ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​ជំនាញ​ថា​កម្ពុជា​នៅ​មាន​សង្ឃឹម​ទាមទារ​ឱ្យ​មាន​ការផ្លាស់​ប្តូរ


លោក​ ស៊ូយ៉ា ស៊ុបឺឌី (Surya P Subedi) ​អ្នក​រាយការណ៍​ពិសេស​ អង្គការ​សហ​ប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​
លោក​ ស៊ូយ៉ា ស៊ុបឺឌី (Surya P Subedi) ​អ្នក​រាយការណ៍​ពិសេស​ អង្គការ​សហ​ប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​

វាគ្មិន​មួយក្រុម​បាននិយាយ​ទៅ​កាន់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​កាលពី​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ​ ដោយ​ស្នើថា​អនាគត​កម្ពុជា​នៅ​មាន​សង្ឃឹម​នៅ​ឡើយ​ក៏​ប៉ុន្តែ​ការ​ផ្លាស់ប្តូរ​នានា នឹងត្រូវ​កើត​ឡើង​តាម​រយៈ​មធ្យោបាយ​អហិង្សា​ផ្សេងៗ​គ្នា។

ថ្លែង​ទៅ​កាន់​ក្រុម​មួយ​ក្នុង​កិច្ចពិភាក្សា​ក្នុង​សាកលវិទ្យាល័យ​ ប៊ឺកលី​ រដ្ឋកាលីហ្វ័រញ៉ា​ លោក​ រីឆាដ សូឡូម៉ុង (Richard Solomon) ​អតីត​អនុរដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​មាន​ប្រសាសន៍​ថា​ នេះ​ជា​យុគ​«សម័យថ្មី»​នៃ​កិច្ចការ​អន្តរជាតិ​ដែល​បង្កើត​ឡើង​ដោយ​ប្រព័ន្ធ​អ៊ិនធឺណិត​ និង​ប្រព័ន្ធ​ទំនាក់​ទំនង​អេឡិក​ត្រូនិក​ផ្សេងៗ​ទៀត​ដែលធ្វើ​ឲ្យ​ក្លាយ​ជា​មធ្យោបាយ​ថ្មី​នៃ​ការ​ផ្លាស់ប្តូរ​នៅ​កន្លែង​នានា​ដូចជា​ប្រទេស​កម្ពុជា​ជា​ដើម។

លោក​ Solomon ​ដែលជា​នាយក​វិទ្យាស្ថាន​សន្តិភាព​សរអា​ (United States Institute of Peace) ជា​វាគ្មិន​នៃ​កិច្ច​ពិភាក្សា​ស្តីពី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​និង​ស្ថានការណ៍​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។​ លោក​បាន​ថ្លែង​ទៅ​កាន់​ក្រុមអ្នក​ចូលរួម​ដែល​មាន​មនុស្ស​ជាច្រើន​បាន​និយាយ​ថា​ពួកគេ​ស្រងាកចិត្ត​នឹង​ការ​រីកចម្រើន​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​បន្ទាប់ពី​ការ​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស​កាល​ពីថ្ងៃទី​២៣​ ខែតុលា​ឆ្នាំ១៩៩១។

«ក្តីសង្ឃឹម​ពិតប្រាកដ​ដែល​ខ្ញុំ​ឃើញ​គឺ​ទាក់ទង​ខ្លាំង​ទៅ​លើ​ឧទាហរណ៍​ដែល​កំពុង​កើតឡើង​នៅ​ប្រទេស​កាន់​សាសនា​អ៊ិស្លាម​ ដូចជា​ចលនា​បដិវត្តន៍​ក្នុង​ពិភព​អារ៉ាប់។ មួយ​ផ្នែក​អាច​ដូច​ជា​បដិវត្តន៍​នៅ​ប្រទេស​ភូមា​ដែល​ការផ្លាស់ប្តូរ​នោះ​ កើតឡើង​ដោយសារ​តែ​សម្ពាធ​ពី​មហាជន។​ ប្រសិនបើ​មាន​ការរៀបចំ​ល្អ​នឹង​អាច​នាំ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ដ៏​ធំធេង​ក្នុង​រដ្ឋាភិបាល»

លោក​បានផ្តល់​តម្លៃ​នៃ​បណ្តាញ​ព័ត៌មាន​អេឡិកត្រូនិក​ទាក់ទង​នឹង​ការ​ផ្លាស់ប្តូរ​យ៉ាង​ដូច្នេះ​ទៀត​ថា៖

«វា​ផ្តល់​ឲ្យមាន​សំឡេង​ឮ​យ៉ាងខ្លាំង​ទៅកាន់​មហាជន​និង​បណ្តា​ប្រទេស​ជាច្រើន។ ប្រព័ន្ធ​នេះ​អាចផ្តួល​រំលំ​រដ្ឋាភិបាល​អាក្រក់​ដូច​យើង​ដឹង​ហើយ​នៅ​ក្នុងប្រទេស​ អេហ្ស៊ីប​ ក្នុង​ប្រទេស​លីប៊ី​ ក្នុង​ប្រទេស​ទុយនេស៊ី​ និង​បណ្តា​ប្រទេស​ដទៃ​ទៀត​ដែល​មាន​អ្នកដឹកនាំ​មហា​ពុករលួយ»

បទ​សម្ភាស៍និង​ព្រឹត្តិការណ៍​ផ្សេង​ទៀត​ទាក់​ទង​នឹង​ខួប​នៃ​សន្ធិសញ្ញា​ទី​ក្រុង​ប៉ារីស៖

លោក​ ផៃ ស៊ីផាន​ អ្នកនាំពាក្យ​មួយ​រូប​នៃ​រដ្ឋាភិបាល​បាន​អះអាង​ថា​ ប្រទេស​កម្ពុជា​និង​ប្រទេស​អារ៉ាប់​និង​ប្រទេស​ផ្សេងៗ​ទៀត​ដែល​កំពុង​មាន​បញ្ហា​ខុសគ្នា​ដូច​មេឃ​និង​ដី​ ទាំង​ប្រព័ន្ធ​នយោបាយ​ ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​ប្រព័ន្ធ​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។

«អាហ្នឹង​ យើង​មិនអាច​ ប្រដូច​ជាមួយគេ​បានទេ។​ យើង​ដឹង​ហើយ​នូវ​ស្ថានភាព​នេះ ​ទាំង​ទិសដៅ​បង្ក​ឲ្យមាន​សេរីភាព​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​សង្គម​សេរី​មួយ​ សង្គម​លទ្ធិ​ប្រជាធិបតេយ្យ​ ដែល​អំណាច​ធំ​លើ​អំណាច​របស់​ប្រជា​ពលរដ្ឋ​ដែល​លោក​មាន​សិទ្ធិ​ក្នុង​ការ​ជ្រើសរើស​អ្នកដឹកនាំ​គណបក្ស​ ដែល​លោក​ទុកចិត្ត​ហ្នឹង​គឺ​យើង​បាន​ធ្វើជា​បណ្តើរៗ»

លោក​បាន​ទាញ​ឲ្យមាន​ការ​ចាប់​អារម្មណ៍​ពី​ប្រវត្តិ​តស៊ូ​ដើម្បី​ការ​ផ្លាស់ប្តូរ​នៅ​កម្ពុជា​ តាមរយៈ​បរទេស​ និង​ចលនា​តស៊ូ​ដោយ​ក្រុម​ខ្មែរ​ក្រហម​ដែល​កម្ពុជា​ធ្លាប់​ជួបប្រទះ​ បាន​ធ្វើ​ឲ្យ​ប្រទេស​រងគ្រោះ​ដល់​បច្ចុប្បន្ន។

«បទពិសោធន៍​កន្លង​មក​ពី​ការ​បះបោរ​ អំពី​ឆ្លងកាត់​អំពី​ការ​ផ្លាស់ប្តូរ​អំណាច​តាម​រយៈ​ហិង្សា​ មាន​ការ​ពិសោធន៍​អំពី​ការ​បាត់បង់​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​ទាំង​ស្រុង​ គឺ​នៅ​របប​ប្រល័យ​ពូជសាសន៍។​ អាហ្នឹង​ជា​ការ​ពិសោធន៍​ដើម​របស់​យើង។ ហើយ​ការ​ពិសោធន៍​នៃ​សង្គ្រាម​ស៊ីវិល​ដែល​ធ្វើឲ្យ​យើងដើរ​ថយក្រោយ​ប្រៀបធៀប​ជាមួយ​ អ្នក​ជិតខាង​ជា​បទពិសោធន៍​មួយ​ដ៏​ត្រឹមត្រូវ​ហើយ​ជា​ការ​ចារ​ទុក​នៅ​ក្នុង​ចិត្ត​យើង​ ហើយ​យើង​ធ្វើ​ដូចម្តេច​ឲ្យ​គេចផុត​ពីហ្នឹង។​ នេះ​ជា​ការ​ពិសោធន៍​គ្រឹះ​របស់​យើង»

លោក​បាន​បន្ថែម​ថា​ បញ្ហា​ដែល​កើត​ឡើង​នៅ​ពិភព​អារ៉ាប់​និង​ប្រទេស​ដទៃ​ទៀត​ហ្នឹង​ជា​មេរៀន​សម្រាប់​កម្ពុជា​ក្នុង​ថ្ងៃ​អនាគត។

ចលនា​បដិវត្តន៍​នៅ​ពិភព​អារ៉ាប់​ ឬ​ហៅថា​ អារ៉ាប់ស្រ្ពីង​ (Arab Spring) ឃើញ​ថា​មាន​ការ​ដួល​រលំ​ជន​ផ្តាច់ការ​ជាច្រើន​ដែល​បាន​កាន់អំណាច​ជាច្រើន​ទសវត្សរ៍​ហើយ​បាន​គាបសង្កត់​លើ​បញ្ហា​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ។

លោក​ ប្រែដ អាដាម (Brad Adams) នាយក​អង្គការ​ Human Rights Watch​ ប្រចាំ​តំបន់​អាស៊ី ​ថ្លែង​ថា​ ប្រទេស​កម្ពុជា​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ការ​ដឹកនាំ​រដ្ឋ​ដោយ​បក្ស​តែ​មួយ ​ដោយ​ចាកចេញ​ពី​ប្រជាធិបតេយ្យ​សេរី។​ អំពើ​ពុករលួយ​ដ៏​មហិមា​នៅតែ​ជា​ក្តីបារម្ភ​ ដូចជា​ភាព​លម្អៀង​នៃ​ប្រព័ន្ធ​យុត្តិធម៌​និង​ស្ថាប័ន​គ្រប់គ្រង​ការបោះឆ្នោត​ដែរ។

«បញ្ហា​ទាំងនេះ​ហើយ​ជាអ្វី​ដែល​ធ្វើ​ឲ្យ​មាន​ប្រជាធិបតេយ្យ​ គឺថា​ត្រូវ​ឲ្យ​ស្ថាប័ន​ អស់​នេះ​ដំណើរការ​ ដោយ​ឯករាជ្យ​ដើម្បី​ផល​ប្រយោជន៍​ពលរដ្ឋ»

លោក​ Brad Adams ​បានបញ្ជាក់​ថា​ពលរដ្ឋ​កម្ពុជា​ត្រូវកំណត់​ជាមុន​ពេល​មេដឹកនាំ​ខ្លួន​ស្ថិត​ក្នុង​អំណាច​កំពុង​កាន់​អំណាច​ថា​ជា​មេដឹកនាំ​ប្រភេទ​ណា?

«តើ​លោក​ ហ៊ុន សែន​ជា​ជនផ្តាច់ការ​ឬ? តើ​គាត់​ជា​អ្នកដឹកនាំ​ប្រើ​អំណាច​គាប​សង្កត់​ឬ?​ តើ​គាត់​ជា​មេដឹកនាំ​ធ្វើឲ្យ​សេដ្ឋកិច្ច​ជឿនលឿន?​ តើ​គាត់​ជា​មេដឹកនាំ​រដ្ឋ​ពុក​រលួយ? ​យើង​ត្រូវតែ​កំណត់​ឲ្យ​បាន​ច្បាស់​លើ​បញ្ហា​ទាំងនេះ ​ខណៈពេល​ដែល​គាត់​កំពុង​កាន់​អំណាច​ មិនមែន​បន្ទាប់​ពី​គាត់​ចាកចេញ​ពី​អំណាច​ទេ»

នៅក្នុង​ប្រទេស​អេហ្ស៊ីប​ ពលរដ្ឋ​បាន​ងើប​ឡើង​ប្រឆាំង​នឹង​ប្រធានាធិបតី​ដែល​កាន់​អំណាច​ជា​ច្រើន​ឆ្នាំ។ ​លោក​បាន​បន្ត​ថា៖

«ហើយ​ជា​រឿង​ដ៏​គួរឲ្យ​អស់​សំណើច​គឺ​មុន​ពេល​កើត​បដិវត្តន៍​ Arab Spring​ ក្រុម​មេដឹកនាំ​ទាំងនេះ​ត្រូវគេ​គិត​ថា​ជា​កម្លាំង​នៃ​ស្ថិរភាព​ហើយ​ត្រូវគេ​ផ្តល់​កេរ្តិ៍ឈ្មោះ​ខាង​ការ​ធ្វើឲ្យ​មាន​សេដ្ឋកិច្ច​រុងរឿង​ហើយ​ជា​សម្ព័ន្ធ​មិត្ត​ល្អ។​ តែ​ក្រោយពី​មេដឹកនាំ​ទាំងនោះ​ត្រូវគេ​បណ្តេញចេញ​ពី​អំណាច​ ថ្ងៃ​បន្ទាប់​មក​ មេដឹកនាំ​ទាំង​នោះ​ត្រូវគេ​ឲ្យ​ឈ្មោះ​ថា​ជា​ជន​ផ្តាច់ការ»

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​មិនទទួល​យក​ការ​ប្រៀបធៀប​លោក​ទៅនឹង​មេដឹកនាំ​ផ្តាច់ការ​នោះ​ទេ។​ នៅ​ក្នុង​សប្តាហ៍​ថ្មីៗ​នេះ​លោក​គំរាម​ចាត់វិធានការ​ប្រឆាំង​អ្នកណា​ដែល​ប្រៀប​ធៀប​លោក​ទៅ​នឹង​អតីត​មេដឹកនាំ​លីប៊ី​ ម៉ូអាម៉ា ហ្កាដាហ្វី (Moammar Gaddafi) ​ដែល​ត្រូវ​សម្លាប់​កាលពី​ខែមុន​បន្ទាប់ពី​មាន​ការ​បះបោរ​របស់​ប្រជាពលរដ្ឋ​ស៊ីវិល។

ទោះជា​យ៉ាងណា​ក៏ដោយ​ លោក​ Adams ​បានថ្លែង​ថា​ ការ​ផ្លាស់ប្តូរ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវតែ​កើត​ឡើង​ដោយ​មធ្យោបាយ​អហិង្សា។

«ដូច្នេះ​អំណាច​អាច​ផ្លាស់ប្តូរ​តាម​មធ្យោបាយ​ជាច្រើន។​ អាច​ផ្លាស់ប្តូរ​ដោយសារ​មេដឹកនាំ​ចាកចេញ​ពីអំណាច។​ លោក​ហ៊ុន សែន​ ហាក់​ដូច​ជា​មិនធ្វើ​ដូច្នោះ​ទេ។ ការ​ផ្លាស់ប្តូរ​អាច​កើត​ឡើង​តាម​រយៈ​ការបោះឆ្នោត​ដែល​សេរី​និង​យុត្តិធម៌។ អាច​ផ្លាស់ប្តូរ​តាម​រយៈ​បាតុកម្ម​តវ៉ា​ដោយ​មហាជន។​ រឿង​នេះ​យើង​ឃើញ​ថា​កើត​មាន​នៅក្នុង​ប្រទេស​ជាច្រើន​លើ​ពិភពលោក។​ ដូច​លោក​ដឹង​ហើយ​គំនិត​ទាំងអស់​នេះ​គឺ​ហៅ​ថា​អំណាច​ប្រជា​ពលរដ្ឋ»

លោក ​Adams ​បាន​លើក​យក​បញ្ហា​ផ្តួល​រំលំ​រដ្ឋាភិបាល​ក្នុង​ប្រទេស​ហ្វីលីពីន ​កាលពី​ឆ្នាំ​១៩៨៦​មក​ធ្វើ​ជា​អំណះ​អំណាង​ដែរ។

«ដូច្នេះ​ លោក​ដឹង​ហើយ​គឺបញ្ហា​ស្រេចលើ​ប្រជា​ពលរដ្ឋ​កម្ពុជា​ខ្លួន​ឯង​ តើ​ត្រូវចាត់​វិធានការ​ដូចម្តេច។​ អ្វី​ដែល​ខ្ញុំ​ណែនាំ​ឲ្យ​ធ្វើ​គឺ​ធ្វើ​តាម​រយៈ​អហិង្សា។ អំពើ​ហិង្សា​នឹង​មិន​អាច​ដោះស្រាយ​បញ្ហា​បាន​ទេ​ តែ​វា​នឹង​អាច​គ្រាន់តែ​ជា​ការ​សម្លាប់​ឬ​ធ្វើឲ្យ​របួស​ជន​ស្លូតត្រង់​ ហើយនឹង​នាំ​ឲ្យ​មាន​មហន្តរាយ​ដល់​កម្ពុជា»

បាតុកម្ម​ដ៏​ធំ​មួយ​ចុងក្រោយ​ប្រឆាំង​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដែល​កាន់​អំណាច​២៦​ឆ្នាំ​ ហើយ​មាន​ការ​បង្រ្កាប​យ៉ាង​ឃោរឃៅ​គឺ​កើតឡើង​ក្នុង​ឆ្នាំ​១៩៩៨ ​ដែល​មាន​អ្នកគាំទ្រ​ក្រុម​ប្រឆាំង​ត្រូវ​បាត់ខ្លួន​និង​ត្រូវ​សម្លាប់។

លោក ​ចូអែល ប៊្រីងលី (Joel Brinkley) ​សាស្ត្រាចារ្យ​នៅ​សាកល​វិទ្យាល័យ ​Stanford ​រដ្ឋ​កាលីហ្វ័រញ៉ា​ និង​ជា​អ្នក​និពន្ធ​សៀវភៅ​កម្ពុជា​ក្នុង​សម័យ​បច្ចុប្បន្ន​ និយាយ​ថា ​សហគមន៍​អន្តរជាតិ​ចាំបាច់​ត្រូវតែ​ជំរុញ​ឲ្យ​ពលរដ្ឋ​មាន​អំណាច​ជា​ជាង​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ទៅលើ​អ្នក​នយោបាយ​គណបក្ស​ជំទាស់។

«ខ្ញុំ​គិតថា​ជា​រឿង​ឥត​តម្លៃ​ក្នុង​ការ​ធ្វើ​របៀប​ដូច្នោះ​ព្រោះ​កម្ពុជា​មិនមែន​ជា​ប្រទេស​មាន​ប្រជាធិបតេយ្យ។​ ហើយ​បេក្ខជន​គណបក្ស​ជំទាស់​នឹង​មិន​ឈ្នះ​ឆ្នោត​ទេ។ ដូច្នេះ​តើ​មាន​តម្លៃ​អ្វី​ទៅ

តែ​ជំនួស​ទៅវិញ ​លោក ​Brinkley ​បាន​អះអាង​ថា​សហគមន៍​អន្តរជាតិ​គួរ​ចំណាយ​លុយ​របស់​ខ្លួន​ដើម្បី​ជួយ​ពលរដ្ឋ​ឲ្យ​យល់ដឹង​ពី​វិធី​ងើបឈរ​ឡើង​តទល់​ជាមួយ​នឹង​រដ្ឋាភិបាល​ដើម្បី​ទាមទារ​សិទ្ធិ​របស់​ពួកគេ។

លោកបាន​អះអាង​បន្ត​ថា ​ពលរដ្ឋ​កម្ពុជា​នៅ​ឯ​ជនបទ​មាន​ក្តី​សង្ឃឹម​តិចតួច​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ជីវភាព​របស់​ពួកគេ​លើ​បន្ថែម​នឹងអ្វី​ដែល​ពួកគេ​មាន​រួចទៅ​ហើយ​នោះ។​ លោក​ សាស្ត្រាចារ្យ​ Brinkley ​សង្កត់​ធ្ងន់​ថា ​រឿង​នេះ​ហើយ​ជា​បញ្ហា។

លោក​ ងួន ញ៉ិល​ អនុប្រធាន​ទីមួយ​នៃ​រដ្ឋសភា​នឹង​ជា​មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​គ្រប់គ្រង​ប្រទេស​បានថ្លែង​ថា​ ការ​ដឹកនាំ​ប្រទេស​ស្ថិតស្ថេរ​ទៅបាន​ដោយសារ​ការ​សម្រេច​របស់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត។

«ឥឡូវ​យើង​យកទៅ​ប្រៀបធៀប​ជាមួយ​អារ៉ាប់​ គេ​និយាយ​ពីរឿង​ផ្តាច់ការ​ រឿង​កាន់​អំណាច​យូរ​ អី​អញ្ចេះ​អញ្ចុះ។​ ប៉ុន្តែ​នៅក្នុង​ប្រទេស​ប្រជាធិបតេយ្យ​មិនមែន​គឺថា​អាស្រ័យ​នឹង​លទ្ធិ​បុគ្គល​ទេ​គឺ​អាស្រ័យ​នឹង​ប្រជាពលរដ្ឋ​ដែល​ប្រគល់​អំណាច​ក្នុងការ​បោះឆ្នោត​តាម​លទ្ធិ​ប្រជា​ធិបតេយ្យ។​ បើ​ប្រជាជន​ប្រគល់​អំណាច​ច្បាស់លាស់​ហើយតើ​មាន​ប្រជាជន​ឯណា​នឹង​ធ្វើ​បាតុកម្ម​ទម្លាក់​អំណាច​ដែល​ខ្លួន​ប្រគល់​ឲ្យ​គេ។​ នេះ​ជា​តថភាព​និង​ឡូស៊ិក​នៃ​លទ្ធិ​ប្រជាធិបតេយ្យ»

លោក​ងួន ញ៉ិល​បន្ថែម​ថា ​ការ​កាន់​អំណាច​នៅ​ប្រទេស​លីប៊ី​ជារឿង​ផ្ទុយពី​ប្រទេស​កម្ពុជា។ លោក​បាន​ពន្យល់​ថា៖

«ដូច​នៅ​លីប៊ី ​វាខុសគ្នា​។ ហ្កាដាហ្វី​ហ្នឹង​គឺ​ថា​គាត់ឡើង​កាន់អំណាច​ដោយ​ការ​ធ្វើ​រដ្ឋប្រហារ​ ហើយ​អត់មាន​បោះឆ្នោត​ទេ​ក្នុង​រយៈពេល​ ៤២ឆ្នាំ​ របស់​ហ្កាដាហ្វី។ ដូច្នេះ​គឺថា​គាត់​ឡើង​កាន់​អំណាច​ដោយ​រដ្ឋ​ប្រហារ​ ហើយ​ពេល​ហ្នឹង​គឺ​រហូត​ដល់​រំលំ​របប​រាជា​និយម។ រីឯ​របប​កម្ពុជា​សព្វថ្ងៃ​នេះ​គឺថា​ជា​របប​ផ្តល់​នូវ​រាជា​និយម​ទី​ពីរ​ តាម​អ្វី​ដែល​យើង​ ហៅថា​ហត្ថលេខី​១៩​ប្រទេស​គិត​ទាំង​មហា​ប្រទេស​ធំៗ ​នៅ​ប៉ារីស​ដែល​យក​លទ្ធិ​ប្រជាធិបតេយ្យ​ ឯកភាព​ជាតិ​នឹង​ផ្សះផ្សារ​ជាតិ​ជា​រឿង​ធំ ​នោះ​យើង​អនុវត្ត​ទៅ​តាម​ហ្នឹង​អត់មាន​ខុសឆ្គង​អ្វីទេ​បាទ»

លោក​ វ៉ាន់ ស​ សមាជិក​ស្ថានិក​ម្នាក់​នៃ​គ្រឹះសម្ព័ន្ធ​ខ្មែរ​ក្នុង​រដ្ឋកាលីហ្វ័រញ៉ា​ជា​វាគ្មិន​មួយ​រូប​ទៀត​បាន​សម្តែង​ក្តី​កង្វល់​របស់​លោក​ពី​ការណ៍​ដែល​ពលរដ្ឋ​កម្ពុជា​នឹង​បាត់បង់​ក្តីសង្ឃឹម។

«ប្រទេស​កម្ពុជា​នៅ​ពេល​មាន​សង្រ្គាម​ ពលរដ្ឋ​ចង់បាន​សន្តិភាព។​ ប៉ុន្តែ​សន្តិភាព​ ក្នុងឆ្នាំ​១៩៩១​ ដែល​សហគមន៍​អន្តរជាតិ​ផ្តល់ឲ្យ​កម្ពុជា​ ឥឡូវ​នេះ​កំពុង​ស្ថិត​ក្នុង​ភាព​គ្រោះថ្នាក់»

ឆ្លើយតប​នឹង​សំណូមពរ​ត្រួសៗ​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ លោក​ ស៊ូយ៉ា ស៊ុបឺឌី (Surya P Subedi) ​អ្នក​រាយការណ៍​ពិសេស​ អង្គការ​សហ​ប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បាន​ជំរុញ ឲ្យ​ពលរដ្ឋ​កម្ពុជា​ធ្វើ​កិច្ចការ​រួមគ្នា​បន្ត​បញ្ជូនសារ​នៃ​ក្តីសង្ឃឹម​ទៅកាន់​ពលរដ្ឋ​នៅក្នុង​ប្រទេស៖ «ប្រទេស​របស់​លោកអ្នក​ មាន​អនាគត​ល្អ។​ លោកអ្នក​ត្រូវធ្វើ​ការ​រួមគ្នា។​ យើង​ទាំងអស់​គ្នា​ត្រូវ​ធ្វើការ​រួមគ្នា។​ អ..ប​និង​អង្គការ​អន្តរជាតិ​នឹង​ជួយ​លោកអ្នក។ ស្ថានភាព​មិនល្អ​ដូច​ជា​រឿង​ដែល​គួរ​កើត​មាន​ទេ។​ តែ​ជាថ្មី​ម្តងទៀត​ទស្សនៈ​ក្នុង​ជីវិត​របស់ខ្ញុំ​បង្ហាញ​ថា​ការ​បង្កើត​ឲ្យមាន​ការ​ប្រែប្រួល​តិចតួច​ វា​ប្រសើរ​ជាង​គ្មាន​ការប្រែប្រួល​ព្រោះបើ​លោកអ្នក​មិនធ្វើ​ឲ្យ​ប្រែប្រួល​ដ៏ធំទេ ​លោកអ្នក​មិនអាច​បោះបង់​ចោល​ទេ។​ ធ្វើឲ្យមាន​ការប្រែប្រួល​តិចតួច​គឺធ្វើឲ្យ​មាន​ការផ្លាស់ប្តូរ​ដល់​ជីវិត​មនុស្ស​មួយ​ចំនួន»

ប្រទេស​កម្ពុជា​នឹង​ធ្វើការ​បោះឆ្នោត​ជា​សាកល​នៅឆ្នាំ​២០១៣​ខាងមុខ។​ ប៉ុន្តែ មេដឹកនាំ​គណបក្ស​ជំទាស់​ដ៏ធំជាង​គេគឺ​លោក​សម រង្ស៊ី​ ហើយជា​ដៃគូ​មានកម្លាំង​ប្រកួត​ប្រជែង​នយោបាយ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នោះ​កំពុង​និរទេសខ្លួន​នៅក្រៅ​ប្រទេស​ ក្រោយពី​មាន​ការចោទ​ប្រកាន់​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​ វៀតណាម​កាលពីចុង​ឆ្នាំ២០០៩។​ លោក​ សម រង្ស៉ី​កំពុង​ស្វះស្វែងរក​ការគាំទ្រ​ជា​អន្តរជាតិ​ដើម្បី​ឲ្យ​មាន​កិច្ចប្រជុំ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ដែរ​តែ​ពុំទាន់​មាន​ការ​បញ្ជាក់​ទេ។​ សហគមន៍​អន្តរជាតិ​ចង់​ឃើញ​លោក​សម រង្ស៊ី​ត្រូវគេ​អនុញ្ញាត​ឲ្យ​មាន​ការ​ចូលរួម​ក្នុងការ​បោះឆ្នោត​នៅ​ពេល​ខាងមុខ​ហើយ​ធ្លាប់​ទទូច​ចង់​ឃើញ​ការ​សម្រប​សម្រួល​ផ្នែក​នយោបាយ​មួយ៕

XS
SM
MD
LG