ប្រទេសកម្ពុជា និងប្រទេសអ៊ីរ៉ង់កំពុងស្វះស្វែងរកការបង្កើតស្ថានទូតទៅវិញទៅមក ដើម្បីបង្កើន ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។
លោក ជន សក្តា ជូនសេចក្តីរាយការណ៍ដូចតទៅ៖
មន្រ្តីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងនៅថ្ងៃសុក្រនេះថា កម្ពុជាកំពុងធ្វើការពិចារណាលើពេលវេលាដ៏សមស្របមួយសម្រាប់ដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជាទៅកាន់ប្រទេសអ៊ីរ៉ង់ដើម្បីពិភាក្សាអំពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលនឹងអាចឈានទៅបង្កើតស្ថានទូតទៅវិញទៅមក។
លោក Seyed Javad Qavam Shahidi ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ដែលបានមកកាន់ទីក្រុងភ្នំពេញ បាននិយាយកាលពីថ្ងៃអាទិត្យថា លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជាគ្រោងនឹង ទៅទស្សនកិច្ចនៅប្រទេសអ៊ីរ៉ង់ក្នុងខែសីហា ដើម្បីជួបពិភាក្សាជាមួយលោក Manouchehr Mottaki រដ្ឋមន្ត្រីការបរទេស និងក្រុមមន្ត្រីរដ្ឋាភិបាលអ៊ីរ៉ង់ សំដៅធ្វើឱ្យសកម្មឡើងនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង២។
ក្នុងពេលជាមួយគ្នានេះ លោកMohsen Kouhkan ប្រធានក្រុមសភាមិត្តភាពអ៊ីរ៉ង់-កម្ពុជា បានស្វះ ស្វែងរកការបង្កើតស្ថានទូត ឬមជ្ឈមណ្ឌលពាណិជ្ជកម្មទៅវិញទៅមក ដើម្បីជំរុញអ្នកវិនិយោគអ៊ីរ៉ង់ ឱ្យមកវិនិយោគលើប្រេងឧស្ម័ន និងរ៉ែផ្សេងៗនៅកម្ពុជា ខណៈដែលប្រទេសកម្ពុជាគ្រោងនឹងធ្វើអាជីវកម្មប្រេងនៅក្នុងឆ្នាំ២០១២។
លោកកួយ គង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ថា យើងកំពុង តែពិចារណាលើពេលវេលាសមស្របនៃការធ្វើទស្សនកិច្ចជាផ្លូវការរបស់លោកហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា ទៅកាន់ទីក្រុងTehran។
"យើងកំពុងតែសម្របសម្រួលពេលវេលាដែលអាចលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អញ្ជើញ បំពេញទស្សនៈកិច្ចផ្លូវការទៅប្រទេសអ៊ីរ៉ង់ ដើម្បីពិភាក្សាអំពីបញ្ហាទំនាក់ទំនងទ្វេភាគីនេះ។ ដូច្នេះ បញ្ហាផ្សេងៗដែលប្រទេសអ៊ីរ៉ង់ចង់លើកឡើង គឺអាចពិភាក្សានៅពេលនោះឯង"។
ប្រទេសកម្ពុជាបានចាប់ផ្តើមទំនាក់ទំនងការទូតឡើងវិញជាមួយប្រទេសអ៊ីរ៉ង់នៅក្នុងឆ្នាំ១៩៩២ ប៉ុន្តែ ប្រទេសទាំង២មិនទាន់បានបង្កើតស្ថានទូតទេ។
លោក កួយ គង់ បានបន្តថា យើងមានទំនាក់ទំនងការទូតជាមួយប្រទេសអ៊ីរ៉ង់ ប៉ុន្តែយើងមិនទាន់មានស្ថានទូតទេ។ យើងទាក់ទងជាមួយប្រទេសអ៊ីរ៉ង់តាមរយៈស្ថានទូតអ៊ីរ៉ង់ប្រចាំនៅទីក្រុងហាណូយ។
លោក Mohsen Kouhkan បានដឹកនាំសមាជិកសភា៥រូប បានជួបពិភាក្សាជាមួយក្រុមមន្ត្រីរដ្ឋាភិបាល សមាជិករដ្ឋសភា និងព្រឹទ្ធសភាកម្ពុជាពីថ្ងៃទី៣១ ខែឧសភាដល់ថ្ងៃទី៣ ខែមិថុនា ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភា រដ្ឋាភិបាល និងប្រជាពលរដ្ឋនៃប្រទេសទាំង២។
លោកជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃរដ្ឋសភាខាងគណបក្សប្រជាជន កម្ពុជាដែលបានជួបពិភាក្សាជាមួយគណៈប្រតិភូសភាអ៊ីរ៉ង់បានថ្លែងប្រាប់ VOAថា លោកMohsen Kouhkan បានស្នើសុំឱ្យប្រទេសកម្ពុជាបង្កើតស្ថានទូត ឬមជ្ឈមណ្ឌលពាណិជ្ជកម្មទៅវិញទៅមក ដើម្បីសម្រួលដល់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។
"វាទាមទារឱ្យមានការបង្កើតស្ថានទូត ឬមជ្ឈមណ្ឌលពាណិជ្ជកម្មទៅវិញទៅមកដើម្បីងាយស្រួល នៅក្នុងគ្រប់គ្រងសហប្រតិបត្តិការ និងទំនាក់ទំនងគ្នាទៅវិញទៅមកទៅលើការងារបច្ចេកទេសនៃការសិក្សាស្រាវជ្រាវ និងការយកប្រេង-ឧស្ម័ន ព្រមទាំងរុករកធនធានធម្មជាតិ រ៉ែផ្សេងៗនៅកម្ពុជា"។
លោក Mohsen Kouhkan ប្រធានក្រុមសភាមិត្តភាពអ៊ីរ៉ង់-កម្ពុជា បានបញ្ជាក់ប្រាប់សមាជិកសភា កម្ពុជានៅក្នុងកិច្ចប្រជុំថា ប្រទេសអ៊ីរ៉ង់មានបទពិសោធន៍ ទ្រឹស្តី រូបមន្ត និងធនធានបច្ចេកទេសក្នុងការយកប្រេងឥន្ទនៈជាង១០០ឆ្នាំមកហើយ។ បើកម្ពុជាត្រូវការ ប្រទេសអ៊ីរ៉ង់នឹងបំផុសចលនាអ្នក វិនិយោគទុនអ៊ីរ៉ង់មកវិនិយោគលើប្រេងឥន្ទនៈ ឧស្ម័ន និងរ៉ែផ្សេងៗ។
លោកកួយ គង់ បានថ្លែងថា បើយើងមានទំនាក់ទំនងជាមួយប្រទេសអ៊ីរ៉ង់កាន់តែខ្លាំងយើងនឹងទទួលបានបទពិសោធន៍ក្នុងការផលិតប្រេងនិងការទាញយកផលប្រេងកាន់តែមានលក្ខណៈប្រសើរថែមទៀត។
ប្រទេសអ៊ីរ៉ង់ត្រូវបានចោទប្រកាន់ដោយសហគមន៍អន្តរជាតិអំពីការចម្រាញ់ជាតិ អ៊ុយរ៉ានីញ៉ួម សម្រាប់ផលិតអាវុធនុយក្លេរអ៊ែរ ប៉ុន្តែរដ្ឋាភិបាលក្រុង Tehran បានបដិសេធការចោទប្រកាន់នេះ។
លោក កួយ គង់បានបញ្ជាក់ថា ទំនាក់ទំនងជាមួយប្រទេសអ៊ីរ៉ង់ មិនប៉ះពាល់ដល់ប្រទេសកម្ពុជាទេ ពីព្រោះយើងផ្តោតជាសំខាន់ទៅលើតែសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍៕