ភ្នំពេញ៖ សាក្សីនានាបានបញ្ជាក់នៅថ្ងៃចន្ទនេះថា ពួកគេបានឃើញវត្តមានជនជាតិបារាំងមកស្នាក់ផ្ទះជួលក្នុងទីក្រុងភ្នំពេញវិញហើយបន្ទាប់ពីបានវិលត្រឡប់មកកម្ពុជាវិញកាលពីពាក់កណ្តាលខែសិហា។ នេះបើតាមការផ្តល់បទសម្ភាសដោយផ្ទាល់រវាងវីអូអេ សំឡេងសហរដ្ឋអាមេរិក និងសន្តិសុខ និងអ្នករត់កង់បីនៅក្បែរផ្ទះលោកប៉ាទ្រិក ដឺវីឡេ (Patrick Devillers)។
លោកប៉ាទ្រិក ដឺវីឡេ បានចាកចេញពីកម្ពុជាកាលពីខែកក្កដាដើម្បីទៅឆ្លើយបំភ្លឺក្នុងនាមជាសាក្សីនៅក្នុងប្រទេសចិនពាក់ព័ន្ឋនឹងទំនាក់ទំនងរបស់លោកជាមួយនិងអ្នកស្រី ហ្គូ កាឡៃ (Gu Kailai) ភរិយាលោក បូ ស៊ីឡៃ (Bo Xilai) អតីតអ្នកនយោបាយដែលមានកេរ្តិ៍ឈ្មោះមិនល្អក្នុងប្រទេសចិន។
អ្នកស្រី ហ្គូ កាឡៃ ត្រូវបានតុលាការក្រុងប៉េកាំង ប្រទេសចិនកាត់ទោសប្រហារជីវិត ក៏ប៉ុន្តែទោសនេះនឹងអនុវត្តរយៈពេលពីរឆ្នាំទៀត បន្ទាប់ពីតុលាការបានរកឃើញថា អ្នកស្រីបានសម្លាប់លោក ណេល ហេវូដ (Neil Heywood) ពាណិជ្ជករអង់គ្លេសដោយដាក់ថ្នាំបំពុលក្នុងស្រា និងទឹកតែ។
លោក ប៉ាទ្រិក ដឺវីឡេ ក្រោយពីបានទៅធ្វើជាសាក្សីនៅក្នុងប្រទេសចិនអស់រយៈពេលប្រមាណជិតមួយខែ លោកបានវិលត្រឡប់មកកាន់កម្ពុជាវិញដើម្បីជួបជុំជាមួយប្រពន្ឋកូនរបស់លោក។ លោកមានភរិយាជាជនជាតិខ្មែរ និងមានកូនចំនួនពីរនាក់ហើយលោក ប៉ាទ្រិក ក៏មានដីឡូតិ៍មួយកន្លែងនៅក្នុងទីក្រុងកែបផងដែរ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីរដ្ឋាភិបាល។
លោកប៉ាទ្រិក បានជូលផ្ទះវិឡាមួយដែលមានទីតាំងនៅសង្កាត់បឹងកេងកងមួយខណ្ឌចម្ការមន ក្រុងភ្នំពេញ។ ផ្ទះរបស់លោកនៅតែបិទទ្វារចាក់សោជិតពីខាងក្នុងនិងមានសម្រាមនៅរាយប៉ាយក្នុងបរិវេណផ្ទះរបស់លោកនៅឡើយដោយសារតែស្លឹកឈើជាច្រើនធ្លាក់នៅលើកម្រាលឥដ្ឋខាងមុខផ្ទះ។ គ្មានមនុស្សមកបើកទ្វារទេនៅពេលដែលអ្នកយកព័ត៌មានវីអូអេព្យាយាមចុកកណ្តឹងដើម្បីចូលជូបសម្ភាស។ ក៏ប៉ុន្តែមន្ត្រីសន្តិសុខនៅក្បែរផ្ទះ និងអ្នករត់ម៉ូតូកង់បីបាននិយាយថា ពួកគេបានឃើញលោកប៉ាទ្រិក មកស្នាក់នៅផ្ទះរបស់លោកវិញហើយ។
សន្តិសុខមួយរូបកំពុងឈរយាមឲ្យក្រុមហ៊ុនឯកជនមួយទល់មុខផ្ទះរបស់លោកប៉ាទ្រិក ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ថាលោកបានឃើញជនជាតិបារាំងរូបនេះបានចេញចូលផ្ទះរបស់លោកដូចធម្មតាកាលពីថ្ងៃសៅរ៍និងថ្ងៃអាទិត្យ។
«ពេលល្ងាចម៉ិញខ្ញុំឃើញ។ មិនដឹងម៉ោងប៉ុន្នានទេ ប្រហែលជាល្ងាចណាស់ហើយ»។
លោកគីម ជា អាយុ៣៣ឆ្នាំអ្នករត់ម៉ូតូកង់បីនៅក្បែរផ្ទះលោកប៉ាទ្រិក បាននិយាយថា លោកឃើញលោកប៉ាទ្រិក ជិះក្នុងរថយន្តចូលផ្ទះដូចធម្មតា។ លោកបាននិយាយថា ផ្ទះរបស់លោកមិនបានបើកចំហរទេគឺគ្រាន់តែបើកនៅពេលជនជាតិបារាំងចេញតែប៉ុណ្ណោះរួចហើយបានបិទទៅវិញ។
«ទ្វាហ្នឹងទាល់តែគាត់មកបានគេបើក។ ម្សិលម៉ិញឃើញគាត់ជិះឡានមកម្នាក់ឯង»។
មន្ត្រីស្ថានទូតបារាំងប្រចាំកម្ពុជាមិនអាចសុំសេចក្តីបំភ្លឺបានទេនៅថ្ងៃចន្ននេះ។
លោកឧត្តមសេនីយឯក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបាននិយាយថាលោក ប៉ាទ្រិក ដឺវីឡេ បានមកកាន់កម្ពុជាកាលពីពាក់កណ្តាលខែសីហា។ លោកបានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាមិនបានរកឃើញថា លោកបានប្រព្រិត្តបទឧក្រិដ្ឋនៅកម្ពុជាទេ។
លោកមានប្រសាន៍ថា ជនជាតិបារាំងរូបនេះអាចរស់នៅនិងចេញចូលកម្ពុជាតាមចិត្ត។
«លោកប៉ាទ្រិកអត់មានប្រព្រិត្តិបទល្មើសអ្វីក្នុងស្រុកខ្មែរយើងទេ។ ដូច្នេះពេលចប់ករណីហ្នឹងគាត់ទៅណាក៏បាន។ ធម្មតាគាត់ជាជនអន្តោប្រវេសន៍ស្របច្បាប់មកហ្នឹងគាត់ត្រូវគោរពច្បាប់ខ្មែរការរស់នៅយ៉ាងណាគាត់មានអាជីវកម្មមានគ្រួសារនៅទីនេះនិងមានគ្រួសារ»។
តាមសំណើរបស់រដ្ឋាភិបាលចិនលោកប៉ាទ្រិក ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួនកាលពីខែមិថុនារួចហើយបានយកទៅឃុំនៅឯនាយកដ្ឋានអន្តោប្រវេសន៍របស់ក្រសួងមហាផ្ទៃរយៈពេលជាច្រើនសប្តាហ៍ពីបទសង្ស័យថា ជាប់ពាក់ព័ន្ឋនឹងលោកស្រីហ្គូ កាឡៃ៕