ភ្នំពេញ៖ ប្រធានអាស៊ានប្តូរវេណជិតផុតសអាណត្តិលោកនាយករដ្ឋមន្ដ្រីខ្មែរហ៊ុន សែន បានអំពាវនាវនៅថ្ងៃចន្ទនេះឲ្យកូរ៉េខាងជើងបញ្ឈប់ការបាញ់កាំជ្រួចមីស៊ីលហើយងាកមករកការចរចាដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរដ៏ចម្រូងចម្រាស់វិញ។
ក្រុងព្យុងយ៉ាងបានប្រកាស់ថា ខ្លួននឹងបាញ់បង្ហោះផ្កាយរណបទៅកាន់តារាវិថីក៏ប៉ុន្តែសហគមអន្តរជាតិគិតថា នោះគឺជាការបាញ់សាកល្បងគ្រាប់កាំជ្រួចមីស៊ីលដ៏គួរឲ្យព្រួយបារម្ភ។ ការបាញ់កាំជ្រួចនេះគ្រោងធ្វើចន្លោះពីថ្ងៃចន្ទទី១០ទៅថ្ងៃទី២០ខែធ្នូនេះ ប៉ុន្តែត្រូវផ្អាកវិញដោយក្រុងព្យុងយ៉ាង ដោយសំអាងថា មានបញ្ហាអាកាសធាតុដោយការធ្លាក់ព្រិលខ្លាំង។
លោក ហ៊ុន សែន ស្នើឲ្យក្រុងព្យុងយ៉ាងផ្អាកការបាញ់កាំជ្រួចនេះជាអចិន្ត្រៃយ៍។
«ខ្ញុំនិយាយក្នុងនាមខ្ញុំជាប្រធានអាស៊ាន អំពាវនាវទៅកាន់កូរ៉េខាងជើង សូមមេត្តា ការពន្យារនេះត្រូវពន្យាររហូតទៅ និងឈប់បាញ់តទៅទៀត ព្រោះការបាញ់នេះមិននាំមកនូវផលប្រយោជន៍អ្វីទេ នាំមកនូវការភ័យខ្លាចនៅក្នុងតំបន់ហើយភាពតានតឹងនឹងផ្ទុះឡើងដែលវានឹងនាំឲ្យអន្តរាយនៃពិភពលោក»។
លោកប្រមុខរដ្ឋាភិបាលខ្មែរថ្លែងយ៉ាងដូច្នេះក្នុងពិធីសម្ភោធការសាងសង់ផ្សារទំនើប Aeon Mall ដែលនឹងក្លាយជាផ្សារទំនើបដ៏ធំជាងគេនៅកម្ពុជាក្នុងពេលបច្ចុប្បន្នដែលវិនិយោគដោយក្រុមហ៊ុនជប៉ុនAeon Co.Ltd។
ជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកមានប្រតិកម្មជាខ្លាំងចំពោះគម្រោងបាញ់កាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើងនៅពេលនេះ។
លោកហ៊ុន សែន គូសបញ្ជាក់ថា ការបាញ់កាំជ្រួចរបស់កូរ៉េខាងជើងនឹងក្លាយជាការព្រួយបារម្ភសម្រាប់តំបន់ចំពោះការបះទង្គិចដោយអាវុធប្រល័យលោកជាយថាហេតុ។
«ខ្ញុំគិតថា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនឹងពិចារណាឲ្យបានដិតដល់ជាមួយនឹងបញ្ហាសកម្មភាពទាំងឡាយបើមិនដូច្នោះទេ កង្វល់មិនមែនមានត្រឹមតែជប៉ុន កូរ៉េខាងត្បូង ឬសហរដ្ឋអាមេរិកទេ ប៉ុន្តែវាជាកង្វល់រួមនៅក្នុងតំបន់របស់យើងតែម្តង»។
លោក គូរ៉ូគី ម៉ាសាហ្វូមី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាក្នុងបទសម្ភាសជាមួយវីអូអេខេមរភាសាក្រោយពីពិធីសម្ភោធការសាងសង់ផ្សារជប៉ុនថា ការប្រកាសពីការបាញ់កាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើងបានធ្វើឲ្យប្រទេសជប៉ុនមានការព្រួយបារម្ភ ហើយការព្រួយបារម្ភនេះមិនមែនសម្រាប់តែប្រទេសជប៉ុនទេ ប៉ុន្តែគឺជាកង្វល់សម្រាប់សន្តិសុខតំបន់ផងដែរ។
លោកគូរ៉ូគី ម៉ាសាហ្វូមី បានស្វាគមន៍សេចក្តីអំពាវនាវរបស់លោកនាយករដ្ឋមន្ដ្រីខ្មែរ។
«ខ្ញុំគិតថាមានសារៈសំខាន់ដែលមានប្រទេសច្រើនធ្វើការអំពាវនាវទៅកាន់ប្រទេសកូរ៉េខាងជើងដើម្បីបញ្ចៀសប្រទេសនេះមិនឲ្យធ្វើការបាញ់កាំជ្រួច និងដើម្បីឲ្យគោរពរាល់ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។
កូរ៉េខាងជើងបានបង្កឲ្យមានការព្រួយបារម្ភរបស់សហគមន៍អន្តរជាតិអំពីកម្មវិធីផលិតអាវុធនុយក្លេអ៊ែរ ហើយការចរចារកដំណោះស្រាយបញ្ហានេះបរាជ័យជាច្រើនឆ្នាំមកហើយ។
លោកហ៊ុន សែន បានជំរុញឲ្យក្រុងព្យុងយ៉ាងវិលមករកតុចរចាអំពីសំណុំរឿងនេះឡើងវិញជាមួយភាគីជាប់ពាក់ព័ន្ធចំនួនប្រាំមួយប្រទេស៕