិ​បាល​ដែល​ដឹកនាំ​តាម​រដ្ឋ​ធម្មនុញ្ញ​របស់​ចិន ​ហើយ​បាន​បញ្ចេញ​នូវ​ការ​គាំទ្រ​សេរី​ភាព​នៃ​ការ​និយាយ​ស្តី​ ដោយ​ដកចេញ​អត្ថបទ​ដែលឃោសនា​ឲ្យ​គណបក្ស​កុម្មុនិស្ត។​

ទោះ​បី​ការ​តវ៉ាប្រឆាំងជា​បន្ត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​មាន​ទ្រង់​ទ្រាយ​តូចក្តី​ឥឡូវ​នេះ​ឧបទ្ទវ​ហេតុ​នេះ​បង្ហាញ​នូវ​ភាព​តាន​តឹង​ឡើងៗ។​ នៅ​ខាង​ក្រៅ​ការិយាល័យកាសែត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ អ្នក​គាំទ្រ​ម្នាក់​ដែល​ជា​និស្សិត​សាកល​វិទ្យា​ល័យ​ បាន​ត្រូវ​ប៉ូលិសបង្កប់​ជា​ជន​ស៊ីវិលទាញ​ចេញ។ ​កាសែត​ Video ​ដែល​បាន​ចុះ​ផ្សាយក្នុង​ប្រព័ន្ធ ​Internet ​បាន​បង្ហាញ​ថា​ បុរសម្នាក់​នេះ​បាន​ស្រែកឈ្មោះ​របស់​កាសែត​នោះ​ នៅពេល​ដែល​គេ​អូស​គាត់​ចេញ។​

បណ្តាញ​ផ្សាយ​ព័ត៌​មាន​រដ្ឋ ​ផ្សាយ​ព័ត៌មានបន្តិច​បន្តួច​អំពី​ឧបទ្ទវ​ហេតុ​នេះ​ ក្រៅ​ពី​ធ្វើ​ការ​រឹះ​គន់​បញ្ហា​នេះ ​ហើយ​ប្រព័ន្ធ​ Microbloggers ​ទាំងនោះ​ដែល​បាន​ផ្សាយ​ព័ត៌មាន​នេះ​ ឬ​ដែល​ហ៊ាន​និយាយអំពី​ឧបទ្ទវ​ហេតុ​នេះនៅ​ប្រព័ន្ធ​ Internet ទំនង​ជាត្រូវ​បានគេ​ព្រមាន​ឲ្យ​បញ្ឈប់។​

លោក ​Cheng Yizhong​ ជាអ្នក​កាសែត​ចិន​ដែល​បាន​ជួយ​បង្កើត​កាសែត​ Southern Metropolis ​Daily ​ដែល​ជាសាខា​របស់​កាសែត ​Southern Weekly ​ ប៉ុន្តែ​លោក​បាន​ឈប់​ធ្វើ​ការជាមួយ​ក្រុម​បណ្តាញ​ផ្សាយ​ព័ត៌មាន​នោះ​ទៀត​ហើយ។​ លោក​និយាយ​ទៀតថា ​ជាបឋម ​ពួក​អាជ្ញាធរ​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា​ ការ​ប្រឈម​មុខគ្នាមិន​ចាញ់​មិន​ឈ្នះ​នោះ​នឹង​មិន​ក្លាយ​ជា​បញ្ហា​នយោបាយដ៏​ធំ​មួយ​ទេ។​

លោក ​Cheng ​បាន​និយាយ​ថា​ កត្តា​ដ៏​សំខាន់​នោះ​គឺពួកគេ​ចង់ធ្វើ​ឲ្យ​បញ្ហា​នោះ​មិន​សូវមាន​គេ​ចាប់​អារម្មណ៍​ ដូច្នេះ​ពួកគេ​បាន​ព្យាយាម​គ្រប់​វិធី​ដើម្បី​រក្សា​ព័ត៌មាននោះ​ជា​សម្ងាត់ មិនឲ្យ​ពួក​អ្នក​ខាង​ក្រៅ ​ឬ​ជន​បរទេស​ដឹង​ទេ។ ​អ្វី​ដែល​គេមិន​អាច​មើល​ឃើញគឺ​ថា​ តើ​បុគ្គលិកនៅ​ការិយាល័យ​កាសែត​ ​នេះ​ប្រឈម​មុខការ​កៀប​សង្កត់​ប៉ុណ្ណា​ ហើយ​តើ​ការ​ត្រួតត្រា​ដ៏​តឹង​រ៉ឹង​ដែល​គេ​ត្រូវ​ប្រើ​ប្រាស់​នោះ​មាន​លក្ខណៈ​ដូច​ម្តេច»។​

ពួក​អ្នក​វិភាគ​និយាយ​ថា ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​កាសែត​ Southern Weekly​ ហើយ​នឹង​របៀប​ដែលព្រឹត្តិ​ការណ៍​នេះ​បាន​កើតឡើង​ ជារឿយ​ បាន​ទំលាយ​ការ​លាក់​បាំង​របស់​រដ្ឋាភិបាល ហើយ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​សាធារណ​ជន​ដឹងពី​កលល្បិច​ ហើយ​នឹង​ការ​រំលោភ​យ៉ាង​សម្ងាត់​លើ​បណ្តាញ​ផ្សាយ​ព័ត៌មាន​ក្នុង​ប្រទេស​ចិន។​

ពួក​មន្រ្តី​ឃោសនាមិន​ត្រឹមតែ​កែ​ប្រែ​បទ​វិចារណកថា​ទេ​ ប៉ុន្តែ​ពួកគេក៏ទំនង​ជា​បាន​បង្ខំ​ឲ្យ​បុគ្គលិកកាសែតលាក់​បំបាំង​ការណ៍​ពិត​ ហើយ​ថែម​ទាំង​ឲ្យ​អង្គការ​បណ្តាញ​ផ្សាយ​ព័ត៌មាន​ផ្សេង​ទៀត ​ធ្វើ​ដូច​គ្នា។​

កាល​ពី​ថ្ងៃ​ពុធ ​បណ្តាញ​ផ្សាយ​ព័ត៌មានជា​ច្រើន​បាន​ត្រូវគេ​បង្ខំ​ឲ្យ​ចុះ​ផ្សាយ​បទ​វិចារណកថាដែល​សរសេរ​ដោយ​កាសែត​ Global Times ​ដែល​មាន​លក្ខណៈ​ស្នេហា​ជាតិ​យ៉ាង​ខ្លាំង​ ដែល​បាន​ស្តី​បន្ទោស​ឧបទ្ទវហេតុ​ទាំង​មូល​នោះលើកម្លាំង​បរទេស​ដែល​បង្ក​ប្រទូស្តរាយ។​
លោក ​David Bandurski ​និយាយ​ថា ​ការណ៍​នេះ​បាន​ញ៉ាំងឲ្យ​មាន​ការ​មិន​សប្បាយចិត្ត​យ៉ាង​ច្រើន​លើ​ប្រព័ន្ធ ​Internet ហើយ​ភ្លាមៗ​នោះ​ បទ​វិចារណកថា​នេះ​មានការយក​ចិត្ត​ទុក​ដាក់​យ៉ាង​ច្រើនក្នុង​ការ​និយាយ​លេង​សើច​លើ​ប្រព័ន្ធ ​Weibo​ microblog ​ដូចជា ​Twitter។​
«ពួកគេ​ប្រាកដ​ធ្វើ​ឲ្យ​ប៉ះពាល់​បញ្ហា​នេះ​ ហើយ​ឥឡូវ​នេះ​អ្វី​ដែល​យើង​ឃើញ​ក្នុង​កាសែត​ Beijing News​នោះ​គឺថា ​ពួកគេ​ប្រាកដ​បាន​ធ្វើ​ឲ្យ​បញ្ហា​នេះក្លាយ​ជា​បញ្ហា​ជាតិ​ តាម​រយៈ​ការ​ចាត់​ចែង​មិន​បាន​ត្រឹម​ត្រូវ​ ដូច្នេះ​យើង​នឹង​ឃើញ​ថា ក្នុង​ពេល​បី ​បួន​ថ្ងៃ​ទៀតវា​នឹង​ទៅ​ជា​យ៉ាង​ម៉េច»។​
បណ្ណាធិការ​កាសែត​ Beijing News ​បាន​ត្រូវ​គេ​រាយ​ការណ៍​ថា​ បាន​ដាក់​ពាក្យ​សុំចេញ​ពី​តំណែងដោយសារ​តែ​បទ​វិចារណកថា​កាសែត​ Global Times។​
ទោះ​ជាបណ្តាញ​ផ្សាយ​ព័ត៌មានចិន​កំពុង​មាន​ការ​ផ្សាយ​ពាណិជ្ជកម្ម​កាន់​តែ​កើន​ឡើង​ ហើយមាន​អ្នកអាន​ច្រើនក្តី​ ក៏​កាសែត​ត្រូវ​តែធ្វើតាម​គណបក្ស​កុម្មុយនិស្ត។​
ដើម្បីទទួល​បានអាជ្ញាបណ្ណ​ កាសែត​ចាំ​បាច់​ត្រូវ​មាន​ការ​ធានា​រ៉ាប់រង​ដោយ​គណ​បក្ស​កុម្មុយនិស្ត​ ​ឬ​ការិយាល័យ​រដ្ឋាភិបាល។ ​លេខា​របស់គណបក្ស​ បាន​ត្រូវ​មាននៅ​ក្នុង​ការិយាល័យសារព័ត៌មាន​ដើម្បី​ឃ្លាំមើលសេចក្តី​រាយ​ការណ៍​និង​គោល​បំណងនៃ​បទ​វិចារណកថា​របស់​កាសែត​នោះ។​
លោក​ចេង​និយាយ​ថា​ មធ្យោបាយ​ដែល​ពួក​អាជ្ញាធរ​ត្រួតត្រាបណ្តាញ​ផ្សាយ​ព័ត៌មាន​ មាន​ភាព​ផ្ទុយ​ស្រឡះ​ទៅ​នឹង​ការ​ផ្សាយពាណិជ្ជ​កម្ម។​

លោក​ចេង​និយាយ​ថា ការ​និយាយ​ប្រឆាំង​កំពុងបង្កើន​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង​ឡើងៗ​ ​ហើយ​មាន​ផល​ប៉ះ​ពាល់​ដោយ​ផ្ទាល់លើ​អាយុ​ជីវិតបណ្តាញ​ផ្សាយ​ព័ត៌​មាន។ ​លោកនិយាយ​ថា​ ប្រសិនបើ​ការិយាល័យ​ឃោសនា​បន្ត​រំលោភ​ ​ដូច​ដែល​ពួកគេ​ធ្វើលើ​កាសែត​ Southern Weekly ​នោះ ​ពួកគេ​នឹង​បាត់​បង់​អ្នក​អាន​របស់​គេ​ទាំងអស់ ​ពីព្រោះពួក​អ្នក​អាន​នឹងទៅ​អាន​បណ្តាញ​ផ្សេង​ទៀត ​ដូច​ជា​ Online​ ឬ ​Weibo ​ឬ​បណ្តាញ​ផ្សាយ​ព័ត៌មាន​សង្គម»។​
ទោះ​ជាយ៉ាង​ណា​ក៏ដោយ​ ដោយសារ​តែការ​យក​ចិត្ត​ទុក​ដាក់​អំពីឧបទ្ទវ​ហេតុ​នោះ​មានការ​កើតឡើង ​អ្នក​វិភាគ​ខ្លះ​និយាយ​ថា​ ឧបទ្ទវហេតុ​នេះ​អាច​ធ្វើ​ឲ្យបណ្តាញ​ព័ត៌មាន​ទទួលរង​ពិរុទ្ធ​ភាព​ធូរ​ស្រាល​ឡើង៕​
ប្រែ​សម្រួល​ដោយ​ ជឹង ប៉ូជីន​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG