រយៈពេលចំនួនបួនថ្ងៃបន្ទាប់ពីសកម្មជនការពារព្រៃឈើដ៏លេចធ្លោមួយត្រូវបានឃាតករបានបាញ់សម្លាប់ រដ្ឋាភិបាលកម្ពុជាទើបតែអះអាងថា នឹងបង្កើតគណៈកម្មការចម្រុះមួយដោយមានការចូលរួមពីក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ដើម្បីស៊ើបអង្កេតជុំវិញការបាញ់សម្លាប់នេះ។
លោកឈុត វុទ្ធី អាយុ៤៨ឆ្នាំ ប្រធានអង្គការការពារធនធានធម្មជាតិ និងលោកអ៊ឹន រតនា មន្ត្រីកងរាជអាវុធហត្ថត្រូវបានបាញ់សម្លាប់កាលពីសប្តាហ៍មុននៅចំណុចវាល៣ ភូមិកោះបោរ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។
បន្ទាប់ពីអ្នកទាំងពីរបានស្លាប់មានការសន្និដ្ឋានខុសៗគ្នារវាងសមត្ថកិច្ចនគរបាលនិងមន្ត្រីកងរាជអាវុធហត្ថដែលចេញពីក្រុមសត្ថកិច្ចតែមួយ។ មន្ត្រីប៉ូលិសបានអះអាងថាលោក អ៊ឹន រតនា អាយុ៣២ឆ្នាំបានស្លាប់ដោយសារផ្លាតគ្រាប់ត្រូវ ក៏ប៉ុន្តែមន្ត្រីកងរាជអាវុធហត្ថវិញបាននិយាយថា លោកអ៊ឹន រតនាបានធ្វើអត្តឃាតបន្ទាប់ពីបានបាញ់សម្លាប់លោកឈុត វុទ្ធី រួចមកដោយសារតែលោកបានដឹងកំហុស និងមិនអាចរួចពីសំណាញ់ច្បាប់នៅកម្ពុជា។ ដោយសារតែមានការសន្និដ្ឋានខុសគ្នានេះ លោកឧត្តមសេនីយ៍សៅ សុខា មេបញ្ជាការប៉េអឹមលើផ្ទៃប្រទេសបានមានប្រសាសន៍នៅថ្ងៃចន្ទនេះថា រដ្ឋាភិបាលនឹងបង្កើតគណៈកម្មការចម្រុះរួមគ្នាមួយក្នុងពេលឆាប់ៗខាងមុននេះ ដើម្បីស្រាវជ្រាវចំពោះករណីនេះ។
«ការងារដែលបន្តធ្វើខាងមុខនេះ គឺយើងខិតខំប្រឹងប្រែងដើម្បីស្រាវជ្រាវរកឲ្យឃើញព័ត៌មានពិតដើម្បីនឹងជម្រាបជូនសាធារណជនទាំងក្នុង និងក្រៅប្រទេសឲ្យបានដឹងអំពីឧប្បត្តហេតុដែលកើតឡើងដែលនាំឲ្យមានការស្លាប់មនុស្សចំនួនពីរនាក់ហ្នឹង»។
ក្រុមមន្ត្រីអង្គការសង្គមស៊ីវិល រួមទាំងក្រុមគ្រួសារសពលោកឈុត វុទ្ធី បានទទួចឲ្យអាជ្ញាធរស្វែងរកចាប់ឃាតករពិតប្រាកដដែលនៅពីក្រោយខ្នងនៃការបាញ់សម្លាប់នេះ យកមកផ្តន្ទាទោសតាមច្បាប់។
ថ្លែងប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ នៅក្នុងពេលធ្វើពិធីបុណ្យសពលោកឈុត វុទ្ធី អ្នកស្រីសំ ចន្ធី អាយុ៤០ឆ្នាំដែលជាភរិយាលោកឈុត វុទ្ធី បាននិយាយថាអ្នកស្រីជឿថាស្វាមីរបស់អ្នកស្រីត្រូវបានគេរៀបចំគម្រោងដើម្បីសម្លាប់។
«ព្រោះថាគាត់ស្លាប់ហ្នឹង បាញ់ទៅផ្លាតត្រូវចំពោះ ព្រោះគ្រាប់ហ្នឹងជាគ្រាប់ពិសេស មិនមែនជាគ្រាប់ធម្មតាទេ។ វាបែកពេញពោះ វារាយពេញពោះតែម្តង។ ដល់ពេលដែលអ្នកបាញ់គាត់ហ្នឹង ខ្ញុំជឿថាមានជនទី៣បាញ់បំបិទមាត់»។
បន្ទាប់ពីបានតម្កល់សពលោកឈុត វុទ្ធី ធ្វើបុណ្យតាមប្រពៃណីរយៈពេលពីរថ្ងៃ ក្រុមគ្រួសារនៅថ្ងៃចន្ទនេះបានសម្រេចបញ្ចុះសពរបស់លោកនៅឯស្រុកកំណើតមួយ ដែលមានទីតាំងស្ថិតនៅក្នុងឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្កកណ្តាល។ ពិធីបញ្ចុះសពនៅថ្ងៃចន្ទនេះមានការចូលរួមពីលោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន។
លោក យ៉េង វីរៈ ប្រធានមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានហៅការបាត់បង់លោកឈុត វុទ្ធី ថា ជាការបាត់បង់មនុស្សសំខាន់មួយរូប ហើយយើងនឹងចង់ចាំនូវវីរៈភាពរបស់លោក។
«ការបាញ់ប្រហារលោកឈុត វុទ្ធី មិនមានជាការគំរាមបំបាក់ស្មារតីដល់ប្រជាពលរដ្ឋ ដល់សកម្មជនដទៃទៀតទេ។ សកម្មជនការពារព្រៃឈើ សកម្មជនការពារសិទ្ធិមនុស្សដទៃទៀតទេ។ ផ្ទុយទៅវិញការស្លាប់ ការសម្លាប់លោកឈុត វុទ្ធី បានធ្វើឲ្យយើងមានទឹកចិត្តរឹងមាំជាងមុន»។
ព្រះតេជគុណ នួន សាវ៉ាត សកម្មជនការពារដីធ្លីមួយរូបដែលបានចូលរួមពិធីបញ្ចុះសពនេះបានមានសង្ឃដីកាថាលោកឈុត វុទ្ធី គឺជាពលរដ្ឋខ្មែរមួយរូបដែលមិនអាចរកបាននៅកម្ពុជា។ ក៏ប៉ុន្តែការបាត់បង់របស់លោកឈុត វុទ្ធី មួយគឺនៅមានអ្នកបន្តវេណពីលោកឈុត វុទ្ធី រាប់លាននាក់ផ្សេងទៀត។
«ការបាត់បង់ជីវិតមនុស្សម្នាក់បានធ្វើឲ្យពិភពខ្មៅងងឹតបិតបាំងនូវពន្លឺនៅក្នុងប្រទេសកម្ពុជា ដែលធ្វើឲ្យនាវាជាតិមិនអាចនឹងជឿនលឿនទៅមុខ ប្រសិនបើខ្វះធនធានមនុស្សដូចជាលោកឈុត វុទ្ធី ជាដើម»។
អង្គការសង្គមស៊ីវិលមួយចំនួន រួមទាំងគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា បានចេញសាររំលែកទុក នឹងទទួចអាជ្ញាធរដែលពាក់ព័ន្ធធ្វើការស៊ើបអង្គេតជាបន្ទាន់ទៅលើករណីបាញ់សម្លាប់នេះ។
លោកឈុត វុទ្ធី គឺជាសកម្មជនការពារព្រៃឈើមួយរូបដែលកន្លងមកលោកធ្លាប់ដឹកនាំប្រជាពលរដ្ឋមកពីខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និងខេត្តស្ទឹងត្រែង ដើម្បីបង្ក្រាបបទល្មើសនៅតំបន់ព្រៃឡង់ បន្ទាប់ពីមានសេចក្តីរាយការណ៍មកថា ព្រៃនេះកំពុងតែមានការកាប់បំផ្លាញយ៉ាងអនាធិបតេយ្យ៕