សភាព្រហ្មទណ្ឌស៊ើបសួររបស់សាលាឧទ្ធរណ៍នៅថ្ងៃពុធនេះ បានចាប់ផ្តើមបើកសវនាការជំនុំជម្រះលើបណ្តឹងឧទ្ធរណ៍មួយរបស់លោក តុប ច័ន្ទសេរីវុធ អតីតព្រះរាជអាជ្ញាខេត្តពោធិ៍សាត់ ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១៩ឆ្នាំ ពីបទចាប់ជំរិត បង្ខាំងមនុស្សខុសច្បាប់ និងស៊ីសំណូក។
សវនាការរបស់សាលាឧទ្ធរណ៍មិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានកត់ត្រា នៅក្នុងដំណើរការសាកសួរទេ។ ក៏ប៉ុន្តែបានអនុញ្ញាតឲ្យអ្នកថតរូបមកពីអង្គភាពប្រឆាំងអំពើពុករលួយ បានផ្តិតយករូបភាព និងកត់ត្រាតាំងពីការចាប់ផ្តើមរហូតដល់ចប់។
បន្ទាប់ពីបានបើកសវនាការសួរដេញដោលពេញមួយរសៀលថ្ងៃពុធនេះ ដែលមានវត្តមានជនជាប់ចោទតុប ច័ន្ទសេរីវុធ និងគូកនពីរនាក់ផ្សេងទៀត។ លោក ប៉ុល សំអឿន ប្រធានចៅក្រមជំនុំជម្រះនៃសាលាឧទ្ធរណ៍បានមានប្រសាសន៍ថា សាលក្រមចំពោះសំណុំរឿងនេះ និងប្រកាសនៅថ្ងៃទី១៤ ខែមិនាខាងមុននេះ។
លោក តុប ច័ន្ទសេរីវុធ អតីតព្រះរាជអាជ្ញាខេត្តពោធិ៍សាត់ ត្រូវបានសាលាដំបូងខេត្តពោធិ៍សាត់សម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគារយៈពេល១៩ឆ្នាំពីបទស៊ីសំណូក បង្ខាំងមនុស្សខុសច្បាប់ និងចាប់ជំរិត។
សាលាដំបូងខេត្តពោធិ៍សាត់ ក៏បានសម្រេចផ្តន្ទាទោសអ្នកបើកបររថយន្តរបស់លោកចំនួនពីររូបផ្សេងទៀត គឺលោកឈិត វុទ្ធី ឲ្យជាប់ពន្ធនាគារយៈពេល១៦ឆ្នាំ និងលោក រស់ សំណាង ឲ្យជាប់ពន្ធនាគារយៈពេល១៥ឆ្នាំ ក្រោមបទចោទប្រកាន់ដូចគ្នានេះដែរ។
តុលាការក៏ចេញដីកាបង្គ្រាប់ឲ្យចាប់ខ្លួន លោក ពេជ កុងយូ ត្រូវជាប្អូនថ្លៃលោក តុប ច័ន្ទសេរីវុធ ដែលពេលនេះកំពុងរត់គេចខ្លួននៅឡើយ។
នៅក្នុងអង្គសវនាការបានសួរដេញដោល ពាក់ព័ន្ធទៅនឹងរឿងទទួលសំណូក នូវចំនួនទឹកប្រាក់ប្រមាណជាង៣.០០០ដុល្លារសហរដ្ឋអាមេរិក ជាថ្នូរនឹងការដោះលែងជនល្មើសពីររូប ដែលពាក់ព័ន្ធនឹងការដឹកឈើក្រញូងខុសច្បាប់។
កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១១ មន្ត្រីរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ បានចាប់រថយន្តសម្តែងសិល្បៈល្ខោនមួយ មកពីខេត្តកំពង់ចាម ដោយដឹកបង្កប់ឈើក្រញូង។ បន្ទាប់ពីការចាប់ខ្លួនជនសង្ស័យចំនួនពីររូបបានបង់ប្រាក់ធានាចំនួន៣.០០០ដុល្លារសហរដ្ឋអាមេរិក ជាថ្នូរនឹងការដោះលែងឲ្យមានសេរីភាពឡើងវិញ។
លោក តុប ច័ន្ទសេរីវុធ បានថ្លែងប្រាប់នៅក្នុងអង្គសវនាការថានៅថ្ងៃកើតហេតុនោះ លោក និងភរិយារបស់លោកនៅក្នុងទីក្រុងភ្នំពេញ មិនជាប់ពាក់ព័ន្ធនឹងការទទួលសំណូកទេ។
ថ្លែងប្រាប់ក្រុមអ្នកកាសែត បន្ទាប់ពីបញ្ចប់សវនាការលោក តុប ច័ន្ទសេរីវុធបានស្នើសុំឲ្យសាលាឧទ្ធរណ៍លើកលែងការចោទប្រកាន់។
«សុំសំណូមពរផ្លូវច្បាប់រកយុត្តិធម៌ឲ្យខ្ញុំតែប៉ុណ្ណឹងទេ។ សុំឲ្យពិចារណាលើខ្លឹមសារ ពាក្យពេចន៍ទាំងសាក្សីក្តី ទាំងជនរងគ្រោះឆ្លើយបំភ្លឺក្តីតុលាការក្តី។ សុំឲ្យពិចារណា ថាតើខ្ញុំបានប្រព្រឹត្តខុស ឬក៏អត់ តែប៉ុណ្ណឹងទេ»។
លោក គា ឆាយ មេធាវីកាពារក្តីលោក តុប ច័ន្ទសេរីវុធ បាននិយាយថាលោកសង្ឃឹមថាសាលាឧទ្ធរណ៍ និងរកយុត្តិធម៌ចំពោះកូនក្តីរបស់លោក។
«ប្រសិនបើគាត់បានបញ្ជាមែនហ្នឹងណា៎ ក៏វាមិនមែនជាការប្រព្រឹត្តិបទល្មើសដែរ ដោយសារតែការដែលគាត់បញ្ជាក្នុងនាមគាត់ជាព្រះរាជអាជ្ញា»។
លោក ឃៀង សេង អនុប្រធានប្រឆាំងអំពើពុករលួយមិនបានធ្វើអត្ថាធិប្បាយលម្អិតចំពោះអ្នកកាសែតទេ ដោយលោកគ្រាន់តែបាននិយាយថា។
«យើងស្តាប់នៅក្នុងសវនាការទាំងអស់គ្នា យើងយល់យ៉ាងម៉េច គឺជារឿងមួយ ដែលទាក់ទងនឹងសមត្ថកិច្ចរបស់តុលាការ។ យើងឃើញថាតុលាការគាត់ធ្វើត្រឹមត្រូវតាមនីតិវិធីរបស់គាត់។ អញ្ចឹងអង្គភាពឥតមានអ្វីដែលត្រូវបកស្រាយទៀតទេ»។
បើទោះបីជាមានការស្នើសុំឲ្យលើកលែងទោសលោក តុប ច័ន្ទសេរីវុធ យ៉ាងណាក៏ដោយ ក៏តំណាងឲ្យអយ្យការនៃសាលាឧទ្ធរណ៍ បានទទូចឲ្យតុលាការដម្កល់សាលក្រមរបស់សាលាដំបូង ខេត្តពោធិ៍សាត់ឲ្យនៅដដែល៕