ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេគុក​ទួល​ស្លែង​នឹង​ផ្តល់​សក្ខីកម្ម​ប្រឆាំង​នឹង​អតីត​មេ​របស់​ខ្លួន


គុក​ទួលស្លែង​ឬ​មន្ទីរ​ ស​២១
គុក​ទួលស្លែង​ឬ​មន្ទីរ​ ស​២១

ឌុច​អតីត​មេ​គុក​ទួលស្លែង​ឬ​មន្ទីរ​ ស​២១ ​ដែល​ទើប​នឹង​ត្រូវ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ក្នុង​សំណុំរឿង​០០១ ​នឹង​ត្រូវ​កោះហៅ​ឲ្យ​ធ្វើ​ជា​សាក្សី​ប្រឆាំង​ នឹង​អតីត​មេដឹកនាំ​ជាន់ខ្ពស់​បំផុត​នៃ​របប​ខ្មែរក្រហម​ក្នុង​សំណុំរឿង​០០២។ ​នេះ​បើ​តាម​ឯកសារ ​និង​ប្រភព​ពី​មន្ដ្រី​ផ្លូវការ​របស់​សាលាក្ដី​ខ្មែរក្រហម​បញ្ជាក់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​នេះ។

យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​លោក​ចៅក្រម ​និល ​ណុន ​ប្រធាន​អង្គជំនុំ​ជម្រះ​សាលាដំបូង​ ដែល​ត្រូវ​បាន​ចែកចាយ​ជា​សាធារណៈ​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​បាន​បង្ហាញ​ថា ​ឌុច​ ដែល​មាន​ឈ្មោះ​ដើម កាំង ​ហ្កេកអ៊ាវ​ នឹង​ត្រូវ​ផ្ដល់​សក្ខីកម្ម​ទាក់ទង​នឹង​រចនាសម្ព័ន្ធ​រដ្ឋបាល​និង​ប្រព័ន្ធ​ទំនាក់ទំនង​ការងារ​រួម​ទាំង​តួនាទី​របស់​ជន​ជាប់​ចោទ​អៀង ​សារី ​ខៀវ ​សំផន ​និង​ នួន ជា។

លោក ​នេត្រ​ ភក្ដ្រា ​អ្នក​នាំពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម​មាន​ប្រសាសន៍​ថា ​ឌុច ​គឺ​ជា​សាក្សី​សក្ដានុពល​ម្នាក់​សម្រាប់​សំណុំរឿង​០០២។

«ឯកសារ​មួយ​ចំនួន​ដែល​សហ​ព្រះរាជអាជ្ញា​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​លើ​ជន​ជាប់ចោទ​ក្នុង​សំណុំរឿង​០០២ ​គឺ​យក​ចេញ​ពី​ចម្លើយ​របស់ ​ឌុច។ ​ហើយ​គុក​ទួលស្លែង​ គឺ​ជា​គុក​មួយ​ដែល​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​បក្ស​កុម្មុយនិស្ដ​កម្ពុជា។ ​ដូច្នេះ​ការផ្ដល់​សក្ខីកម្ម​របស់ ​ឌុច ​ក្នុង​សំណុំរឿង ​០០២ ​នេះ​គឺ​ពិត​ជា​មាន​សារៈសំខាន់»។

ឌុច ​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ​ការ​ធ្វើ​ទារុណកម្ម ​និង​មនុស្ស​ឃាត។ ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ​កន្លង​ទៅ​អង្គជំនុំ​ជម្រះ​តុលាការ​កំពូល​ នៃ​សាលាក្ដី​ខ្មែរក្រហម​បាន​ប្រកាស​សាលដីកា​ផ្ដន្ទាទោស ​ឌុច ​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ដោយ​បាន​រក​ឃើញ​ថា ​ឌុច ​មាន​ទោស​កំហុស​ក្នុង​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​របស់​អ្នក​ទោស​យ៉ាង​តិច​ ១២.៣៨០ ​នាក់។

នៅ​ក្នុង​ប្រតិចរិក​របស់​អង្គជំនុំជម្រះ​សាលាដំបូង​កាល​ពី​ខែ​មិនា ​ឆ្នាំ​២០០៩ ​ឌុច ​បាន​និយាយ​ក្នុង​សវនាការ​ថា ​មេ​ធំ​របស់​គាត់​គឺ​ជា ​បង​ធំ​ទី​២ ​ដែល​គេ​ស្គាល់​ថា ​គឺ​នួន ​ជា។ ​ហើយ​បង​ធំ​ទី​២ ​បាន​ដាក់​បញ្ជា​ឲ្យ​គាត់​យក​អ្នកទោស​ទាំង​អស់​ទៅ​កាន់​បឹង​ជើងឯក ​ដែល​ជា​ទីលាន​សម្រាប់​សម្លាប់​អ្នកទោស​ពី​គុក​ទួលស្លែង។

យ៉ាង​ណា​ក៏​ដោយ ​ទាំង​នួន​ ជា ​អតីត​ប្រធាន​សភា​ខ្មែរក្រហម ​ទាំង​ខៀវ ​សំផន ​អតីត​ប្រមុខរដ្ឋ​ និង​អៀង ​សារី ​អតីត​ឧបនាយក​រដ្ឋមន្ដ្រី​ និង​ជា​រដ្ឋមន្ត្រី​ការបរទេស​ នៃ​របប​ខ្មែរក្រហម​សុទ្ធ​តែ​មិន​បាន​ទទួល​យក​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​ ឬ​ការ​សម្លាប់​ណាមួយ​លើ​ប្រជាពលរដ្ឋ​កម្ពុជា​ជាង​១,៧​លាន​នាក់ ​ក្នុង​ពេល​ដែល​ពួក​គេ​កាន់កាប់​អំណាច​នោះ​ទេ។

លោក ​ឆាំង ​យុ ​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ដែល​ជា​មជ្ឈមណ្ឌល​ប្រមូល​ផ្ដុំ​នូវ​ឯកសារ​ពី​របប​ខ្មែរ​ក្រហម​ជា​ច្រើន​បាន​បញ្ជាក់​ថា ​ឌុច​គឺ​ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​មួយ​រូប​ដែល​ចម្លង​ការ​ទាក់​ទង​ពី​ថ្នាក់​ក្រោម​ដល់​ថ្នាក់​ដឹកនាំ​កំពូល។

«គាត់​នៅ​ជា​ចំណុច​ផ្សា​ភ្ជាប់​រវាង​រឿង​ដែល​បាន​កើត​ឡើង​នៅ​ថ្នាក់​ក្រោម​ និង​អ្វី​ដែល​បាន​បញ្ជូន​ឡើង​ទៅ​ថ្នាក់​លើ។​ ឧទាហរណ៍​ដូច​ជា​ចម្លើយ​សារភាព​មួយ​ចំនួន​ គឺ​គាត់​ គឺ​ជា​អ្នក​ចារ​ទៅ​កាន់​គណៈ​មជ្ឈិម​បក្ស​ នៃ​បក្សកុម្មុយនិស្ដ​កម្ពុជា​និង​មេដឹកនាំ​ជាន់​ខ្ពស់​មួយ​ចំនួន។​ ដូច្នេះ​ គាត់​ជា​សន្លាក់​ផ្សារ​ភ្ជាប់​ពី​រឿង​ ដែល​បាន​កើត​ឡើង​នៅ​ខាង​ក្រោម​ និង​ការ​ដឹង​ឮ​របស់​ថ្នាក់​លើ»។

អង្គ​ជំនុំ​ជម្រះ​សាលាដំបូង​បាន​ផ្អាក​ដំណើរការ​កាត់ទោស​សំណុំរឿង​០០២ ​កាល​ពី​សប្ដាហ៍​មុន​ ហើយ​ត្រៀម​នឹង​បន្ដ​ការកាត់ទោស​ឡើង​វិញ​នៅ​ថ្ងៃ​ទី​១២ ​ខែ​មិនា ​ខាង​មុខ​នេះ។

បើ​យោង​តាម​សេចក្តី​ជូនដំណឹង​ដល់​ភាគី​នានា​របស់​លោក​ចៅក្រម ​និល ​ណុន ​អង្គជំនុំជម្រះ​សាលា​ដំបូង​គ្រោង​នឹង​សា្ដប់​ការ​ផ្ដល់​សក្ខីកម្ម​ពី​រចនាសម្ព័ន្ធ​រដ្ឋបាល​មជ្ឈិមបក្ស​កុម្មុយនិស្ដ​កម្ពុជា ​និង​រចនា​សម្ព័ន្ធ​នៃ​ក្រសួង​នានា​របស់​ពួក​ខ្មែរក្រហម​ដូចជា​ក្រសួង​ការបរទេស​របស់ ​អៀង ​សារី ​ដែល​គ្រប​ដណ្ដប់​លើ​មន្ទីរ​ ប ១ ​ឬ​គុក​បឹងត្របែក​ផងដែរ​ រចនាសម្ព័ន្ធ​ក្រសួង​ពាណិជ្ជកម្ម ​ក្រសួង​ឃោសនា​ការ​អប់រំ​នយោបាយ ​និង​រចនា​សម្ព័ន្ធ​ដឹកនាំ​របស់​ពួក​ខ្មែរក្រហម​ដល់​ថ្នាក់​មូលដ្ឋាន​ទៀត​ផង។

លោក​ចៅក្រម ​និល ​ណុន ​បាន​បង្ហាញ​ទៀត​ថា ​សាក្សី ​និង​អ្នក​ជំនាញ​សរុប​ចំនួន​៥៩​រូប ​នឹង​ត្រូវ​កោះអញ្ជើញ​ឲ្យ​ផ្ដល់​សក្ខីកម្ម ​លើកលែង​តែ​សាក្សី​និង​អ្នក​ជំនាញ​ចំនួន​ប្រាំមួយ​រូប​ដែល​នឹង​ត្រូវ​ផ្ដល់​សក្ខីកម្ម​ទាក់ទង​នឹង​ជន​ជាប់​ចោទ​អៀង​ ធីរិទ្ធ ​នឹង​ត្រូវ​ផ្អាក​មួយរយៈ​សិន​ ដោយសារ​តែ​អៀង ​ធីរិទ្ធ​ ដែល​ជា​ជន​ជាប់​ចោទ​ម្នាក់​ដែរ​ក្នុង​សំណុំរឿង​០០២ ​មិន​ត្រូវ​បាន​នាំ​ខ្លួន​យក​មក​កាត់ទោស​ទេ។​ មូលហេតុ ​គឺ​ដោយសារ​បញ្ហា​សុខ​ភាព​ធ្ងន់ធ្ងរ​របស់​គាត់៕

XS
SM
MD
LG