ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រជាពលរដ្ឋ​បួន​នាក់​រងរបួស​ដោយ​សនិ្តសុខ​ក្រុមហ៊ុន​បាញ់


ជម្លោះដីធ្លី និង​ការ​ប្រឈមរវាង​ពលរដ្ឋនិង​អាជ្ញាធរ​ជា​បញ្ហា​ធ្ងន់ធ្ងរក្នុង​ប្រទេសកម្ពុជា។
ជម្លោះដីធ្លី និង​ការ​ប្រឈមរវាង​ពលរដ្ឋនិង​អាជ្ញាធរ​ជា​បញ្ហា​ធ្ងន់ធ្ងរក្នុង​ប្រទេសកម្ពុជា។

ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស ​និង​សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​បាន​អះអាង​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ យ៉ាង​តិច​មាន​ប្រជាពលរដ្ឋ​ចំនួន​បួន​នាក់​បាន​ទទួល​រង​របួស​ដោយសារ​តែ​អំពើ​បាញ់​ប្រហារ​មួយ​ដែល​បង្ក​ឡើង​ដោយ​ក្រុម​សន្តិសុខ​ក្រុមហ៊ុន​ TTY ​សម្រាប់​ការ​អភិវឌ្ឍ​ដាំ​ដើម​កៅស៊ូ​របស់​លោក​ឧកញ៉ា​ ណា ​ម៉ារ៉ាឌី។

ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា​ហេតុការណ៍​នេះ​បាន​កើត​មាន​ឡើង​នៅ​ថ្ងៃ​ពុធ​នេះ​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៧៦A ​ជាប់​ព្រំប្រទល់​រវាង​ស្រុក​កែវសីមា​ ខេត្ត​មណ្ឌលគីរី​ និង​ស្រុក​ស្នួល​ ខេត្ត​ក្រចេះ។

លោក ​អំ ​សំអាត​ មន្ត្រី​ផ្នែក​ស៊ើបអង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​និយាយ​ថា​មុន​ពេល​ដែល​ហេតុការណ៍​នេះ​បាន​កើត​ឡើង​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២០០​នាក់​ បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ ហាមឃាត់​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ TTY ​មិន​ឱ្យ​ឈូសឆាយ​ដំឡូងមី​របស់​ពួក​គេ។​ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា​បន្តិច​ក្រោយ​មក​សន្តិសុខ​ក្រុមហ៊ុន​ TTY ​របស់លោក​ឧកញ៉ា​ ណា ​ម៉ារ៉ាឌី​ ប្រដាប់​ដោយ​កាំភ្លើង​អាកា​ស្វ័យប្រវត្តិ​បាន​បាញ់រះ​មក​លើ​ប្រជាពលរដ្ឋ​តែ​ម្តង។

លោក ​អំ ​សំអាត ​បាន​និយាយ​ថា​ហេតុការណ៍​បាញ់​ប្រហារ​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​មនុស្ស ​នៅ​ក្នុង​ខណៈ​ពេល​ដែល​ប្រទេស​កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន។

«ទោះ​បី​រដ្ឋាភិបាល​ចាត់​វិធានការ​ មិនមែន​ថា​តែ​ក្រុមហ៊ុន​ហ្នឹង​ទេ​ រាល់​ក្រុមហ៊ុន​ណា​ក៏ដោយ​ បើ​សិន​ណា​មាន​បញ្ហា​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ​ដែល​មិន​អាច​ទាន់​ដោះស្រាយ​បាន។ ​សូម​ឲ្យ​ចាត់​វិធានការ​ធ្វើ​ការ​ដោះស្រាយ។ ​មុន​នឹង​ក្រុមហ៊ុន​ហ្នឹង​ចាប់​ផ្តើម​ធ្វើ​ការ​ឈូសឆាយ​ ឬ​ក៏​ការ​អភិវឌ្ឍ​ហ្នឹង​បាទ!»។

ជន​រងគ្រោះ​ទាំង​បួន​រូប​ត្រូវ​បាន​មន្ត្រី​ប៉ូលិស​បញ្ជាក់​ឲ្យ​ដឹង​ថា​មាន​លោក ​មុង ​ទូច​ ហៅ​អូ​ អាយុ​២៣​ឆ្នាំ​ បាន​ទទួល​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ។ ​ចំណែក​ឯ​ប្រជាពលរដ្ឋ​បី​នាក់​ផ្សេង​ទៀត​មាន​អ្នកស្រី​ នេត​ រតនា ​អាយុ​២៣​ឆ្នាំ ​លោក ​លី ​អីយ៉ា​ អាយុ​២៧​ឆ្នាំ ​និង​លោក​ ទ្រី ​យ៉ា ​អាយុ​២៥​ឆ្នាំ​ ជា​ជនជាតិ​ខ្មែរ​ឥស្លាម​ បាន​ទទួលរង​របួស​ស្រាល​ហើយ​កំពុង​តែ​សម្រាក​ព្យាលបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ស្នួល​ខេត្ត​ក្រចេះ។

លោក​ឧត្តមសេនីយ៍ត្រី ​ជួង​ ស៊ាងហាក់​ ស្នងការ​ប៉ូលិស​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ការ​បាញ់​ប្រហារ​នេះ​ទេ។ ​ក៏ប៉ុន្តែ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​អនុសេនីយ៍ទោ ​ខៀវ​ ប៊ុនថា ​នាយរង​ប៉ូលិស​ប៉ុស្តិ៍ ​ឃុំ​ត្រពាំងក្រញូង ​បាន​ទទួល​ស្គាល់​ថា​ពិត​ជា​មាន​ការ​បាញ់​ប្រហារ​នេះ​ឡើង​មែន។ ​លោក​ខៀវ ​ប៊ុនថា ​បាន​បញ្ជាក់​ទៀត​ថា​ពុំ​មាន​ជន​សង្ស័យ​ណា​ម្នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ភ្លាមៗ​ទេ​ ក៏​ប៉ុន្តែ​ប៉ូលិស​កំពុង​តែ​បើក​ការ​ស៊ើបអង្កេត​របស់​ខ្លួន។

«បាទ​! ​ឥឡូវ​ទាំង​កម្លាំង​ពី​ស្នងការ ​តាំង​ពី​អី​មក​ ចុះ​មក​អង្កេត​រឿង​ហ្នឹង​ហើយ»។

អ្នកស្រី​ នេត​ រតនា ​អាយុ​២៣​ឆ្នាំ ​ជន​រងគ្រោះ​ដែល​ត្រូវ​បាន​សន្តិសុខ​ក្រុមហ៊ុន​បាញ់​ឲ្យ​រង​របួស​ចំ​ជើង​ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ចាប់​ជន​ដៃ​ដល់​ទៅ​ផ្តន្ទាទោស​តាម​ច្បាប់​ដើម្បី​បញ្ចប់​និទណ្ឌភាព​នៅ​កម្ពុជា។

«ខ្ញុំ​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​ឲ្យ​ កុំ​ឲ្យ​ប្រជាជន​នៅ​រងទុក្ខវេទនា​ដូច​ឆ្កែ​ដូច​ឆ្មា​អីញ្ចឹង។​ បាញ់​គ្មាន​គិត​ថា​ជា​មនុស្ស​ជា​សត្វ​ធាតុ​ទេ»។

លោក​ឧត្តមសេនីយ៍ទោ ​អ៊ិត ​សារិន ​ទីប្រឹក្សា​ក្រសួង​ការពារជាតិ​ និង​ជា​តំណាង​ក្រុមហ៊ុន​ TTY​ របស់​លោក​ឧកញ៉ា​ ណា ​ម៉ារ៉ាឌី ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​ដោយ​លោក​បាន​និយាយ​ថា​កំពុង​ជាប់​រវល់​បេសកកម្ម​ទៅ​ខេត្ត​ព្រះវិហារ៕

XS
SM
MD
LG